មន្ត្រី​សង្គមស៊ីវិល​ថា អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង បរាជ័យ​ក្នុងការ​ជម្លៀស​​​ពលរដ្ឋ​វៀតណាម​ចេញពី​លើ​ទឹក​បឹងទន្លេសាប

ដោយ៖​ អាស៊ីសេរី
2021-01-05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​សង្គមស៊ីវិល​ថា អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង បរាជ័យ​ក្នុងការ​ជម្លៀស​​​ពលរដ្ឋ​វៀតណាម​ចេញពី​លើ​ទឹក​បឹងទន្លេសាប

ផ្ទះ​បណ្ដែត​ទឹក​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម នៅ​តំបន់​ផ្សារក្រោម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។ RFA


មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង បាន​បរាជ័យ​ក្នុង​ការអនុវត្ត​យន្តការ​ជម្លៀស​​​ពលរដ្ឋ​វៀតណាម​ចេញពី​ផ្ទៃ​បឹងទន្លេសាប។ ពួកគេ​សង្កេតឃើញ​ថា ពលរដ្ឋ​វៀតណាម​ភាគច្រើន​ ​នៅតែ​បន្ត​រស់នៅ​លើទឹក​ក្នុង​ផ្ទៃ​បឹងទន្លេសាប​ដដែល បើ​ទោះបីជា​ ​អាជ្ញាធរ​ខេត្ត​នេះ​ ​បាន​កាត់​ឆ្វៀល​ដី​ព្រៃលិចទឹក​ទំហំ ៤០ហិកតារ​ ​សម្រាប់​ចែក​ជូន​ពួកគេ​ក្តី ក៏​ពុំ​ឃើញ​មាន​អ្នក​ចូល​ទៅ​រស់នៅ​ដែរ​រយៈពេល​ជាង​ ​២ឆ្នាំ​មកហើយ។

មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគតិច ប្រាប់ អាស៊ីសេរី នៅ​ថ្ងៃទី០៤ មករា ថា មកទល់​ពេលនេះ​ ​មាន​ពលរដ្ឋ​ប្រមាណ​ ​១០គ្រួសារ​ប៉ុណ្ណោះ បាន​ទៅ​តាំងទីលំនៅ​ថ្មី​ ​ក្នុង​តំបន់៤០​ហិកតារ​ដែល​អាជ្ញាធរ​ផ្ដល់​ដីសម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​វៀតណាម។ លើស​ពី​នេះ​ទៀត ពលរដ្ឋ​ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែតទឹក​ក្នុង​សង្កាត់ផ្សារឆ្នាំង និង​សង្កាត់ខ្សាម ប្រមាណជិត​១ពាន់​គ្រួសារ ភាគច្រើន​មិនទាន់​ផ្លាស់​ទីលំនៅ​មករ​ស់នៅលើ​គោក​នៅឡើយទេ។

ប្រធាន​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគតិច​ប្រចាំ​ខេត្តកំពង់ឆ្នាំង លោក ទត គឹមស្រូន មាន​ប្រសាសន៍ថា ដីសម្បទាន​សង្គមកិច្ច​ទំហំ​៤០ហិកតារ​សម្រាប់​ចែក​ជូន​ពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្តែតទឹក គេ​ឃើញ​មានការ​ពុះ​លក់​ដោយ​ក្នុង​មួយ​ឡូត៍ៗ​តម្លៃ​ជាង ២ពាន់​ដុល្លារ។ លោក​ថា តំបន់​នោះ មាន​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​តិចតួច​បំផុត។ ចំណែក អាជ្ញាធរ​ខេត្ត​នេះ​ ​បាន​ដាក់​ឱសានវាទ​ជាច្រើនលើក​មក​ហើយ​ឱ្យ​ពលរដ្ឋ​វៀតណាម​ផ្លាស់មក​រស់​នៅលើគោក​វិញ តែ​គ្មាន​លទ្ធផល៖ «មកដល់ថ្ងៃនេះ តាមខ្ញុំមើលមិនទាន់ឃើញមានថា ពួកគាត់ទៅរស់នៅកន្លែងដីប្លុក មានភាគតិចណាស់ប្រហែលខ្ទង់ ១០គ្រួសារ ប៉ុណ្ណឹងទេ។ យើងមើលទៅ​ ​ដូចមិនទាន់មានការអភិវឌ្ឍអ្វីទេ មានតែបង្គោលភ្លើងបុកទៅចំលើដីហ្នឹង។ មានបង្គោលភ្លើងគេរៀបចំអស់ហើយ ប៉ុន្តែប្លុកដី​ ​៤០ហិកតារហ្នឹង ត្រង់ណាអន្លង់​ ​គឺនៅអន្លង់ដដែលទេ»

កាលពី​ឆ្នាំ២០១៨ រដ្ឋាភិបាល​បាន​ធ្វើ​អនុបយោគ​កាត់​ដីលិចទឹក​ ​ទំហំ​៤០ហិកតារ​ ​ក្នុង​ភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ឋិតនៅ​កៀក​បឹង​ទន្លេសាប ដើម្បី​រៀបចំ​ដីសម្បទាន​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បម្លាស់ទី​ពី​ផ្ទះទឹក​ជាង​២ពាន់គ្រួសារ​ ​ក្នុង​នោះ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អភិបាល​ខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន តែ​អ្នកលើក​ទូរស័ព្ទ​និយាយ​ថា ច្រឡំ​លេខ។ ចំណែក​អភិបាលរង​ខេត្តកំពង់ឆ្នាំង​ទទួលបន្ទុក​ជម្លៀស​​​ពលរដ្ឋ​វៀតណាម​ឡើងគោក លោក ស៊ុន សុវណ្ណារិន ក៏​មិន​អាច​សុំ​ការឆ្លើយតប​បាន​ដែរ​ ​នៅ​ថ្ងៃទី០៤ មករា ព្រោះ​គ្មាន​អ្នកលើក​ទូរស័ព្ទ។

តែ​យ៉ាងណា លោក សុវណ្ណារិន ធ្លាប់​ប្រាប់ អាស៊ីសេរី ថា នៅ​ខេត្តកំពង់ឆ្នាំង មាន​ផ្ទះ​បណ្ដែត​ទឹក​ជិត ៤ពាន់​គ្រួសារ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម​ជិត​២ពាន់​គ្រួសារ។ បច្ចុប្បន្ន នៅ​ខេត្តកំពង់ឆ្នាំង មាន​ជនជាតិ​វៀតណាម​រស់នៅ​ជាង​១ម៉ឺននាក់ (១០.០៨៧) ហើយ​កន្លែង​ដែល​ជនជាតិ​វៀតណាម​រស់នៅ​ច្រើនជាងគេ គឺ​នៅ​ផ្សារក្រោម សង្កាត់កំពង់ឆ្នាំង សង្កាត់ផ្សារឆ្នាំង សង្កាត់ខ្សាម តំបន់ឆ្នុកទ្រូ ស្ថិត​ក្នុង​ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ហើយ​ក្រៅពីនោះ​នៅ​ស្រុកកំពង់ត្រឡាច និង​តំបន់​ផ្សេងៗទៀត។

ប្រធាន​សមាគម​វៀតណាម លោក ស៊ឹម ជី បដិសេធ​មិន​ផ្តល់​បទសម្ភាសន៍​ដល់ អាស៊ីសេរី ទេ ព្រោះ​លោក​ថា​ ​កំពុង​ជាប់រវល់៖ «ខ្ញុំកំពុងជាប់ភ្ញៀវ អធ្យាស្រ័យមានអី​ ​ចាំពេលល្ងាចស្អែក​ ​ភ្ញៀវកំពុងអង្គុយជុំវិញ… ប៉ុណ្ណឹងសិន»

កាលពី​ខែតុលា​ ​ឆ្នាំ២០២០ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ ​បាន​ដាក់​ឱសានវាទ​រយៈពេល​ ​១ខែ ឱ្យ​ពលរដ្ឋ​វៀតណាម​ ​ដែល​កំពុង​រស់នៅ​លើ​ផ្ទះ​បណ្តែតទឹក​ ​ក្នុង​សង្កាត់ខ្សាម សង្កាត់​ផ្សារក្រោម និង​តំបន់​ផ្សេងទៀត​ក្នុង​ក្រុងកំពង់ឆ្នាំង ឱ្យ​ឡើងគោក​ជាកំហិត។ ក៏ប៉ុន្តែ ឱសានវាទ​នេះ​ពុំ​ទទួល​បាន​ជោគជ័យ​នោះទេ។

ប្រធាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា លោក អ៊ុល វ៉ាន់ យល់ថា​ ​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ ​ត្រូវ​មាន​វិធានការ​ម៉ឺងម៉ាត់​ ​ដោះស្រាយ​រឿង​នេះ​ដើម្បី​សុវត្ថិភាព​បរិស្ថាន​ទន្លេសាប មិន​ត្រូវ​ពន្យារពេល​នោះទេ។ លោកថា ការ​បណ្ដោយ​ឱ្យ​ពលរដ្ឋ​វៀតណាម​រស់នៅ​លើទឹក​ក្នុង​ផ្ទៃ​បឹងទន្លេសាប​កាន់តែ​ច្រើន នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សុវត្ថិភាព​បរិស្ថាន​ទន្លេ ប៉ះពាល់​ត្រី និង​ជីវចម្រុះ៖ «យើងដឹងហើយថា ប្រជាជនរស់នៅលើទឹក គឺមាន​ការបន្ទោរបង់ ឬក៏ប្រើប្រាស់ទឹក​ ​ដែលធ្វើ​ឱ្យ​ប៉ះពាល់គុណភាពទឹក​ ​និងអនាម័យជីវចម្រុះ ហើយនឹងទន្លេក្នុងបឹងទន្លេសាបរបស់​យើង»

ចំណែក​អ្នកនាំពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា សង្កេតឃើញ​ថា មាន​ពលរដ្ឋ​វៀតណាម​ខុសច្បាប់​ជាច្រើន​ ​មក​តាំងទីលំនៅ​ក្នុង​ប្រទេសកម្ពុជា តែ​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​មាន​តិចតួច​ប៉ុណ្ណោះ។ លោកថា រដ្ឋាភិបាល​គួរតែ​ចុះ​ពិនិត្យ​ពី​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ឡើងវិញ​ទាក់ទិន​ការដោះស្រាយ​បញ្ហានេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មន្ត្រី​សង្គមស៊ីវិល​ថា អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង បរាជ័យ​ក្នុងការ​ជម្លៀស​​​ពលរដ្ឋ​វៀតណាម​ចេញពី​លើ​ទឹក​បឹងទន្លេសាប"

  1. Anonymous says:

    you will never get those SO SOCHEATH’s families out . in 1969 to 1975 LON NOL send a lot of them out and from 1975 to 1979 POL POT send every one of them out no one in Cambodia’s land . my question why right now there are more then two million of them here ?????????

Leave a Reply

Submit Comment