ពលរដ្ឋ ១៤៦គ្រួសារ​ខេត្ត​ព្រះវិហារ​ប្ដឹង​ក្រុមហ៊ុន​រ៉ែ​មាស​រំលោភ​ដី​មិនទាន់​ទទួល​ដំណោះស្រាយ​

ដោយ សន ចាន់រដ្ឋា
2021-01-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ ១៤៦គ្រួសារ​ខេត្ត​ព្រះវិហារ​ប្ដឹង​ក្រុមហ៊ុន​រ៉ែ​មាស​រំលោភ​ដី​មិនទាន់​ទទួល​ដំណោះស្រាយ​

ទីតាំង​អាជីវកម្ម​រ៉ែមាស នៅ​តំបន់​ភ្នំ​លុង​នៃ​ឃុំ​រម្យទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ខែ​ឧសភា ២០១៧។ រូបភាព៖ ចលនា​មាតា​ធម្មជាតិ


ពលរដ្ឋ​ជាង ១៤៦គ្រួសារ ខេត្ត​ព្រះវិហារ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​រ៉ែ​មាស ឌែលខម ខែមបូឌា (Delcom Cambodia) និង​ក្រុមហ៊ុន គីម ជាធួន គ្រុប (Kim Gia Thuan Group Co., Ltd) នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ឡើយ​ទេ។ អ្នក​ភូមិ​ថា ក្រុមហ៊ុន​ទាំង​នេះ បាន​ប្រើ​គ្រឿងចក្រ​រាប់​សិប​គ្រឿង​ឈូស​ឆាយ ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់​អស់​ស្ទើរ​ទាំង​ស្រុង ដើម្បី​ពង្រីក​ផ្ទៃ​ដី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស។

ពលរដ្ឋ​រស់នៅ​ភូមិ​ចំនួន៣ គឺ ភូមិ​ស្វាយ​ដំណាក់ ភូមិ​រំដេង និង​ភូមិ​អូរ​ទ្រ​លោក ឃុំ​រមទម រវៀង អំពាវនាវ​ជា​ថ្មីទៀត ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ និង​ស្ថាប័ន​ថ្នាក់​ជាតិ​ពន្លឿន​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​រវាង​អ្នក​ភូមិ ១៤៦គ្រួសារ ជាមួយ​ក្រុមហ៊ុន ឌែលខម ខែមបូឌា និង​ក្រុមហ៊ុន គីម ជាធួន គ្រុប ដែល​បាន​ហ៊ុមព័ទ្ធ​ដី​រាប់ពាន់​ហិកតារ នៅ​តំបន់​ភ្នំ​លុង ធ្វើអាជីវកម្ម​រ៉ែ​មាស​ជា​ថ្មីទៀត ប៉ះ​ចំ​ដី​ស្រែ​ចម្ការ​របស់​អ្នក​ស្រុក​រស់​នៅ​ទី​នោះ។

តំណាង​ពលរដ្ឋ​លោក ពុយ ឆេង ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១១ មករា​ថា ក្រុមហ៊ុន​ទាំង​នេះ​បាន​ហ៊ុមព័ទ្ធ​ដី​ចាប់​ពី​ចំណុច​ជើង​ភ្នំ​លុង រហូត​ដល់​ចំណុច​ត្រពាំង​ព្រៃ​ទួល ប្រវែង​ជាង ១គីឡូ​ម៉ែត្រ​បណ្ដោយ​ជាង ៤គីឡូ​ម៉ែត្រ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​អ្នក​ភូមិ​ជាង ១រយ​គ្រួសារ​ជា​ថ្មី​ទៀត នៅ​រយៈ​ពេល ៥ខែ​ចុង​ក្រោយ​នេះ។ លើស​ពី​នេះ ក្រុមហ៊ុន​បាន​រំលោភ​យក​ដី​ស្រែ​ចម្ការ​របស់​អ្នក​ភូមិ ដែល​ជា​ដី​កេរ​ឪពុក​ម្ដាយ និង​ដី​តំបន់​ខ្លះ​ទៀត ពលរដ្ឋ​បាន​កាន់កាប់​ជិត ២០ឆ្នាំ​មក​ហើយ។ លោក​ថា ក្រុម​ពលរដ្ឋ​បាន​ស្រែក​ទ្រហោ​យំ​ទាមទារ​យុត្តិធម៌​ជា​ច្រើន​ខែ​មក​ហើយ នៅ​តែ​គ្មាន​លទ្ធផល៖ «បាន​ជា​គេ​មិន​ដោះ​ស្រាយ​ដោយសារ​មាន​ការ​ចោទ​ប្រកាន់​ថា ប្រជាជន​ហ្នឹង​ទៅ​រំលោភ​យក​ដី​ក្រុមហ៊ុន​វិញ។ តាម​ការ​ពិត​ក្រុមហ៊ុន​ហ្នឹង​ឯង បាន​តាំងទីលំនៅ​ក្រោយ​ប្រជាជន​ទេ ប្រជាជន​គាត់​នៅ​តាំង​ពី​ដូន​ពី​តា​គាត់​មក​ក្រុមហ៊ុន​មក ក្នុង​ឆ្នាំ២០១៥ ហ្នឹង»។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ក្រុមហ៊ុន គីម ជាធួន គ្រុប (Kim Gia Thuan Group Co., Ltd) តាម​រយៈ​លេខ​ទូរស័ព្ទ​ក្នុង​លិខិត​របស់​ក្រុមហ៊ុន តែ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន នៅ​ថ្ងៃ​ទី១១ មករា។ ចំណែក​តំណាង​ក្រុមហ៊ុន ឌែលខម ខែមបូឌា (Delcom Cambodia) វិញ អាស៊ី​សេរី ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

