អ្នកច្បាប់​ ​និង​ម​ន្រ្តី​អង្គការសង្គម​ស៊ីវិល​ ​ថា​ក្រសួងយុត្តិធម៌​ ​នៅសល់​កិច្ចការ​ច្រើន​ទៀត​ ​ដែល​ត្រូវធ្វើ​ដើម្បី​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌

ដោយ​លោក មួង ណារ៉េត
2021-01-05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកច្បាប់​ ​និង​ម​ន្រ្តី​អង្គការសង្គម​ស៊ីវិល​ ​ថា​ក្រសួងយុត្តិធម៌​ ​នៅសល់​កិច្ចការ​ច្រើន​ទៀត​ ​ដែល​ត្រូវធ្វើ​ដើម្បី​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌

រូបពីឆ្វេងទៅស្ដាំ កញ្ញា សេង ធារី លោកមេធាវី សុក សំអឿន លោក ប៉ិច ពិសី និង​លោក វ៉ន ចាន់ឡូត  (រូបថត RFA និងរូបពីគណនីហ្វេសប៊ុករបស់សាម៉ីខ្លួន)


អ្នកច្បាប់​ ​និង​ម​ន្រ្តី​អង្គការសង្គម​ស៊ីវិល​ ​ថា​ក្រសួងយុត្តិធម៌​ ​នៅសល់​កិច្ចការ​ច្រើន​ទៀត​ ​ដែល​ត្រូវធ្វើ​ជាចាំបាច់​ ​ដើម្បី​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​។​ ​ការ​លើកឡើង​នេះ​ ​គឺ​ស្រប​ពេល​ដែល​មានការ​កែ​ទម្រង់​ខ្លះ​ ​ផ្នែក​កិច្ចការ​តុលាការ​ ​ក្រោយ​រដ្ឋ​ម​ន្រ្តី​ក្រសួងយុត្តិធម៌​ថ្មី​ ​ចូលកាន់​តំណែង​។

​ក្រោយ​រដ្ឋ​ម​ន្រ្តី​ថ្មី​នៃ​ក្រសួងយុត្តិធម៌​ ​វ័យ​ ​៤​១​ ​ឆ្នាំ​ ​គឺ​លោក​ ​កើត​ ​រិទ្ធ​ ​ផ្តើម​ចូលកាន់​តំណែង​ភ្លាម​ ​ជំនួស​ឲ្យ​រដ្ឋ​ម​ន្រ្តី​ចាស់​វស្សា​លោក​ ​អង្គ​ ​វង្ស​វ​ឌ្ឍ​នា​ ​ក្រសួងយុត្តិធម៌​ ​ចាប់ផ្តើម​យុទ្ធនាការ​កាត់បន្ថយ​ការ​កក​ស្ទះ​សំណុំរឿង​ ​នៅ​ទូទាំង​ប្រទេស​ ​និង​ចុងក្រោយ​នេះ​ ​បាន​ផ្សព្វផ្សាយ​សាលក្រម​ ​ជាលើកដំបូង​ចំនួន​ ​៤​៤​ ​នៅ​លើ​គេហទំព័រ​របស់​​​ក្រសួងយុត្តិធម៌​ ​ដើម្បីឲ្យ​សាធារណៈ​ជន​ទូទៅ​ ​អាច​បើក​មើល​បាន​។​ ​ការ​ផ្សព្វផ្សាយ​នេះ​ ​ធ្វើ​នៅ​ថ្ងៃ​ដាច់ឆ្នាំ​ចាស់​ ​ឆ្នាំ​ ​២​០​២​០​។​

​សាលក្រម​ទាំង​ ​៤​៤​ ​ករណី​នោះ​ ​ជា​សេចក្តី​សម្រេច​របស់​សាលាដំបូង​ ​ក្នុង​រឿងក្ដី​រដ្ឋប្បវេណី​ ​ភាគច្រើន​រឿង​ជំពាក់ប្រាក់​មិន​សង​។​ ​នៅ​ក្នុង​ករណី​ទាំងនេះ​ ​គ្មាន​សំណុំរឿង​ព្រហ្មទណ្ឌ​ ​ឬ​រឿង​នយោបាយ​នោះ​ទេ​។​

