តុលាការ​ចោទ​សួរ​អតីត​មន្រ្តី​​ CNRP​ ជុំវិញ​ការ​ចែក​រំលែក​សារ​កេណ្ឌ​គ្នា​ទៅ​ទទួល​លោក​ សម​ រង្ស៊ី

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
កញ្ញា ខាន់ លក្ខិណា | ១៤ មករា ២០២១ |ម៉ោង ១៨:១៤
VOD

ក្រុម​អ្នកគាំទ្រ សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត នៅ​រង់ចាំ​ពីមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ពេល​សវនាការ​អតីត​សកម្មជន​បក្ស​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

ក្រុម​អ្នកគាំទ្រ សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត នៅ​រង់ចាំ​ពីមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ពេល​សវនាការ​អតីត​សកម្មជន​បក្ស​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)


ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ បានសាកសួរអតីត​សកម្មជន​និងមន្រ្តីគណបក្សសង្គ្រោះជាតិ (CNRP) ២នាក់ ជុំវិញការចែករំលែក​សារ​ក្នុង​បណ្តាញសង្គម​​ហ្វេសប៊ុកដែលត្រូវបានចោទថា​ ជាសារញុះញង់​ឱ្យមានការប្រមូលកម្លាំងទៅទទួលលោក សម រង្ស៊ី កាលពីថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានបើកសវនាការសំណុំរឿងសកម្មជនអតីត​គណបក្សសង្គ្រោះជាតិ និងសកម្មជនសិទ្ធិមនុស្ស ប្រមាណ៦០នាក់​ ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។  

ប៉ុន្តែសវនាការនេះមានវត្តមានអ្នក​ដែលត្រូវបាន​កោះហៅទៅសវនាការតែ១១នាក់ប៉ុណ្ណោះ ខណៈមេដឹកនាំនិង​មន្ត្រីជាន់ខ្ពស់​អតីតបក្សប្រឆាំងចំនួន​៩នាក់​ទៀត​ ក្នុងនោះមានលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង  អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក ឡុង រី ជាដើម អវត្តមាន។ 

ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានសួរដេញដោល​ទៅអតីតសកម្មជនបក្សប្រឆាំង លោក កាក់ កុម្ភារ ជុំវិញដំណើរការវិលត្រឡប់របស់លោក សម រង្ស៊ី និងសួរពីសារតាមបណ្តាញសង្គមរបស់​មន្ត្រីអតីតបក្សប្រឆាំង លោក អេង ឆៃអ៊ាង ដែលបានផ្ញើទៅគាត់​​ឱ្យប្រមូលកម្លាំង ដើម្បីទៅទទួលលោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ឈរនៅរង្វង់ក្រចកសេះ លោក កាក់ កុម្ភារ បានឆ្លើយ​តប​ទៅចៅក្រមថា  រូបលោកបានដឹងពីដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី តាមរយៈការស្ដាប់ព័ត៌មាននិងមើលតាមប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុក។ ចំពោះការទទួលសារពីលោក អេង ឆៃអ៊ាង វិញ លោកថា មិនបានទទួលទេ ហើយក៏មិនដែលមានទំនាក់ទំនងជាមួយនឹងថ្នាក់ដឹកនាំណាម្នាក់​ដែរ ដោយសារ​រវល់រឿងរកទទួលទានចិញ្ចឹមជីវិត។

ការសួរជជីកដេញដោល​នេះ មិនធ្វើឡើងតែចំពោះលោក កាក់ កុម្ភារ នោះទេ ចៅក្រមក៏សួរសំណួរ​នេះទៅអតីតប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ពោធិ៍សែនជ័យ លោក ហេង ចន្ទ​​សុធី ដែរ។

លោក ចន្ទសុធី ប្រាប់ទៅ​ចៅក្រមថា លោកទទួលបានសាររបស់លោក អេង ឆៃអ៊ាង ហើយបានចែករំលែកចូលទៅក្នុងក្រុម​​ឆាតឈ្មោះ «មាតុភូមិនិវត្តន៍» និងបានចែករំលែកទៅអ្នកផ្សេងទៀត។ លោកបន្តថា ត្បិតតែលោកបានចែករំលែកសារសំឡេងរបស់លោក អេង ឆៃអ៊ាង ទៅអ្នកផ្សេងទៀត​​ក៏ដោយ ប៉ុន្តែលោកមិនបានប្រមូលកម្លាំងដើម្បីទៅទទួលលោក សម រង្ស៊ី នោះទេ។

លោកថា៖ «ខ្ញុំបាន Share [ចែករំលែក] សារចូល Group “មាតុភូមិនិវត្តន៍” ខ្លឹមសារ “សូមបងប្អូនកុំតក់ស្លុត កុំភ័យខ្លួន ប្រឆាំងជនផ្ដាច់ការ ព្រោះគេរំលាយគណបក្សយើង”។ ខ្ញុំបានឆ្លើយតបលោក អេង ឆៃអ៊ាង ថាខ្ញុំបានទទួលចែករំលែកសារនោះហើយ»។

ក្រៅពីសួរអំពីសាររបស់លោក អេង ឆៃអ៊ាង ប្រាប់ឱ្យប្រមូលកម្លាំងទទួលលោក សម រង្ស៊ី នោះ ចៅក្រមក៏បានសួរលោក ចន្ទសុធី អំពីការអំពាវនាវរបស់លោក សម រង្ស៊ី ដែលញុះញង់ឱ្យប្រជាពលរដ្ឋនិងកងទ័ពកុំស្ដាប់បង្គាប់រដ្ឋាភិបាលដែរ។

លោក ហេង ចន្ទសុធី ថាលោកបានដឹងដោយការស្ដាប់ព័ត៌មាន ប៉ុន្តែមិនបានធ្វើតាមការអំពាវនាវនោះទេ។

លោកថា៖ «ខ្ញុំគិតថា លោក សម រង្ស៊ី គ្មាន​កម្លាំងណាទៅប្រឆាំងនឹងរដ្ឋាភិបាលទេ»។

ក្នុងសវ​នាការ​នោះដែរ​ តំណាងអយ្យការ លោក សេង ហៀង ក៏បានសួរសំណួរដូចគ្នា​នេះទៅលោក កាក់ កុម្ភារ និងលោក ហេង ចន្ទសុធី ដែរ។

ក្រោយពីសួរដេញដោលពេញមួយព្រឹក ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ​ បានសម្រេចផ្អាក​សវនាការ ដោយនឹង​​បន្តធ្វើ​នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ខាងមុខបន្តទៀត។

មេធាវីការពារក្ដីឱ្យលោក កាក់ កុម្ភារ និងលោក ហេង ចន្ទសុធី គឺលោក សំ សុគង់ ប្រាប់អ្នកសារព័ត៌មាន​បន្ទាប់ចេញពីសវនា​ការថា ការអះអាងរបស់កូនក្ដីលោកចំពោះការទៅទទួលលោក សម រង្ស៊ី មិនមែនជាកំហុសនោះទេ។

លោកបន្ត​ថា៖‍ «នៅមានភស្តុតាងផ្សេងទៀតក្រៅពីចម្លើយ ព្រោះចម្លើយមិនមែនជាភស្តុតាងដាច់ណាត់ត្រូវតែយកមកដាក់បន្ទុក នៅមានភស្តុតាងផ្សេងៗទៀតដែលសួរដេញដោលក្នុងពេលសវនាការខាងមុខទៀត»។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ដែលបានចូលរួមតាមដានសវនាការ ចាត់ទុកការសួរដេញដោល​​ចំពោះសកម្មភាពពាក់ព័ន្ធនឹងការប្រើប្រាស់បណ្ដាញសង្គមទៅលើ​អតីតសកម្មជនបក្សប្រឆាំងនោះថា ជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ។

លោកថា៖ «ភាគច្រើនសួរអំពីការប្រើប្រាស់បណ្ដាញសង្គមរបស់គាត់ ការបញ្ចេញមតិរបស់គាត់​។ អ៊ីចឹងសម្រាប់ខ្ញុំ ក៏ឆ្ងល់ដែរថា បើគ្រាន់តែបង្ហាញ​ សម្ដែងមតិនៅតាមបណ្ដាញសង្គម​ ការមានហ្វេសប៊ុក​ ដូចថា មានក្រុមអីក្នុងហ្វេសប៊ុក​ តើវាអាចចាត់ចូលជាអំពើក្បត់ជាតិយ៉ាងម៉េច​? ការចោទប្រកាន់អំពីបទក្បត់ជាតិនេះ វាធ្ងន់ធ្ងរណាស់​​។ យើងត្រូវសួរខ្លួនយើងថា ពួកគាត់ក្បត់ជាតិ ក្បត់ជាមួយអ្នកណា? ខ្ញុំមិនដែលឃើញការចោទប្រកាន់ទៅ​លើជនល្មើសដទៃទៀតទេ»។

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ​ លោកស្រី រ៉ូណា ស្មីត បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីម្សិលមិញថា លោកស្រី​បាននិងកំពុងដានយ៉ាងដិតដល់នូវវិធានការផ្លូវច្បាប់និងដំណើរការនីតិវិធីរបស់​តុលាការ ទៅលើសមាជិកនិងអ្នកគាំទ្រមួយចំនួនរបស់អតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ។

ក្រៅពីធ្វើការតាមដាន លោកស្រីក៏បង្ហាញកង្វល់អំពីការជំនុំជម្រះក្តីដែលមានលក្ខណៈទ្រង់​ទ្រាយ​ធំទៅលើ​មនុស្ស​ដល់ទៅ៦០នាក់ដែលបានធ្វើឡើង​នៅថ្ងៃនេះ រួមនឹងការកាត់ទោសកំបាំងមុខ បើទោះ​ជាជនជាប់ចោទបានព្យាយាមវិលត្រឡប់មកប្រទេសកម្ពុជាវិញដើម្បី​ចូលរួមក្នុងការជំនុំជម្រះក្តីនេះ​ក៏ដោយ។

លោកស្រីក៏បានស្នើ​យ៉ាង​ទទូចដល់រដ្ឋាភិបាល​កម្ពុជា គោរពសិទ្ធិទទួលបាននូវការជម្រះក្តីប្រកប​ដោយ​យុត្តិធម៌ដល់​បុគ្គលទាំងនោះ ដូចដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលប្រទេសកម្ពុជាជារដ្ឋភាគី៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "តុលាការ​ចោទ​សួរ​អតីត​មន្រ្តី​​ CNRP​ ជុំវិញ​ការ​ចែក​រំលែក​សារ​កេណ្ឌ​គ្នា​ទៅ​ទទួល​លោក​ សម​ រង្ស៊ី"

  1. so socheath says:

    នេះហើយជាដើមចម ដែលនាំឲ្យជាប់គុកនោះ !
    វាជាការឃុបឃឹត ប្រព្រឹត្តអំពើក្បត់ជាតិ !
    យល់ទេប៉ុណ្ណឹង !

Leave a Reply

Submit Comment