លោក ពុយ ឆេង ឲ្យ​ដឹង​បន្ថែម​ថា ក្រុមហ៊ុន​ទាំង​នេះ​បាន​ពង្រាយ​កម្លាំង​ទាហាន​យាមល្បាត​តំបន់​នោះ យ៉ាង​ប្រុងប្រយ័ត្ន និង​រារាំង​ឱ្យ​ពលរដ្ឋ​ម្ចាស់​ស្រុក មិន​ឱ្យ​ធ្វើ​ស្រែ​លើ​ដី​កេរ​ដូនតា​របស់​ខ្លួន​នោះ​ទេ។ លោក​ថា អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក​មិន​ត្រឹមតែ​មិន​ជួយ​ដោះស្រាយ​ក្តី​កង្វល់​របស់​ពលរដ្ឋ​នោះ​ទេ ថែម​ទាំង​គំរាម​កំហែង​ពលរដ្ឋ​ថា ដែល​ទាមទារ​ដី​ស្រែ​ចម្ការ​ពី​ក្រុមហ៊ុន​ទៀត​ផង៖ «ក្រុមហ៊ុន​គេ​ថា គេ​បាន​ច្បាប់​ពី​រដ្ឋាភិបាល ពួក​យើង​អត់​មាន​សិទ្ធិ​ធ្វើ​លើ​ដី​ហ្នឹង គេ​គំរាម ហើយ​គេ​ដាក់​កម្លាំង​ទាហាន​យាម​រាល់ថ្ងៃ​ហ្នឹង។ បើ​ប្រជាជន​ណា ទៅ​គេ​ត្រួស​បុស គេ​ហាម​គាត់​មិន​ឱ្យ​ត្រួស​ទេ​រាល់ថ្ងៃ​ហ្នឹង។ ជាង ២ពាន់​ហិកតារ​តែ​ផ្ទៃដី​ហ្នឹង​រួម»។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​រស់នៅ​ភូមិ​រំដេង លោកស្រី យឹម ផាត រៀបរាប់​ថា គ្រួសារ​លោកស្រី​មាន​ដី ១៥ហិកតារ អាស្រ័យ​ផល​ជាង ១០ឆ្នាំ​មក​ហើយ មាន​ដាំ​ស្វាយ​ចន្ទី ស្រូវ និង​ដំណាំ​រួម​ផ្សំ​ផ្សេងៗ ទៀត តែ​ត្រូវ​បាន​ក្រុមហ៊ុន រំលោភ​យក​ទាំង​ស្រុង​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោកស្រី​ថា គ្រួសារ​លោកស្រី និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត បាន​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ និង​អាជ្ញាធរ​ខេត្ត​ឱ្យ​ជួយ​រក​យុត្តិធម៌ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​ឡើយ៖ «ខ្ញុំ​ប្ដឹង​ទៅ​តុលាការ ខ្ញុំ​ប្តឹង​ទៅ​ចៅហ្វាយខេត្ត​ ​អត់​ឃើញ​មាន​ដំណោះស្រាយ​ទេ ៣ខែ​ហើយ។ អត់​ទាំង​អស់​ទឹក​ភ្នែក​រហាម សូម្បី​រើស​តែ​ចន្ទី​ក៏​មិន​ឱ្យ​រើស​ដែរ។ កាប់​ដើម​ដំបូង​ក៏​មិន​ឱ្យ​កាប់​ដែរ វា​ធ្វើ​បាប​តែ​អ្នក​ក្រីក្រ»។

