អង្គការសុខភាព​ពិភពលោក​ ​នៅខ្វះ​លុយ​ជិត​ ​៥​ ​ពាន់​លាន​ដុល្លារ​ទៀត​ ​ដើម្បី​កក់​ទិញ​វ៉ាក់សាំង

ដោយ​លោក មួង ណារ៉េត
2021-01-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គការសុខភាព​ពិភពលោក​ ​នៅខ្វះ​លុយ​ជិត​ ​៥​ ​ពាន់​លាន​ដុល្លារ​ទៀត​ ​ដើម្បី​កក់​ទិញ​វ៉ាក់សាំង

ប្រធានអង្គការសុខភាពពិភពលោក លោក ថិតរ៉ូស អែតណឹម (Tedros Adhanom Ghebreyesus) AP/Pfizer


អង្គការសុខភាព​ពិភពលោក​ (​WHO​) ​ថា ​ខ្លួន​នៅខ្វះ​លុយ​ជិត​ ​៥ពាន់​លាន​ដុល្លារ​ទៀត​ឯណោះ​ ​សម្រាប់​កក់​ទិញ​វ៉ាក់សាំង​ ​ឲ្យ​ប្រទេស​ក្រីក្រ​ទាំងអស់​ ​នៅ​លើ​ពិភព​លោក​។​

អង្គការ​នេះ​បញ្ជាក់​ថា​ ​មកដល់ពេលនេះ​ ​ខ្លួន​ទើប​តែ​រៃ​អង្គាស​ប្រាក់​បាន​ ​២.៤០០លាន​ដុល្លារ​ប៉ុណ្ណោះ​ពី​ប្រទេស​ ​១​៩​០​ ​នៅ​ទូទាំង​ពិភពលោក​។​  ​ប៉ុន្តែ​ ​ថវិកា​ដែល​ត្រូវ​ការចាំបាច់​ ​សម្រាប់​ទិញ​វ៉ាក់សាំង​ ​គឺ​ត្រូវ​មាន​រហូតដល់​ ​៧.០០០​លាន​ដុល្លារ​ឯណោះ​។​ ​អង្គការ​នេះ​ ​គ្រោង​ចែកចាយ​វ៉ាក់សាំង​ ​ឲ្យបាន​ ​២​០​០​០​ ​លាន​ឈុត​ ​ត្រឹម​ចុង​ឆ្នាំ​ ​២​០​២​១​។​ ​ពិភពលោក​ទាំងមូល​ ​មាន​ពលរដ្ឋ​សរុប​ជិត​ ​៨.០០០​លាន​នាក់​។​

​មកដល់ពេលនេះ​ ​មាន​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ ​ចំនួន​២​០​ ​ហើយដែល​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ​ ​នៃ​ការពិសោធន៍​លើ​មនុស្ស​។​ ​ចំណែក​ឯ​វ៉ាក់សាំង​ចំនួន​​១០​ ​ត្រូវ​បាន​ទទួលស្គាល់​ឲ្យ​ប្រើប្រាស់​។​ ​ក្នុង​នោះ​ ​វ៉ាក់សាំង​ ​៨​ ​ត្រូវ​បាន​ទទួលស្គាល់​ឲ្យ​ប្រើប្រាស់​ក្នុង​ក​ម្រិ​ត​តិចតួច​ ​និង​វ៉ាក់សាំង​ពីរ​ ​ត្រូវ​បាន​ទទួលស្គាល់​ឲ្យ​ប្រើប្រាស់​ទូទៅ។

​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​អង្គការសុខភាព​ពិភពលោក​ ​មិនទាន់​បាន​ផ្តល់​អាជ្ញាប័ណ្ណ​បន្ថែម​ ​ទៅ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ណា​មួយទៀត​នៅឡើយ​ ​ក្រៅតែ​ពី​ទទួលស្គាល់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​អាមេរិក​ ​និង​អាល្លឺម៉ង់​ឈ្មោះ​ ហ្វៃហ្ស៊ើ​រ​ ​និង​ ​បៃ​អូ​អិ​ន​ថិ​ក​ (​P​f​i​z​e​r ​and​ B​ioN​T​e​c​h​) ​កាលពី​ចុង​ឆ្នាំ​ ​២​០​២​០​។​ ​ការ​ទទួលស្គាល់​នេះ​ទៀតសោត​ ​គឺ​សម្រាប់​តែ​ការប្រើប្រាស់​បន្ទាន់​សិន​ប៉ុណ្ណោះ​ ​មិនទាន់​ទទួលស្គាល់​ ​ឲ្យ​ចែកចាយ​ទូលំទូលាយ​នៅឡើយ​។​

​កន្លងមក​ការ​សិក្សាស្រាវជ្រាវ​ ​រក​ប្រភព​ដើម​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​ផ្ទុះ​ដំបូង​នៅ​ទីក្រុង​វូ​ហាន​ ​ប្រទេស​ចិន​​ជួប​ឧបសគ្គ​ ​ដោយសារតែ​អាជ្ញាធរ​ចិន​​មិន​អនុញ្ញាត​ឲ្យ​​មន្រ្តី​​ជំនាញ​របស់​អង្គការសុខភាព​ពិភពលោក​ ​ចុះទៅ​សិក្សាស្រាវជ្រាវ​ដល់​ទីកន្លែង​។​ ​ប្រធាន​អង្គការសុខភាព​ពិភពលោក​ខក​ចិត្តនឹង​ឥរិយា​បទ​របស់​ចិន​ ​ដែល​រារាំង​ក្រុម​អ្នកជំនាញ​បែប​នេះ​។​

​ប៉ុន្តែ​ ​ក្រោយ​រង​សម្ពាធ​ជុំ​ទិស​ពី​អន្តរជាតិ​ ​អាជ្ញាធរ​ចិន​ ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​មករា​ ​បាន​បើកភ្លើង​ខៀវ​ ​យល់ព្រម​ឲ្យ​ម​ន្រ្តី​ជំនាញ​អង្គការសុខភាព​ពិភពលោក​ ​ចុះទៅ​ពិនិត្យ​ដល់​ទីកន្លែង​។​ ​ក្រុម​អ្នកជំនាញ​របស់​អង្គការសុខភាព​ពិភពលោក​ ​ដែល​មាន​គ្នា​ ​១០នាក់​ ​នឹង​ទៅដល់​ប្រទេស​សិង្ហបុរី​ ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​មករា​ ​រួចហើយ​នឹង​ធ្វើដំណើរ​បន្ត​ទៅ​ទីក្រុង​វូ​ហាន​។​ ​ម​ន្រ្តី​ចិន​ថា​ការ​យឺតយ៉ាវ​ក្នុង​ការអនុញ្ញាត​ឲ្យ​ម​ន្រ្តី​ជំនាញ​ទៅ​ទីក្រុង​វូ​ហាន​កន្លងមក​ ​គឺ​ដោយសារ​ការ​មិន​យល់គ្នា​។​ ​ប៉ុន្តែ​ ​ជំហរ​របស់​ចិន​ ​កន្លងមក​ ​គឺ​ចង់​ទាញ​ការចាប់អារម្មណ៍​របស់​ពិភពលោក​​​ឲ្យ​យល់​ថា ​ជំងឺ​កូ​វី​ដ​-​១​៩​ ​មិនមែន​កើត​នៅ​ចិនមុន​គេ​ទេ​ ​គឺ​កើត​នៅ​អាមេរិក​។​

​គិត​មកដល់ពេលនេះ​ ​អ្នក​កើតជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ទូទាំង​ពិភពលោក​ ​កើន​ដល់​ជាង​ ​៩​១​លាន​ ៥​សែន​នាក់​ (៩១.៥៤៦.៥១០) ​និង​អ្នក​ស្លាប់​កើន​ដល់​ជិត​ ​២​​លាន​នាក់​ (១.៩៥៩.០៣៥)​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment