សាច់ញាតិ និង​ជនរងគ្រោះ​រំលឹក​ខួប​៧​ឆ្នាំ​នៃ​ការ​បង្ក្រាប​ដោយ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង

ដោយ សុជីវី
2021-01-04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាច់ញាតិ និង​ជនរងគ្រោះ​រំលឹក​ខួប​៧​ឆ្នាំ​នៃ​ការ​បង្ក្រាប​ដោយ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង

ជង​រងគ្រោះ​ចូលរួម​ពិធី​រំលឹក​ខួប ៧​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​កម្មករ​ពី​សំណាក់​អាជ្ញាធរ នៅ​ផ្លូវ​វ៉េងស្រេង នៅ​ព្រឹក​ថ្ងៃទី៣ មករា ២០២១ នា​ផ្ទះ​សាមគ្គី។ Photo Provided


ជនរងគ្រោះ និង​សាច់ញាតិ ប្រារព្ធ​ខួប​៧​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​នៅ​រោងចក្រ​យ៉ាកជីន (Yak Jin Cambodia) និង​នៅ​តាម​ផ្លូវ​វ៉េងស្រេង​ដែល​បណ្ដាល​ឱ្យ​កម្មករ​រោងចក្រ​៤​នាក់​ស្លាប់ ម្នាក់​បាត់​ខ្លួន ហើយ​កម្មករ និង​អ្នកការពារ​សិទ្ធិមនុស្ស​ជាច្រើន​នាក់​ទៀត​រង​របួស​ព្រមទាំង​ត្រូវ​ជាប់ពន្ធនាគារ​ទៀត​ផង​។ ជនរងគ្រោះ និង​មន្ត្រី​សិទ្ធិមនុស្ស ទាមទារ​ឱ្យ​រដ្ឋាភិបាល នាំ​ខ្លួន​ទាហាន ឬ​កម្លាំង​សមត្ថកិច្ច ដែល​ប្រើ​កាំភ្លើង​បាញ់សម្លាប់​កម្មករ​មក​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌ និង​សំណង​ដល់​ជនរងគ្រោះ។

សមាជិក​សហជីព សមាជិក​សង្គម​ស៊ីវិល​រួម​ទាំង​ជនរងគ្រោះ និង​សាច់ញាតិ​ជនរងគ្រោះ ប្រមាណ​ជា ៨០​នាក់ បាន​ជួបជុំគ្នា​នៅ​ការិយាល័យ​ផ្ទះ​សាមគ្គី នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២១​នេះ ដើម្បី​ប្រារព្ធ​ពិធី​រំលឹក​ខួប ៧​ឆ្នាំ នៃ​ការ​បាញ់​ប្រហារ​ពី​សំណាក់​កងកម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅលើ​កម្មករ​-​កម្មការិនី​ដែល​កំពុង​ធ្វើ​កូដកម្ម កាលពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ ខែ​មករា​ឆ្នាំ​២០១៤ នៅ​រោងចក្រ​យ៉ាក​ជីន និង​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង។

សាច់ញាតិ​ជនរងគ្រោះ រំលឹក​ថា កាល​ពី​៧ ឆ្នាំមុន គឺ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ ជា​ពេល​ដែល​ពួកគេ​ស្រក់​ទឹកភ្នែក ស្រែក​ទ្រហោយំ​និង​ឈឺចាប់​បំផុត​ដោយសារតែ​សាច់ញាតិ​របស់​ពួកគេ​ត្រូវ​បាន​ស្លាប់ និង​របួស​ដោយសារ​គ្រាប់កាំភ្លើង និង​ការ​វាយដំ​ទាំង​កម្រោល​របស់​កងកម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​។ មក​ទល់​ពេល​នេះ ពួកគេ​នៅតែ​រង​ការឈឺចាប់​ផ្លូវចិត្ត ដោយសារតែ​មិន​មាន​ការស៊ើបអង្កេត​ត្រឹមត្រូវ ហើយ​ចំណែក​កម្លាំង​ប្រដាប់​អាវុធ​ដែល​ជា​ឃាតក​នោះ មិន​ត្រូវ​បាន​យក​មក​ផ្ដន្ទាទោស​ចំពោះ​ការ​ស្លាប់​របស់​កម្មករ​ទាំង​នោះ​ទេ។

ម្ដាយ​ជនរងគ្រោះ​ម្នាក់​វ័យ​ប្រមាណ​៦០​ឆ្នាំ និយាយ​ទាំង​អួល​ដើម​ក​ថា កូន​របស់​របស់​គាត់​ត្រូវ​ទាហាន​បាញ់​ស្លាប់​កាលពី ៧​ឆ្នាំមុន ក្នុង​អាយុ ២២​ឆ្នាំ ។ លោកស្រី ថា កូន​របស់​គាត់ និង​កម្មករ​ដទៃ​ទៀត គ្រាន់តែ​ទាមទារ​ប្រាក់​ឈ្នួល​ដើម្បី​រស់នៅ​សមរម្យ​ប៉ុណ្ណោះ ប៉ុន្តែ​រដ្ឋាភិបាល មិន​ដោះស្រាយ​តាម​ការ​ស្នើសុំ បែរជា​ប្រើ​ទាហាន​បាញ់សម្លាប់​កូន​របស់​គាត់ ដោយ​ចោទ​ថា ជា​បាតុកម្ម​ខុសច្បាប់​ចង់​រំលំ​រដ្ឋាភិបាល​ទៅវិញ​។ ម្ដាយ​ជនរងគ្រោះ​រូប​នេះ នៅតែ​បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ស្វែងរក​យុត្តិធម៌​សម្រាប់​កូនប្រុស​ជាទី​ស្រឡាញ់​របស់​ពួកគាត់៖ «ប៉ុន្មាន​ឆ្នាំ​ហើយ គ្មាន​ម្តាយ​ណា​ដែល​កាត់ចិត្ត​ពី​កូន​បានទេ​។ ពួកគាត់​ជា​កម្មករ​ទាមទារ​ដំឡើង​ប្រាក់ខែ​នេះ មកពី​រដ្ឋាភិបាល​និយាយ​អត់​ទៀងត្រង់ ថា ដំឡើង​ឱ្យ​តែ​អត់​ដំឡើង ដូច្នេះ​ហើយ​ទើប​កម្មករ​នាំគ្នា​ទាមទារ​ដំឡើង​ប្រាក់ខែ​។ ដំឡើង​ឱ្យ ឬ​មិន​ឱ្យ​កុំ​បាញ់សម្លាប់​អ៊ីចឹង​។ ចុះបើ​គេ​សម្លាប់​កូន​ខ្លួនឯង​វិញ សួរ​ថា ទឹកចិត្ត​យើង​ជា​ឪពុកម្ដាយ វា​បែប​ណា​ដែរ មាន​កូន​ដូចគ្នា។ ខំ​ចិញ្ចឹម​កូន​ពី​តូច​ដល់ពេល​អាយុ​២០​ជាង កូន​ស្លាប់»។​

រីឯ​ប្រពន្ធ​ជនរងគ្រោះ​ម្នាក់ទៀត​គឺ​កម្មការិនី​រោងចក្រ លោកស្រី ឈី ផានិត និយាយ​បណ្ដើរ​យំ​បណ្ដើរ​​ថា ប្តី​របស់​គាត់ ក៏​ត្រូវ​បាន​ទាហាន​បាញ់សម្លាប់​ដែរ ដោយសារ​គ្រាន់តែ​ចូលរួម​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​។ លោកស្រី​បន្ត​ថា ខ្លួន​បាន​ដាក់​បណ្ដឹង​ទៅកាន់​ក្រសួង​មហាផ្ទៃ ដើម្បី​រក​យុត្តិធម៌​ជូន​ប្តី​ដែល​ស្លាប់​ទៅ​ដែរ ប៉ុន្តែ​លទ្ធផល​គឺ​ស្ងាត់ឈឹង​តែម្ដង​។ ស្ត្រី​រូប​នេះ​បញ្ជាក់​ថា បំណង​ធំ​របស់​គាត់​នៅ​ពេល​នេះ គឺ​ចង់​ឱ្យ​មាន​អ្នកទទួលខុសត្រូវ​ក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង និង​នាំ​ឃាតក​បាញ់សម្លាប់​កម្មករ​យក​ទៅ​ដាក់​ទោស​តាម​ច្បាប់៖ «ការ​បាត់បង់​រយៈពេល​៧​ឆ្នាំ​មក​នេះ មិន​ទាន់​មាន​នរណា​ម្នាក់ ឬ​ប៉ូលិស មន្ត្រី​ទាហាន​មួយ​ណា មក​ទទួលស្គាល់​ថា បាន​ធ្វើ​ទៅ​លើ​គ្រួសារ​យើងខ្ញុំ​ទេ​។ មកដល់ពេលនេះ អ្វី​ដែល​គ្រួសា​របស់​នាង​ខ្ញុំ​ទន្ទឹង​ចង់បាន គឺ​ភាព​យុត្តិធម៌ តែ​វា​មិន​ទាន់​មាន​។ យើងខ្ញុំ​សូម​សំណូមពរ​ដល់​បណ្ដា​អង្គការ​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស សូម​ជួយ​រក​យុត្តិធម៌​ដល់​បងប្អូន​ដែល​ស្លាប់ បាត់បង់​ជីវិត​ផង»។