ចំណែក​ពលរដ្ឋ​មាន​មាន​ជម្លោះ​ដីធ្លី​ម្នាក់​ទៀត​គឺ លោកស្រី ទូច ធី ត្អូញ​ថា ដី​កេរ​ឪពុក​ម្ដាយ​របស់​លោកស្រី​ទំហំ ១២ហិកតារ ត្រូវ​ក្រុមហ៊ុន ឌែលខម រំលោភ​យក​ទាំង​ស្រុង កាល​ពី​ដើម​ឆ្នាំ២០២០។ លោកស្រី​ថា ការ​បាត់បង់​ដី​ស្រែ​ចិញ្ចឹម​ជីវិត បាន​រុញច្រាន​ឱ្យ​ជីវភាព​គ្រួសារ​លោកស្រី​ធ្លាក់​ដុនដាប ហើយ​កូនៗ លោកស្រី ៣នាក់​បាន​បង្ខំចិត្ត​ឈប់​រៀន ធ្វើ​ចំណាក​ស្រុក។ លោកស្រី​ចោទ​អាជ្ញាធរ​ថា មិន​ត្រឹមតែ​មិន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ក្តី​កង្វល់​របស់​ពលរដ្ឋ​នោះ​ទេ ថែម​ទាំង​ប្រើ​កម្លាំង​យោធា​ប្រដាប់​អាវុធ​គំរាម​កំហែង​ពលរដ្ឋ៖ «ខ្ញុំ​ឡើង​មក​ប្ដឹង​នៅ​ខេត្ត និង​តុលាការ អត់​ឃើញ​មាន​ដំណោះស្រាយ​អី​ឱ្យ​ទេ។ ក្រុមហ៊ុន​គ្រប់គ្រង​ទាំងស្រុង ខ្ញុំ​ចូល​ធ្វើ​គេ​មិន​ឱ្យ​ធ្វើ​ទេ។ ចៅហ្វាយ​ស្រុក​ ​ទៅ​ប្រមាថ​យក​ខ្ញុំ​មក​ដាក់​ក្នុង​វង្ស​ក្រចក​សេះ។ ដី​កេរ​ពី​ម៉ែ​ឪ​ដី​ស្រែ គេ​យក​ទាំង​អស់​គ្មាន​សល់​ទី​តិច​ទេ»។

ចំណែក​អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ វិញ លោក​បដិសេធ​អធិប្បាយ​រឿង​នេះ ដោយ​លោក​រុញ​ឱ្យ​សួរ​ប្រធាន​រដ្ឋបាល​សាលាខេត្ត​ព្រះវិហារ​វិញ។

មេឃុំ​រម្យទម​លោក សោម ម៉ុត ទទួល​ស្គាល់​ថា មាន​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន ឌែលខម និង​ក្រុមហ៊ុន គឹម ជាធួន គ្រុប ក៏​ប៉ុន្តែ​ពួក​គាត់​ភាគ​ច្រើន បាន​ទៅ​ប្ដឹង​អាជ្ញាធរ​ជាតិ​ឱ្យ​ជួយ​ដោះ​ស្រាយ មិន​សូវ​ពឹង​អាជ្ញាធរ​ឃុំ​ទេ។ លោក​បញ្ជាក់​ថា ជម្លោះ​ដីធ្លី​នេះ​មាន​ភាព​ច្របូកច្របល់​ច្រើន ដោយសារ​មាន​តំបន់​ខ្លះ ពលរដ្ឋ​ទៅ​កាន់កាប់​មុន​ពេល​ដែល​ក្រុមហ៊ុន​មក​វិនិយោគ ហើយ​ក៏​មាន​តំបន់​ខ្លះ​ទៀត ក្រុមហ៊ុន​ទទួល​សិទ្ធិ​វិនិយោគ​មុន​ពេល​ពលរដ្ឋ​ទៅ​អាស្រ័យ​ផល។ លោក​បន្ថែម​ថា ក្រុមហ៊ុន​វិនិយោគ​នៅ​តំបន់​នោះ បាន​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់៖ «គេ​ប្រមូល​កម្លាំង​ដល់ ១០០នាក់ ប្ដឹង​ទៅ​ថ្នាក់​ជាតិ​ផ្ដិត​មេ​ដៃ ខ្លះ​ក៏​មិន​ដឹង​មិន​ឮ​ចេះ​តែ​ផ្ដិត​គេ​ទៅ។ គេ​មិន​ចង់​ឱ្យ​ក្រុមហ៊ុន​មាន​នៅ​ភូមិ​គេ​ហ្នឹង។ គេ​រំសាយ​ចោល​ក្រុមហ៊ុន គេ​ធ្វើ​ពាក្យ​បណ្ដឹង​ទៅ​ថ្នាក់​ជាតិ​អត់​ឱ្យ​ឃុំ និង​ភូមិ​ដឹង​ទេ គេ​ទៅ​ស្ងាត់ៗ តែ​គេ​ទេ»។

ទាក់ទង​រឿង​នេះ​អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែន​ករុណា យល់​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​គួរ​ចុះ​ស្រាវជ្រាវ និង​រក​ដំណោះស្រាយ​រឿង​នេះ​ជូន​ពលរដ្ឋ មិន​គួរ​អូស​បន្លាយ​ពេល​នោះ​ទេ ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ជីវភាព និង​ដី​អាស្រ័យ​ផល​របស់​អ្នក​ភូមិ។ លោក​ថា សមាគម​អាដហុក​បាន​ទទួល​បណ្ដឹង​ករណី​នេះ​ហើយ និង​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត៖ «ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ពួក​គាត់​បាន​ដាក់​ពាក្យ​ស្នើសុំ​ជា​លាយ​លក្ខណ៍​អក្សរ​ទាំង​អស់​ហ្នឹង គួរ​តែ​មាន​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ណា​មួយ​ធ្វើ​ការ​ទៅ​ស្រាវជ្រាវ​ពី​វិវាទ​ទាំង​អស់​ហ្នឹង រក​ដំណោះស្រាយ​ជូន​ពួក​គាត់​ជា​ជាង​ឱ្យ​ពួក​គាត់​មាន​ការ​អស់​ជំនឿ»

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក អាឡិកហាន់ដ្រូ ហ្គាន់សាឡេស ដេវីដសុន (Alejandro Gonzalez Davidson) ថ្លែង​ថា លោក​ទទួល​ព័ត៌មាន​ច្បាស់​ថា ត្រកូល ហ៊ុន បាន​រកស៊ី​អាជីវកម្ម​រ៉ែ​មាស នៅ​តំបន់​នោះ ទើប​ធ្វើ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​មិន​ហ៊ាន​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​ទាំង​នេះ។ លោក​បញ្ជាក់​ថា តំបន់​នោះ​ជា​កន្លែង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខ្នាត​ធំ របស់​ត្រកូល ហ៊ុន ដែល​មាន​ជំនួយ​បច្ចេកទេស​ពី​ប្រទេស​ចិន៖ «ដរាបណា​មាន​មាស​ក្រោម​ដី​នៅ​តំបន់​នោះ ហើយ​ដរាបណា លោក ហ៊ុន សែន ជាមួយ​គ្នា​គាត់​កាន់​អំណាច គឺ​គ្មាន​សង្ឃឹម​សម្រាប់​បរិស្ថាន និង​ពលរដ្ឋ​នៅ​តំបន់​នោះ ហើយ​ក៏​គ្មាន​សង្ឃឹម​ថា រដ្ឋ​តាម​រយៈ​ពន្ធ​ទទួល​ចំណូល គ្មាន​សង្ឃឹម​ទេ ខ្ញុំ​ហ៊ាន​ធានា ១០០ភាគ​រយ​។ ដរាបណា​មាន​មាស​ក្រោម​ដី​ដរាបណា​លោក ហ៊ុន សែន កាន់​អំណាច គឺ​គ្មាន​អី​ប្រែប្រួល​ទេ មាន​តែ​ពង្រីក​កាន់​តែ​ច្រើន​ទៅ​ផល​ប៉ះពាល់​ចំណូល​របស់​បុគ្គល​ពាក់ព័ន្ធ​កាន់តែ​ច្រើន ១០០ភាគ​រយ គឺ​អ៊ីចឹង»។

សកម្មជន​បរិស្ថាន​រូប​នេះ​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​លោក ហ៊ុន សែន ក្លាហាន ត្រូវ​និយាយ​រឿង​នេះ​ជា​សាធារណៈ​ប្រាប់​ពី​ចំណូល​ពន្ធ​ចូល​រដ្ឋ និង​ទំហំផ្ទៃ​ដី​ជាក់​ស្ដែង ដែល​ទទួល​សិទ្ធិ​វិនិយោគ។ លោក​ថា អាជ្ញាធរ​នៅ​តែ​លាក់​បាំង​ព័ត៌មាន ទាក់ទិន​អាជីវកម្ម​រ៉ែ​នៅ​តំបន់​ភ្នំ​លុង ធ្វើ​ឲ្យ​ពួក​លោក​សង្ស័យ​ថា អាជីវកម្ម​រ៉ែ​មាស​នៅ​ទីនោះ សុទ្ធ​សឹង​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់​គ្មាន​ការ​សិក្សា​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ត្រឹម​ត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment