ភរិយា​​សកម្មជន​បក្ស​ប្រឆាំង​ចាត់​ទុក​ការ​ចាប់​​ខ្លួន​ស្វាមី​ថា «អយុត្តិធម៌» ខណៈ​ថ្នាក់​ដឹកនាំ​ប្រកាស​វិល​ចូល​ស្រុក

នយោបាយ
04 មករា 2021
ស៊ុន ណារិន
វីអូអេខ្មែរ

រូបភាពឯកសារ៖ ស្លាក​គណបក្ស​សង្គ្រោះជាតិ​ ដែល​រូប​លោក សម រង្សុី​ អតីត​ប្រធាន​គណបក្ស​ ត្រូវបាន​លុបចេញ​ ក្រោយ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ នៅក្នុង​ខេត្ត​មណ្ឌលគីរី​ នៅថ្ងៃ​ទី២៥​ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/វីអូអេ)​Photo: Hean Socheata/VOA Khmer


ភ្នំពេញ —  ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ចាប់​ខ្លួនក្នុង​រយៈ​ពេល​ប៉ុន្មានសប្តាហ៍​ចុង​ក្រោយ​នេះ ​អះ​អាង​ថា​ស្វាមី​របស់​ពួកគេ​ត្រូវ​ចាប់​ខ្លួន ដោយ​អយុត្តិ​ធម៌ ហើយ​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​ស្វាមី​ក្នុង​ពន្ធនាគារ​នោះ​ទេ។

បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្រ្គោះ​ជាតិ សកម្ម​ជន​បក្ស​ថ្នាក់​ក្រោម សរុប​យ៉ាង​តិច​១០​នាក់​ ត្រូវ​ចាប់​ខ្លួន ដោយ​មិន​ដឹង​ការចោទ​ប្រកាន់​ច្បាស់​លាស់ ក្នុង​ការ​បង្រ្កាប​នយោបាយ​មួយ ខណៈ​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ ប្រកាស​ចូល​ប្រទេស​កម្ពុជា​វិញ។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២០ សកម្ម​ជន​បក្ស​ប្រឆាំង​២​នាក់​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​ចាប់​ខ្លួន រួច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។ សកម្មជន​បក្ស​ប្រឆាំង​ទាំង​ពីរ មាន​លោក អ៊ុំ យ៉េត ជា​អតីត​ក្រុម​ប្រឹក្សា​ក្រុង​សួង​នៃ​ខេត្ត​ត្បូង​ឃ្មុំ និង​លោក លាភ សុខ​ផេង អតីត​មេឃុំ​មេ​មត់ ក្នុង​ស្រុក​មេ​មត់ ខេត្ត​ត្បូង​ឃ្មុំ។ នេះ​បើ​យោង​តាម​ភរិយា​របស់​លោក អ៊ុំ យ៉េត គឺ​អ្នកស្រី ងួន ផល្លា អាយុ​៦១​ឆ្នាំ រស់​នៅក្នុង​ខេត្ត​ត្បូង​ឃ្មុំ។

អ្នកស្រី ងួន ផលា្ល មាន​ប្រសាសន៍នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​រហូត​មក​ដល់​ពេល​នេះ អ្នកស្រី​មិនមាន​ព័ត៌មាន​ច្បាស់​លាស់​ថា​តើ​ស្វាមី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​អ្វី និង​បាន​ប្រព្រឹត្ត​អ្វីខុស​នោះ​ទេ ខណៈ​អ្នកស្រី​មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​ស្វាមី​ក្នុង​ពន្ធនាគារ ដោយ​សារ​អាជ្ញាធរ​ប្រាប់​ថា​បារម្ភ​ខ្លាច​ការ​ឆ្លង​ជំងឺ​កូវីដ១​៩។

លោក អ៊ុំ យ៉េត អតីត​ក្រុមប្រឹក្សា​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ មក​ពី​គណបក្ស​សង្រ្គោះជាតិ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ​២០២០ និង​កូនស្រី​របស់​លោក គឺ​អ្នកនាង យ៉ែម វណ្ណណែត ដែលក៏ត្រូវ​បាន​តុលាការ​កាត់ទោស​កំបាំង​មុខ ឲ្យ​ជាប់​ពន្ធនាគារ៧ឆ្នាំ។ (រូបថត​ផ្តល់ឲ្យ)
លោក អ៊ុំ យ៉េត អតីត​ក្រុមប្រឹក្សា​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ មក​ពី​គណបក្ស​សង្រ្គោះជាតិ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ​២០២០ និង​កូនស្រី​របស់​លោក គឺ​អ្នកនាង យ៉ែម វណ្ណណែត ដែលក៏ត្រូវ​បាន​តុលាការ​កាត់ទោស​កំបាំង​មុខ ឲ្យ​ជាប់​ពន្ធនាគារ៧ឆ្នាំ។ (រូបថត​ផ្តល់ឲ្យ)

