ដោយ ទីន ហ្សាការីយ៉ា
2021-01-02
RFA

ទិដ្ឋភាពកងកម្លាំងសមត្ថកិច្ចរដ្ឋាភិបាលបង្ក្រាប្ដោយហិង្សាលើកម្មករតវ៉ាទាមទារដំឡើងប្រាក់ខែ កាលពីដើមឆ្នាំ២០១៤។ RFA
ក្រុមសកម្មជនសិទ្ធិមនុស្ស និងកម្មករដែលរងគ្រោះក្នុងព្រឹត្តិការណ៍បង្ក្រាបហិង្សារបស់កងកម្លាំងចម្រុះរដ្ឋាភិបាល នៅមុខរោងចក្រយ៉ាកជីន (Yak Jin Cambodia) និងនៅផ្លូវវ៉េងស្រេង កាលពី៧ឆ្នាំមុន អះអាងថា ពួកគាត់ នៅតែមិនអាចបំភ្លេចការឈឺចាប់បានឡើយ ខណៈយុត្តិធម៌នៅឆ្ងាយដូចជើងមេឃ។ មន្ត្រីសិទ្ធិមនុស្ស យល់ថា ការបណ្ដែតបណ្ដោយឱ្យសមត្ថកិច្ចវាយដំ និងបាញ់សម្លាប់កម្មករហើយគ្មានទោសពៃរ៍នោះ ជាគំរូដ៏អាក្រក់នៅក្នុងសង្គម ហើយរដ្ឋាភិបាល នឹងនៅតែរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ។
ក្រុមសកម្មជនសិទ្ធិមនុស្ស និងកម្មករដែលរងគ្រោះក្នុងព្រឹត្តិការណ៍បង្ក្រាបដ៏ហិង្សារបស់កងកម្លាំងចម្រុះរដ្ឋាភិបាលនៅមុខរោងចក្រយ៉ាកជីន (Yak Jin Cambodia) និងនៅផ្លូវវ៉េងស្រេងនោះ នឹងជួបជុំគ្នាប្រារព្ធខួប៧ឆ្នាំ នៅព្រឹកថ្ងៃទី៣ ខែមករា នៅសហភាពផ្ទះសាមគ្គី ក្នុងគោលបំណងឧទ្ទិសកុសលដល់អ្នកស្លាប់ និងរំលឹកការឈឺចាប់ ព្រមទាំងការបន្តទាមទារយុត្តិធម៌ ដោយសារតែឃាតកកំពុងរស់នៅក្រៅសំណាញ់ច្បាប់។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងជាជនរងគ្រោះមួយរូប គឺ លោក ថេង សាវឿន មានប្រសាសន៍ថា លោក នៅតែមិនអាចបំភ្លេចបាន និងចងចាំនៅក្នុងខួរក្បាលជារៀងរហូតនូវភាពនៃការការប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃរបស់ទាហានឆ័ត្រយោង ៩១១ មកលើរូបលោក ហើយចាប់ខ្លួនយកទៅឃុំនៅពន្ធនាគារអស់រយៈពេលជិត ៥ខែ និងត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសលោកឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ ៨លានរៀល។ លោកបន្តថា ការកាត់ទោសរបស់តុលាការ គឺគ្មានយុត្តិធម៌សោះឡើយសម្រាប់លោក ព្រោះលោក គឺជាជនរងគ្រោះដែលត្រូវទាហានឆ័ត្រយោង វាយដំស្ទើរបាត់បង់ជីវិតដោយគ្រាន់តែចុះឃ្លាំមើលការតវ៉ារបស់កម្មករដែលនៅមុខរោងចក្រយ៉ាកជីន ឋិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ទាមទារដំឡើងប្រាក់ខែគោលចំនួន១៦០ដុល្លារ៖ «ខ្ញុំនៅតែប្រើប្រាស់អ្វីដែលខ្ញុំបានជួបផ្ទាល់នេះជាការដាស់តឿននូវអារម្មណ៍និងធ្វើយ៉ាងម៉េចគិតពិចារណា ស្វះស្វែងរកនូវយុទ្ធសាស្ត្រ និងវិធីសាស្ត្រដើម្បី