សាច់​ញាតិ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ តវ៉ា​ជា​ថ្មី ទាមទារ​តុលាការ​ឱ្យ​ដោះ​លែង​គ្រួសារ​របស់​ពួក​គេ​វិញ នៅ​ដើម​ឆ្នាំ​ថ្មី​នេះ

ដោយ ទីន ហ្សាការីយ៉ា
2021-01-08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាច់​ញាតិ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ តវ៉ា​ជា​ថ្មី ទាមទារ​តុលាការ​ឱ្យ​ដោះ​លែង​គ្រួសារ​របស់​ពួក​គេ​វិញ នៅ​ដើម​ឆ្នាំ​ថ្មី​នេះ

សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង នាំ​តវ៉ា​ជា​ថ្មី​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ២០២១ ដោយ​ប្រឈម​មុខ​នឹង​ការ​រារាំង រុញ​ច្រាន និង​បណ្ដេញ​ពួក​គាត់​ចេញ ពី​កម្លាំង​អាជ្ញាធរ និង​ក្រុម​សន្តិសុខ​ខណ្ឌ ៧មករា។ រូប៖ ពលរដ្ឋ


សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​ បន្ដ​តវ៉ា​ឲ្យ​ដោះលែង​សាច់ញាតិ​របស់​ពួក​គេ


សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង​ជាង ១០នាក់ តវ៉ា​ជាថ្មី​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ តែ​ត្រូវ​ក្រុម​សន្តិសុខ​ខណ្ឌ ៧មករា និង​​អាជ្ញាធរ​រារាំង រុញ​ច្រាន និង​បណ្ដេញ​ពួកគាត់​ចេញ​មិន​ឲ្យ​ចូល​ទៅ​ឈរ​តវ៉ា​នៅ​មុខ​សាលា​ដំបូង​បាន​នោះ​ទេ។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា ការ​រារាំង​ គំរាម​កំហែង និង​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ការ​តវ៉ា​បញ្ចេញ​មតិ​ គឺជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​មិន​គោរព​គោល​ការ​លទ្ធិ​ប្រជាធិបតេយ្យ។

ក្រុម​សន្តិ​សុខ​ខណ្ឌ ៧មករា និង​អាជ្ញាធរ​ប្រមាណ​ជិត ៤០នាក់ បាន​ពង្រាយ​កម្លាំង និង​ឡោម​ព័ទ្ធ​​ សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង ដែល​គេ​ដាក់​ឈ្មោះ​ថា ក្រុម​ស្ត្រី​ក្លាហាន​ថ្ងៃ​សុក្រ មិន​ឲ្យ​ពួក​គាត់​ចូល​តវ៉ា​នៅ​មុខ​សាលា​ដំបូង​បាន​ឡើយ។ ក្រុម​ស្ត្រី​ទាំង​នោះ​មាន​​កាន់​រូបថត​គ្រួសារ​របស់​ពួកគាត់​ដែល​កំពុង​ជាប់​ឃុំ ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង និង​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​សកម្មជន​នយោបាយ និង​សកម្មជន​មនសិការ​ទាំង​អស់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

ប្រពន្ធ​លោក ស៊ុន​ ធន់ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោកស្រី សេង ចាន់ថន រៀប​រាប់​ថា អាជ្ញាធរ​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ក្រុម​លោកស្រី ដោយ​ទាត់​ធាក់ រុញ​ច្រាន និង​ប្រមាថ​មើល​ងាយ​យ៉ាង​ខ្លាំង។ លោកស្រី​បន្ត​ថា លោកស្រី​មិន​ចង់​បន្ត​ការ​តវ៉ា​នេះ​នោះ​ទេ ប្រសិន​បើ​តុលាការ​ដោះលែង​គ្រួសារ​របស់​ពួកគាត់​វិញ។ លោកស្រី ត្អូញត្អែរ​ថា លោកស្រី​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ជា​ខ្លាំង និង​បារម្ភ​ពី​សុវត្ថិភាព​សុខភាព​ស្វាមី​របស់​ខ្លួន​ដែល​កំពុង​ជាប់​ពន្ធនាគារ​ផង​ដែរ៖ «សូម​ទទូច​ហើយ​ទទូច​ទៀត​ទៅ​ដល់​ខាង​តុលាការ សូម​ឲ្យ​តុលាការ​រក​ភាព​យុត្តិធម៌ ហើយ​មាន​ការ​ដោះលែង​ពួក​គាត់​ឲ្យ​មាន​សេរីភាព​មក​វិញ​ផង កុំ​ឲ្យ​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង ចាំ​តែ​បញ្ជា ចាំ​តែ​ធ្វើ​តាម​គេ សូម​ឲ្យ​គាត់​មាន​ភាព​យុត្តិធម៌​នៅ​ក្នុង​ខ្លួន ហើយ​ក៏​សុំ​ទៅ​ខាង​រដ្ឋាភិបាល សុំ​ឲ្យ​គាត់​ដោះ​ស្រាយ​នូវ​បញ្ហា​នយោបាយ​នេះ​កុំ​ឲ្យ​កកស្ទះ កុំឲ្យ​មាន​ការ​គាំង កុំ​ឲ្យ​មាន​ការ​ចេះ​តែ​ចាប់ ចេះ​តែ​ចង​ខាង​សកម្មជន​នយោ​បាយ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ដោះ​ស្រាយ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​មក​វិញ»​​​​​​​​​​​​​​

ក្រោយ​ការ​ស្រែក​តវ៉ា​បាន​មួយ​សន្ទុះ​ ក្រុម​ស្ត្រី​ទាំង​នោះ បាន​រំសាយ​ការ​តវ៉ា និង​​ធ្វើ​ដំណើរ​ទៅ​ស្ថាន​ទូត​អាមេរិក ដើម្បី​សួរ​នាំ​ពី​ដំណើរ​ការ​នៃ​ការ​ដាក់​ញត្តិ​កន្លង​មក​របស់​ពួកគាត់ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​រារាំង​ម្ដង​ទៀត​នៅ​ចំណុច​ផ្សារ​ដេប៉ូ។

ក្រោយ​ធ្វើ​ដំណើរ​មក​ដល់​ស្ថានទូត​អាមេរិក តំណាង​ស្ថាន​ទូត​បាន​ចេញ​មក​ជួប​ពួក​គាត់ និង​អនុញ្ញាត​ឲ្យ​ក្រុម​ស្ត្រី​ទាំង​នោះ​ចូល​ជួប​តែ​២នាក់​ប៉ុណ្ណោះ។

ប្រពន្ធ​លោក ឃឹម ធាណា អតីត​ចៅ​សង្កាត់​ផ្សារ​ដេប៉ូ៣ គឺ​លោកស្រី សុខ បូលីម៉ា ឲ្យ​អាស៊ី​សេរី​ដឹង​ថា លោកស្រី​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​កម្ពុជា​ជា​ខ្លាំង ដែល​បាន​រារាំង​ក្រុម​ស្ត្រី​មិន​ឲ្យ​តវ៉ា បំបិទ​សិទ្ធិ​សេរីភាព និង​គំរាម​កំហែង​ពលរដ្ឋ​ជា​ដើម។ លោកស្រី​បន្ត​ថា​ លោកស្រី​បាន​ដាក់​ញត្តិ​បន្ថែម ១ទៀត ទៅ​កាន់​មន្ត្រី​ស្ថាន​ទូត​អាមេរិក អំពី​​ករណី​ដែល​អាជ្ញាធរ​បាន​គំរាម​កំហែង ដោយ​ប៉ង​ធ្វើ​បាប​កូនស្រី​​លោកស្រី​ដែល​មាន​វ័យ ២១ឆ្នាំ ប្រសិន​បើ​លោកស្រី​មិន​បញ្ឈប់​ការ​តវ៉ា​នេះ។ លោកស្រី​បារម្ភ​ថា ក្រុម​សន្តិសុខ និង​អាជ្ញាធរ​ក្រោម​របប​ក្រុង​ភ្នំពេញ​លប​វាយ​ធ្វើ​បាប ឬ​ប៉ុនប៉ង​ធ្វើ​អ្វី​មួយ ដែល​អាក្រក់​ជាង​នេះ​លើ​កូន​ស្រី​លោកស្រី។ លោកស្រី​លើក​ឡើង​ថា លោកស្រី​គ្មាន​ជំនឿ​លើ​ស្ថាប័ន​រដ្ឋ​ថា នឹង​អាច​ដោះ​ស្រាយ​ករណី​នេះ​បាន​ទេ និង​​ស្នើ​ឲ្យ​ស្ថានទូត​អាមេរិក ​អង្គការ​ជាតិ និង​អន្តរជាតិ​ទាំង​អស់​ជួយ​ឃ្លាំមើល​ករណី​នេះ​ឲ្យ​បាន​ដិត​ដល់៖ «ទង្វើ​គាត់​នៅ​ដដែល​អូន នៅ​បំពាន​លើ​ពួក​ខ្ញុំ​ដដែល គឺ​គាត់​មិន​កែ​អត្តចរិត​គាត់ ហើយ​ខ្ញុំ​ដើរ​យក​បាយ​ឲ្យ​គ្រួសារ​ខ្ញុំ​ក៏​ខ្ញុំ​អត់​ខុស​ដែរ​អូន។ ថ្ងៃ​ទី២៩ ហ្នឹង គាត់​អត់​បាយ​មួយ​ថ្ងៃ​ពេញ ទឹក​ក៏​អត់​ផឹក​ដែរ។ ត្រង់​ហ្នឹង​វា​អយុត្តិធម៌​ខ្លាំង​មែន​ទែន ហើយ​ចាប់​ប្រពន្ធ​គេ​ហើយ ប្តី​គេ​អត់​បាយ​មួយ​ថ្ងៃ​ពេញ​ទៀត ហើយ​មក​ថែម​គំរាម​កូនចៅ​គាត់​ទៀត​អូន។ តើ​យុត្តិ​ធម៌​នៅ​ត្រង់​ណាប្រជាធិបតេយ្យ​នៅ​ត្រង់​ណា?

Sok_Polima_and_Seng_Chanthorn_010821.jpg
លោកស្រី សុខ បូលីម៉ា ប្រពន្ធ​លោក ឃឹម ភាណា អតីត​ចៅ​សង្កាត់​ផ្សារ​ដេប៉ូ៣ តវ៉ា​​ទាមទារ​អាជ្ញាធរ​ឱ្យ​ដោះលែង​ប្ដី នៅ​ថ្ងៃ​ទី៨ ខៃមករា ឆ្នាំ២០២១។

អ្នក​នាំ​ពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា បញ្ជាក់​ថា ការ​តវ៉ា​​របស់​ក្រុម​ស្ត្រី​ថ្ងៃសុក្រ​ទាំង​នោះ មិន​បាន​សុំ​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ​ ទើប​អាជ្ញាធរ​​ដាក់​កម្លាំង​ ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ និង​ការពារ​សន្តិសុខ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ពុំ​មាន​ការ​រុញ​ច្រាន ឬ​ប្រើ​អំពើ​ហិង្សា​ដូច​ការ​លើក​ឡើង​របស់​ក្រុម​ស្ត្រី​នោះ​ឡើយ។ លោក​អះអាង​ថា អាជ្ញាធរ​មិនបាន​គំរាម​កំហែង​លើ​ក្រុម​ស្ត្រី ឬ​ក្រុម​គ្រួសារ​របស់​ពួក​គេ​នោះ​ទេ ហើយ​ថា នេះ​ជា​ការ​ចោទ​ប្រកាន់​របស់​ពួក​គេ​មក​លើ​អាជ្ញាធរ៖ «សិទ្ធិ​ និង​ការ​ធ្វើ​ទង្វើ​របស់​គាត់​នេះ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​គាត់ ជា​ការ​គិត​ផ្ទាល់​ខ្លួន​របស់​គាត់​ទេ។ ជាក់​ស្ដែង ពេល​ខ្លះ​ក៏​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​ផង​ក៏​គាត់​ចោទ​ប្រកាន់​ថា អា​ហ្នឹង​ជា​ការ​គំរាមកំហែង ជា​ការ​អី​ផ្សេងៗ។ បញ្ហា​សំខាន់​សិទ្ធិ​ពួក​គាត់​ភាគ​ច្រើន​ឃើញ​ចោទ​ប្រកាន់​មក​លើ​សមត្ថកិច្ច មក​លើ​រដ្ឋាភិបាល ឬក៏​ស្អី​អ៊ីចឹង​ទៅ តែ​ជាក់​ស្ដែង​វា​អត់​មាន​ករណី​អស់​ហ្នឹង​ផង​ហ្នឹង។ ឧបមា​ថា ពេល​ខ្លះ​អត់​មាន​អាសន្ន​អី​ផង​ហ្នឹង គាត់​ចោទ​ប្រកាន់​ថា គេ​ហ្នឹង​គំរាម​កំហែង ថា​គេ​ហ្នឹង​អ៊ីចេះ​អ៊ីចុះ តែ​ជាក់​ស្ដែង​វា​អត់​មាន​អ៊ីចឹង»

ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា​ មាន​ប្រសាសន៍​ថា ក្រុម​ស្ត្រី​ទាំង​នោះ ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​តវ៉ា​ដោយ​សន្តិ​វិធី​ ហើយ​អាជ្ញាធរ​គួរ​តែ​ជួយ​ការ​ពារ និង​ផ្តល់​សិទ្ធិ​សេរីភាព ដែល​មាន​ចែង​ក្នុង​ច្បាប់​ឲ្យ​ក្រុម​អ្នក​តវ៉ា​ទាំងនោះ។ លោក​បន្ត​ថា ការ​រារាំង រុញច្រាន ដោយ​ប្រើ​ហិង្សា​បែប​នេះ ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​រំលោភ​គោល​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​ទទូច​ឲ្យ​តុលាការ​ និង​រដ្ឋាភិបាល គួរ​ពិចារណា​លើ​ការ​ស្នើ​សុំ​របស់​ក្រុម​ស្ត្រី​ទាំង​នោះ ដោយ​ដោះ​លែង​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​សង្គម​ទាំង​អស់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ លោក​ថា រដ្ឋាភិបាល​គួរ​តែ​បញ្ចប់​បញ្ហា​នយោបាយ​នេះ៖ «ទោះ​យ៉ាង​ណា រដ្ឋាភិបាល​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​នៅ​ក្នុង​ស្ថាន​ភាព​សម្រួល​ស្ថានការណ៍​នយោបាយ ដើម្បី​ឲ្យ​មាន​ការ​ធូរ​ស្រាល​ខាង​ផ្លូវ​នយោបាយ​នេះ ដើម្បី​ឈាន​ទៅ​ធ្វើ​ការ​អភិវឌ្ឍន៍​ប្រទេស​យើង​ប្រកប​ដោយ​យុត្តិធម៌​នៅ​ក្នុង​សង្គម ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​ក្នុង​ស្ថាន​ភាព​ប្រទេស​ដែល​យើង​មាន ដើម្បី​ឲ្យ​មាន​ភាព​រីក​ចំរើន»

នៅ​ក្នុង​ឆ្នាំ២០២០ រហូត​មក​ដល់​ដើម​ឆ្នាំ២០២១ នេះ របប​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​អ្នក​នយោបាយ សកម្មជន យុវជន ព្រះសង្ឃ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យ៉ាង​ហោច​ណាស់​ក៏​ជាង ៥០នាក់​ដាក់​ពន្ធនាគារ​។ ​សកម្ម​ជន​បក្ស​ប្រឆាំង​ច្រើន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់​មិន​ឱ្យ​យោធិន​ស្ដាប់​បញ្ជា និង​ប្រមាថ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​។ ចំណែក ក្រុម​សកម្ម​ជន អ្នក​នយោបាយ​មិន​មែន​បក្ស​សង្គ្រោះ​ជាតិ និង​យុវជន​វិញ រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់៕

Wife_of_Sun_Thun.jpg
លោកស្រី សេង ចាន់ថន (កណ្ដាល) ប្រពន្ធ​លោក ស៊ុន ធន់ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ រួម​ជា​មួយ​សាច់ញាតិ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត ចេញ​តវ៉ា​ទាមទារ​​អាជ្ញាធរ​ឱ្យ​ដោះលែង​ប្ដី​ពី​ការ​ឃុំឃាំង នៅ​ថ្ងៃ​ទី៨ ខែមករា ឆ្នាំ២០២១។

Family_protest_010821_2.jpg
ប្រពន្ធ និង​សាច់ញាតិ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​តវ៉ា​ និង​ទាមទារ​អាជ្ញាធរ​ឱ្យ​ដោះលែង​ប្ដី និង​សាច់ញាតិ​របស់​ពួក​គាត់​​ពី​ការ​ឃុំឃាំង នៅ​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ២០២១។​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment