តុលាការ​កំពូល នឹង​ប្រកាស​សាល​ដីកា​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា ស កណិកា ប្រធាន​សហជីព នៅ​ចុង​ខែ​មករា

ដោយ សុជីវី
2021-01-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តុលាការ​កំពូល នឹង​ប្រកាស​សាល​ដីកា​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា ស កណិកា ប្រធាន​សហជីព នៅ​ចុង​ខែ​មករា

ស្លាកសញ្ញាតុលាការកំពូល រូប៖ ពលរដ្ឋ


តុលាការ​កំពូល នឹង​ប្រកាស​សាល​ដីកា​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​ប្រធាន​សហជីព​កញ្ញា ស កណិកា នៅ​ចុង​ខែ​មករា។ សាច់​ញាតិ និង​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស ជំរុញ​ឲ្យ​មាន​ការ​ដោះ​លែង​កញ្ញា ស កណិកា និង​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត ដោយ​សារ​សកម្មភាព​តវ៉ា​ឲ្យ​ដោះ​លែង លោក រ៉ុង ឈុន។

មេធាវី​ការពារ​ក្ដី​ឲ្យ​ កញ្ញា ស កណិកា គឺ​លោក​មេធាវី ជូង ជូងី ជំរុញ​ឲ្យ​ចៅក្រម​តុលាការ​កំពូល​ដោះ​លែង​កូន​ក្ដី​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​អះអាង​ថា កញ្ញា​ មិន​បាន​ប្រព្រឹត្តិ​បទ​ល្មើស​ញុះញង់​ឡើយ។ លោក​មេធាវី​បន្ត​ថា ការ​ឃុំ​ខ្លួន​ច្រើន​ខែ​មក​នេះ បណ្ដាល​ឲ្យ​កូន​ក្ដី មាន​វិបត្តិ​ផ្លូវ​ចិត្ត​ និង​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ។ លោក​ថា ក្រុម​មេធាវី​ទាំង ៣នាក់ ចង់​ឲ្យ​តុលាការ​កំពូល ដោះ​លែង​កូន​ក្ដី ដើម្បី​ឲ្យ​កញ្ញា ស កណិកា មាន​ឱកាស បាន​បង្កើន​ស្មារតី​ ត្រៀម​តតាំង​ក្ដី នៅ​ពេល​ខាង​មុខ៖ «ហើយ​នៅ​ពេល​ដែល​គាត់​ជាប់​ឃុំ​អ៊ីចឹង វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍ ស្មារតី​របស់​គាត់។ គាត់​មិន​អាច​ការ​ពារ​សិទ្ធិ​គាត់​បាន​ល្អ ដូច​គាត់ នៅ​ក្រៅ​ឃុំ​ទេ។ អ៊ីចឹង ក្រុម​ខ្ញុំ​ជា​សហ​មេធាវី សុំ​ឲ្យ​តុលាការ​កំពូល ផ្ដល់​សិទ្ធិ​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ ដើម្បី​ឲ្យ​គាត់​អាច​ព្យាបាល​ជំងឺ​គាត់​បាន​ល្អ ហើយ​ប្រើ​សិទ្ធិ​ការពារ​សិទ្ធិ​បាន​ល្អ»

នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់​ខ្លួន​ប្រធាន​សមាគម​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ហៅ​កាត់​ស៊ីឡា (CILA) កញ្ញា ស កណិកា កាល​ពី​ថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ២០២០ និង​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ដោយ​ចោទ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​នឹង​សកម្មភាព​ចូលរួម​តវ៉ា នៅ​ខាង​មុខ​តុលាការ ទាមទារ​ឲ្យ​ដោះលែង​អ្នក​ឃ្លាំមើល​ព្រំដែន និង​ជា​ប្រធាន​សហភាព​សហ​ជីព​កម្ពុជា លោក រ៉ុង ឈុន ។

ម្ដាយ​​របស់​កញ្ញា ស កណិកា គឺ​លោកស្រី ជឹម សុផល ទទូច​ឲ្យ​តុលាការ​កំពូល​ដោះលែង​កូនស្រី​វិញ។ លោក​ស្រី​អះអាង​ថា កញ្ញា ស កណិកា ជា​មនុស្ស​ស្អាត​ស្អំ ស្លូត​បូត និង​គ្មាន​លទ្ធភាព​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម​ទេ៖ «រាល់​ថ្ងៃ ខ្ញុំ​ទាល់​ដៃ​ច្រើន​ ហើយ​ខ្ញុំ​ឈឺ​ផង​ម្នាក់​ឯង​អ្វី​អ៊ីចឹង។ ចង់​ឲ្យ​បាន​គេ​ដោះលែង»

ជាមួយ​គ្នា​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​លើ​អង្គ​សេចក្ដី កញ្ញា ស កណិកា និង​​លោក រ៉ុង ឈុន នៅ​ថ្ងៃ​ទី១៥ មករា​។

នាយក​រង​​អង្គការ​លីកាដូ ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស លោក អំ សំអាត សង្កេត​ឃើញ​ថា ការ​ចាប់​ខ្លួន និង​​ចោទ​ប្រកាន់​​សកម្មជន​សង្គម​ទាំងអស់ ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ទាមទារ​​ដោះលែង លោក រ៉ុង ឈុន គឺ​មាន​ហេតុផល​នយោបាយ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ លោក​​បន្ត​ថា អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ សុទ្ធ​តែ​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន ក្រុម​សកម្មជន​សង្គម​កន្លង​មក​ថា ជា​ការ​រឹតត្បិត និង​រំលោភ​សិទ្ធិ​សម្ដែង​មតិ​ធ្ងន់ធ្ងរ៖ «អ៊ីចឹង គេ​មើល​ឃើញ​ថា ការ​ចាប់​ខ្លួន ចាប់​ពី​​លោក រ៉ុង ឈុន មក​ដល់​បច្ចុប្បន្ន​នេះ ជា​ករណី​នយោបាយ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់»

រយៈ​ពេល​ពេញ​មួយ​ឆ្នាំ២០២០ នគរបាល​បាន​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សង្គម ព្រំ​ដែន ព្រះ​សង្ឃ​ អ្នក​សារព័ត៌មាន អ្នក​ច្រៀង​រិះគន់ និង​អ្នក​តវ៉ា​សម្ដែង​មតិ ៦៤នាក់។ មន្ត្រី​តុលាការ​ បាន​ចោទ​ប្រកាន់​ពួកគេ ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ញុះញង់​មិន​ឱ្យ​យោធិន​ស្ដាប់​បញ្ជា និង​ការ​ជេរ​ប្រមាថ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​​ជា​ដើម។ តែ​យ៉ាង​ណា ក្រុម​អង្គការ​អង្គការ​សិទ្ធិ​មនុស្ស ថ្កោល​ទោស​ការ​ចាប់​ខ្លួន​នេះ​ជា​បន្ត​បន្ទាប់ និង​ហៅ​ការ​បង្ក្រាប​នេះ​ថា ជា​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "តុលាការ​កំពូល នឹង​ប្រកាស​សាល​ដីកា​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា ស កណិកា ប្រធាន​សហជីព នៅ​ចុង​ខែ​មករា"

  1. so socheath says:

    ជាប់គុក គ្រប់ចំនួនដើះលែងហើយ ។
    មិនបាច់ពួកអ្ហែងសុំ ក៏ោះលែងដែរ !

Leave a Reply

Submit Comment