កែប្រែឬលុបបំបាត់អំពើហិង្សាបែបនេះទៅថ្ងៃមុខ ព្រោះយើងមិនចង់ឱ្យអ្នកក្រោយៗទៀតជួបនៅអំពើហិង្សាដ៏ព្រៃផ្សៃយង់ឃ្នងបែបនេះទេ។ យើងចង់ឱ្យលើកម្ពស់នូវប្រព័ន្ធយុត្តិធម៌ ព្រមទាំងលើកកម្ពស់និងការការពារនូវសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ឱ្យស្របតទៅតាមបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិ»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ជាជនគ្រោះនៃព្រឹត្តិការណ៍ហិង្សាដែរនោះ ថ្លែងថា ៧ឆ្នាំមកនេះស្នាមរបួស ការឈឺចាប់ និងជំងឺរបស់លោកដោយទាហានឆ័ត្រយោង៩១១ វាយដំទាត់ធាក់លើរាងកាយលោកនោះ មិនទាន់ជាសះស្បើយនៅឡើយទេ។ លោកថា យុត្តិធម៌សម្រាប់លោក ប្រៀបដូចជាការរាវម្ជុលក្នុងបាតសមុទ្រដូច្នោះដែរ៖ «អ្វីដែលយើងមិនអាចបំភ្លេចបាន ជាពិសេសរូបខ្ញុំ ក៏ដូចជាអ្នកដទៃទៀត ត្រូវបានគេ (ទាហានឆ័ត្រយោង) វាយដំធ្វើឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ស្ទើរតែស្លាប់បាត់បង់ ជីវិត ហើយចាប់យើងដាក់ពន្ធនាគារ ព្រមទាំងតុលាការ កាត់ក្តីឱ្យយើងមានទោស៤ឆ្នាំ ៦ខែ ពិន័យជាប្រាក់៨លានរៀលថែមទៀត។ ចំណុចទាំងអស់នេះយើងឃើញថា មិនអាចបំភ្លេចបាន នូវអំពើហិង្សាដ៏ឃោរឃៅរបស់ទាហានឆ័ត្រយោង៩១១ ហើយអ្វីដែលយើងមិនភ្លេចទៀតនោះ គឺអ្នកដែលបង្កហិង្សាដូចជាបាញ់កម្មករឱ្យស្លាប់បាត់បង់ជីវិតនៅផ្លូវវ៉េងស្រេងអីជាដើម មិនមានអ្នកណាចាប់មកដាក់ទោសទណ្ឌ ឬផ្ដន្ទាទោសដោយប្រការណាមួយឡើយ»។
កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ កម្មករ-កម្មការិនីរាប់ម៉ឺននាក់ បានផ្ទុះការតវ៉ានៅមុខរោងចក្រយ៉ាកជីន និងនៅកំណាត់ផ្លូវវ៉េងស្រេង ទាមទារដំឡើងប្រាក់ឈ្នួល១៦០ដុល្លារ ក្នុងមួយខែ ស្របពេលកំពុងមានវិបត្តិនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ លុះថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ កងទ័ពឆ័ត្រយោង ៩១១ ដឹកនាំដោយលោក ចាប ភក្តី បានបើក ប្រតិបត្តិការវាយបង្ក្រាបដ៏ហិង្សាទៅលើក្រុមកម្មករ រួមទាំងអ្នកការពារសិទ្ធិមនុស្សនៅមុខរោងចក្រយ៉ាកជីន ហើយថែមទាំងចាប់ខ្លួនកម្មករ៧នាក់ និងអ្នកការពារសិទ្ធិមនុស្ស៣នាក់ គឺលោក ថេង សាវឿន លោក វ៉ន ពៅ និងលោក ចាន់ ពុទ្ធិស័ក្កិ ទៅធ្វើទារុណកម្ម និងដាក់គុកជិត៥ខែ។ រហូតដល់នៅថ្ងៃទី៣ ខែមករា កងកម្លាំងចម្រុះរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក៏បន្តបើកការបង្ក្រាបដោយបាញ់គ្រាប់កាំភ្លើងពិតទៅលើកម្មករនៅលើផ្លូវវ៉េងស្រេង