ដោយ ឡេង ម៉ាលី
2021-01-11
RFA

មេរោគវីរុស កូរ៉ូណា (Corona virus) ដែលបង្កជំងឺកូវីដ-១៩ (Covid-19) និងរូបដបថ្នាំ លើហ្វេសប៊ុកអង្គការ យូនីសែហ្វ (UNICEF) ដែលនិយាយអំពីការអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ រូប៖ ហ្វេសប៊ុក UNICEF
មន្ត្រីអង្គការសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលពន្លឿនទិញវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋឱ្យបានឆាប់។ សង្គមស៊ីវិលយល់ថា ការអូសបន្លាយពេលទិញវ៉ាក់សាំងកូវីដ១៩ ជាហានិភ័យដល់ការឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីនេះចូលមកកម្ពុជាបាន។
ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក វន់ ពៅ ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១១ មករាថា ប្រទេសនៅក្បែរខាងកម្ពុជា ដូចជា ប្រទេសថៃ (Thailand) ឡាវ (Lao) និងឥណ្ឌូណេស៊ី (Indonesia) ជាដើម នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋរបស់គេនៅចុងខែក្រោយនេះហើយ។ លោកស្នើឱ្យរដ្ឋាភិបាលខ្មែរ គួរតែរៀនសូត្រតាមប្រទេសជិតខាង ដើម្បីយល់ដឹងពីរបៀបទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋទាន់ពេលវេលា។ មន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា ការចាក់វ៉ាក់សាំងការពារជំងឺរលាកផ្លូវដង្ហើមថ្មីនេះបានឆាប់ គឺជាការផ្ដល់ទំនុកចិត្តដល់ទេសចរចូលមកកម្សាន្តកម្ពុជា ដែលជួយជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញ៖ «ពីព្រោះយើងចង់ឃើញប្រជាពលរដ្ឋកាលណាគាត់មាន ប្រព័ន្ធការពារជំងឺកូវីដ១៩ គាត់អាចប្រកបមុខរបរ ដោយមិនមានការភ័យខ្លាច អាចដំណើរអ្វីៗ ឡើងវិញ ជាពិសេស ទាក់ទងទៅនឹងសេដ្ឋកិច្ចជាតិផងដែរ។ វាជាទំនុកទុកចិត្តដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគអន្តរជាតិផ្សេងៗ គេអាចមកប្រទេសយើងដំណើរការឡើងវិញ»។
ចំណែកប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី វិញ លោកយល់ថា រដ្ឋាភិបាលគួរតែបង្ហាញព័ត៌មានអំពីដំណើរការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានញឹកញាប់ និងតម្លាភាព ដើម្បីផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា ប្រទេសជិតខាងកម្ពុជាកំពុងតែមានការរាតត្បាតជំងឺកូវីដ១៩ ដូច្នេះប្រសិនបើរដ្ឋាភិបាលអូសបន្លាយពេលទិញវ៉ាក់សាំងប្រឆាំងជំងឺរលាកផ្លូវដង្ហើមថ្មីនេះ ជាហានិភ័យដល់ការឆ្លងជំងឺកូវីដ១៩ មកកម្ពុជា៖ «បើសិនជាយើងប្រើពេលយូរពេក ហានិភ័យរបស់យើង គឺពលរដ្ឋខ្មែរអត់ត្រូវបានការការពារទេ។ អីចឹងហានិភ័យនៃការរីករាលដាលឆ្លងអាចខ្ពស់ ហើយធ្វើឱ្យប្រជាជនយើងទៅជាប្រជាជនដែលងាយរងគ្រោះ ព្រោះប្រទេសផ្សេងគេចាក់វ៉ាក់សាំង។ អីចឹងការរៀបចំការចាក់វ៉ាក់សាំងឱ្យបានកាន់តែឆាប់ កាន់តែប្រសើរ។ ដើម្បីដល់សាធារណជន ខ្ញុំគិតថា ការបញ្ចេញព័ត៌មាន គឺជាចំណុចសំខាន់»។
