តុលាការ​​ខេត្ត​បាត់ដំបង​កាត់​ទោស​ប៉េអឹម​២​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​៤​ឆ្នាំ​និង​៧​ឆ្នាំ រឿង​វាយ​ដំ​​អ្នក​ជាប់​ឃុំ​រហូត​ដល់​ស្លាប់

សិទ្ធិ​មនុស្ស
13 មករា 2021
ស៊ុន ណារិន
វីអូអេខ្មែរ

រូបឯកសារ៖ រូបថត​របស់​លោក ទុយ ស្រស់ ដែល​ត្រូវ​បាន​វាយ​ដល់​គ្រាំក្នុង និង​ស្លាប់ ត្រូវ​បាន​ដាក់តាំង​នៅក្នុង​ផ្ទះ​របស់​លោក ក្នុង​ភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ រូបថត​របស់​លោក ទុយ ស្រស់ ដែល​ត្រូវ​បាន​វាយ​ដល់​គ្រាំក្នុង និង​ស្លាប់ ត្រូវ​បាន​ដាក់តាំង​នៅក្នុង​ផ្ទះ​របស់​លោក ក្នុង​ភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ (ស៊ុន ណារិន/វីអូអេ)

ភ្នំពេញ —  តុលាការ​ខេត្តបាត់​ដំបងបាន​សម្រេច​ផ្តន្ទា​ទោស​មន្ត្រី​ប៉េអឹម​ ២​ នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ ៤​ ឆ្នាំ​និង​ ៧ ​ឆ្នាំ ទាក់​ទង​នឹង​ការ​វាយ​ដំ​មនុស្ស​ ៥ ​នាក់ ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ចុង​ឆ្នាំ​ ២០១៩ ដែល​ក្នុង​នោះបុរស​ម្នាក់បាន​ស្លាប់។ នេះ​បើ​តាម​ជន​រង​គ្រោះ​និង​មេធាវី​របស់​ជន​រង​គ្រោះ។

ជន​រង​គ្រោះ ​៤​ នាក់ដែល​រង​ការ​វាយ​ដំ និង​ភរិយា​របស់​អ្នក​ដែល​ស្លាប់​ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ខេត្ត​បន្ទាយ​មានជ័យ ពាក់ព័ន្ធ​នឹង​ការ​វាយ​ដំ​ពួក​គេ។ តុលាការខេត្ត​បន្ទាយ​មានជ័យ​បាន​សម្រេច​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ​ខេត្ត​បាត់​ដំបង​ចាត់​ការ​វិញ ក្រោយ​មន្ត្រី​ប៉េអឹម​ ២ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស រហូត​ដល់​ជន​រង​គ្រោះ​ម្នាក់ស្លាប់។

បុរស​ម្នាក់ ឈ្មោះ​ ទុយ ស្រស់ បាន​ស្លាប់ ដោយ​សារ​ការ​វាយ​ដំ​នេះ។ ជនរង​គ្រោះ​ទាំង ​៥ ​នាក់ ត្រូវ​បាន​កង​កម្លាំង​ប៉េ​អឹម​ខេត្ត​បន្ទាយ​មាន​ជ័យ​ចាប់​ខ្លួន​ ក្នុង​ការ​តវ៉ា​រឿង​ដី​ធ្លី​មួយ​ កាល​ពី​ចុង​ឆ្នាំ​២០១៩ ហើយ​ពួកគេ​រង​ការ​វាយ​ដំ​ធ្ងន់​ធ្ងរ ក្នុង​ពេល​ជាប់​ឃុំ​ឃាំង។

ជន​រង​គ្រោះ​ម្នាក់ គឺ​លោក នូវ នឿន អាយុ​ ៦៣ ​ឆ្នាំ ប្រាប់ ​VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​តុលាការ​ខេត្ត​បាត់​ដំបង​ដែល​ទទួល​សំណុំ​រឿងផ្ទេរ​ពី​ខេត្ត​បន្ទាយ​មានជ័យ បាន​កាត់​ទោស​ឲ្យលោក ស ប៊ុន​សឿង អតីត​មេ​បញ្ជាការ​រង​នៃ​កង​រាជអាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ ឲ្យ​ជាប់​ពន្ធនាគារ ​៤ ​ឆ្នាំ និង​សង​សំណង​ជំងឺ​ចិត្តឲ្យរូប​លោក​ចំនួន​ ២០ ​លាន​រៀល ឬ​ ៥​ ពាន់​ដុល្លារ សង​ជន​រង​គ្រោះ ឈ្មោះ អាន រួន ចំនួន​ ២០​ លាន​រៀល សង​ជន​រង​គ្រោះ​លោក ហ៊ឹម គីរី ចំនួន​ ៣០​ លាន​រៀល និង​ភរិយា​បុរស​ដែល​ស្លាប់​ចំនួន​ ៣០ ​លាន​រៀល​ដែរ។

រូបឯកសារ៖ ជនរងគ្រោះ​៤​នាក់ (រាប់ពីធ្វេង) លោក អាន រួន លោក នូវ នឿន លោក ហ៊ឹម គីរី និង​លោក យិប ម៉ក់ បាន​អំពាវនាវ​ឲ្យ​ទម្លាក់ចោល​បទចោទ​ប្រកាន់​លើ​ពួកគេ ក្រោយពី​ពួកគេ​ត្រូវ​បាន​ដោះលែង ប៉ុន្តែ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ ជនរងគ្រោះ​៤​នាក់ (រាប់ពីធ្វេង) លោក អាន រួន លោក នូវ នឿន លោក ហ៊ឹម គីរី និង​លោក យិប ម៉ក់ បាន​អំពាវនាវ​ឲ្យ​ទម្លាក់ចោល​បទចោទ​ប្រកាន់​លើ​ពួកគេ ក្រោយពី​ពួកគេ​ត្រូវ​បាន​ដោះលែង ប៉ុន្តែ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។ (ស៊ុន ណារិន/វីអូអេ)


លោកបន្តថា តុលាការក៏បានផ្តន្ទាទោសលោក ឆយ រដ្ឋនា ជំនួយការការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលពលរដ្ឋរងគ្រោះហៅថា «សឿង៣៨» ឲ្យជាប់ពន្ធនាគារចំនួន ៧ ឆ្នាំ និងបង្គាប់ឲ្យជនជាប់ចោទរូបនេះ សងជំងឺចិត្តដល់ភរិយាអ្នកដែលស្លាប់ចំនួន ៤០ លានរៀល ឬស្មើនឹង ១ ម៉ឺនដុល្លារអាមេរិក។

ជន​រង​គ្រោះ​រូប​នោះ​លើក​ឡើង​ថា​ លោកមិន​ពេញ​ចិត្ត​នឹង​ការ​ផ្តល់​សំណង ​២០​ លាន​រៀល​នេះ​ទេ ដោយ​លោក​ថា ​ចំនួន​នេះ​តិច​តួច​ពេក ព្រោះ​លោក​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ ២០ ​ម៉ឺនដុល្លារ​អាមេរិក។

លោក​ថា​ ការ​វាយ​ដំរបស់​មន្ត្រី​ប៉េអឹម​នេះ ធ្វើ​ឲ្យ​លោក​ឈឺ​ចាប់​រាង​កាយ​ជា​រៀង​រាល់​ថ្ងៃ ហើយ​មិន​អាច​បំពេញ​ការងារ​បាន។

លោក​មាន​ប្រសាសន៍​ថា៖ «គាត់​សង​សំណង​មក​លើ​ខ្ញុំ​ដែល​តុលាការ​គាត់​បាន​ប្រកាស​ហ្នឹង ឲ្យ​ខ្ញុំ​ចំនួន​ ២០​ លាន​[រៀល]​ហ្នឹង ខ្ញុំ​មិន​អាច​ទទួល​យក​បាន ខ្ញុំ​នឹង​បន្ត​ឡើង​ឧទ្ធរណ៍​ទៀត»

លោក ​នូវ នឿន ដែល​នៅ​ឈឺ​ចុក​ស្រាញ​ដៃ​ស្តាំ​របស់​លោក​និង​ភ្នែក​នៅស្រវាំង ដោយ​សារ​ការ​វាយ​ដំ​នេះ លើក​ឡើង​ថា លោក​មិន​មាន​មតិ​យោបល់​អ្វី​ទេ​ចំពោះ​ការសម្រេច​ដាក់​ពន្ធនាគារ​លើ​ជន​ជាប់​ចោទ​ទាំង​ ២ ​នាក់។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ក៏​មិន​ទៅ​បន្ថែម​រឿង​រ៉ាវ​ដល់​គាត់​វែង​អន្លាយ ហួស​ទៅ​យូរ​ឆ្នាំ​ទៀត ក៏​វា​អត់​បាន​ផល​ប្រយោជន៍​អី​ដែរ។ គ្រាន់តែ​ថា​ សុំ​មាន​សំណង​ឲ្យ​ខ្ពស់​ដែល​ខ្ញុំ​អាច​ទទួល​យកបាន​ប៉ុណ្ណឹង​ទៅ។ …តុលាការ​គាត់​កាត់​ប៉ុណ្ណឹង ក៏​មាន​ហេតុ​ផល​របស់​គាត់​ទៅ ក៏​គ្រប់​គ្រាន់​ហើយ»

ជន​រង​គ្រោះ​ម្នាក់​ទៀត គឺ​លោក អាន រួន អាយុ​ ៦០ ​ឆ្នាំ ដែល​នៅ​ឈឺ​ដើម​ទ្រូង​និង​ស្មា​ខាង​ស្តាំ មាន​ប្រសាសន៍​ថា​ ជន​ជាប់​ចោទ លោក ស ប៊ុន​សឿង ត្រូវ​បាន​បង្គាប់​ឲ្យ​សង​ជំងឺ​ចិត្ត​លោក​ចំនួន​ ២០​ លាន​រៀល​ដែរ ដែល​លោក​ថា ​ជា​ចំនួន​តិច​ពេក​ដែល​លោក​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។

លោក​ថា ​លោកមិន​អាច​ធ្វើ​ការ​ងារ​អ្វី​បាន​ទេ ដោយសារ​ការ​វាយ​ដំ​នោះ​នៅ​តែ​បង្ក​ភាព​ឈឺ​ចាប់​ដល់រូប​លោក។​

លោក​មាន​ប្រសាសន៍​ថា៖ «សំខាន់​គឺ​ឲ្យ​បង់​ជំងឺ​ចិត្ត​ឲ្យ​ខ្ញុំ ឲ្យ​ខ្ញុំ​ពេញ​ចិត្ត ហើយ​អា​រឿង​ជាប់​ពន្ធនាគារ​បួន​ប្រាំ​ឆ្នាំ​ខ្ញុំ​អត់​មាន​បញ្ហា​អី​ទេ​ណា»

មេធាវី​របស់​ជនរង​គ្រោះ គឺ​លោក សំ ទិត្យ​សីហា មាន​ប្រសាសន៍​ថា​ ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារ​ ៤ ​ឆ្នាំ​និង ​៧ ​ឆ្នាំ «ស្រាល​ពេក» ដោយ​លោក​ថា​ ទោសគួរ​តែ​ធ្ងន់​ជាង​នេះ ដោយសារ​ជន​ជាប់​ចោទ​បាន​ប្រព្រឹត្ត​អំពើ «ធ្ងន់​ធ្ងរ» ហើយ​ពួកគេ​ជា​មន្ត្រី​ប៉េអឹមយុត្តិធម៌​ទៀត​ផង។

លោក​បញ្ជាក់​ថា៖ «អំពើ​ដែល​គាត់​ធ្វើ​នេះ មិន​មែន​ទាក់ទង​អ្វី​ដែល​គាត់​ប្រើ​ហិង្សា​ទេ គឺ​គាត់​ធ្វើ​រហូត​ដល់​បណ្តាល​ឲ្យ​ស្លាប់ គឺ​គាត់​មាន​ចេតនា​ពិត​ប្រាកដ​ក្នុង​ការ​[ធ្វើ​ឲ្យ]ស្លាប់»

លោក​បន្ត​ថា​ លោក​នឹង​សួរ​កូនក្តី​របស់​លោក​ថា​ តើ​ពួក​គេ​នឹង​សម្រេច​ប្តឹង​ទៅ​ឧទ្ធរណ៍​បន្ថែម​ទៀត​ឬ​យ៉ាង​ណា ទាក់​ទង​នឹង​រយៈ​ពេល​នៃ​ការ​ដាក់​ពន្ធនាគារ និង​សំណង​ជា​ទឹក​ប្រាក់​សម្រាប់​ពួកគេ។

រូបឯកសារ៖ លោក អាន រួន ជនរងគ្រោះ​ដោយសារ​ការវាយ​ដំ​ពី​សំណាក់​កម្លាំង​ប៉េអឹម ខេត្តបន្ទាយមានជ័យ​និយាយ​ថា ជនរងគ្រោះ​ស្លាប់ គឺ​លោក ទុយ ស្រស់ ត្រូវ​បាន​វាយ​រហូត​ដល់​វង្វេងស្មារតី និង​សន្លប់។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ លោក អាន រួន ជនរងគ្រោះ​ដោយសារ​ការវាយ​ដំ​ពី​សំណាក់​កម្លាំង​ប៉េអឹម ខេត្តបន្ទាយមានជ័យ​និយាយ​ថា ជនរងគ្រោះ​ស្លាប់ គឺ​លោក ទុយ ស្រស់ ត្រូវ​បាន​វាយ​រហូត​ដល់​វង្វេងស្មារតី និង​សន្លប់។ (ស៊ុន ណារិន/វីអូអេ)

លោកស្រី ជា ច័ន្ទ​រស្មី អ្នក​នាំពាក្យ​របស់​តុលាការ​ខេត្ត​បាត់​ដំបង មាន​ប្រសាសន៍​ថា ​លោក​ស្រី​មិន​អាច​បញ្ជាក់​សេចក្តី​លម្អិត​នៃ​សាល​ក្រម​របស់​តុលាការនៅ​ថ្ងៃ​នះ​បាន​ទេ ដោយ​សារ​លោកស្រី​មិន​មាន​ព័ត៌មាន។

លោកស្រី​បន្ថែម​ថា​ លោក​ស្រី​ក៏​មិន​អាច​អត្ថាធិប្បាយ​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​ដើម​ចោទ និង​មេធាវី​របស់​ជនរង​គ្រោះ​បាន​ដែរ ទាក់ទង​នឹង​ការ​អះអាង​អំពី​សំណង «តិច​តួច» ​និង​ការ​ផ្តន្ទា​ទោស «ស្រាល​ពេក»

នៅ​ពេល​មាន​ហេតុការណ៍​វាយ​ដំ និង​មាន​ករណី​ស្លាប់ រដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ បាន​លើក​ឡើង​ថា​ជន​រង​គ្រោះ​ដែល​ស្លាប់​គឺ​លោក ទុយ ស្រស់ ជា «អ្នក​ញៀនស្រា​និង​មាន​សុខភាព​មិន​ល្អ»។ ប៉ុន្តែ​ភរិយារបស់​អ្នក​ស្លាប់​បានបដិសេធ​ការ​លើក​ឡើង​នេះ។

របាយការណ៍​របស់​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ ឲ្យ​ដឹង​ថា​ លោក ទុយ ស្រស់ ស្លាប់​ដោយ​សារ «ខ្យល់​គរ»

ប៉ុន្តែ​រឿង​រ៉ា​នេះ​បាន​ឮ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រហូត​ដល់​លោក​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ។ ក្រោយ​មក ទើប​មាន​ការ​ចាប់​ខ្លួននាយ​ទាហាន​នៃ​កង​រាជ​អាវុធហត្ថ​ពីរ​នាក់​នោះ គឺ​លោក ស ប៊ុន​សឿង មេ​បញ្ជាការ​រង​នៃ​កង​រាជអាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មានជ័យ និង​លោក​ ឆយ រដ្ឋនា ជំនួយ​ការ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ។

គួរ​បញ្ជាក់​ថា​ ការ​វាយ​ដំ​ក្នុង​ពេល​ចាប់​ឃុំ​ខ្លួន​នោះ ពាក់​ព័ន្ធ​នឹង​រឿង​ដី​ធ្លី​ដែល​ប្រជា​ពលរដ្ឋ​រាប់​រយ​នាក់បាន​នាំ​គ្នា​ចាប់​ដី ហើយតុលាការ​បានចោទ​ប្រកាន់ពួកគេ​ថា ចាប់​ដី​របស់​ឯកជន។

ប៉ុន្តែ​ប្រជា​ពលរដ្ឋ​មិន​សុខ​ចិត្ត ហើយបាន​នាំ​គ្នាប្រមូល​ផ្តុំ​នៅ​ខាង​មុខ​សាលា​ខេត្ត​បន្ទាយ​មានជ័យជា​បន្ត​បន្ទាប់ ដើម្បី​សុំ​ដំណោះ​ស្រាយ ក្នុង​នោះ​មាន​ការ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ផ្តល់​ដី​ជូន​ប្រជា​ពលរដ្ឋ និង​ផ្តល់​សំណងលើ​ការ​ដុត​ផ្ទះ​របស់​ពួក​គេ។ ប៉ុន្តែ​ការ​តវ៉ា​នោះ​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ និង​មាន​ការ​វាយដំ​ពលរដ្ឋ​ ៥ ​នាក់ ក្នុង​ពេល​ពួកគេ​ជាប់​ឃុំឃាំង៕

What Next?

Recent Articles

Leave a Reply

Submit Comment