សាច់ញាតិ​ថា ​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​ហូប​អាហារ​មិន​គ្រប់គ្រាន់​​នៅ​ពន្ធនាគារ​ព្រៃ​ស

ដោយ ខែ សុណង
2021-01-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាច់ញាតិ​ថា ​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​ហូប​អាហារ​មិន​គ្រប់គ្រាន់​​នៅ​ពន្ធនាគារ​ព្រៃ​ស

(ឆ្វេង) លោក ជុំ ពុទ្ធី កាល​ពីឆ្នាំ២០១៨ និង​លោកស្រី ឆេន សុវណ្ណា ប្រពន្ធ​របស់លោក ពេល​ចេញ​តវ៉ា​ទាមទារ​អាជ្ញាធរ​ឱ្យ​ដោះលែង​ប្ដី​លោកស្រី កាល​ពី​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋ


សាច់ញាតិ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ចូល​សួរ​សុខ​ទុក្ខ​ប្ដី​និង​ឪពុក​របស់​ពួកគេ​នៅ​រសៀល​ថ្ងៃ​ទី១២ ​មករា។ប្រពន្ធ​ជន​ជាប់​ឃុំ​ឱ្យ​ដឹង​ថា ប្ដី​របស់​គាត់​មាន​សភាព​ស្គម​ស្គាំង​​ខុស​ប្រក្រតី​ដោយ​សារ​គ្មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់​នៅ​ក្នុង​ពន្ធនាគារ។ មន្ត្រី​សង្គម​ស៊ីវិល​ លើក​ឡើង​ថា ​មន្ត្រី​ពន្ធនាគារ​គួរតែ​ដោះស្រាយ​រឿង​នេះ​ជូន​ពួកគាត់​ជា​បន្ទាន់ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ជន​ជាប់​ឃុំ។

ប្រពន្ធ​របស់​លេខា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង​លោក ជុំ ពុទ្ធី គឺ​លោក​ស្រី ឆេន សុវណ្ណា ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី១២ មករា​ថា ប្ដី​របស់​លោក​ស្រី​ធ្លាក់​ខ្លួន​ស្គមស្គាំង​ខុស​ពី​ធម្មតា បណ្ដាល​មក​ពី​ការ​ហូប​ចុក​អាហារ​មិន​គ្រាន់​គ្រាន់​នៅ​ក្នុង​ពន្ធនាគារ។ ស្ត្រី​មាន​ផ្ទៃ​ពោះ ៨ខែ​រូប​នេះ​បន្ត​ថា លោក​ស្រី​មាន​ជីវភាព​ក្រីក្រ​គ្មាន​ប្រាក់​ផ្ដល់​ឱ្យ​ប្ដី​ចាយវាយ​ក្នុង​ពន្ធនាគារ​នោះ​ឡើយ។លោក​ស្រី​បន្ថែម​ថា ប្ដី​របស់​គាត់​ត្អូញត្អែរ​ថា ​មួយ​រយៈ​នេះ​អ្នក​ជាប់ឃុំ​ដោយ​មូលហេតុ​នយោបាយ និង​សង្គម​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ រងា​​ដេក​មិន​សូវ​លក់​នោះ​ទេ៖ «ខ្ញុំ​មាន​អារម្មណ៍​ថា​ អាណិត​គាត់​ខ្លាំង​ ព្រោះ​កាល​តែ​យើង​និយាយ​ពី​សុខ​ភាព​ពី​បញ្ហា​គាត់​មិន​​សូវ​ហូប​បាយ​ ហើយ​គាត់​រងា​គាត់​ហូត​ទឹក​ភ្នែក​​។​ព្រោះ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ថ្ងៃ​នេះ​មក​លើក​ចុង​ក្រោយ​ហើយ​អត់​បាន​មក​ទៀត​ទេ​ ព្រោះ​ខ្ញុំ​ចាំ​តែ​ថ្ងៃ​សម្រាល​កូន​ ដល់​ពេល​អីចឹង​ទៅ​គាត់​មាន​ទឹក​ភ្នែក​រលីងរលោង​។តាំង​ពី​គាត់​ជាប់​ពន្ធនាគារ​មក​អត់​មាន​អ្នក​ណា​មក​ក្រៅ​ពី​ខ្ញុំ​ទេ​ ដែល​មក​មើល​គាត់​នោះ​។​ឥឡូវ​ខ្ញុំ​មក​មើល​​គាត់​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​ខ្ញុំ​លែង​បាន​មក​មើល​គាត់​ហើយ​ មិន​ដឹង​ថ្ងៃ​ណា​ខែ​ណា​ទេ ព្រោះ​ខ្ញុំ​ចាំ​តែ​ថ្ងៃ​ឆ្លង​ទន្លេ​»

ប្រពន្ធ និង​កូន​របស់​សកម្មជន​គណបក្ស​ប្រឆាំង ៧នាក់​​បាន​ចូល​រួម​សួរ​សុខ​ទុក្ខ​ប្ដី​និង​ឪពុក​របស់​ពួកគេ​នៅ​ពន្ធនាគារ​ព្រៃស​នៅ​រសៀល​ថ្ងៃ​ទី១២ មករា។

ទាក់ទង​នឹង​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ នៃ​ក្រសួង​មហាផ្ទៃ​ លោក នុត សាវនា ប្រាប់​អាស៊ី​សេរី​ថា ពន្ធនាគារ​ព្រៃស​មាន​របប​អាហារ​ហូប​ចុក​គ្រប់​គ្រាន់ និង​មាន​រស​ជាតិ​​អាច​ទទួល​យក​បាន។ លោក​ប្រាប់​ថា មន្ត្រី​ពន្ធនាគារ តែង​យក​ចិត្ត​ទុក​ដាក់​ពី​សុខភាព​របស់​ជន​ជាប់​ឃុំ​ស្មើៗ គ្នា។ លោក​ទទួល​ស្គាល់​ថា មួយ​រយៈ​នេះ​អាកាស​ធាតុ​​ប្រែប្រួល​ឆាប់​រហ័ស​ ដែល​មិន​អាច​ត្រៀម​ភួយ​​ចែក​ជន​ជាប់​ឃុំ​ទាន់​ពេល​វេលា៖ «បើ​ថា អ្នក​ណា​ដែល​គាត់​គេង​អត់​បាន​ដោយ​សារ​អាកាស​ធាតុ​ត្រជាក់​ពេក​ហ្នឹង យើង​នឹង​ខិតខំ​ព្យាយាម​ផ្ដល់​ជូន។ យើង​អត់​មាន​ឱ្យ​គាត់​វេទនា​ដល់​ថ្នាក់​ហ្នឹង​ទេ​ តែ​សំខាន់​ឱ្យ​គាត់​ប្រាប់​ទៅ​មន្ត្រី​យើង​ឱ្យ​គាត់​បាន​ដឹង​ផង ព្រោះ​វា​ខុស​ពី​ឆ្នាំ​មុនៗ ដូច​ខ្ញុំ​ជម្រាប​អីចឹង មក​ភ្លាមៗ អាកាស​ធាតុ​ឥឡូវ​មក​ដល់​ខែ​មករា​ហើយ​ ស្រាប់​តែ​ខ្យល់​ត្រជាក់​មក​អ្នក​ណា​ទៅ​ដឹង​លោក»

ទោះ​ជា​យ៉ាង​ណា​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក​ នី សុខា យល់​ថា រឿង​នេះ​បាន​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពុំ​មែន​ទើប​តែ​កើត​មាន​ក្នុង​ពេល​នេះ​ទេ។ លោក​ប្រាប់​ថា កាល​ពី​លោក​ជាប់​ពន្ធនាគារ អាហារ​ហូប​ចុក​មិន​គ្រប់​គ្រាន់ និង​គ្មាន​រស់​ជាតិ​នោះ​ឡើយ។ លោក​បន្ត​ថា ជន​ជាប់​ឃុំ​ដែល​មាន​ជីវភាព​ក្រីក្រ​ហូប​អាហារ​នៅ​ក្នុង​ពន្ធនាគារ ចំណែក​ឯ​អ្នក​ជាប់​ឃុំ​ដែល​មាន​ជីវភាព​ធូរធារ​វិញ ពួកគាត់​ទិញ​ចំណីអាហារ​នៅ​ក្នុង​ពន្ធនាគារ​ហូប​បន្ថែម​ទើប​អាច​រស់​នៅ​បាន។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បញ្ជាក់​ថា ​ក្រសួង​មហាផ្ទៃ​គួរតែ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ជន​ជាប់​ឃុំ​ជា​បន្ទាន់ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគាត់​នៅ​ពេល​ខាង​មុខ៖ «ហើយ​ជា​ទូទៅ​នៅ​ពន្ធនាគារ​ហ្នឹង​មាន​ការ​រឹត​បន្តឹង​ទៀត នៅ​ពេល​ដែល​យក​សម្ភារៈ​ចូល​ហ្នឹង។ មាន​ការ​បន្ធូរបន្ថយ​ខ្លះ ចំពោះ​អ្នក​ដែល​គេ​មាន​លទ្ធភាព អ្នក​ដែល​គេ​មាន​មុខ​មាន​មាត់​អីចឹង​ទៅ​ ដូច​ជា​អាជ្ញាធរ​ដែល​ធ្លាប់​ធ្វើ​ការ​ខាង​ក្រៅ​ហើយ គាត់​ទៅ​ជាប់​ពន្ធនាគារ ឬ​អ្នក​ឧកញ៉ា អា​ហ្នឹង​គេ​មិន​ប្រើ​ទេ​សម្ភារៈ​នៅ​ក្នុង​ពន្ធនាគារ​ហ្នឹង​នោះ​ កុំ​ថា​ឡើយ​ដល់​ភួយ​ដល់​មុង សូម្បី​ខោអាវ​ហ្នឹង ក៏​គេ​មិន​ចង់​ប្រើ​ខោអាវ​ពន្ធនាគារ​ហ្នឹង​ដែរ។ អ្នក​ខ្លះ​ទៅ​កាត់​ខោអាវ​ផ្សេង​ពី​ខោអាវ​ហ្នឹង​ទៅ​ទៀត»

ក្រុម​ស្ត្រី​ដែល​ជា​ប្រពន្ធ និង​កូន​របស់​ជន​ជាប់​ឃុំ​ទាំង​នោះ ចាត់​ទុក​ការ​ចាប់​ឃុំខ្លួន​នេះ​ថា ជា​រឿង​អយុត្តិធម៌​ធ្វើ​បាប​ប្រជាពលរដ្ឋ​ទន់​ខ្សោយ ដើម្បី​ផ្គាប់​ចិត្ត​លោក ហ៊ុន សែន។ ក្រុម​ស្ត្រី​ទាំង​នោះ​ប្រកាន់​ជំហរ​ថា ពួក​គាត់​នឹង​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ឱ្យ​មាន​យុត្តិធម៌​សង្គម​នៅ​ចុង​សប្ដាហ៍​នេះ​បន្ត​ទៀត និង​ធ្វើ​សកម្មភាព​រហូត​ដល់​មាន​ដំណោះ​ស្រាយ។

ក្រុម​អ្នក​សង្កេត​ការណ៍ ​បាន​ចាត់​ទុក​ករណី​ទាំង​នេះ​ថា ជា​រឿង​នយោបាយ ដើម្បី​បំបិទ​សិទ្ធិ​ពលរដ្ឋ​ និង​កម្ចាត់​កម្លាំង​គាំទ្រ​ដែល​នៅ​សេសសល់​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "សាច់ញាតិ​ថា ​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​ហូប​អាហារ​មិន​គ្រប់គ្រាន់​​នៅ​ពន្ធនាគារ​ព្រៃ​ស"

  1. so socheath says:

    គុកជាសណ្ឋាគារ ជាភោជនីយដ្ឋាន មែនទេ ?
    បើអញ្ចឹងមែន គេមិនហៅថាគុកទេ ។

  2. Anonymous says:

    this animal is sourly HA …TMILL ETHSASNA CHEA SHUT NORUOK