ដោយ យន់ សាមៀន
2021-01-12
RFA

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងលោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យរដ្ឋាភិបាល Screenshot
មន្ត្រីនាំពាក្យរដ្ឋាភិបាល និងគណបក្សកាន់អំណាចអះអាង ស្រដៀងគ្នាថា អាជ្ញាធរមិនអាចផ្តល់សិទ្ធិស្របច្បាប់ដល់ខ្មែរក្រោម ដែលមានបំណងចង់មករស់នៅកម្ពុជា ដោយស្វ័យប្រវត្តិនោះទេ។ ការលើកឡើងនេះ ដោយសារតែសមាគមខ្មែរក្រោមស្នើសុំឲ្យរដ្ឋាភិបាលពិចារណាផ្តល់សិទ្ធិស្របច្បាប់ដល់ខ្មែរក្រោម ដែលកំពុងរស់នៅកម្ពុជាដើម្បីឲ្យពួកគេមានសិទ្ធិស្របច្បាប់ ដូចពលរដ្ឋដទៃទៀតដែរ។
មន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា តាមច្បាប់ពលរដ្ឋខ្មែរក្រោមដែលមករស់នៅកម្ពុជា មិនស្របច្បាប់អាជ្ញាធរខ្មែរអាចចាប់បញ្ជូនទៅវៀតណាមវិញបាន។ លោកថា អាជ្ញាធរខ្មែរ មានការអត់ធ្មត់ទើបមិនធ្វើតាមច្បាប់។ ការព្រមានរបស់លោក ផៃ ស៊ីផាន នេះ លោកធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើរបស់សមាគមខ្មែរក្នុងស្រុក និងក្រៅស្រុក ដែលបានស្នើសុំឲ្យរដ្ឋាភិបាលផ្តល់សិទ្ធិស្របច្បាប់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅកម្ពុជា។
មន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ស្នើសុំឲ្យអង្គការសមាគមខ្មែរកម្ពុជានៅកម្ពុជា និងវៀតណាមដាក់ពាក្យបណ្ដឹងប្រឆាំងការរំលោភបំពានណាមួយ ប្រសិនបើមានករណីរំលោភបំពានទាំងនោះកើតឡើង៖ «អត្តសញ្ញាណប័ណ្ណត្រូវឆ្លើយតបទៅនឹងច្បាប់អន្តោប្រវេសន៍។ គាត់មិនមែនជាជនជាតិខ្មែរលើទឹកដីខ្មែរនៅពេលបច្ចុប្បន្នណា ពីព្រោះយើងអនុវត្តតាមតែច្បាប់ទីមួយ។ គាត់ចូលមកកម្ពុជាអត់មានក្រដាសស្នាមយើងត្រូវបណ្ដេញចេញវិញ។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាក៏អះអាងស្រដៀងគ្នានេះដែរ។ លោក សុខ ឥសាន មន្ត្រីនាំពាក្យបក្សកាន់អំណាចថា ខ្មែរក្រោមណាចង់បាន សញ្ជាតិខ្មែរ ត្រូវតែគោរពច្បាប់បានច្បាប់សញ្ជាតិ។ លោកថា ខ្មែរក្រោមរស់នៅលើទឹកដីកំណើត ជាជនជាតិវៀតណាម៖ «បើគាត់មករស់នៅកម្ពុជា គាត់ត្រូវមានលិខិតស្នាមអីត្រឹមត្រូវ មិនមែនចេញចូលអីតាមអំពើចិត្តនោះទេ។ បើធ្វើអត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋបាន លុះត្រាតែមានអាសយដ្ឋានអចិន្ត្រៃយ៍ បើគាត់គ្រាន់តែឆ្លងដែនពីកម្ពុជាក្រោមមកកម្ពុជា ទៅរកអត្តសញ្ញាណប័ណ្ណម្ដេចកើត»។
របាយការណ៍សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ផ្សាយកាលពីខែធ្នូកន្លងទៅ រកឃើញថា ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាមួយចំនួនធំ ពុំទាន់មានឯកសារគ្រប់គ្រាន់ ដើម្បីក្លាយខ្លួនជាពលរដ្ឋស្របច្បាប់ និងគ្មានអត្តសញ្ញាណប័ណ្ណ ដើម្បីអាចយកទៅប្រើប្រាស់ ដើម្បីទទួលបានសេវាសុខភាព អប់រំ កម្មសិទ្ធិដីធ្លី និងលិខិតឆ្លងដែនជាដើម។ ចំណែកនៅថ្នាក់មូលដ្ឋានវិញ ខ្មែរក្រោមរងការរើសអើងដោយសារតែ ពលរដ្ឋខ្មែរគិតថា ខ្មែរក្រោមជាជនជាតិវៀតណាម។
អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ឆ្លើយតបទៅនឹងមន្ត្រីនាំពាក្យរដ្ឋាភិបាល និងបក្សប្រជាជនកម្ពុជាវិញថា លោកមិនអាចទទួលយកការលើកឡើងរបស់មន្ត្រីទាំងពីរនាក់នេះបានទេ។ លោកថា មន្ត្រីជាន់ខ្ពស់ទាំងពីរមានមតិផ្ទុយទៅនឹងអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ដែលធ្លាប់លើកឡើងថា ខ្មែរក្រោមណា ដែលជាន់ទឹកដីខ្មែរ នឹងក្លាយជាជនជាតិខ្មែរ ជាស្វ័យប្រវត្តិ៖ «អ្វីដែលគាត់លើកឡើងនេះ មិនឆ្លុះបញ្ចាំងនឹងទៅគោលនយោបាយរបស់រដ្ឋាភិបាលទេ ជាទស្សនៈផ្ទាល់ខ្លួនរបស់គាត់ មិនមែនជាច្បាប់ទេ»។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលខ្មែរ និងបក្សកាន់អំណាច មិនត្រឹមតែអះអាងថា នៅកម្ពុជាគ្មានការរំលោភសិទ្ធិ និងការរើសអើងខ្មែរក្រោម មន្ត្រីទាំងពីរនាក់នេះ ក៏ថែមទាំងបានអះអាងថា ខ្មែរក្រោមនៅវៀតណាម ក៏មិនទទួលរងការធ្វើទុក្ខបុកម្នេញពីវៀតណាមដែរ។ លោក ផៃ ស៊ីផាន ថា តំណាងរាជរដ្ឋាភិបាល តែងតែ ស្នើសុំឲ្យវៀតណាមអន្តរាគមន៍ករណីដោះស្រាយបញ្ហាខ្មែរក្រោម ប៉ុន្តែលោកថា រដ្ឋាភិបាលមិនអនុញ្ញាតឲ្យភាគីណាមួយញុះញង់ឲ្យរដ្ឋាភិបាលកម្ពុជា មានបញ្ហានឹងរដ្ឋាភិបាលវៀតណាមរឿងខ្មែរក្រោមនោះទេ។
សំដីលោក ផៃ ស៊ីផាន នេះ មិនពិតនោះទេ។ កាលពីខែធ្នូកន្លងទៅនឹងកសិករខ្មែរក្រោម ៤នាក់ ដែលត្រូវវៀតណាមរឹបអូសយកដីស្រែទាំងខុសច្បាប់ ដោយគ្មានសំណងនោះ ត្រូវបានតុលាការវៀតណាម កាត់ទោសឲ្យជាប់ពន្ធនាគារ ពី ៦ខែ ទៅ ២ឆ្នាំកន្លះថែមទៀត។ វៀតណាមចោទកសិករខ្មែរក្រោមទាំងនោះថា ប្រឆាំងអាជ្ញាធរសាធារណៈ ពេលសមត្ថកិច្ចវៀតណាមចុះទៅរំលោភយកដីពួកគេ។ បច្ចុប្បន្នពលរដ្ឋខ្មែរក្រោមទាំងនោះ កំពុងស្វែងរកមេធាវី ដើម្បីប្ដឹងឧទ្ធរណ៍ដើម្បីចៀសវាងជាប់ពន្ធនាគារ។ វៀតណាមមិនត្រឹមតែធ្វើទុក្ខបុកម្នេញកសិករខ្មែរក្រោមនោះទេ កាលពីពេលថ្មីៗ នេះ វៀតណាមក៏បានផាកពិន័យយុវជនខ្មែរក្រោមជាច្រើននាក់ រាប់រយដុល្លារដោយចោទប្រកាន់ពួកគេថា ប្រើប្រាស់បណ្ដាញសង្គមផ្សាយព័ត៌មានមិនពិត។ កន្លងមកយុវជនខ្មែរក្រោមបានប្រើប្រាស់បណ្ដាញសង្គម ហ៊្វេសប៊ុកដើម្បីផ្សព្វផ្សាយប្រវត្តិសាស្ត្រទឹកដីខ្មែរក្រោម និងរិះគន់វៀតណាមរឿងធ្វើទុក្ខបុកម្នេញខ្មែរក្រោម។ យុវជនខ្មែរក្រោមអះអាងថា ពួកគេគ្មានកំហុស ហើយឲ្យមិនបង់ប្រាក់ពិន័យឲ្យវៀតណាមដែរ។ ទោះបីវៀតណាមបន្តធ្វើទុក្ខបុកម្នេញខ្មែរក្រោមក៏ដោយ ក៏មន្ត្រីនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន អះអាងថា បញ្ហាដីធ្លីតែងតែកើតមានឡើងក្នុងសង្គម។ លោកថា កន្លងមកលោកមិនឃើញថា ពលរដ្ឋខ្មែរក្រោមរងការរំលោភសិទ្ធិពីសំណាក់វៀតណាមនោះទេ៖ «ខ្ញុំយល់ថា បងប្អូនមួយចំនួនទេ ដែលអាស៊ីសេរី សម្ភាសនោះ ធ្លាប់ផ្សាយថា មានជម្លោះដីធ្លីនោះ វាជារឿងផ្ទៃក្នុង និងបាតុភាពអសកម្មទេ មិនមែនបងប្អូនប៉ុន្មានលាននាក់ហ្នឹងសុទ្ធតែមានបញ្ហាទេ»។
ឆ្លើយតបនឹងការថ្លែងការពាររដ្ឋាភិបាលវៀតណាមរបស់ លោក សុខ ឥសាន នេះ មន្ត្រីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោមព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាថា លោក សុខ ឥសាន ការពារវៀតណាម ព្រោះគណបក្សកាន់អំណាចជំពាក់គុណវៀតណាម។ ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ស្នើសុំរដ្ឋាភិបាលខ្មែរថា ត្រូវយកចិត្តទុក្ខដាក់លើពលរដ្ឋខ្មែរក្រោម ដោយគ្មានការរើសអើង៖ «ស្ថានភាព ដែលពលរដ្ឋខ្មែរក្រោមគាត់ជួបប្រទះបញ្ហានៅទឹកដីកម្ពុជាក្រោម ក្រោមរបបអាណានិគមវៀតណាម គាត់បានរត់ភៀសខ្លួនទៅរស់នៅកម្ពុជាហ្នឹង គួរតែរដ្ឋាភិបាលកម្ពុជា ជួយជ្រោមជ្រែង និងទទួលស្គាល់ពលរដ្ឋខ្មែរក្រោមហ្នឹង ជាពលរដ្ឋខ្មែរ»។
អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ក៏មានសំណូមពរស្រដៀងគ្នានេះដែរ គឺលោកចង់ឲ្យរដ្ឋាភិបាលបង្កើតយន្តការសមស្របមួយ ដើម្បីអនុញ្ញាតឲ្យខ្មែរក្រោមនៅកម្ពុជាអាចទទួលសិទ្ធិរស់នៅស្របច្បាប់ទៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
These traitors don’t recognize Cambodia people ( Kampuchear Krom ) but they always recognize vietnamese who come and live in Cambodia 🇰🇭 every day. We all need to keep these traitors pictures for future need.
these two animals is not human my question is>>how can they be?? these two acting they are agent of those evil dictator of a poor country Call Cambodia. every thing that these two animal speak was just to burked for food and to be better then every one around them . these two animal was helping those animal KBOTHCHEATH just to destroy their own nation till the end . we hope HUN SEN and all these animals KBOTHCHEATH will be end in this 2021