កាលពី​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ កម្មករ​-​កម្មការិនី​រាប់​ម៉ឺន​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​នៅមុខ​រោងចក្រ​យ៉ាកជីន និង​នៅ​កំណាត់​ផ្លូវ​វ៉េងស្រេង ដើម្បី​​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​នៅ​ពេល​នោះ រដ្ឋាភិបាល មិន​បាន​ដោះស្រាយ​ជូន​កម្មករ​ដោយ​សន្តិវិធី​ឡើយ។ នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤ កងទ័ព​ឆ័ត្រ​យោង ៩១១ ដឹកនាំ​ដោយ​លោក ចាប ភក្តី បាន​បើក​ប្រតិបត្តិការ​វាយ​បង្ក្រាប​ដោយ​ហិង្សា​ទៅលើ​ក្រុម​កម្មករ រួម​ទាំង​អ្នកការពារ​សិទ្ធិមនុស្ស​នៅមុខ​រោងចក្រ​យ៉ាកជីន​បណ្ដាល​ឱ្យ​របួស​រាប់​សិប​នាក់ ហើយ​ថែមទាំង​ចាប់ខ្លួន​កម្មករ​៧​នាក់ និង​អ្នកការពារ​សិទ្ធិមនុស្ស​៣​នាក់ គឺ​លោក ថេង សាវឿន លោក វ៉ន ពៅ និង​លោក ចាន់ ពុទ្ធិស័ក្កិ ទៅ​ធ្វើ​ទារុណកម្ម និង​ដាក់គុក​ជិត​៥​ខែ​។ មក​ដល់​នៅ​ថ្ងៃ​ទី​៣ ខែ​មករា កងកម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​បន្ត​បើក​ការ​បង្ក្រាប​ដោយ​បាញ់​គ្រាប់កាំភ្លើង​ពិត​ទៅលើ​កម្មករ​នៅ​លើ​ផ្លូវ​វ៉េងស្រេង បណ្ដាល​ឱ្យ​កម្មករ​៤​នាក់​ស្លាប់ យុវជន ខឹម សុផាត បាត់​ខ្លួន​ដល់​សព្វថ្ងៃ និង​របួស​ជាង ៤០​នាក់​ព្រមទាំង​ចាប់ខ្លួន​កម្មករ​ជាង​១០​នាក់​ថែមទៀត​។ កម្មករ​ទាំង ៤​នាក់ ដែល​ស្លាប់​នោះ មានឈ្មោះ លោក គឹម ផាលាភ លោក សាម រ៉ាវី លោក យាន រិទ្ធី និង​លោក ផេង កុសល។ ចំណែក​យុវជន ខឹម សុផាត ត្រូវ​បាន​គេ​ឃើញ​ត្រូវ​គ្រាប់ ហើយ​កម្លាំង​ប្រដាប់​អាវុធ បាន​លើក​គាត់​ដាក់​រថយន្ត​បើក​ចេញ​ទៅ។

ការ​ផ្ទះ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ហើយ​ឈាន​ដល់​ការ​បង្ក្រាប​ដ៏​ហិង្សា​នៅ​ពេល​នោះ កើតឡើង​ស្រប​ពេល​ដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ កំពុង​ធ្វើ​ពហិកា​មិន​ចូល​ប្រជុំ​សភា និង​ធ្វើ​ការ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាស់ និង​តាម​ដង​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុងភ្នំពេញ​ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្រូងចម្រាស​នៃ​លទ្ធផល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​។ ការណ៍​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន និយាយ​ភ្ជាប់​ករណី​ទាំងពីរ គឺ​ករណី​តវ៉ា​រឿង​សន្លឹកឆ្នោត​របស់​បក្ស​ប្រឆាំង និង​ករណី​តវ៉ា​រឿង​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ​នេះ ទៅជា​រឿង​តែមួយ​ហើយ​ទម្លាក់​ការ​ទទួលខុសត្រូវ​ឱ្យ​គណបក្ស​ជំទាស់​វិញ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​ទទួល​។ ចំណែក ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ថ្លែង​ការពារ​អំពើ​ហិង្សា និង​ការ​បាញ់​បង្ក្រាប​របស់​កងកម្លាំង​សមត្ថកិច្ច​ទៅលើ​ក្រុម​កម្មករ​និង​អ្នកការពារ​សិទ្ធិមនុស្ស​ថា គឺជា​ការអនុវត្ត​ច្បាប់​ត្រឹមត្រូវ ដែល​ជា​ភ័ព្វសំណាង​របស់​កម្ពុជា​។ ទន្ទឹម​គ្នា​នេះ លោក ផៃ ស៊ី​ផាន បាន​ចោទប្រកាន់​ដោយ​គ្មាន​បង្ហាញ​ភស្តុតាង​ថា គណបក្ស​ប្រឆាំង គឺជា​អ្នក​ញុះញង់​ឱ្យ​កម្មករ​ធ្វើ​បដិវត្ត​ពណ៌ ផ្តួល​រំលំ​រដ្ឋាភិបាល៖ «យើង​ធ្វើ​ស្រប​តាម​ច្បាប់​ដើម្បី​ធានា​នូវ​ផលប្រយោជន៍​សាធារណៈ​ដែល​ភាគច្រើន​នោះ យើង​មិន​អនុញ្ញាត​ឱ្យ​ពួក​ហ្នឹង​វាយកម្ទេច​អគារ​របស់​គេ ឬ​ទ្រព្យសម្បត្តិ​របស់​ឯកជន ឬ​មិនមែន​ជា​សិទ្ធិ ធ្វើការ​បំផ្លាញ ដូច្នេះ​អានេះ​យើង​ធ្វើ យើង​ចាត់ការ រឿង​ដទៃ​ផ្សេងៗ​គេ​មិន​ពេញចិត្ត គេ​ឡើង​ទៅ​តុលាការ​ទៅ»។

​ទោះជា​យ៉ាងណា ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ការ​ចោទប្រកាន់​របស់​ក្រុម​លោក ហ៊ុន សែន មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​គេចវេះ​ពី​ការ​ទទួលខុសត្រូវ​។ ពួកគេ​ពិនិត្យ​ឃើញ​ថា ការ​បង្ក្រាប​នៅ​ផ្លូវ​វ៉េងស្រេង និង​នៅ​រោងចក្រ​យ៉ាកជីន គឺជា​ល្បិចកល​របស់​គណបក្ស​កាន់អំណាច ដើម្បី​មាន​លេស​បន្ត​បង្ក្រាប​បាតុកម្ម​របស់​បក្ស​ប្រឆាំង​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ពេល​នោះ​បន្ត​ទៀត។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ករណី​ការ​តវ៉ា​របស់​កម្មករ គឺ​គ្រាន់តែ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដើម្បី​ជីវភាព​សមរម្យ​របស់​ពួកគាត់ ដូច្នេះ​មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​គណបក្ស​ប្រឆាំង​ឡើយ ហើយ​ក្រោយ​ការ​តវ៉ា និង​ការ​បង្ក្រាប​នោះ រដ្ឋាភិបាល និង​ភាគី​ក្រុមហ៊ុន​រោងចក្រ រួម​ទាំង​សហជីព ក៏​ចាប់ផ្ដើម​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​ជា​រៀងរាល់​ឆ្នាំ​។ លោក​បន្ត​ថា រដ្ឋាភិបាល មិន​ត្រូវ​ទាញ​ភ្ជាប់​ករណី​តវ៉ា​របស់ កម្មករ​ទៅជា​រឿង​នយោបាយ ហើយ​មិន​ផ្ដល់​យុត្តិធម៌​ជូន​កម្មករ​ដែល​រងគ្រោះ​ពី​ការ​វាយដំ​និង​បាញ់​ប្រហារ​ដោយ​គ្រាប់កាំភ្លើង​របស់​សមត្ថកិច្ច​ឡើយ៖ «សំខាន់​គឺ​ការស៊ើបអង្កេត​មួយ​ដោយ​តម្លាភាព​យុត្តិធម៌ ដើម្បី​ស្វែងរក​យុត្តិធម៌​ទៅដល់​ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត និង​បាត់​ខ្លួន ហើយ​និង​អ្នក​ដែល​រង​របួស​ពី​ព្រឹត្តិការណ៍​នោះ រក​ទៅ​ថា តើ​អ្នកណា​ដែល​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​នោះ តើ​អ្នកណា​ជា​អ្នកប្រើប្រាស់​នូវ​អាវុធ​ក្នុង​ការ​បាញ់សម្លាប់​ទៅលើ​កម្មករ​-​កម្មការិនី​ឱ្យ​ស្លាប់​និង​រងរបួស ហើយ បាត់​ខ្លួន​ហ្នឹង ហើយ​យក​ទៅ​ផ្ដន្ទាទោស​តាមច្បាប់​។ នេះ​គឺជា​ការ​ផ្តល់​យុត្តិធម៌​នៅ​ក្នុង​សង្គម ដល់​ជនរងគ្រោះ និង​លុបបំបាត់​វប្បធម៌​និទ្ទណ្ឌភាព ដើម្បី​កុំ​ឱ្យ​ព្រឹត្តិការណ៍​ទាំងអស់​នេះ កើត ឡើងជា​បន្ត​ទៅ​ទៀត»។

ដំបូង​ឡើយ ក្រុម​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន តែងតែ​ឆ្លើយ​ថា កំពុង​ស្រាវជ្រាវ​ករណី​បង្ក្រាប​ដោយ​ហិង្សា​នោះ ប៉ុន្តែ​ចាប់​តាំង​ពី​របប​ក្រុងភ្នំពេញ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ក្ដោបក្ដាប់​អំណាច​ពេញ​ក្នុង​ដៃ ស្រាប់តែ​ក្រុម​មន្ត្រីនាំពាក្យ​ទាំងអស់​នោះ​ឆ្លើយ​ថា រដ្ឋាភិបាល គ្មាន​កាតព្វកិច្ច​ទទួល​ខុសត្រូវ និង​ស្រាវជ្រាវ​ករណី​នេះ​ទេ ហើយ​ថែម​ទាំង​ចោទប្រកាន់ និង​ទម្លាក់​ការ​ទទួលខុសត្រូវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថែម​ទៀត។

អង្គការ​សង្គម​ស៊ីវិល និង​សាច់ញាតិ​ជនរងគ្រោះ ចាត់ទុកថា ការ​បណ្ដែតបណ្ដោយ​ឱ្យ​សមត្ថកិច្ច​បាញ់សម្លាប់​កម្មក​រហើយ​គ្មាន​ទោសពៃរ៍​នោះ ជា​គំរូ​ដ៏​អាក្រក់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ ជនរងគ្រោះ​ខ្លះ​ទៀត ជឿ​ថា ឃាតក​សម្លាប់​មនុស្ស​នៅ​ផ្លូវ​វ៉េងស្រេង នឹង​នៅតែ​រួចខ្លួន ដោយសារតែ​មេដឹកនាំ​របប​ក្រុងភ្នំពេញ បាន​ចេញ​មុខការ​ពារ ប៉ុន្តែ​ពួកគេ រំពឹង​ថា យុត្តិធម៌​នឹង​កើតមាន​ប្រសិនបើ​មានការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​សព្វថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សាច់ញាតិ និង​ជនរងគ្រោះ​រំលឹក​ខួប​៧​ឆ្នាំ​នៃ​ការ​បង្ក្រាប​ដោយ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង"

  1. Anonymous says:

    the value of human life in HUN SEN regime is so cheap . we can say every bad thing about this SDACH PEAL he reserve it. like AH ..SAMDACH EYE .HUN SEN . this animal though he himself a highly educated animal on art but?? sorry every one in the whole world are sick and tied to hear what this animal speaking in media

Leave a Reply

Submit Comment