អ្នកជំនាញ អ.ស.ប បន្តព្រួយបារម្ភចំពោះការឃុំខ្លួននិងការចោទប្រកាន់លើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា

កម្ពុជា-នយោបាយ
09/01/2021 – 09:11
ដោយ៖ វ៉ា សំណព្វ
RFI

អ្នកជំនាញ អ.ស.ប បន្តព្រួយបារម្ភចំពោះការឃុំខ្លួននិងការចោទប្រកាន់លើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា
អ្នកជំនាញ អ.ស.ប បន្តព្រួយបារម្ភចំពោះការឃុំខ្លួននិងការចោទប្រកាន់លើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា © UN

អ្នកជំនាញ អ.ស.ប ចំនួន៦រូប បានបន្តលើកឡើងពីការព្រួយបារម្ភ ចំពោះការឃុំខ្លួន និងការចោទប្រកាន់ លើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ដែលក្នុងនោះរួមមានទាំងស្រ្តីជាអ្នកការពារសិទ្ធិមនុស្សនិងអង្គការសិទ្ធិស្រ្តីមួយចំនួនផង។ ក៏ប៉ុន្តែអ្នកនាំពាក្យគណៈកម្មការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលើកឡើងនេះថា គឺជាសិទ្ធិរបស់អ្នកជំនាញ អ.ស.ប ក៏ប៉ុន្តែសម្រាប់កម្ពុជា វាគឺជាការអនុវត្តច្បាប់។

ពីទីក្រុងសឺណែវប្រទេសស្វីស ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ (អ.ស.ប) ចំនួន៦រូប បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយបានសម្តែងការព្រួយបារម្ភរបស់ពួកគេជាថ្មីម្តងទៀត ចំពោះការចាប់ខ្លួន ការឃុំខ្លួន ការបំភិតបំភ័យ ការឈ្លបមើល ការគំរាមកំហែង និងការប្រើប្រាស់កម្លាំងហួសហេតុ ប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃ អ.ស.ប ទាំង៦នាក់នោះរួមមាន លោកស្រី Elina Steinerte អនុប្រធានក្រុមការងារ ឬ Working Group ដើម្បីការពារការរំលោភបំពាន លោកស្រី Rohna Smith អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី  Irene Khan អ្នករាយការណ៍ពិសេសសម្រាប់ការការពារនិងធ្វើអោយប្រសើឡើងនូវសិទ្ធិមនុស្សនិងសេរីភាពនៃការបញ្ចេញមតិ លោក Clement Nyaletsossi Voule អ្នករាយការណ៍ពិសេស ស្តីពីសិទ្ធិសេរីភាពនៃការជួបប្រជុំដោយសន្តិវិធី លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស និងអ្នកស្រី Elizabeth Broderick ប្រធានក្រុមអ្នករាយការណ៍ ស្តីពីការរើសអើងប្រឆាំងនឹងស្ត្រីនិងកុមារ។

អ្នកជំនាញ អ.ស.ប ទាំង៦រូប បានសម្តែងការព្រួយបារម្ភចំពោះការឃុំខ្លួននិងការចោទប្រកាន់ លើអ្នកការពារសិទ្ធិមនុស្សកម្ពុជា រួមទាំងស្រ្តីជាអ្នកការពារសិទ្ធិមនុស្ស និងអង្គការសិទ្ធិស្រ្តីមួយចំនួន ក្នុងការឆ្លើយតបទៅនឹងការការពារសិទ្ធិមនុស្សនិងការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេ ក្នុងការជួបប្រជុំដោយសន្តិវិធី សិទ្ធិសមាគម និងសេរីភាពក្នុងការបញ្ចេញមតិ។ ក្នុងរបាយការណ៍ព្រួយបារម្ភរបស់ពួកគេនោះ បានលើកឡើងពីករណីរបស់លោក រ៉ុង ឈុន ករណីការលួចវាយប្រហារដោយបុរសពីនាក់ទៅលើលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ករណីការជួបជុំគ្នារៀងរាល់ថ្ងៃសុក្ររបស់ស្ត្រីដែលមានស្វាមីជាអតីតមន្ត្រីគណបក្សប្រឆាំងដែលកំពុងជាប់ក្នុងពន្ធនាគារ ករណីការចាប់ខ្លួនយុវជន ហ៊ុន វណ្ណៈ និងកញ្ញា ឈឿន ដារ៉ាវី ដោយអាជ្ញាធរកម្ពុជា កាលពីថ្ងៃទី ១៣ សីហា ២០២០ រួមទាំងករណីចាប់ខ្លួន និងចោទប្រកាន់លើយុវជនចលនាមាតាធម្មជាតិ យុវជនខ្មែរថាវរៈ ដែលកំពុងប្រឈមក្តីក្តាំនៅក្នុងតុលាការប្រទេសកម្ពុជា។ តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមអ្នកជំនាញ អ.ស.ប ក៏បានសម្តែងការព្រួយបារម្ភផងដែរ ចំពោះការដាក់ជាបទល្មើសព្រហ្មទណ្ឌនូវមធ្យោបាយដែលអ្នកការពារសិទ្ធិមនុស្សប្រើប្រាស់ដើម្បីអនុវត្តការងាររបស់ខ្លួន ដែលរារាំងដល់សមត្ថភាពរបស់ពួកគេក្នុងការរាយការណ៍ និងការតស៊ូមតិប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ លើសពីនេះទៀត អ្នកជំនាញ អ.ស.ប បានសម្តែងការព្រួយបារម្ភផងដែរ ចំពោះរបាយការណ៍ដែលអះអាងពីការប៉ុនប៉ងរារាំងអ្នកការពារសិទ្ធិមនុស្ស ក្នុងការតាមឃ្លាំមើលបាតុកម្មអហិង្សា ស្របតាមសិទ្ធិសេរីភាពក្នុងការជួបប្រជុំ។

យ៉ាងណាក្តី លោក ជិន ម៉ាលីន អ្នកនាំពាក្យនិងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលើកឡើងរបស់អ្នកជំនាញ អ.ស.ប នេះថា គឺជាសិទ្ធិរបស់ពួកគេ នៅពេលមានបណ្តឹង ឬ របាយការណ៍ណាមួយទៅកាន់ពួកគេ។  ក៏ប៉ុន្តែសម្រាប់កម្ពុជា ករណីដែលបានលើកឡើងដោយអ្នកជំនាញខាងលើនេះ វាគឺជាការអនុវត្តច្បាប់របស់កម្ពុជា ក្នុងនាមជាប្រទេសដែលមានអធិបតេយ្យភាពមួយ។ បើតាមលោក ជិន ម៉ាលីន ដែលជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ផងនោះ បានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់អ្នកជំនាញខាងលើនេះ មិនមានឥទ្ធិពលអ្វី មកលើរដ្ឋាភិបាលកម្ពុជានោះទេ៕

What Next?

Recent Articles

Leave a Reply

Submit Comment