អ្នកជំនាញនិងអ្នកនយោបាយស្នើឱ្យរដ្ឋអភិវឌ្ឍន៍កន្លែងផ្សេងក្រៅពីបឹង

បរិស្ថាន | ព័ត៌មានជាតិ
ដោយ វីអូឌី | ១២ មករា ២០២១ | ម៉ោង ០៦:០៣
VOD

ទិដ្ឋភាពបឹងតាមោក ខណៈអាជ្ញាធររៀបចំចាក់បំពេញដី ដើម្បីអភិវឌ្ឍ កាលពីឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា

ទិដ្ឋភាពបឹងតាមោក ខណៈអាជ្ញាធររៀបចំចាក់បំពេញដី ដើម្បីអភិវឌ្ឍ កាលពីឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា


អ្នកជំនាញទាក់ទងការអភិរក្សធនធានធម្មជាតិក្នុងរាជធានី និង គណបក្សនយោបាយ ស្នើឱ្យរដ្ឋាភិបាលរៀបចំកន្លែងអភិវឌ្ឍន៍លើដីគោកធម្មតា ចៀសវាងការលប់បឹងដើម្បីទុកធ្វើជាអាងរំដោះទឹក ហើយក៏ទុកជាកន្លែងពលរដ្ឋក្រីក្ររស់និងប្រកបរបរចិញ្ចឹមជីវិត។​

ប្រធានកម្មវិធីនៃអង្គការសមាគមធាងត្នោតលោក ឯម ខេមរា មានប្រសាសន៍ថា បឹងក្នុងរាជធានីភ្នំពេញបានដើរតួយ៉ាងសំខាន់ក្នុងការស្តុបទឹក និងរំដោះទឹកក្នុងរដូវភ្លៀងធ្លាក់ ហើយលោកថា ជាកន្លែងដែលប្រជាពលរដ្ឋមួយចំនួនអាចអាស្រ័យផលដើម្បីចិញ្ចឹមជីវិតដោយការដាំដំណាំផ្សេងៗ។

លោក​ ឯម ខេមរា៖ «បឹងនេះវាសំខាន់ណាស់នៅក្នុងទីក្រុងភ្នំពេញ ទី១ គឺជាកន្លែងដែលស្តុកទឹក ដើម្បីការពារទឹកជំនន់នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងរដូវវស្សា។ ទី២ បឹងធំៗនៅភ្នំពេញ ដូចជាបឹងទំពន់ និងបឹងតាមោក គឺជាកន្លែងដែលប្រជាពលរដ្ឋគាត់អាចប្រកបរបរចិញ្ជឹមជីវិតដាំបន្លែ ដាំត្រកួន កញ្ឆែតអីហ្នឹង តាមរយៈការដាំដំណាំគាត់អាចបង្កើនប្រាក់ចំណូល។ មួយទៀតបឹងជារួមទាក់ទងបរិស្ថានវាធ្វើឱ្យទីក្រុងគឺត្រជាក់នៅពេលដែលមានទឹក»

យោង​តាម​លិខិត​របស់​រដ្ឋាភិបាលដែលបានចេញ​ជាបន្តបន្ទាប់ថា ចាប់តាំងពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២០ ផ្ទៃ​បឹង​តា​មោក​ប្រហែល១ ០០០ហិ​កតា​ហើយ ត្រូវ​បាន​រដ្ឋាភិបាល​កាត់និង​ដោះដូរ​ទៅ​ឱ្យ​ស្ថាប័នរដ្ឋនិង​ក្រុមហ៊ុន​ឯកជន សម្រាប់​សាងសង់​អគារនិង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗ។

ដោយសារតែរដ្ឋាភិបាលនៅតែអនុញ្ញាតឲ្យកាត់ផ្ទៃដីបឹងក្នុងរាជធានីភ្នំពេញឲ្យទៅក្រុមហ៊ុនអភិវឌ្ឍ និងបុគ្គលឯកជន លោក ឯម ខេមា លើកឡើងថារដ្ឋាភិបាលគួរតែផ្តល់ដីដែលជំនួសដោយការកាត់ផ្ទៃបឹងដើម្បីការអភិវឌ្ឍ ហើយរក្សាទុកនូវធនធានធម្មជាតិនេះដើម្បីតម្រូវការរបស់ប្រជាពលរដ្ឋ និងបរិស្ថាននៃរាជធានីភ្នំពេញ។

លោកថា៖ «​យើងក៏មានការសោកស្តាយដែរដែលរដ្ឋាភិបាលគាត់បន្តកាត់ដីសាធារណៈរបស់រដ្ឋប្រគល់ឲ្យទៅបុគ្គលអញ្ចឹង ព្រោះដីជាដីសាធារណៈរបស់រដ្ឋហើយគិតថាភ្នំពេញធំហាសចឹងពេលខ្លះយើងមិនមែនថាតម្រូវថាត្រូវតែកាត់បឹងទេ វាមានដីផ្សេងៗដែលអាចដោះដូរឬក៏កាត់ជូនបុគ្គលឯកជនសម្រាបអភិវឌ្ឍ។​ យើងចង់ឲ្យមានតម្លារភាពសម្រាប់ប្រជាពលរដ្ឋទូទៅដែលថាគាត់អាចទទួលផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលពីបឹង»។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ឡឹក សុធា មានប្រសាសន៍ថា បឹងមួយចំនួនក្នុងរាជធានីភ្នំពេញត្រូវបានលុបជាបន្តបន្ទាប់ខណៈបឹងតាមោកគឺជាបឹងចុងក្រោយដែលកំពុងប្រឈមការលុប។

លោកបន្តថា បឹងទាំងនោះផ្តល់សារៈសំខាន់ណាស់ដោយបានផ្តល់ជាធនធានធម្មជាតិដូចជាត្រីជាដើម ហើយជាពិសេសទៀតនោះគឺវាបានជួយឲ្យមានបរិយាកាសបរិសុទ្ធសម្រាប់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក្នុងការរស់នៅ និងដើរកំសាន្តផងដែរ។ លោកបន្ថែមថាបឹងទាំងនោះ គឺជាអាងស្តុកទឹកធម្មជាតិដ៏សំខាន់ដើម្បីបញ្ជៀសទឹកពីរាជធានីភ្នំពេញ។

លោក ឡឹក សុធា ថា៖ «វាផ្តល់ផលប្រយោជន៍សំខាន់ជាច្រើនទី១គឺផ្នែកបរិស្ថាននឹងឯង នៅពេលដែលមានបឹងមានអីចឹងទៅ​វាជួយធ្វើឲ្យជីវិតយើងស្រស់បំព្រងសុខមាលភាពរបស់ប្រជាជន និងទី៣នោះគឺវាជួយទៅដល់ការរំដោះរាជធានីភ្នំពេញពីការជន់លិចជាដើម

កាលពីខែមិថុនាឆ្នាំ២០២០ ប្រធាន​រាជ្យបណ្ឌិត​សភា​កម្ពុជា លោក សុខ ទូច ​ អំពាវនាវដល់អ្នកពាក់ព័ន្ធឱ្យឈប់លុបបឹង ទុកធ្វើជាកន្លែងរំដោះទឹកកុំឱ្យលិចរាជធានី  ហើយមើលគំរូអភិវឌ្ឍន៍តាមប្រទេសរីកចម្រើន និងកែប្រែទម្លាប់រក្សាគុណភាពបរិស្ថាន ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។

ក្នុងអំឡុងពេលពិនិត្យស្ថានភាពទឹកជំនន់ក្នុងរាជធានីភ្នំពេញកាលពីខែតុលាឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ទឹកជំនន់មិនពាក់ព័ន្ធការលុបបឹងនោះទេគឺដោយសារតែទឹកវាឡើងខ្លាំង។ លោកក៏បានលើកឡើងថា ប្រទេសផ្សេងក៏មានទឹកជំនន់ ហើយនៅតាមបណ្តាលខេត្តដែលមិនមានការលុបបឹងក៏មានទឹកជំនន់ដែរ។​

លោក ហ៊ុន សែន​៖«ឥឡូវ​តាម​ព្រែកត្នោត​របស់​យើង​ពី​ខាង​លើ​មក​នេះ​ តើ​អ្នក​ណា​លុប​បឹង​ ព្រែក​ស្ទឹង​ពោធិ៍សាត់ ​ស្ទឹង​មង្គល​បុរី​ស្ទឹង​សង្កែ? ​អា​នោះ​វា​សុទ្ធ​តែ​ស្ទឹង។​ ប៉ុន្តែ​ដោយ​សារ​តែ​ទឹក​ពី​លើ​វា​ខ្លាំង​ជ្រុល​ហួស​ វា​ហួស​ពី​សមត្ថ​ភាព​ស្រូប»។​

របាយការណ៍អង្គការសមាគមធាងត្នោតដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ថាបឹងចំនួន២៦ក្នុងរាជធានីភ្នំពេញត្រូវបានលុបទាំងស្រុងចំនួន១៦ដោយស្មើនឹង៦០%នៃផ្ទៃបឹងសរុប និងបឹងចំនួន១០ផ្សេងទៀតត្រូវបានលុបផ្នែកមួយចំនួននៃបឹង។

របាយការណ៍ដដែលបានបញ្ជាក់ថាមូលហេតុនៃការលុបបឹងទាំងនោះគឺបណ្តាលមកពីការសាងសង់បុរី តំបន់លំនៅដ្ឋាន និងទីក្រុងរណប។ របាយការនេះបង្ហាញថាការលុបបឹងទាំងនោះគឺជាការបាត់អាងស្តុកទឹកដ៏សំខាន់សម្រាប់ទីក្រុងភ្នំពេញ៕​

អត្ថបទដោយ ប៉ា តុងចិន


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "អ្នកជំនាញនិងអ្នកនយោបាយស្នើឱ្យរដ្ឋអភិវឌ្ឍន៍កន្លែងផ្សេងក្រៅពីបឹង"

  1. Anonymous says:

    HAS….HAS…HA………. CAMBODIA is gaining more land from Vietcong right now please look at that. it is every true for so many decade no one did this filling up the original nature’s lake. YES I knew right now every thing is changing all AH LNGOUNG TVER CHESS NEAK CHESS TVER LNGOUNG and NEAK CROR become a millionaire YEOUN LEINGTAM CHHEINGKOR

Leave a Reply

Submit Comment