សាច់ញាតិនិងអ្នករបួសក្នុងព្រឹត្តិការណ៍នៅវេងស្រេងទាមទារធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌

តុលាការ និងច្បាប់ | ព័ត៌មានជាតិ
លោក ណាត សុភាព |០៣ មករា ២០២១ |ម៉ោង ១៧:៣១
VOD

ទាហានឡោមព័ទ្ធ និង ទាត់ ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន នៅក្នុងព្រឹត្តិការបង្ក្រាបនៅផ្លូវវេងស្រេងកាលពីដើមឆ្នាំ២០១៤។ រូបពីហ្វេសប៊ុក លោក ថេង សាវឿន

ទាហានឡោមព័ទ្ធ និង ទាត់ ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន នៅក្នុងព្រឹត្តិការបង្ក្រាបនៅផ្លូវវេងស្រេងកាលពីដើមឆ្នាំ២០១៤។ រូបពីហ្វេសប៊ុក លោក ថេង សាវឿន


សាច់ញាតិអ្នកស្លាប់ និងអតីតអ្នកជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ដោយសារព្រឹតិ្តការណ៍បង្ក្រាបពេលកម្មករទាមទារដំឡើងប្រាក់ឈ្នួលកាលពី៧ឆ្នាំមុន ទាមទារឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដើម្បីទទួលបានយុត្តិធម៌ខ្លួនឯង និងសង្គមជាតិទាំងមូល។

ក្នុងពិធីសូត្រមន្តប័ង្សុកូលរំលឹកខួប៧ឆ្នាំជូនអ្នកស្លាប់៥នាក់នៅផ្លូវវេងស្រេង ដោយសារព្រឹតិ្តការណ៍បង្ក្រាបពេលកម្មករទាមទារដំឡើងប្រាក់ឈ្នួល កាលពីដើមឆ្នាំ២០១៤ ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន ដែលជាអតីតអ្នកជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុងនិងរងរបួស និយាយថា ក្នុងព្រឹត្តិការណ៍ថ្ងៃ០២ និងថ្ងៃ០៣ ខែមករា ២០១៤ នៅមុខរោងចក្រ យាកជីន ធ្វើឱ្យពួកគេជាង២៣នាក់ ជាប់ពន្ធនាគារ ស្លាប់៥នាក់ ម្នាក់បាត់ខ្លួន និងមួយចំនួនទៀតរងរបួស ហើយរហូតមកទល់ពេលនេះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។

ករណីនេះ លោក ថេង សាវឿន ប្តេជ្ញាទាមទារឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដើម្បីឱ្យពួកគេទទួលបានយុត្តិធម៌ និងសង្គមជាតិទាំងមូល។

លោកប្តេជ្ញាដូចនេះថា៖ «ខ្ញុំទាមទារឱ្យកែទម្រង់ប្រព័ន្ធយុត្តិធម៌សម្រាប់ប្រជាជនខ្មែរផ្សេងទៀតដែលរងគ្រោះ មិនមែនតែកម្មករ មិនតែបងប្អូននៅទីនេះទេ មានអ្នកផ្សេងទៀតដែលកំពុងតែរងគ្រោះដោយសារប្រព័ន្ធអយុត្តិធម៌ ជាការពិតអ្នកប្រព្រឹត្តបានរូបថត ភេទ ច្បាស់ហើយ ផ្ទុយទៅវិញបែរជាចោទប្រកាន់មកលើកម្មករ និងពួកយើងជាក្រុមអនាធិបតេយ្យទៅវិញ»

ចំណែក អ្នកស្រី ឈា ផាន់ណារិទ្ធិ ដែលជាភរិយាយរបស់លោក សំ រ៉ាវី បានអះអាងទាំងទឹកភ្នែកថា ​ស្វាមីរបស់គាត់ស្លាប់ក្នុងព្រឹត្តិការណ៍ថ្ងៃ០២ និងថ្ងៃ០៣ ខែមករា ២០១៤ នៅមុខរោងចក្រ យាកជីន គឺមានរយៈពេល៧ឆ្នាំមកហើយ។ អ្នកស្រីថា រហូតមកដល់ថ្ងៃ៣ ខែមករា ឆ្នាំ២០២១នេះ ពួកគេមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។

អ្នកស្រីអះអាងដូចនេះថា៖ «រយៈពេល៧ឆ្នាំហើយ មិនទាន់មានទាហាន ប៉ូលីស ចេញមុខទទួលស្គាល់[សម្លាប់]គ្រួសារនាងខ្ញុំ នៅពេលនេះអ្វីដែលគ្រួសារនាងខ្ញុំចង់បានគឺភាពយុត្តិធម៌ តែនៅតែមិនទាន់មានរហូតមកដល់ពេលនេះ»

ទឹកភ្នែកហូរកាត់ផ្ទាល់ អ្នកស្រី ដែលអះអាងថា ត្រូវជាម្តាយអ្នកស្លាប់ឈ្មោះ​ ផេង កុសល់ បានរៀបរាប់ថា គ្រាន់តែកូនគាត់និងកម្មករផ្សេងទៀតតវ៉ាទាមទារដំឡើងប្រាក់ខែតែ ប៉ុន្តែត្រូវបានអាជ្ញាធរបាញ់សម្លាប់ទាំងអយុត្តិធម៌។​ អ្នកស្រីថា រយៈពេល៧ឆ្នាំនេះនៅតែនឹកអាឡោះអាល័យកូន និងប្តេជ្ញាថានៅតែតស៊ូទាមទាររហូតដល់កូនទទួលបានយុត្តិធម៌។

អ្នកស្រីប្តេជ្ញាដូចនេះថា៖ «កូនស្លាប់ដើម្បីទាមទារដំឡើងប្រាក់ខែ មកពីរដ្ឋាភិបាលនិយាយមិនទៀងត្រង់ ថាដំឡើងឱ្យ ហើយអត់ដំឡើងឱ្យ ហើយឱ្យមិនឱ្យក៏បាញ់សម្លាប់ បើគេបាញ់សម្លាប់កូនខ្លួនឯងវិញ តើទឹកចិត្តម៉េច យើងមានកូនដូចគ្នា។ យើងមិនភ្លេចទេ យើងមានកំហឹងឈឺចាប់ យើងត្រូវមានការតស៊ូបន្តទៀត បាត់បង់កូនមួយស្នើនឹងបាត់បង់ជីវិតខ្លួនឯង»

របាយការណ៍អង្គការលីកាដូរបង្ហាញថា ព្រឹតិ្តការណ៍បង្ក្រាបនៅមុខរោងចក្រ យាកជីន ដោយកងទាហានឆ័ត្រយោង ៩១១ និង នៅផ្លូវវេងស្រេង កាលពីដើមឆ្នាំ២០១៤នោះ ក្រៅពីមានមនុស្សរបួសគឺមានអ្នកបាត់ខ្លួន១នាក់ ស្លាប់៥នាក់ និងមនុស្សចំនួន២៣នាក់ ត្រូវបានចាប់បញ្ជូនទៅឃុំខ្លួននៅគុកត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍និងការលើកឡើងរបស់សាច់ញាតិអ្នកស្លាប់ និងអ្នកជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុងនោះទេ។ លោកថា ព្រឹត្តិការណ៍សមត្ថកិច្ច បង្ក្រាបនៅផ្លូវវេងស្រេងកាលពី៧ឆ្នាំមុននោះ ជារឿងស្របច្បាប់ ហើយអ្នកដែលទទួលខុសត្រូវអតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទ្ទេសខ្លួនទៅក្រៅប្រទេសទៅវិញ។

លោកមានប្រសាសន៍ថា៖ «អាជ្ញាធរបង្ក្រាបទៅលើជនខុសច្បាប់ កុំទៅយកក្រសួងយុត្តិធម៌ និងតុលាការជួយរកយុត្តិធម៌ឱ្យអត់មានទេ អ្នកដែលរងគ្រោះស្លាប់ទៅ ហើយយើងយល់ថា អ្នកដែលទទួលខុសត្រូវគឺក្រុមឧទ្ទាមក្រៅច្បាប់ [លោក សម រង្ស៊ី] ដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេស ឥឡូវច្បាប់យើងគាត់ទោសពួកអស់ហ្នឹងម៉េចកើត បើរត់ចោលស្រុកអស់ហើយ»

លោក អំ សំអាត អះអាងតាមដានករណីនេះបានលើកឡើងថា ព្រឹត្តិការណ៍ថ្ងៃ០២ និងថ្ងៃ០៣ ខែមករា ២០១៤ នៅមុខរោងចក្រ យាកជីន គឺកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល ស្របពេលនឹងមេដឹកនាំគណបក្សសង្គ្រោះជាតិធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យប្រឆាំងនិងលទ្ធផលបោះឆ្នោតឆ្នាំ២០១៣។

ប៉ុន្តែលោកសំអាតបញ្ជាក់ថា អ្នកនយោបាយបក្សកាន់អំណាច និងបក្សប្រឆាំង តែងតែរុញរឿងហិង្សានៅផ្លូវវេងស្រេង ដាក់គ្នាទៅវិញទៅមក។ លោកថា បើរដ្ឋាភិបាលមិនធ្វើការស្រាវជ្រាវរកអ្នកដឹកនាំបង្កឱ្យមានអំពើហិង្សា និងអ្នកនៅពីក្រោយខ្នងទេ នឹងធ្វើឱ្យវប្បធម៌និទណ្ឌភាពបន្តកើតមាននៅថ្ងៃខាងមុខទៀត។

លោកមានប្រសាសន៍ថា៖ «បើសិនជាគ្មានការស៊ើបអង្កេត និងវិធានការ ដើម្បីរកការពិត និងរកយុត្តិធម៌អ្នកដែលទទួលខុសត្រូវយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ទេ បញ្ហាទាំងអស់នឹងអាចកើតមានបន្តទៀត ពីព្រោះអ្នកដែលប្រព្រឹត្តអំពើហិង្សាគ្មានអ្នកទទួលខុសត្រូវ វាជាអំពើនិទណ្ឌភាពយ៉ាងធ្ងន់ធ្ងរ​»

របាយការណ៍​គម្រោង​យុត្តិធម៌​ពិភពលោក​ប្រចាំឆ្នាំ២០២០ បង្ហាញថា ​ក្នុងចំណោម ១២៨​ប្រទេស​ កម្ពុជា​​ស្ថិតនៅ​ក្នុង​ចំ​ណាត់ថ្នាក់​លេខ ១២៧ គឺ​ស្ថិតនៅ​ចំណាត់ថ្នាក់​លើ​ប្រទេស​វេ​ណេហ្សូ​អេ​ឡា​តែមួយគត់។ ចំណាត់ថ្នាក់​នេះ ស្ថិតនៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រព័ន្ធ​យុត្តិធម៌​មិនល្អ។

បើ​ទោះជា​របាយការណ៍​ប្រចាំឆ្នាំ​របស់​អង្គការ​នេះ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ច្រានចោល​ជា​រៀងរាល់​ឆ្នាំ​ក៏ដោយ ប៉ុន្តែ​ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ​តែងតែ​ប្រកាស​ពី​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ជាបន្តបន្ទាប់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment