ព័ត៌មានជាតិ | សិទ្ធិមនុស្ស | សេរីភាពបញ្ចេញមតិ
កញ្ញា ខាន់ លក្ខិណា | ០៥ មករា ២០២១ |ម៉ោង ១៦:៣៤
VOD

ក្រុមស្ត្រីជាសាច់ញាតិរបស់អតីតមន្ត្រីបក្សប្រឆាំងដែលកំពុងជាប់ឃុំខ្លួន ប្រមូលផ្ដុំតវ៉ាទាមទារឱ្យដោះលែងក្រុមគ្រួសារពួកគេ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ី ឆាយ)
កុ្រមអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស ឱ្យដឹងថា រយៈពេល១ឆ្នាំកន្លងមក មានសកម្មជនដីធ្លី បរិស្ថាន នយោបាយ និងសកម្មជនផ្សេងៗ ប្រហែល៥០នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននិងចោទប្រកាន់នៅតុលាការ ដោយសារការបញ្ចេញមតិរបស់ពួកគេ។
ប្រធានផ្នែកសិទ្ធិមនុស្ស និងសិទ្ធិដីធ្លី នៅសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា តាមរបាយការណ៍បឋម សកម្មជនប្រមាណ៥០នាក់ដែលសមត្ថកិច្ចចាប់ខ្លួននិងចោទប្រកាន់នៅតុលាការជាបន្តបន្ទាប់ក្នុងឆ្នាំ២០២០នោះ បានធ្វើឡើងក្រោយពីពួកគេបានសម្ដែងមតិ ដើម្បីទាមទារឱ្យមានយុត្តិធម៌សង្គម និងមានដំណោះស្រាយបញ្ហាព្រៃឈើ បរិស្ថាន និងបញ្ហាសង្គមផ្សេងៗទៀត។
លោកថា៖ «ឆ្នាំ២០១៧ - ២០១៨ - ២០១៩ - ២០២០ គឺថា វាមានលក្ខណៈធ្ងន់ធ្ងរមិនខុសគ្នាទេ ហើយយើងមិនទាន់ឃើញមានបញ្ហាល្អប្រសើរចំពោះបញ្ហានៃការរឹតត្បិតនិងសិទ្ធិសេរីភាពទេ គឺវានៅតែបន្តមានការធ្លាក់ចុះ។ អាហ្នឹងយើងដឹងទាំងអស់គ្នាថា នៅពេលមានវិបត្តិនយោបាយ ហើយបច្ចុប្បន្នយើងមានវិបត្តិធំៗមួយចំនួន ជាពិសេសនយោបាយនិងបញ្ហាកូវីដទៀត គឺថា ធ្វើឱ្យសេរីភាពមួយចំនួនកាន់តែបន្តធ្លាក់ចុះបន្តទៀត»។
លោក នី សុខា បញ្ជាក់ថា សកម្មជនដីធ្លី បរិស្ថាន និងនយោបាយទាំងនោះ ត្រូវតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងបទ «ញុះញង់» ដូចគ្នា បើទោះបីជាការសម្ដែងមតិនិងការទាមទាររបស់ពួកគេ ត្រូវបានធានាដោយច្បាប់ជាតិនិងច្បាប់អន្តរជាតិក៏ដោយ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ការចាប់ខ្លួនសកម្មជនបរិស្ថាន យុវជន និងសកម្មជននយោបាយក្នុងឆ្នាំ២០២០កន្លងមក បង្ហាញឱ្យឃើញថា រដ្ឋាភិបាលខកខានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារនិងលើកកម្ពស់សេរីភាពមូលដ្ឋាន ដែលធានាដោយច្បាប់ជាតិនិងច្បាប់អន្តរជាតិ។ ក្រៅពីមានការចាប់ខ្លួនសកម្មជនហើយ លោកស្រីមើលឃើញថា សិទ្ធិសេរីភាពអង្គការសង្គមស៊ីវិលនិងអ្នកសារព័ត៌មាន ក៏រងនូវ ការរឹតត្បិតនិងការគំរាមកំហែង ផងដែរ។
លោកស្រីថា៖ «អ៊ីចឹងយើងមើលទៅរូបភាពនេះ មិនបានធ្វើឱ្យឃើញថាលំហសង្គមស៊ីវិលត្រូវបានលើកកម្ពស់ទេ ត្រូវបានរួមតូចៗទៅ ដែលរដ្ឋាភិបាលបានប្រាសចាកឆ្ងាយអំពីការបំពេញកាតព្វកិច្ចរបស់ខ្លួន ដែលប្រទេសកម្ពុជាយើងប្រកាសថា យើងជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនោះ វាហាក់ដូចជាផ្ទុយទៅវិញ»។
ចំណែកនាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ចាត់ទុកការចាប់ខ្លួនសកម្មជនបរិស្ថាន ដីធ្លី និងនយោបាយក្នុងមួយឆ្នាំកន្លងមកនេះ ថាជាការរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពចូលរួមនយោបាយ ដែលធានាដោយច្បាប់ជាតិនិងច្បាប់អន្តរជាតិ។
ករណីនេះ លោកបានជំរុញរដ្ឋាភិបាលគោរពទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិដែលបានផ្ដល់សច្ចាប័នជាមួយសហគមន៍អន្តរជាតិ ដើម្បីបញ្ចៀសការបាត់បង់អត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀតពីសហគមន៍អន្តរជាតិ ដូចជា GSP និងប្រព័ន្ធអនុគ្រោះពន្ធ EBA ជាដើម។
លោក អំ សំអាត ថា៖ «បើសិនជាយើងកែលម្អចំណុចទាំងអស់ហ្នឹងបាន កម្ពុជាយើងនឹងអាចមានភាពល្អប្រសើរ។ បើសិនជាយើងនៅដូចបច្ចុប្បន្ន រាល់របាយការណ៍របស់អង្គការជាតិនិងអន្តរជាតិ ក៏រដ្ឋាភិបាលច្រានចោល រហូតដល់សេចក្ដីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ ក៏ រដ្ឋាភិបាលបានបដិសេធ អាហ្នឹងខ្ញុំគិតថា មិនសូវជាល្អទេ សម្រាប់ការកែលម្អសិទ្ធិមនុស្សនៅកម្ពុជា»។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបាននិងកំពុងគោរព សិទ្ធិមនុស្ស យ៉ាងខ្ជាប់ខ្ជួន។ លោកបន្តថា ការចាប់ខ្លួនអ្នកទាំងនោះកន្លងមក គឺដោយសារតែពួកគេប្រព្រឹត្តខុសច្បាប់។
លោកថា៖ «អ្វីដែលជាទិសដៅកម្ពុជា គឺយើងរក្សាសន្តិភាពនិងស្ថិរភាពនយោបាយ ហើយសិទ្ធិមនុស្សយើងគោរព ក៏ប៉ុន្តែបើប្រឆាំងនឹងច្បាប់ រំលោភច្បាប់ យើងអត់គោរពទេ យើងត្រូវតែបន្តរក្សាអនុវត្តនូវនីតិរដ្ឋ ក្នុងការផ្ដល់នូវសុវត្ថិភាព ស្ថិរភាពសម្រាប់ឱកាសអភិវឌ្ឍន៍របស់ប្រជាពលរដ្ឋយើង នេះជាអាទិភាពធំណាស់។ អ្នកទាំងអស់នោះដែលពាក់ស្លាកស្អីក៏ដោយ សកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ កាលណាប្រឆាំងនឹងច្បាប់ រំលោភច្បាប់ អ្នកនោះត្រូវតែទទួលទោស»។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក៏បានបង្ហាញកង្វល់តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន អំពីការរឹតបន្តឹងសិទ្ធិបញ្ចេញមតិ ការគំរាមកំហែងដល់អ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជាផងដែរ ក្រោយពីមានការចាប់ព្រះកាយព្រះសង្ឃ និងចាប់ខ្លួនក្រុម យុវជនមាតាធម្មជាតិ អ្នកចម្រៀងរ៉េបវ័យក្មេងនៅខេត្តសៀមរាប រួមទាំងការចាប់ខ្លួនលោក រ៉ុង ឈុន និងសកម្មជននយោបាយអតីតគណបក្សប្រឆាំង។
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទាំងនោះ អំពាវនាវឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ជាបន្ទាន់នូវការឃុំខ្លួនជាលក្ខណៈប្រព័ន្ធ និងធានាពីសិទ្ធិនេះឡើងវិញ តបតាមរដ្ឋធម្មនុញ្ញកម្ពុជានិងច្បាប់អន្តរជាតិដែលកម្ពុជាបានទទួលស្គាល់៕

របាយការណ៍អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ បានឱ្យដឹងថា រយៈពេល៣ឆ្នាំកន្លងមកនេះ អាជ្ញាធររដ្ឋាភិបាល បន្តបង្ក្រាប ចាប់ឃុំខ្លួន និងរឹតត្បិតសេរីភាពរបស់អ្នកនយោបាយអតីតបក្សប្រឆាំង សកម្មជន អ្នកការពារសិទិ្ធមនុស្ស ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ពួកគេ។
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
WELL if you have no freedom it just mean the same thing as living dead .