អ្នកស្រី​យល់​ថា​ការ​ចាប់​ខ្លួនស្វាមី​ជា​អំពើអយុត្តិធម៌​សម្រាប់​ស្វាមី​ដែល​អ្នក​ស្រី​អះអាង​ថា​គ្រាន់​តែ​ជា​អ្នក​ចម្ការ​ម្នាក់​ដែល​មិន​បាន​ធ្វើ​នយោ​បាយ​អ្វី​ទេ ក្រោយ​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូ​វ​បាន​រំលាយ​ចោល។

អ្នកស្រី​ប្រាប់​ VOA​ ថា៖ «ការ​ចាប់​ខ្លួនរបស់​គ្រួសារ​ខ្ញុំ​ហ្នឹង គឺ​អយុត្តិធម៌​ជា​ទី​បំផុត។ សម្រាប់​ខ្ញុំ គឺ​ទទួល​យក​មិន​បាន​ទេ ព្រោះ​គាត់​អត់​មាន​ធ្វើ​អី​ខុស។ គាត់​កំពុង​តែ​ទៅ​ស្រោច​ដំណាំ​នៅ​ចម្ការ​សោះ ទៅ​ចាប់​គាត់​ដោយ​អត់​មាន​ដីកា»

ពី​ដំបូង​ឡើយ ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ ជា​ពិសេស​លោកស្រី មូរ សុខហួរ អនុ​ប្រធាន​ម្នាក់​នៃ​គណបក្ស​ប្រឆាំង​នេះ បាន​ប្រកាស​ថា​អ្នក​ស្រី​នឹង​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២១ ប៉ុន្តែគម្រោង​នេះ​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ទី​១៥ ខែ​មករា​វិញ ក្រោម​ហេតុ​ផល​ថា​ដោយសារ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដែល​ត្រូវ​ជិះ ​ផ្អាក​ជើង​ហោះ​ហើរ។

ចំណែក​លោក គៀត ភ្លី អាយុ​៤៨​ឆ្នាំ ដែល​ជា​សកម្ម​ជន​របស់​គណបក្ស​សង្គ្រោះជាតិ​ក្នុង​សង្កាត់​បុស្បូវ ក្រុង​សំរោង ខេត្ត​ឧត្តរ​មាន​ជ័យ ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០​២០ នៅ​រាជធានី​ភ្នំពេញ ហើយ​សហ​ការី​របស់​លោក​ម្នាក់​ទៀត គឺ​លោក ធួក ធឿយ ដែល​ជា​សកម្មជន​ម្នាក់​ដែរ ក៏​ត្រូវ​បាន​ចាប់​ខ្លួន។ នេះ​បើ​តាម​ភរិយា​របស់​លោក គៀត ភ្លី គឺ​អ្នក​ស្រី ពៅ ធាវី អាយុ​៤០​ឆ្នាំ ដែល​មាន​កូន​៣​នាក់។ អ្នកស្រី​ថា​ពួកគេ​ទាំង​ពីរ​ឡើង​មក​ភ្នំពេញ ដើម្បី​លើក​ទឹក​ចិត្ត​សកម្មជន​ផ្សេង​ទៀត ដែល​ត្រូវ​ឡើង​តុលាការ។

អ្នកស្រី​បន្ត​ថា​ពួក​គេ​ទាំង​ពីរ​ត្រូវ​បាន​បញ្ជូន​ពី​ភ្នំពេញ​ទៅ​ឃុំ​ខ្លួន​ក្នុង​ខេត្ត​ឧត្តរមានជ័យ​វិញ។ អ្នកស្រី​មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​ស្វាមី​នោះ​ទេ ដោយ​សារ​អ្នក​ស្រី​ត្រូវ​បាន​ប្រាប់​ថា​បារម្ភ​ខ្លាច​ជំងឺ​កូវីដ​១៩។

អ្នកស្រីប្រាប់​ VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា៖ «ខ្ញុំ​ទៅ​សុំ​ជួប​គាត់​ម្តង​ដែរ។ ខ្ញុំ​មិន​ដឹង​ថា​គេ​ឲ្យ​ទៅ​ជួប គេ​ត្រូវការ​ តម្រូវ​អី​ខ្លះ? ខ្ញុំ​មិន​ដឹង។ ខ្ញុំ​ទៅ​តែ​ខ្លួន គេ​អត់​ឲ្យ​ជួប»

អ្នកស្រី​ចាត់​ទុក​ការ​ចាប់​ខ្លួន​ស្វាមី​របស់​អ្នក​ស្រី​ជា​រឿង​អយុត្តិធម៌​មួយ ក្រោយ​លោក​ត្រូវ​បាន​ឃ្លាំ​មើល​ជា​បន្ត​បន្ទាប់​ពី​សំណាក់​អាជ្ញាធរ​ក្នុង​សង្កាត់។ អ្នកស្រី​ក៏​មិន​ទាន់​ដឹង​ថា​ស្វាមីត្រូវ​ចោទ​ប្រកាន់​ពី​បទ​អ្វីនោះ​ទេ។ ប៉ុន្តែ​អាជ្ញាធរ​គ្រាន់​តែប្រាប់​អ្នក​ស្រី​ថា​ស្វាមី​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ។

លោក​ស្រីមូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅមុខស្ថាន​កុងស៊ុល​កម្ពុជា​នៅ​ទីក្រុង Lowell ​រដ្ឋ​ Massachusetts ​កាល​ពីថ្ងៃ​ទី​២២​ ខែធ្នូ ឆ្នាំ២០២០។ (ពិន ស៊ីសុវណ្ណ/វីអូអេ)
លោក​ស្រីមូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅមុខស្ថាន​កុងស៊ុល​កម្ពុជា​នៅ​ទីក្រុង Lowell ​រដ្ឋ​ Massachusetts ​កាល​ពីថ្ងៃ​ទី​២២​ ខែធ្នូ ឆ្នាំ២០២០។ (ពិន ស៊ីសុវណ្ណ/វីអូអេ)

អ្នកស្រី​ដែល​ជា​កសិករ​ម្នាក់​មាន​ប្រសាសន៍​ថា៖ «វា​អយុត្តិធម៌​សម្រាប់​ខ្ញុំ​ណាស់។ វា​អត់​យុត្តិធម៌ទេ​សម្រាប់​ខ្ញុំ។ ប្តី​ខ្ញុំ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​នៅ​ក្នុង​ខ្លួន​ផង។ ចាប់​ខ្លួន​របស់ប្តី​ខ្ញុំ ជា​រឿង​នយោបាយ។ វា​អយុត្តិធម៌​សម្រាប់​ប្តី​ខ្ញុំ​ណា​ស់»

ចំណែក​អ្នកស្រី កុល សាត អាយុ​៣៥​ឆ្នាំ ជា​ភរិយា​របស់​លោក គង់ ម៉ាស់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន មាន​ប្រសាសន៍​ថា​ស្វាមី​របស់​អ្នកស្រី​ដែល​ជា​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ក្នុង​ខេត្ត​ស្វាយ​រៀង ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ ពេល​លោក​កំពុង​តែ​ពិសា​កាហ្វេ​នៅចាក់​អង្រែ​ក្រោម​ រាជធានី​ភ្នំពេញ។

អ្នកស្រី​បន្ត​ថា​ស្វាមី​ត្រូវ​បាន​ចាប់​ខ្លួនដោយ​ចោទ​ពី​បទ «រួម​គំនិត​ក្បត់» ដែល​អ្នកស្រី​ថា​ជា​រឿង​អយុត្តិ​ធម៌​មួយ។ អ្នកស្រី​ថា​ស្វាមី​របស់​អ្នក​ស្រី​ធ្លាប់​ជាប់​ពន្ធនា​គារ​ម្តង​រួច​មក​ហើយ ហើយ​ទើប​ត្រូវ​បាន​ដោះ​លែង​កាល​ពី​ខែ​សីហា ឆ្នាំ​២០២០។

អ្នកស្រីមាន​ប្រសាសន៍​ថា៖ «ដូចថាគាត់​នៅ​តែ​បន្ត​នយោ​បាយ ឆន្ទៈ​របស់​គាត់។ អញ្ចឹង​ខ្ញុំ​បាន​ត្រៀម​ចិត្ត​រួច​រាល់​ហើយ​ ដឹង​ថាមុន​ក្រោយ ប្រហែល​ជា​អញ្ចឹង ប៉ុន្តែធ្វើ​ម៉េច ជា​ឆន្ទៈ​របស់​គាត់។ តែ​ខ្ញុំ​សង្ឃឹម ខ្ញុំ​ជឿ​ជាក់​ថា​បន្តិច​ទៀត​ថ្នាក់​ដឹកនាំ គេ​នឹង​ត្រូវ​រ៉ូវ​គ្នា គាត់​នឹង​បាន​រួច​ចេញ​មក​វិញ»

ក្រោយ​ចេញ​ពី​ពន្ធនាគារ​កាល​ពី​ខែ​សីហា ឆ្នាំ​២០២០ លោក គង់ ម៉ាស់ បន្ត​ភាព​សកម្ម​របស់​លោក ដោយ​ការ​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​របស់​លោក។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ លោក​បាន​បង្ហោះ​សារ​ថា៖ «សូម​ស្វាគមន៍​ថ្នាក់​ដឹកនាំ​គណ​បក្ស​សង្គ្រោះជាតិ​វិល​មក​ស្រុក​កំណើត​យើង​វិញ!»

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ចុះថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០​២០ ដែល​ VOA ​ទទួល​បាន លោក ស៊ិន សុវណ្ណ​រ័ត្ន ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​លោក គង់ ម៉ាស់ រួច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស ដោយ​ចោទ​ពី​បទ «រួម​គំនិត​ក្បត់»

លោក អេង ឆៃអ៊ាង អនុ​ប្រធាន​មួយ​រូប​ទៀត​នៃគណបក្ស​សង្រ្គោះ​ជាតិ ប្រាប់ ​VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​រហូត​មក​ដល់​ពេល​នេះ សកម្ម​ជនបក្ស​ប្រឆាំង​យ៉ាង​តិច​១០នាក់ ត្រូវ​ចាប់​ខ្លួន។ លោក​ហៅការ​ចាប់​ខ្លួន​នេះ ជា «​ការ​បង្រ្កាប​នយោ​បាយ» មុន​ពេលការ​វិល​ត្រឡប់​របស់​លោក​ស្រី មូរ សុខហួរ និងថ្នាក់​ដឹកនាំ។

លោក សំ សុគង់ មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​ទាំង​នោះ មាន​ប្រសាសន៍​ថា​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ យ៉ាង​តិច​សកម្មជនគណបក្ស​សង្រ្គោះ​ជាតិ​១០​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ ​«រួមគំនិត​ក្បត់» «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋជា​អាទិ៍» និង ​«ប្រមាថ​ព្រះមហា​ក្សត្រ»។ លោក​មេធាវី​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ មិន​ស្រ​ប​តាម​ច្បាប់ ដោយសារ​ពួកគេគ្រាន់​តែ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ថា៖ «ពួក​គាត់​ទាំង​អស់​នេះ​ជា​ប្រជាពលរដ្ឋ​ហើយ​ពួក​គាត់​ទាំង​អស់​ហ្នឹង គាត់​អាច​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​គំនិត ក៏​ដូច​ជា​សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ​ដែល​សិទ្ធិ​ទាំង​អស់​នេះ ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា»

លោក សាន សុខសីហា​ អ្នកនាំពាក្យ​ស្នង​ការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា​ការ​ចាប់​ខ្លួន​ទាំង​នោះ គឺ​ធ្វើ​ឡើង​តាម​ដីកា​របស់​តុលាការ ដោយ​លោក​រុញ​ឲ្យ​ទៅ​សួរ​ខាង​តុលាការ​វិញ។

លោក​មាន​ប្រសាសន៍​ថា៖ «ប្អូន​សួរ​មក​ ប្អូន​ត្រូវ​យល់។ ពាក្យ​ថា​អនុវត្ត​តាម​ដីកា​របស់​តុលាការ​ ក្នុង​ដីកា​តុលាការ គឺ​គេ​មាន​កំណត់​ថា​ពី​បទ​ករណី​អី​ហើយ…អញ្ចឹង​ក្នុង​នាម​ជា​សមត្ថកិច្ច គឺ​យើង​អនុវត្ត មិន​មែន​ថា​យើង​ចេះ​តែ​អនុវត្ត​ទេ»

VOAមិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក គុជ គឹម​ឡុង អ្នក​នាំ​ពាក្យ​របស់​តុលាការ​រាជធានី​ភ្នំពេញ​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

សកម្មជន​បក្ស​ប្រឆាំង​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​កន្លង​ទៅ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​គាំទ្រ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ដែល​បាន​ប្រកាស​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ សកម្មជន​ខ្លះ​ទៀត​ក៏​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ ដោយ​រង់​ចាំ​ការ​កាត់​ទោស និង​ប្រកាស​សាល​ក្រម៕

What Next?

Recent Articles

Leave a Reply

Submit Comment