សហជីព​សំណង់ គ្រោង​ដាក់​លិខិត​ទៅ​មេធាវី​រដ្ឋាភិបាល ករណី​សំណុំ​រឿង​បាក់​អគារ​ នៅ​ខេត្ត​កែប

ដោយ ឡេង ម៉ាលី
2021-01-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សហជីព​សំណង់ គ្រោង​ដាក់​លិខិត​ទៅ​មេធាវី​រដ្ឋាភិបាល ករណី​សំណុំ​រឿង​បាក់​អគារ​ នៅ​ខេត្ត​កែប

អគារ​កម្ពស់ ៧ជាន់ នៅ​ក្រុង​កែប បាក់​រលំ​កាល​ពី​ថ្ងៃ​ទី៣ ខែមករា ឆ្នាំ២០២០ បណ្ដាល​ឲ្យ​កម្មករ​សំណង់​ចំនួន ៣៦នាក់​ស្លាប់ ក្នុង​នោះ មាន​ក្មេង​ចំនួន ៦នាក់ និង​រង​របួស​ចំនួន ២៣នាក់។ រូប៖ ពលរដ្ឋ


សហជីព​សំណង់ គ្រោង​ដាក់​លិខិត​​ទៅ​មេធាវី​ស្ម័គ្រ​ចិត្ត​​របស់​រដ្ឋាភិបាល ដើម្បី​ជំរុញ​ឲ្យ​ការ​កាត់​ក្ដី​សំណុំ​រឿង​បាក់​អគារ​ នៅ​ខេត្ត​កែប ទទួល​បាន​យុត្តិធម៌​ពេញ​លេញ។ សាច់​ញាតិ​​ជន​រងគ្រោះ​ខក​ចិត្ត ចំពោះ​តុលាការ​ ដែល​មិន​បាន​កោះហៅ​ពួកគាត់​ចូល​សវនាការ។

អគ្គ​លេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា លោក យ៉ាន់ ធី ឲ្យដឹង​ថា ខាង​សហព័ន្ធ​ បាន​បញ្ចប់​យុទ្ធនាការ​តាម​ហ្វេសប៊ុក (facebook) រយៈ​ពេល ១សប្ដាហ៍ នៃ​ការ​ទាមទារ​យុត្តិធម៌​ សម្រាប់​កម្មករ​រងគ្រោះ​បាក់​រលំ​នៅ​ខេត្ត​កែប ត្រឹម​ថ្ងៃ​ទី១០ មករា។ លោក​វាយ​តម្លៃ​ថា យុទ្ធនាការ​នេះ​​ទទួល​បាន​ការ​ចូលរួម​ខ្លាំង​ក្លា​ពី​កម្មករ​សំណង់​ទូទាំង​ប្រទេស។

លោក យ៉ាន់ ធី បន្ត​ថា ក្រោយ​បញ្ចប់​យុទ្ធនាការ​នេះ ខាង​សហព័ន្ធ​មាន​បំណង​សុំ​ជួប​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​របស់​រដ្ឋាភិបាល ដើម្បី​ជជែក​អំពី​ការ​ទាមទារ​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ។ លោក​បន្ត​ទៀត​ថា ការ​សុំ​ជួប​មេធាវី​រដ្ឋាភិបាល ដោយសារ​តែ​ពួកគាត់​ជា​អ្នក​កាន់​សំណុំ​រឿង​នេះ និង​ជា​តំណាង​របស់​ជន​រងគ្រោះ ក្នុង​ផ្លូវ​តុលាការ៖ «យើង​បាន​ប្រជុំ​ ហើយ​ខាង​សហព័ន្ធ​អន្តរជាតិ គាត់​បាន​ផ្ដល់​យោបល់ ឲ្យ​យើង​ដាក់​លិខិត​ស្នើសុំ​ជួប​ជាមួយ​មេធាវី​ស្ម័គ្រ​ចិត្ត​របស់​រដ្ឋាភិបាល ដោយសារ​ថា រឿង​ហ្នឹង ខាង​មេធាវី​ស្ម័គ្រ​ចិត្ត​របស់​រដ្ឋាភិបាល គាត់​ជា​អ្នក​កាន់​រឿង​អ៊ីចឹង ហើយ​យើង​ក៏​អត់​អាច​ទៅ​សួរ​នាំ​ពី​តុលាការ​បាន។ អ៊ីចឹង​យើង​មាន​តែ​សួរ​នាំ​តាម​រយៈ​មេធាវី​រដ្ឋាភិបាល»

ហេតុការណ៍​បាក់​អគារ​កម្ពស់ ៧ជាន់ នៅ​ក្រុង​កែប កាល​ពី​ថ្ងៃ​ទី៣ មករា ឆ្នាំ២០២០ បណ្ដាល​ឲ្យ​កម្មករ​សំណង់​ចំនួន ៣៦នាក់​ស្លាប់ ក្នុង​នោះ មាន​ក្មេង​ចំនួន ៦នាក់ និង​រង​របួស​ចំនួន ២៣នាក់។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា មូលហេតុ​នៃ​ការ​បាក់​រលំ​អគារ​នេះ ដោយ​សារ​កំហុស​របស់​មេការ​សំណង់ ដែល​ស្លាប់​ជាមួយ​កូន​ស្រី​ម្នាក់ ក្នុង​ហេតុការណ៍​នោះ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​តំណាង​អយ្យការ​លោក ខាន់ សុផល និង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពត លោក ម៉ាន់ បូរ៉េត បាន​ទេ នៅ​ថ្ងៃ​ទី១០ មករា ដោយសារ​មិន​លើក​ទូរស័ព្ទ។ ប៉ុន្តែ មេធាវី​ស្ម័គ្រចិត្ត​របស់​រដ្ឋាភិបាល​ទទួលបន្ទុក​ខេត្ត​កំពត និង​ខេត្ត​កែប អ្នកស្រី មួង ធន​លាភី ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក (Thmey Thmey) ថា សំណុំ​រឿង​នេះ បាន​ជំនុំ​ជម្រះ​រួច​ហើយ ដោយ​រង់ចាំ​តែ​ថ្ងៃ​ប្រកាស​សាល​ក្រម​ នៅ​ថ្ងៃ​ទី១៣ មករា​ខាង​មុខ​ប៉ុណ្ណោះ។ អាស៊ី​សេរី ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកស្រី មួង ធនលាភី បាន​ដែរ នៅ​ថ្ងៃ​ទី១០ មករា​ដដែល។

សាច់​ញាតិ​របស់​ជន​រងគ្រោះ​ខ្លះ​អះអាង​ថា ពួក​គាត់​មិន​បាន​ដឹង​ពី​សវនាការ​សំណុំ​រឿង​នេះ​ទេ។ ម្ដាយ​របស់​កម្មករ​រងគ្រោះ​ឈ្មោះ ហាស់ សុគន្ធ ដែល​ស្លាប់​មួយ​គ្រួសារ មាន​គ្នា ៤នាក់ គឺ​លោកស្រី ចាន់ នាង ប្រាប់​ថា ជាង​មួយ​ឆ្នាំ​មក​នេះ ខាង​គ្រួសារ​ជនរងគ្រោះ​មិន​ទទួល​បាន​ដំណឹង​ពី​ការ​វិវត្តន៍ នៃ​សំណុំ​រឿង​នេះ​ទេ។ លោកស្រី​សោកស្ដាយ ចំពោះ​ភាព​ស្ងប់ស្ងាត់​នេះ៖ «មិន​ទាន់​លឺ​គេ​ជូន​ដំណឹង​ទេ ហ្នឹង​ហើយ។ យើង​និយាយ​តែ​តាម​ត្រង់​អ៊ីចឹង​ណា។ ខ្ញុំ​អត់​ដែល​តេ​សួរ  (មេធាវី) អ្វី​​ទេ​ពៅ​អើយ ប្រាប់​តាម​ត្រង់​ហ្មង។ រង់ចាំ​តែ​គេ​ដោះ​ស្រាយ​ឲ្យ ព្រោះ​ខាង​មេធាវី​ថា ចាំ​គាត់​ជួយ ស្រេច​តែ​លើ​គាត់​អ៊ីចឹង​ណា។ អត់​ដែល​លឺ​ដំណឹង​អ្វី​ទេ ប្រាប់​ត្រង់»

រយៈ​ពេល ៧ខែ ពី​ពាក់​កណ្ដាល​ឆ្នាំ២០១៩ ដល់​ដើម​ឆ្នាំ២០២០ មាន​ករណី​បាក់​រលំ​អគារ​ចំនួន ៣កន្លែង គឺ​នៅ​ខេត្ត​ព្រះសីហនុ ខេត្ត​សៀមរាប និង​ខេត្ត​កែប ដែល​បណ្ដាល​ឲ្យ​កម្មករ និង​សាច់​ញាតិ​សរុប​ចំនួន ៦៧នាក់​ស្លាប់ និង​របួស​សរុប ៥៩នាក់។ សហជីព​សំណង់​សង្កេត​ឃើញ​ថា កម្មករ​រង​គ្រោះ​ពី​ការ​បាក់​រលំ​អគារ​សង្កត់​ស្លាប់​ទាំង ៣ករណី​នេះ ទទួល​បាន​តែ​ជំនួយ​សប្បុរសជន​ប៉ុណ្ណោះ តែ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ពេញ​លេញ​នោះ​ទេ៕

Building_Collapse_in_Kep_010420_2.jpg
ក្រុម​អ្នក​ជួយ​សង្គ្រោះ កំពុង​ស្ទូច​បំណែក​ពី​អគារ​កម្ពស់ ៧ជាន់ បាក់​រលំ​នៅ​ក្រុង​កែប កាល​ពី​ថ្ងៃ​ទី៣ ខែមករា ឆ្នាំ២០២០ សង្កត់​កម្មករ​សំណង់​ចំនួន ៣៦នាក់​ស្លាប់ ក្នុង​នោះ មាន​ក្មេង​ចំនួន ៦នាក់ និង​រង​របួស​ចំនួន ២៣នាក់។

Building_Collapse_in_Kep_010420.jpg
ក្រុម​អ្នក​ជួយ​សង្គ្រោះ កំពុង​ស្ទូច​បំណែក​ពី​អគារ​កម្ពស់ ៧ជាន់ បាក់​រលំ​នៅ​ក្រុង​កែប កាល​ពី​ថ្ងៃ​ទី៣ ខែមករា ឆ្នាំ២០២០ សង្កត់​កម្មករ​សំណង់​ចំនួន ៣៦នាក់​ស្លាប់ ក្នុង​នោះ មាន​ក្មេង​ចំនួន ៦នាក់ និង​រង​របួស​ចំនួន ២៣នាក់។

Victims_rescued_from_cllapsed_building_in_Kep_province_010320.jpg
ក្រុម​អ្នក​ជួយ​សង្គ្រោះ និង​គ្រូពេទ្យ កំពុង​ជួយសង្គ្រោះ​ជន​រង​គ្រោះ ដែល​គេ​បាន​យក​ចេញ​ពី​គំនរ​អគារ​កម្ពស់ ៧ជាន់ បាក់​រលំ​នៅ​ក្រុង​កែប កាល​ពី​ថ្ងៃ​ទី៣ ខែមករា ឆ្នាំ២០២០ សង្កត់​កម្មករ​សំណង់​ចំនួន ៣៦នាក់​ស្លាប់ ក្នុង​នោះ មាន​ក្មេង​ចំនួន ៦នាក់ និង​រង​របួស​ចំនួន ២៣នាក់។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សហជីព​សំណង់ គ្រោង​ដាក់​លិខិត​ទៅ​មេធាវី​រដ្ឋាភិបាល ករណី​សំណុំ​រឿង​បាក់​អគារ​ នៅ​ខេត្ត​កែប"

  1. Anonymous says:

    Justice?? haha’ you wait and plan banana o k because this country is in the cage of Veitcong mafia dictator and his groups so don’t ever dream about justice haha

Leave a Reply

Submit Comment