បណ្ដាលឱ្យកម្មករ៤នាក់ស្លាប់ យុវជន ខឹម សុផាត បាត់ខ្លួនដល់សព្វថ្ងៃ និងរបួសជាង ៤០នាក់ព្រមទាំងចាប់ខ្លួនកម្មករជាង១០នាក់ថែមទៀត។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងការពារអំពើហិង្សា និងការបាញ់បង្ក្រាបរបស់កងកម្លាំងសមត្ថកិច្ចទៅលើក្រុមកម្មករនិងអ្នកការពារសិទ្ធិមនុស្សថា គឺជាការអនុវត្តច្បាប់ត្រឹមត្រូវ ហើយជាភ័ព្វសំណាងរបស់កម្ពុជា។ ទន្ទឹមគ្នានេះ លោក ផៃ ស៊ីផាន បានចោទប្រកាន់ទាំងគ្មានភស្តុតាងថា គណបក្សប្រឆាំង គឺជាអ្នកញុះញង់ឱ្យកម្មករធ្វើបដិវត្តពណ៌ ផ្តួលរំលំរដ្ឋាភិបាល៖ «យើងធ្វើស្របតាមច្បាប់ដើម្បីធានានូវផលប្រយោជន៍សាធារណៈដែលភាគច្រើននោះ យើងមិនអនុញ្ញាតឱ្យពួកហ្នឹងវាយកម្ទេចអាគាររបស់គេ ឬទ្រព្យសម្បត្តិរបស់ឯកជន ឬមិនមែនជាសិទ្ធិ ធ្វើការបំផ្លាញ ដូច្នេះអានេះយើងធ្វើ យើងចាត់ការ រឿងដទៃផ្សេងៗគេមិនពេញចិត្ត គេឡើងទៅតុលាការទៅ»។
ផ្ទុយពីការលើកឡើងនេះ លោក វន់ ពៅ អះអាងថា ពេលនោះ ក្រុមកម្មករនាំគ្នាតវ៉ាដោយសន្តិធី ដើម្បីទាមទារប្រាក់ខែគោល១៦០ ដោយមិនបានប្រើហិង្សា ឬបំផ្លាញទ្រព្យសម្បត្តិសាធារណៈឡើយ។ លោកចាត់ទុកថា ការចោទកម្មករថា មានបំណងបះបោរប្រឆាំងរដ្ឋាភិបាល រឹតតែមិនសមរម្យ ព្រោះធាតុពិតកម្មករទាំងអស់គ្រាន់តែទាមទារប្រាក់ខែដើម្បីរស់នៅសមរម្យប៉ុណ្ណោះ៖ «ខ្ញុំគិតថា មិនមែនជាការអនុវត្តត្រឹមត្រូវតាមផ្លូវច្បាប់ទេ បើអនុវត្តច្បាប់ គឺគេមិនទៅបាញ់សម្លាប់មនុស្ស គេមិនទៅចាប់វាយដំអំពើឃោរឃៅទៅលើកម្មករស្លូតត្រង់ ដែលគ្រាន់តែទាមទារដើម្បីឆ្នាំងបាយរបស់ខ្លួនឡើយ»។
ចំណែក ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិ ចាត់ទុកថា ការចោទប្រកាន់របស់ក្រុមលោក ហ៊ុន សែន មកលើគណបក្សសង្គ្រោះជាតិ គឺជាការគេចវេះពីការទទួលខុសត្រូវ ព្រោះថាការទាមទារដំឡើងប្រាក់ឈ្នួលរបស់ក្រុមកម្មករ កើតឡើងតាំងពីយូរគ្មានការញុះញង់ពីគណបក្សប្រឆាំងនោះទេ ។ ពួកគេសោកស្ដាយដែលរដ្ឋាភិបាល លោក ហ៊ុន សែន មិនដោះស្រាយជូនកម្មករ ប៉ុន្តែបែរជាប្រើអាវុធទំនើបៗបាញ់សម្លាប់ពួកគេទៅវិញ។ លើសពីនេះ ពួកគេយល់ថា សំណុំរឿងផ្លូវវ៉េងស្រេង និងនៅរោងចក្រយ៉ាកជីន គឺជាឈុតឆាកនយោបាយដែលគណបក្សកាន់អំណាចរៀបចំឡើងដើម្បីបង្អាក់បាតុកម្មរបស់បក្សប្រឆាំង ដែលទាមទារសន្លឹកឆ្នោត ព្រោះថា បន្ទាប់ពីកងកម្លាំងប្រើហិង្សានិងបាញ់បង្ក្រាបកម្មករបណ្ដាលឱ្យមានអ្នកស្លាប់រួច រដ្ឋាភិបាលក៏ស្រាប់តែមានលេសបង្ក្រាបបាតុកម្មនៅទីលានប្រជាធិបតេយ្យបន្តទៀត។
អ្នកនាំពាក្យសមាគមការពារសិទិ្ធមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា រដ្ឋាភិបាលមិនអាចចេះតែបកស្រាយ ឬចោទប្រកាន់ទាំងគ្មានភស្តុតាងនោះទេ ហើយម្យ៉ាងទៀតប្រសិនបើរដ្ឋាភិបាល បានដឹងថា ជនណាឬក្រុមណា ប្រព្រឹត្តខុសច្បាប់នោះ គួរតែចាប់ខ្លួនឱ្យតុលាការជាអ្នកកាត់ទោស ដោយមិនអាចប្រើប្រាស់កងកម្លាំងទៅប្រើអំពើហិង្សានិងបាញ់សម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់បានទេ។ លោកបន្តថា ការបណ្ដែតបណ្ដោយឱ្យសមត្ថកិច្ចបាញ់សម្លាប់កម្មករហើយគ្មានទោសពៃរ៍នោះ ជាគំរូដ៏អាក្រក់ក្នុងសង្គម ហើយជនរងគ្រោះនៅតែរងភាពអយុត្តិធម៌ ដោយសារតែហេតុផលនយោបាយ៖ «យើងមើលឃើញហើយថា វប្បធម៌និទ្ទណ្ឌភាពនេះ បើសិនជាក្រុមណាមួយដែលមានឥទ្ធិពលនយោបាយ ឬមានឥទ្ធិពលនៅក្នុងតួនាទីប្រតិបត្តិច្បាប់ គឺក្រុមនោះ តែងរួចផុតពីការចាត់វិធានការតាមផ្លូវច្បាប់ ដូច្នេះហើយបានជាសង្គមស៊ីវិលយើងទទូចថា រាល់ការករណីបង្ក្រាប ធ្វើឱ្យប៉ះពាល់ច្បាប់និងប៉ះពាល់ដល់អាយុជីវិតមនុស្សនេះ គឺត្រូវតែមានការ ទទួលខុសត្រូវចំពោះមុខច្បាប់ ដោយមិនគិតថា ក្រុមហ្នឹងមានឥទ្ធិពលផ្នែកនយោបាយណាមួយទេ បើមិនអ៊ីចឹងទេ វាជាគំរូអាក្រក់មួយដែលធ្វើឱ្យសមត្ថកិច្ចកម្ពុជា អត់មានខ្លាចរអាក្នុងការប្រព្រឹត្តនូវអំពើដែលខ្លួនធ្លាប់បានប្រព្រឹត្តជាដដែលៗនោះទេ»។
ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃទី៣ ខែមករា ក្រុមអង្គការសង្គមស៊ីវិល ព្រមទាំងក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ តែងតែជួបជុំគ្នាប្រារព្ធខួបនៃការបាញ់សម្លាប់កម្មករនៅទីតាំងកើតហេតុលើដងផ្លូវវ៉េងស្រេង និងស្រែកសុំយុត្តិធម៌។ ទោះយ៉ាងណាក្តីការជួបជុំប្រារព្ធពិធីបែបសាសនារបស់ពួកគេ មិនដែលប្រព្រឹត្តទៅដោយរលូននោះទេ តែងតែទទួលរងការបង្ក្រាប និងការបំបែកពីសំណាងកម្លាំង អាជ្ញាធរសមត្ថកិច្ច ព្រោះកងកម្លាំងសមត្ថកិច្ចរដ្ឋាភិបាលទាំងនោះ មិនចង់ឱ្យរំលឹករឿងបែបនេះនោះទេ។ ប៉ុន្តែក្រុមជនរងគ្រោះ នៅតែប្ដេជ្ញាប្រារព្ធខួបជារៀងរាល់ឆ្នាំដើម្បីជំរុញឱ្យមានយុត្តិធម៌ និងការគោរពសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
I do not think they never forget in their lifetime . HUN SEN some body love you for ever