ពលរដ្ឋ​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​យក​លុយ​ជាតិ​ទៅ​ផលិតភាព​យន្ត​ស្ដីពី​ការ​តស៊ូ​របស់​លោក ហ៊ុន សែន

ដោយ សុជីវី
2021-01-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​យក​លុយ​ជាតិ​ទៅ​ផលិតភាព​យន្ត​ស្ដីពី​ការ​តស៊ូ​របស់​លោក ហ៊ុន សែន

រូប​គំនូរ ដែល​គេ​គូរបង្ហាញ​អំពី​ដំណើរ​ចេញ​ពី​កម្ពុជា​នៅ​ក្នុង​របប​ខ្មែរក្រហម ទៅ​តស៊ូ​នៅ​ប្រទេស​វៀតណាម។ រូបពីហ្វេសប៊ុក​លោក ហ៊ុន សែន


ពលរដ្ឋ​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​យក​លុយ​ជាតិ​ទៅ​ផលិតភាព​យន្ត​ស្ដីពី​ការ​តស៊ូ​របស់​លោក។ ការ​លើក​ឡើង​បែប​នេះ ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ក្រុម​ការងារ​អន្តរ​ក្រសួង​រួម​គ្នា​បង្កើត​ភាពយន្ត​ឯកសារ​ស្ដីពី​ជីវិត​របស់​លោក ដាក់​ចំណងជើង​ថា កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី។

ពលរដ្ឋ និង​អ្នក​វិភាគ​រិះគន់​ថា លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​លុយ​ជាតិ ដើម្បី​បំភ្លៃ​ប្រវត្តិសាស្ត្រ និង​បម្រើ​ប្រយោជន៍​នយោបាយ​របស់​លោក។ ពួក​គាត់​យល់​ថា បើ​មេ​ដឹក​នាំ​មាន​ស្នាដៃ​ចំពោះ​ជាតិ​មិន​ចាំបាច់​អួតអាង​ពី​ខ្លួន​នោះ​ទេ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភ្នំពេញ លោក បុត្រ សុផល យល់​ថា ភាពយន្ត​នេះ​ធ្វើ​ឡើង​ដើម្បី​លើក​តម្កើង​ស្នាដៃ​លោក ហ៊ុន សែន។ ដូច្នេះ គួរ​ប្រើ​លុយ​ផ្ទាល់​ខ្លួន​ជា​ជាង​ការ​ប្រើប្រាស់​មន្ត្រី​រដ្ឋាភិបាល និង​លុយ​ជាតិ។ ពលរដ្ឋ​រូប​នេះ​លើក​ឡើង​ទៀត​ថា ចំពោះ​ការ​រំដោះ​ជាតិ​កាល​ឆ្នាំ១៩៧៩ ក៏​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​ថា លោក ហ៊ុន សែន គឺ​ជា​មេដឹកនាំ​ពេល​នោះ​ទេ។ ដូច​នេះ មិន​ទាន់​ដល់​ពេល​លោក ហ៊ុន សែន អះអាង​ថា ជ័យជម្នះ ៧ មករា ជា​របស់​លោក​តែ​ម្នាក់​ដាច់​មុខ​នោះ​ទេ៖ «តាម​គំនិត​ខ្ញុំ​គាត់​(លោក ហ៊ុន សែនគួរ​ចំណាយ​លុយ​ឯកជន​ផ្ទាល់​ខ្លួន ព្រោះ​នេះ​ស្នាដៃ​របស់​គាត់​ផ្ទាល់​ខ្លួន»

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ខេត្ត​តាកែវ​លោក ស៊ីណា ថូ សង្កេត​ឃើញ​ថា លោក ហ៊ុន សែន តែង​ប្រើ​គ្រប់​មធ្យោបាយ​បង្ហាញ​ពី​ស្នាដៃ​របស់​ខ្លួន ដូច​ជា ការ​ផលិត​ចម្រៀង សៀវភៅ និង​វីដេអូ​ឯកសារ​ជា​ដើម។ ពលរដ្ឋ​រូប​នេះ​យល់​ថា បើ​លោក ហ៊ុន សែន ពិតជា​មេ​ដឹក​នាំ​មាន​ស្នាដៃ​មែន​នោះ​មិន​ចាំបាច់​ប្រឹងប្រែង​ផលិត​ខ្លួន​ឯង​នោះ​គឺ ពលរដ្ឋ ឬ​អ្នក​គោរព​ស្រលាញ់​លោក​គេ​នឹង​ផលិត​ដោយ​ខ្លួន​ឯង​មិន​ចាំបាច់​លោក ហ៊ុន សែន បង្គាប់បញ្ជា​នោះ​ទេ៖ «និយាយ​យ៉ាង​ខ្លី​ទៅ​ថា មនុស្ស​យើង​ធ្វើ​រឿង​ល្អ​ស្នេហា​ជាតិ គេ​អ្នកនិពន្ធ​គេ​ធ្វើ​ឱ្យ​យើង​ហ្មង»

រីឯ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ឈុន វាន យល់​ថា អ្វី​ដែល​លោក ហ៊ុន សែន កំពុង​ធ្វើ​ជា​ការ​បន្លំ​ប្រវត្តិសាស្ត្រ។ លោក​ថា តាម​សិក្សា​របស់​លោក​គឺ លោក ប៉ែន សុវណ្ណ ជា​មេ​ដឹក​នាំ​រំដោះ​ថ្ងៃ​៧ មករា ប៉ុន្តែ​ពេល​នេះ គ្រប់​យ៉ាង​គឺ លោក ហ៊ុន សែន ក្រសោប​យក​ទាំង​អស់៖ «ថ្ងៃ ៧ មករា ហ្នឹង បើ​ដឹង​ឱ្យ​ពិត​ប្រាកដ​គឺ ដោយសារ​លោក ប៉ែន សុវណ្ណ ទេ។ ប៉ុន្តែ​លោក ហ៊ុន សែន គាត់​ស៊ី​កេរ ៧ មករា»

ពលរដ្ឋ​រិះគន់​បែប​នេះ ក្រោយ​ពេល​រដ្ឋាភិបាល ហ៊ុន សែន ប្រកាស​បង្កើត​គណៈកម្មការ​ផលិតភាព​យន្ត​ភាគ​រឿង​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី ដោយ​មាន​មន្ត្រី​រដ្ឋាភិបាល​តាម​ក្រសួង​នានា និង​ទីប្រឹក្សា​របស់​លោក​រួម​គ្នា​ផលិត។ សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី៥ ខែ​មករា ឱ្យ​ដឹង​ថា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ម៉ៅ អាយុទ្ធ ជា​ប្រធាន​គណៈកម្មការ​ផលិតភាព​យន្ត​ភាគ​រឿង និង​មាន​មន្ត្រី​ស្ថាប័ន​ផ្សេង​ទៀត ជា​អនុប្រធាន និង​ជា​ទីប្រឹក្សា។ រឿង​នេះ និពន្ធ និង​ដឹក​នាំ​ដោយ​លោក ហ៊ុយ វាសនា។ ចំណែក​ល្ខោន​វិទ្យុ​រឿង​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី​វិញ រឿង​នេះ​ត្រូវ​បាន​វិទ្យុ​បាយ័ន​ជា​របស់​កូន​ស្រី​លោក ហ៊ុន សែន អ្នកស្រី ហ៊ុន ម៉ាណា ចាក់​ផ្សាយ ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ជុំវិញ​រឿង​នេះ អាស៊ី​សេរី​មិនទាន់​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ម៉ៅ អាយុទ្ធ ជា​ប្រធាន​គណៈកម្មការ​ផលិត​ភាពយន្ត​ភាគ​រឿង​បាន​នៅ​ឡើយ​ទេ ថ្ងៃ​ទី១០ ខែ​មករា។ អាស៊ី​សេរី​ក៏​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភ័ណ្ឌ បាន​ដែរ។ចំណែក​សមាជិក​ក្រុម​ផលិត​រឿង​នេះ​ដែល​ជា​ប្រធាន​នាយកដ្ឋាន​នយោបាយ និង​ទំនាក់ទំនង​ការ​បរទេស​នៃ​ក្រសួង​ការពារ​ជាតិ​លោក ណឹម សុវត្ថិ ពេល​ទូរស័ព្ទ​ហៅ​ចូល​លោក​ថា សេវា​ទូរស័ព្ទ​ខ្សោយ​មិន​អាច​ផ្ដល់​សម្ភាស​បាន។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈឹម ផលវរុណ និយាយ​ថា ការ​មាន​មតិ​រិះគន់​រឿង​នេះ​ជា​ការ​បញ្ចេញ​មតិ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ លោក​ថា មេ​ដឹក​នាំ​ប្រទេស​ដែល​ផលិត​សៀវភៅ ឬ​ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​ជា​តម្លៃ​ប្រវត្តិសាស្ត្រ​មិន​មែន​ជា​តម្លៃ​បុគ្គល​ទេ៖ «ត្រូវ​ទទួល​ស្គាល់​ជា​ផលិតផល​ប្រវត្តិសាស្ត្រ​ទេ មិន​មែន​សំដៅ​ទៅ​បុគ្គល​ទេ គ្រាន់តែ​បុគ្គល​អ្នក​ធ្វើ​ក្នុង​សកម្មភាព​ប្រវត្តិសាស្ត្រ»

ទោះ​យ៉ាង​ណា អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ យល់​ថា ចេតនា​ដែល​លោក ហ៊ុន សែន ផលិត​ភាពយន្ត​នៃ​ការ​តស៊ូ​នេះ គឺ​ដើម្បី​ឱ្យ​ពលរដ្ឋ ជា​ពិសេស ពលរដ្ឋ​តាម​ស្រុក​ស្រែ​ចម្ការ​ឱ្យ​ផ្ដោត​អារម្មណ៍​លើក​តម្កើង​ពី​តម្លៃ​គ្រួសារ​របស់​លោក ហ៊ុន សែន។ លោក​ថា រូបភាព​នេះ​ជា​ការ​ប្រើ​អក្សរ​សិល្ប៍​នយោបាយ​ក្នុង​កា​រៀបចំ​ផែនការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត៖ «ដើម្បី​ឱ្យ​ផែនការ​គាត់​នេះ អាច​បំភាន់​មហាជន​បាន លោក ហ៊ុន សែន នឹក​ឃើញ​ផលិត​អក្សរសិល្ប៍​ជា​ភាពយន្ត​បញ្ចាំង​លើក​តម្កើង​ខ្លួន​គាត់ និង​គ្រួសារ​គាត់»

កាល​ពី​ឆ្នាំ២០១៧ លោក ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថា លោក​មិន​ឲ្យ​អ្នក​ផ្សេង​ឈ្នះ​ដើម្បី​សរសេរ​ប្រវត្តិសាស្ត្រ​ឡើយ។ លោក​ថា គ្មាន​ឱកាស​សម្រាប់​ឲ្យ​អ្នក​ដទៃ ដែល​ជា​អ្នក​ចាញ់​សរសេរ​ប្រវត្តិសាស្ត្រ​ទេ គឺ​មាន​តែ​អ្នក​ឈ្នះ ដែល​ជា​អ្នក​សរសេរ​ប្រវត្តិសាស្ត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ពលរដ្ឋ​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​យក​លុយ​ជាតិ​ទៅ​ផលិតភាព​យន្ត​ស្ដីពី​ការ​តស៊ូ​របស់​លោក ហ៊ុន សែន"

  1. Anonymous says:

    how can I believe HUN NAL he lei to every one . this guy though no one knew about his story but he is wrong. some one live at PEAM KOSSNA still a live and he used to be in Khmer rue military white him . the same age like HUN NAL that guy did not wanted to let any one know about this true story. the reason why?? HUN NAL may not like friend in those day because they knew every thing about him. some one knew if they talking the truth HUN NAL will eliminate them . for me I will say please do not be so NGLOUNG no one will believing you AH SAMDACH EIY you are so CHHKOUTH . no one can site on a basket and lifting themself OK , right now all Cambodian see HUN NAL is the evil indeed

Leave a Reply

Submit Comment