មន្ត្រីសង្គមស៊ីវិលទាំងនេះ ក៏អំពាវនាវដល់រដ្ឋាភិបាល ទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីក្រុមហ៊ុន ដែលអង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់ជាផ្លូវការ ដើម្បីសុវត្ថិភាពដល់ប្រជាពលរដ្ឋ។
ទាក់ទងនឹងបញ្ហានេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា លោកមិនបានដឹងជុំវិញពីការទិញវ៉ាក់សាំងនេះទេ ដោយលោកបង្វែរឱ្យសួរទៅក្រសួងសុខាភិបាលជំនួសវិញ៖ «ទៅសួរក្រសួងសុខាភិបាលគេដឹងហើយ សួរអ្នកនាំពាក្យ ពីព្រោះរឿងដែលវ៉ាក់សាំងរឿងកូវីដហ្នឹង មានតែក្រសួងសុខាភិបាលគេអ្នកចាត់ចែង។ សួរខ្ញុំម៉េចដឹង ទាល់តែសួរខាងហ្នឹង ពីព្រោះសម្ដេចលោកឱ្យគោលការណ៍ហើយ ចាត់ចែងចរចា ហើយទិញគេយកមក ពីព្រោះក្រុមកូវ៉ាក់ហ្នឹង គេប្រាប់រួចហើយ»។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ដើម្បីសុំអត្ថាធិប្បាយលើរឿងនេះបន្ថែមទៀតបានទេ ដោយគ្មានអ្នកទទួលទូរស័ព្ទ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត ដែលជាប្រធានក្រុមការងារអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំមួយ កាលពីថ្ងៃទី៨ ខែមករាថា កម្ពុជានឹងទិញវ៉ាក់សាំងពីក្រុមហ៊ុន ដែលប្រើប្រាស់មានសុវត្ថិភាព និងមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) ប៉ុណ្ណោះ។ កន្លងមក អង្គការសុខភាពពិភពលោកទទួលស្គាល់វ៉ាក់សាំងផលិតដោយ ក្រុមហ៊ុន ហ្វាយហ្សឺ និងបាយអូអេនថិក (Pfizer/BioNTech) របស់សហរដ្ឋអាមេរិក និងអាល្លឺម៉ង់។
កាលពីចុងខែធ្នូកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមានលទ្ធភាពទិញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 តាមរយៈកូវ៉ាក់ (COVAX) ផង ដោយទំនាក់ទំនងរវាងប្រទេស និងប្រទេសផង និងតាមរយៈក្រុមហ៊ុនផ្ទាល់ផង។ រហូតមកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជាមិនទាន់បញ្ជាក់ជាផ្លូវការថា នឹងទិញវ៉ាក់សាំងកូវីដ១៩ ពីក្រុមហ៊ុនណា និងពេលណានៅឡើយទេ ស្របពេលដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានទទួលថវិកាពីសប្បុរសជន សរុបជាង ៥៦លានដុល្លារ (៥៦.០០០.០០០) រួចហើយ ដើម្បីត្រៀមទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស (Dose) (១.០០០.០០០) ដើម្បីចាក់ជូនពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ (៥០០.០០០) ដោយឥតគិតថ្លៃ។
ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលស្នើយ៉ាងទទូចដល់រដ្ឋាភិបាលឱ្យបង្កើតគណៈកម្មការគ្រប់គ្រងថវិកាទាំងនេះដើម្បីប្រើប្រាស់ថវិកាមានតម្លាភាពឱ្យត្រូវតាមតម្រូវការរបស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
HE…. AH PLEAR ANH MEAN LUY BEI ANHTENH EIYORTH VEAR CHHEIKBAL EY ENG. this is AH ..CHESSTU …HUN SEN will saying to you HAS….HAS…HA…. you can cough me