​វិធានការ​ណ៍​កែ​ទម្រង់​កិច្ចការ​តុលាការ​ ​និង​ប្រព័ន្ធ​យុត្តិធម៌​ ​ជាពិសេស​កា​រដាក់​សាលក្រម​ឲ្យ​សាធារណៈ​ជន​អាច​ចូ​លមើល​បាន​ ​ជាលើកដំបូង​នេះ​ ​ទទួល​បាន​មតិ​ចម្រុះ​ពី​អ្នកច្បាប់​ ​និង​ម​ន្រ្តី​អង្គការសង្គម​ស៊ីវិល​ ​គឺ​មាន​ទាំង​ការ​សាទរ​ ​និង​រិះគន់​។​

​លោក​មេធាវី​ ​សុក​ ​សំអឿន​ ​នៃ​ក្រុម​មេធាវី​អមរិន្ទ​ ​រីករាយ​ដែល​ក្រសួងយុត្តិធម៌​សម្រេច​ផ្សព្វផ្សាយ​សាលក្រម​។​ ​លោក​ថា​ ​តាមពិត​រឿង​ផ្សព្វផ្សាយ​សាលក្រម​នេះ​ ​ក្នុង​វិជ្ជាជីវៈ​ជា​មេធាវី​ ​និង​អ្នក​តស៊ូ​មតិ​ផ្នែក​ច្បាប់​ ​លោក​ចង់ឲ្យ​ធ្វើ​ដូច្នេះ​យូរណាស់​មក​ហើយ​ ​គឺ​ទាមទារ​ឲ្យ​ផ្សាយ​តាំងពី​ទស​វត្ស​ន៍ ​៩​០​ ​មក​ម៉្លេះ ​ព្រោះ​សេចក្តី​សម្រេច​របស់​តុលាការ​ ​ជា​យុត្តិ​សា​ស្រ្ត​សម្រាប់​ម​ន្រ្តី​ច្បាប់​ ​និង​ម​ន្រ្តី​តុលាការ​ឯទៀត​ ​យក​ធ្វើជា​ស​ម្អា​ង​ ​និង​គំរូ​ក្នុង​វិជ្ជាជីវៈ​តុលាការ​ <<​ខ្ញុំ​ជំរុញ​យូ​រហើយ​ ​តាំងពី​ ​៩​០​ ​ប្លាយ​ ​តែ​គ្រាន់តែ​ពេល​នោះ​ ​ប្រធាន​តុល​ការ​កំពូល​ថា​ ​មិនទាន់​មាន​សាលក្រម​ណា​មាន​លក្ខណៈ​ល្អ​នៅឡើយ​។​ អ៊‌ីចឹ​ង​ទើប​គ្មាន​ការ​ផ្សព្វផ្សាយ​។​ ​ឥឡូវ​ប្រហែលជា​ខាង​ក្រសួងយុត្តិធម៌​ ​គឺ​មានការ​ទុកចិត្ត​ថា​សាលក្រម​ហ្នឹង​ល្អ​ ​បាន​គេ​ហ៊ាន​ផ្សព្វផ្សាយ​>>​។​

​ស្រដៀងគ្នា​នេះ​ដែរ​ ​អ្នក​សិក្សា​ច្បាប់​យុវជន​ ​វ៉ន​ ​ចាន់​ឡូ​ត​ ​ឯណោះ​យល់ថា​ ​នេះ​ជា​ជំហាន​វិជ្ជមាន​មួយ​ ​និង​ជំហាន​ដំបូង​មួយ​ ​ដែល​អាច​ជួយ​ឲ្យ​សិស្ស​និស្សិត​ ​និង​អ្នក​សិក្សាស្រាវជ្រាវ​យកទៅ​ធ្វើជា​អំណះអំណាង​ ​ក្នុង​ការស្រាវជ្រាវ​ ​ឬ​សិក្សា​របស់​ខ្លួន​ <<​ការណ៍​នេះ​ ​វា​ជា​ការ​ចាប់ផ្តើម​មួយ​ល្អ​ ​នៅ​ក្នុង​វិ​ស​័​យ​យុត្តិធម៌​នៅ​កម្ពុជា​។​ ​ការ​ផ្សព្វផ្សាយ​សាលក្រម​ជា​សាធារណៈ​ហ្នឹង​ ​វា​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ទៅដល់​និស្សិត​ ​អ្នក​សិក្សាស្រាវជ្រាវ​ ​ឬ​សា​ស្រ្តាចារ្យ ​អាច​​​យក​គំរូ​ហ្នឹង​ទៅ​សិក្សា​វិភាគ​។​ ​វា​អាច​ជា​ចំណុច​ចាប់ផ្តើម​នៃ​កំណែ​ទម្រង់​ ​នៃ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ ​និង​ប្រព័ន្ធ​អប់រំ​ក្នុង​វិ​ស័យ​ច្បាប់​កម្ពុជា​ផង​ដែរ​>>​។​

​មិន​ខុស​ពី​នេះ​ ​ម​ន្រ្តី​អង្គការសង្គម​ស៊ីវិល​ ​យល់ឃើញ​ថា​ ​ការ​ផ្សព្វផ្សាយ​សាលក្រម​ជា​សាធារណៈ​ ​បានជា​ប្រយោជន៍​ច្រើនយ៉ាង​ ​រួម​ទាំង​ការ​បង្ហាញ​អំពី​តម្លា​ភាព​ ​នៃ​រឿងក្តី​នៅ​តុលាការ​ផង​។​ ​នាយក​ប្រតិបត្តិ​អង្គការ​តម្លា​ភាព​កម្ពុជា​ ​លោក​ ​ប៉ិច​ ​ពិសី​ ​សាទរ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​​​ក្រសួងយុត្តិធម៌​ ​ក្នុង​រឿង​នេះ​ <<​កាលណា​យើង​មាន​ទម្រង់​ ​មាន​គោលការណ៍​ ​ឯកសារ​គ​ត្តិ​យុត្តិ​ផ្សេងៗ​ ​ដែល​យើង​ចេញ​ឲ្យ​ប្រើប្រាស់​ ​ហ្នឹង​ជា​ជំហាន​ល្អ​ហើយ​។​ ​យើង​លើកទឹកចិត្ត​ឲ្យ​ខាង​ក្រសួង​ ​រៀបចំ​យន្ត​ការ​ជាក់លាក់​ឲ្យ​មានការ​អនុវត្ត​ច្បាប់​ហ្នឹង​ ​ឲ្យ​ល្អ​​​ជាង​មុន​>> ​។​

​ស្រប​ពេល​ដែល​មានការ​សារ​ទរ​ ​គាំទ្រ​ ​និង​សរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​​​ក្រសួងយុត្តិធម៌​ ​ដើម្បី​កែ​ទម្រង់​កិច្ចការ​តុលាការ​នេះ​ ​អ្នកច្បាប់​ ​និង​ ​ម​ន្រ្តី​អង្គការសង្គម​ស៊ីវិល​ដដែល​ ​ក៏​រិះគន់​អំពី​ចំណុច​ខ្វះខាត​ ​នៅ​ដែល​មាន​ច្រើន​ទៀត​ ​ដែល​ក្រសួង​ត្រូវធ្វើ​។​

​លោក​មេធាវី​ ​សុក​ ​សំអឿន​ ​ស្នើ​ឱ្យ​ផ្សព្វផ្សាយ​សាលក្រម​ស្ថា​ប​ពរ​របស់​តុលាការ​កំពូល​ផង​ ​ដើម្បី​ជា​មូលដ្ឋាន​គ​ត្តិ​យុត្តិ​ ​និង​យុត្តិ​សា​ស្រ្ត ​សម្រាប់​រឿងក្ដី​ដែល​ឆ្លងកាត់​ការ​ជំនុំ​ជម្រះ​គ្រប់​ដំណាក់កាល​។​ ​ជាង​នេះ​ទៅទៀត​ ​លោក​ស្នើ​ឲ្យ​ផ្សាយ​សាលក្រម​ ​ដែល​មាន​សេចក្តី​ពន្យល់​លម្អិត​ ​ត្រង់​ចំណុច​ខ្វះខាត​ក្នុង​ច្បាប់​ ​ដែល​កន្លងមក​មិនទាន់​មានការ​បកស្រាយ​ច្បាស់លាស់​ ​ហើយ​តុលាការ​កំពូល​សម្រេច​បំពេញ​បន្ថែម​ <<​និយាយរួម​ ​ឧទាហរណ៍​ ​ថា​ច្បាប់​ចន្លោះ​ប្រហោង​ ​តុលាការ​កំពូល​សម្រាប់​បំពេញ​បន្ថែម​ ​បកស្រាយ​បំពេញ​ ​ហើយ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ​អា​ហ្នឹង​ល្អ​ ​ដើម្បី​ជា​យុត្តិ​សា​ស្រ្ត ​សម្រាប់​ឲ្យ​អ្នក​ដែល​មាន​រឿងក្ដី​ ​អង្គ​ហេតុ​ដូចគ្នា​ ​ហេតុការណ៍​ដូចគ្នា​ ​គឺ​យើង​អត់​ចង់ឲ្យ​ចៅក្រម​មួយ​គាត់​សម្រេច​ផ្សេង​ ​ប៉ុន្តែ​ចៅក្រម​មួយទៀត​សម្រេច​ផ្សេង​។​ ​យើង​អត់​ចង់​អ៊‌ីចឹ​ង​។​ ​ចង់ឲ្យ​សម្រេច​ឯកភាព​ ​មាន​យុត្តិធម៌​ទាំងអស់គ្នា​>>​។​

​ជុំវិញ​ការ​ជំនុំ​ជម្រះ​ក្ដី​ដោយ​យុត្តិធម៌​នេះ​ ​លោក​ ​វ៉ន​ ​ចាន់​ឡូ​ត​ ​ឯណោះ​ ​ថា​កម្ពុជា​នៅ​មានផ្លូវ​ដើរ​វែងឆ្ងាយ​ទៅទៀត​ ​ទម្រាំ​អាច​សម្រេច​គោលដៅ​នេះ​បាន​។​ ​លោក​ថា​ ​ការ​ផ្សព្វផ្សាយ​សាលក្រម​មួយ​មុខជា​រឿង​ល្អ​មែនហើយ​ ​ប៉ុន្តែ​ ​ការ​កែ​ទម្រង់​យុត្តិធម៌​ ​ដើម្បី​កាត់បន្ថយ​អំពើពុករលួយ​ ​ក្នុង​តុលាការ​ ​គឺជា​រឿង​ចាំបាច់​បំផុត​មួយ​ ​ដែល​ត្រូវធ្វើ​ក្នុងចំណោម​រឿង​ចាំបាច់​ជាច្រើន​ទៀត​។​ ​លោក​យោង​អំពើ​ ​ពុករលួយ​នេះ​ ​ទៅលើ​របាយការណ៍​សន្ទស្សន៍​ប្រចាំ​ឆ្នាំ​របស់​គម្រោង​យុត្តិធម៌​ពិភពលោក​។​ ​ជាង​នេះ​ទៅទៀត​លោក​ ​ថា​គេ​មិន​អាច​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​បានទេ​ ​បើ​មិន​ដោះស្រាយបញ្ហា​លម្អៀង​របស់​ចៅក្រម​ ​និង​ព្រះរាជអាជ្ញា​ ​មួយ​ចំនួន​ ​ដែល​ជា​សមាជិក​របស់​គណបក្ស​នយោបាយ​ ​ដែល​ពិបាក​ក្នុង​ការ​ផ្សព្វផ្សាយ​សាលក្រម​ករណី​ធំ​ៗ​ ​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ <<​ការណ៍​ដែល​ផ្សព្វផ្សាយ​សាលក្រម​ ​ដូចជា​បារាំង​ ​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​ការរៀនសូត្រ​ ​វា​ចាំបាច់​វា​ត្រូវការ​តុលាការ​មួយ​ដែល​ឯករាជ្យ​ ​ជឿ​ទុកចិត្ត​បាន​ ​ហើយ​សាលក្រម​នី​មួយ​ស​ៗ​ ​ដែល​សម្រេច​ចេញពី​ឯកសារ​គ្រប់ជាន់ថ្នាក់​នីមួយៗ​ហ្នឹង​ ​វា​សុទ្ធតែ​ជា​យុត្តាធិការ​មួយ​ដែល​ជា​គំរូ​សម្រាប់​ឲ្យ​អ្នកស្រាវជ្រាវ​ ​សិស្ស​និស្សិត​គាត់​អាច​​​យកទៅ​ ​ធ្វើ​ការសិក្សា​មួយ​ប្រកបដោយ​គុណភាព​>>​។​

​ដូចគ្នា​នេះ​ដែរ​ ​ម​ន្រ្តី​អង្គការ​តម្លា​ភាព​កម្ពុជា​លោក​ ​ប៉ិច​ ​ពិសី​ ​ថា​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ ​គួរ​ផ្តើម​ពី​ការ​យកចិត្តទុកដាក់​ ​ទៅលើ​គោលការណ៍​ស្មើភាព​គ្នា​នៅចំពោះមុខ​ច្បាប់​ ​ដោយ​លុបបំបាត់​ការ​ប្រកាន់បក្ស​ពួក​ ​និង​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​។​ ​លោក​ថា​មិនខ្វះទេ​យន្ត​ការ​ក្នុង​ការ​លុបបំបាត់​បញ្ហា​ទាំងនេះ​ ​ប៉ុន្តែ​សំណួរ​ ​គឺ​នៅត្រង់​ថា​ ​តើ​អ្នក​កែ​ទម្រង់​ពិតជា​មាន​ឆន្ទៈ​ ​ធ្វើ​វា​ដែរ​ឬ​អត់​ <<​យើង​អាច​មាន​ទម្រង់​ ​មាន​អ្វី​ច្រើន​ ​ទោះបី​យើង​មាន​គ្រប់​ក៏ដោយ​ ​បើ​យើង​មិន​យក​គោលការណ៍​តម្លា​ភាព​ ​ហើយ​មិន​មាន​អំពើពុករលួយ​នៅ​ក្នុង​ការ​កាត់ក្ដី​ ​យើង​អាច​នឹង​នៅតែ​មាន​បញ្ហា​ហ្នឹង​ដដែល​>>​។​

​រីឯ​អ្នកច្បាប់​មួយ​រូប​ទៀត​ ​និង​ជា​អតីតប្រធាន​អង្គការសង្គម​ស៊ីវិល​មួយ​ផង​ ​គឺ​កញ្ញា​ ​សេង​ ​ធារី​ ​ចាត់ទុកថា​ ​អ្វី​ដែល​ក្រសួងយុត្តិធម៌​ ​កំពុង​ធ្វើ​នេះ​ ​គឺជា​ការ​អេះ​មិន​ចំ​រមាស់​ ​និង​គ្រាន់តែ​ជា​សម្បក​ប៉ុណ្ណោះ​ ​គ្មាន​ខ្លឹមសារ​អ្វី​ទាល់តែសោះ​។​ ​កញ្ញា​បាន​យក​ឧទាហរណ៍​ករណី​ដែល​តុលាការ​ចេញ​ដីកាចោទប្រកាន់​លើ​កញ្ញា​ ​រឿង​ព្រហ្មទណ្ឌ​ ​ដែល​ជា​ក្រដាស​មួយ​សន្លឹក​ ​គ្មាន​រៀបរាប់​អំពី​អង្គ​ហេតុ​ ​និង​អង្គ​ច្បាប់​ជាក់លាក់​ ​និង​ត្រឹមត្រូវ​ ​ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការចោទប្រកាន់​កញ្ញា​ ​និង​សកម្មជន​ឯទៀត​ ​ពី​បទ​រួម​ក្បត់​ ​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​ដែល​ជា​បទ​ចោទ​ធ្ងន់ធ្ងរ​ ​ប៉ុន្តែ​ទម្រង់​នៃ​ដី​ ​គឺ​ស្រាល​ធ្វើឲ្យរួច​តែ​ពី​ដៃ​។​ ​កញ្ញា​ថា​បញ្ហា​រ៉ាំរ៉ៃ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ ​គឺ​ត្រូវ​កែ​ទម្រង់​ទាំងស្រុង​តែម្តង​ ​គឺ​មិនមែន​ធ្វើលំៗ​ត្រឹម​ផ្សាយ​សាលក្រម​ ​ឬ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំរឿង​ក្នុង​តុលាការ​ ​ឬ​ដោះ​ដូរ​តែ​រដ្ឋ​ម​ន្រ្តី​ក្រសួងយុត្តិធម៌​នោះ​ទេ​ <<​ករណី​នៅ​ប្រទេស​ផ្សេងទៀត​ ​អាច​ដូរ​នៅ​ត្រឹម​ក្រសួង​ ​ប៉ុន្តែ​ប្រទេស​យើង​ ​យើង​ដឹង​ហើយ​ដូរ​ត្រឹម​ក្រសួង​ក៏​អត់មាន​ន័យ​ ​ពីព្រោះ​ម​ន្រ្តី​នៅ​ក្រសួង​មួយៗ​ក៏​ជា​កូនអុក​របស់​អ្នកធំ​។​ ​ដូច្នេះ​យើង​ត្រូវការ​ដូរ​នៅ​ថ្នាក់​កំពូល​តែម្តង​ ​គឺ​ត្រូវការ​មាន​ការផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​ជាតិ​តែម្ដង​>>​។​

​ប្រព័ន្ធ​នីតិ​រដ្ឋ​នៅ​កម្ពុជា​ ​ត្រូវ​បាន​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​ (​World​ ​Justice​ ​Project​) ​រក​ឃើញ​ ​ថា​អន់​ ​ធ្លាក់​រហូតដល់​បាត​តារាង​ ​ជាប់ៗ​គ្នា​ ​៥​ ​ឆ្នាំ​ចុងក្រោយ​នេះ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អ្នកច្បាប់​ ​និង​ម​ន្រ្តី​អង្គការសង្គម​ស៊ីវិល​ ​ថា​ក្រសួងយុត្តិធម៌​ ​នៅសល់​កិច្ចការ​ច្រើន​ទៀត​ ​ដែល​ត្រូវធ្វើ​ដើម្បី​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌"

  1. so socheath says:

    ប្រជាជនកម្ពុជាចងចាំជានិច្ចគ្រប់សោកនាដកម្ម ដែល
    ប្រព្រឹត្តឡេីងដោយរបបប្រល័យពូជសាសន៍ប៉ុលពត ចំពោះជាតិនិងប្រជាជន។
    ប្រជាជនកម្ពុជា ប្រឆាំងដាច់ខាត ចំពោះការចង់ប្រោសឲ្យ
    រស់ឡេីងវិញនូរបបប្រល័យពូជសាសន៍នេះ ពីសំណាក់អតីត
    មេដឹកនាំគណបក្សសង្គ្រោះជាតិ សម រង្សុី-កឹម សុខា តាម
    មហិច្ឆិតាស្រេកឃ្លានអំណាច សំដៅបំផ្លាញជាតិសាស្ត្រឯង
    ដែលជនទាំងនេះ បានដាក់ខ្លួនធ្វេីជាឆ្កែបំរេីដាច់ថ្លៃ បំរេីឲ្
    យនយោបាយចង់គ្រប់គ្រង ចង់លេបយកទឹកដីកម្ពុជា ពីសំណាក់បរទេស ។
    ប្រជាជនកម្ពុជាប្តេជ្ញាចិត្ត ទោះត្រូវលះបង់ដោយតម្លៃណា
    ប្តេជ្ញាការពារឲ្យបាននូវសន្តិភាព ខឿនឯករាជ្យ អធិបតេយ្យភាពជាតិ
    មិនឲ្យសត្រូវណា ទោះសត្រូវក្នុង ឬ ក្រៅប្រទេសក្តី
    រំលោភបំពានបានឡេីយ ។
    ជនក្បត់ជាតិ ! ត្រូវតែផ្តន្ទាទោសតាមច្បាប់ជាធរមាន
    ការលេីកលែងទោសឲ្យជនក្បត់ជាតិ គឺជាការសម្លាប់ជាតិ
    និងប្រជាជន !
    ៧មករា១៩៧៩ ស្ថិតនៅជាប់ជានិច្ច ក្នុងដួងចិត្តប្រជាជនកម្ពុជាជាអមត: !
    ជយោ ! គណបក្សប្រជាជនកម្ពុជា
    គណបក្សប្រជាជនកម្ពុជា ប្រសូតចេញពីប្រជាជន នៅជាប់
    ជិតស្និទ្ធជាមួយប្រជាជន និងបំរេីប្រជាជនគ្រប់ពេលវេលា
    គ្រប់ទីកន្លែង ក្នុងគ្រប់កាលទេស: ។ ដូចនេះ
    គ្មានអានុភាពណា អាចមកបំបែកបំបាក់ប្រជាជនកម្ពុជា ពី
    គណបក្សប្រជាជនកម្ពុជាបានឡេីយ ។ សូមចាំថា
    នេះជាប្រទេសយេីង ជាតិយេីង ប្រជាជនកម្ពុជាយេីង !

Leave a Reply

Submit Comment