សិទ្ធិ​ការពារ​ក្ដី​ដោយ​ខ្លួនឯង និង​សិទ្ធិ​មាន​មេធាវី ក្នុង​ប្រព័ន្ធ​ច្បាប់​ខ្មែរ

ដោយ មួង ណារ៉េត
2021-01-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សិទ្ធិ​ការពារ​ក្ដី​ដោយ​ខ្លួនឯង និង​សិទ្ធិ​មាន​មេធាវី ក្នុង​ប្រព័ន្ធ​ច្បាប់​ខ្មែរ

កញ្ញា សេង ធារី ជា​នារី​ខ្មែរ​អាមេរិក និង​ជា​មេធាវី​​ ដែល​​មាន​ក្ដីក្ដាំ​រឿង ​​រួម​គំនិត​ក្បត់ នៅ​តុលាការ​ភ្នំពេញ កំពុង​​ទាមទារ​សិទ្ធិ​ការពារ​ក្ដី​ដោយ​ខ្លួន​ឯង ដោយ​មិន​ពឹង​ពាក់​ជំនួយ​ពី​មេធាវី​ចាត់តាំង​ពី​គណៈមេធាវី។ រូប៖ ពី​វិឌីអូ​របស់​កញ្ញា​ថ្ងៃ​ទី៣ ខែ​ធ្នូ ឆ្នាំ២០២០


គណៈមេធាវី​កម្ពុជា កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២០ បាន​ចាត់តាំង​មេធាវី​ស្ម័គ្រចិត្ត ៦រូប ដើម្បី​ការពារ​​ក្ដី​​ជន​​ជាប់​ចោទ ដោយ​មិន​យក​ប្រាក់​កម្រៃ ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​បទ​ចោទ​​រួម​គំនិត​ក្បត់ និង​ញុះញង់។ ជន​ជាប់​ចោទ​ទាំង​នោះ ជា​មន្ត្រី​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ពី​គណបក្ស​សង្គ្រោះ​ជាតិ សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

ប៉ុន្តែ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ជន​ជាប់​ចោទ​ម្នាក់ មិន​ព្រម​ទទួល​យក​មេធាវី​ដែល​តុលាការ​ចាត់តាំង​ឲ្យ​នោះ​ទេ។ គាត់​សុំ​រក្សា​សិទ្ធិ​ការពារ​ក្ដី ដោយ​ខ្លួន​ឯង។

តើ​ច្បាប់​កម្ពុជា អនុញ្ញាត​ឲ្យ​គាត់​ ធ្វើ​ដូច្នេះ​បាន​ឬ​ទេ?

ទាំង​រដ្ឋធម្មនុញ្ញ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា សុទ្ធតែ​មាន​ចែង អំពី​គោល​ការណ៍​នៃ​ការ​ជំនុំជម្រះក្ដី​ដោយ​យុត្តិធម៌ ដែល​រួម​មាន​ទាំង​សិទ្ធិ​ការពារ​ក្ដី។

មាត្រា ៣៨ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ចែងថា ជន​គ្រប់​រូប​មាន​សិទ្ធិ​ការពារ​ខ្លួន​តាម​ផ្លូវ​តុលាការ។ សិទ្ធិ​ការពារ​ខ្លួន​នេះ ចែក​ចេញ​ជា​ពីរ​បន្ត​ទៀត គឺ​សិទ្ធិ​ការពារ​ក្ដី​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​មាន​មេធាវី​ និង​សិទ្ធិ​មាន​ជំនួយ​របស់​មេធាវី ដូច​មាន​ចែង​ក្នុង​មាត្រា ៣០១ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា​។

អ្នក​ច្បាប់​យល់​ថា ជន​គ្រប់​រូប​ ពិត​ជា​មាន​សិទ្ធិ​ការ​ក្ដី​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំបាច់​មាន​មេធាវី។ ប៉ុន្តែ សិទ្ធិ​នេះ​អាច​អនុវត្ត​បាន​ តែ​ក្នុង​ករណី​មួយ​ចំនួន​ប៉ុណ្ណោះ។ លោក​មេធាវី ផែង ហេង ថា ក្រម​​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា អនុញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ ឬ​ជន​ជាប់​ចោទ​ពី​បទ​មជ្ឈិម គឺ​បទ​ល្មើស​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ត្រឹម ៥ឆ្នាំ​ចុះ​ក្រោម មាន​សិទ្ធិ​ការពារ​ក្ដី​ដោយ​ខ្លួន​ឯង​បាន៖ «សាមី​ខ្លួន​ដែល​រង​ការ​ចោទ​ប្រកាន់ គាត់​មាន​សិទ្ធិ​ឆ្លើយ​ការពារ​ខ្លួន​ឯង​ក៏​បាន គាត់​រក​មេធាវី​ក៏​បាន ហ្នឹង​ច្បាប់​កំណត់​មក​អ៊ីចឹង»

ច្បាប់​កម្ពុជា​ត្រង់​ចំណុច​នេះ ស្រប​នឹង​រដ្ឋធម្មនុញ្ញ​អាមេរិក វិសោធនកម្ម​លើក​ទី៦ ដែល​ចែង​អំពី​សិទ្ធិ​របស់​ជន​ជាប់​ចោទ ក្នុង​ការ​តតាំង​ក្ដី​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​មាន​ជំនួយ​ពី​មេធាវី។ ក៏​ប៉ុន្តែ ច្បាប់​អាមេរិក ផ្តល់​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ មាន​សិទ្ធិ​ការពារ​ក្ដី​ដោយ​ខ្លួនឯង នៅ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ទូទៅ។

ទោះជាយ៉ាងនេះ​ក្ដី ច្បាប់​អាមេរិក​កំណត់ ថា​ជន​ជាប់​ចោទ​ដែល​អាច​ការពារ​ក្ដី​ដោយ​ខ្លួន​ឯង​បាន គឺ​ត្រូវ​មាន​ភាព​ឆ្លាតវៃ និង​ចំណេះ​ដឹង​គ្រប់គ្រាន់ ក្នុង​ការ​ការពារ​ខ្លួន​នៅ​ក្នុង​តុលាការ។ ក្នុង​ករណី​ដែល​ចៅក្រម​ពិនិត្យ​ឃើញ​ថា ជន​នោះ​ខ្វះ​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​ការពារ​ក្ដី​ដោយ​គ្មាន​អ្នក​ច្បាប់​ជួយ ឧទាហរណ៍ ជន​នោះ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​លំអាន​ត្រឹមត្រូវ​នៃ​កិច្ច​ដំណើរ​ការ​នីតិវិធី​តុលាការ ចៅក្រម​អាច​បដិសេធ​សិទ្ធិ​នេះ​បាន។

ប្រព័ន្ធ​ច្បាប់​អាមេរិក ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​ជន​ជាប់​ចោទ ក្នុង​ការ​ការពារ​ក្ដី​ដោយ​ខ្លួនឯង ដោយ​មិន​កម្រិត​ត្រឹម​បទ​មជ្ឈិម ឬ​បទ​ឧក្រិដ្ឋ​នោះ​ទេ។ ប៉ុន្តែ ចំពោះ​ច្បាប់​កម្ពុជា​វិញ ក្នុង​ករណី​បទ​ឧក្រិដ្ឋ ដែល​ជន​ជាប់​ចោទ អាច​មាន​ទោស​ចាប់​ពី ៥ឆ្នាំដល់ ៣០ឆ្នាំ ឬ​ជាប់​ពន្ធនាគារ​អស់មួយជីវិត ចែង​ខុស​ពី​ច្បាប់​អាមេរិក។ ក្នុង​ករណី​ទោស​ធ្ងន់​បែប​នេះ ច្បាប់​កម្ពុជា​ចាប់​បង្ខំ ឲ្យ​ជន​ជាប់​ចោទ​ទាំងអស់ ត្រូវ​តែ​មាន​មេធាវី​ការពារ​ក្ដី។

មាត្រា ៣០១ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ចែង​ថា ជំនួយ​មេធាវី ត្រូវ​តែ​មាន​ដាច់ខាត នៅ​ក្នុង​ករណី​បទឧក្រិដ្ឋ ឬ​កាល​ណា​ជន​ជាប់​ចោទ​ជា​អនីតិជន (ពោល​គឺ ក្មេង​អាយុ​ក្រោម ១៨ឆ្នាំ)។ មិន​តែ​ប៉ុណ្ណោះ ច្បាប់​នេះ​ចែង​ទៀត​ថា បើ​គ្មាន​ការ​ជ្រើសរើស​ដោយ​ជន​ជាប់​ចោទ​ទេ ប្រធាន​តុលាការ​ត្រូវ​ផ្ដួចផ្ដើម​គំនិត​ចាត់តាំង​មេធាវី​ឲ្យ​ជន​ជាប់​ចោទ នៅ​ក្នុង​លក្ខខណ្ឌ​ដែល​មាន​ចែង​ ក្នុង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មេធាវី។

ទំនង​ជា​ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​នេះ​ហើយ ទើប​គណៈ​មេធាវី​កម្ពុជា កាល​ថ្ងៃ​ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ​ចាត់តាំង​មេធាវី​ស្ម័គ្រ​ចិត្ត​ ៦ រូប​ ឲ្យ​ជួយ​ការពារ​ក្ដី​សកម្មជន​គណបក្ស​ប្រឆាំង ជាច្រើន ដែល​ត្រូវ​បាន​កោះហៅ​ឲ្យ​ឡើង​តុលាការ​រួមគ្នា។

ប៉ុន្តែ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​កញ្ញា សេង ធារី មួយ ដែល​ជា​នារី​ខ្មែរ​អាមេរិក និង​ជា​មេធាវី​ផង មិន​ត្រូវ​ការ​មេធាវី​តំណាង​កញ្ញា​នោះ​ឡើយ។ កញ្ញា​ទាមទារ​សិទ្ធិ​ការពារ​ក្ដី​ដោយ​ខ្លួន​ឯង។

ប៉ុន្តែ ការ​ទាមទារ​នេះ បើ​តាម​អ្នក​ច្បាប់​ខ្មែរ​មួយ​រូប​ទៀត លោក​ថា​មិន​អាច​ទៅ​រួច​ទេ ដោយសារ​តែ​ប្រព័ន្ធ​ច្បាប់​ខ្មែរ មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដូច្នេះ​បាន។ លោក​មេធាវី សុក សំអឿន នៃ​ក្រុម​អ្នក​ច្បាប់​អមរិន្ទ ពន្យល់​ថា ការ​ការពារ​ខ្លួន​ដោយ​ខ្លួន​ឯង នៅ​ក្នុង​បរិបទ​ស្រុក​ខ្មែរ មាន​ន័យ​ផ្សេង​ គឺ​មិន​ដូច​គ្នា​នឹង​ការ​ការពារ​ខ្លួន​ដោយ​ខ្លួន​ឯង នៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​អាមេរិក​នោះ​ឡើយ៖ «បើ​ស្រុក​គេ ពាក្យ​ដែល​ការពារ​ខ្លួន​ឯង មាន​ន័យ​ថា យើង​ដើរតួ​ដូច​មេធាវី​ខ្លួន​ឯង ហើយ​យើង​អាច​មាន​សិទ្ធិ​សួរ​សាក្សី​ ដូច​មេធាវី​ដែរ។ ប៉ុន្តែ នៅ​ស្រុក​យើង អ្នក​ដែល​អាច​សួរ​សាក្សី​បាន​ មាន​តែ​មេធាវី។ ជន​ជាប់​ចោទ​អត់​មាន​សិទ្ធិ​ទេ។ ដូច្នេះ​ពាក្យ​ការពារ​ដោយ​ខ្លួនឯង នៅ​ស្រុក​ខ្មែរ គឺ​អត់​មាន​ទេ»។

Sok_Sam_Oeun_FB_CCHR.jpg
​មេធាវី សុក សំអឿន ប្រធាន​​ក្រុម​អ្នក​ច្បាប់ ​អមរិន្ទ

កញ្ញា សេង ធារី និង​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​ជា​ច្រើន​ទៀត ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ គឺ​រួម​គំនិត​ក្បត់ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។ បទ​ឧក្រិដ្ឋ​ទាំង​នេះ ទម្ងន់​ទោស​ជាប់​ពន្ធនាគារ​ចាប់​ពី ៥ឆ្នាំ​រហូត​ដល់ ២០ឆ្នាំ។

កញ្ញា សេង ធារី បាន​ត្រៀម​ខ្លួន​ការពារ​ក្ដី​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​ពឹង​ពាក់​ជំនួយ​ពី​មេធាវី ចាត់តាំង​ពី​សវនាការ​ដំបូង កាល​ពី​ថ្ងៃ​ទី២៦ ខែ​ វិច្ឆិកា។ កញ្ញា​ប្រាប់​អាស៊ី​សេរី ក្រោយ​សវនាការ​នោះ​ភ្លាម​ថា ក្នុង​នាម​ជា​ជន​ជាប់​ចោទ និង​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់​ផ្នែក​ច្បាប់ ដើម្បី​ការពារ​ក្ដី​ដោយ​ខ្លួន​ឯង កញ្ញា​មិន​ត្រូវ​ការ​មេធាវី​នោះ​ទេ៖ «អត់​អាច​តម្រូវ​ឲ្យ​ខ្ញុំ​មាន​មេធាវី​ទេ។ ខ្ញុំ​ជា​ជន​ជាប់​ចោទ អត់​ចង់​មាន​មេធាវី។ គេ​លើក​ថា នេះ​ជា​រឿង​ព្រហ្មទណ្ឌ។ ព្រហ្មទណ្ឌ​ម៉េច​ក៏​ដោយ ខ្ញុំ​អត់​ចង់​មាន​មេធាវី»។

ទោះ​ជា​យ៉ាង​នេះ​ក្តី កញ្ញា សេង ធារី ថា កញ្ញា​បាន​ត្រៀម​មេធាវី​ទាំង​ជាតិ និង​អន្តរជាតិ​រួច​រាល់​ហើយ ក្នុង​ករណី​ដែល​តុលាការ​សម្រេច​ចាប់​ខ្លួន​កញ្ញា​ដាក់​ពន្ធនាគារ។ កញ្ញា​បន្ត​ថា បើ​តុលាការ​មិន​ឲ្យ​កញ្ញា​មាន​សំឡេង​ក្នុង​សវនាការ កញ្ញា​នឹង​បញ្ចេញ​សំឡេង​នៅ​ខាង​ក្រៅ​ជា​សាធារណៈ ដើម្បី​ទិតៀន​កិច្ច​ដំណើរ​នីតិវិធី​តុលាការ ដែល​កញ្ញា​ហៅ​ថា​ជា​ឆាក​ល្ខោន​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment