ដោយ សន ចាន់រដ្ឋា
2021-01-14
RFA

រូបភាពខាងឆ្វេង គឺអគារនៅមុនពេលបាក់រលំ ដែលកំពុងចាក់ប្លង់សេជាន់ទី៧ មួយសន្លឹកទៀត។ រូប៖ ពលរដ្ឋ
ចៅក្រមសាលាដំបូងខេត្តកំពត សម្រេចឲ្យបើកការស៊ើបអង្កេតបន្ថែមក្នុងសំណុំរឿងបាក់អគារកម្ពស់ ៧ជាន់នៅខេត្តកែបកាលពីដើមឆ្នាំ២០២០។ សាច់ញាតិកម្មកររងគ្រោះ និងសហជីពស្វាគមន៍សាលក្រមនេះ តែជំរុញឲ្យពន្លឿនការស៊ើបអង្កេតនេះ ដើម្បីឆាប់ទទួលបានយុត្តិធម៌។
ការស៊ើបអង្កេតសំណុំរឿងបាក់អគារនៅខេត្តកែបស្លាប់មនុស្សជិត ៤០នាក់នោះ នឹងត្រូវបន្តទៅមុខទៀត តាមសេចក្ដីសម្រេចរបស់ចៅក្រមជំនុំជម្រះតុលាការខេត្តកំពត នៅថ្ងៃទី១៣ មករា។ ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកំពត លោក ម៉ាន់ បូរ៉េត ប្រាប់អាស៊ីសេរីថា ចៅក្រមមិនបានបញ្ជាក់ពីមូលហេតុនៃការសម្រេចនេះទេ ហើយលោក ក៏មិនដឹងថា អាជ្ញាធរខាងណា ជាអ្នកទទួលបន្ទុក បើកការស៊ើបអង្កេតបន្ថែមនេះដែរ៖ «បើគ្រាន់តែចាត់របៀបអ្នកណាក៏គេដឹងដែរ។ ចាត់របៀប ស៊ើបអង្កេតបន្ថែម តែប៉ុណ្ណឹង ដើម្បីស្វែងរករឿងណាមួយ ដែលចៅក្រម គាត់ចងរក គាត់មិនទាន់ច្បាស់។ អូ! បើប្រាប់មូលហេតុរឿង ការងារសំងាត់ស៊ើបអង្កេតបន្ថែម គឺមិនអាចទេ។ បើប្រាប់រឿងហ្នឹង វាបែកបាត់ហើយ»។
ចៅក្រម និងជាអនុប្រធានសាលាដំបូងខេត្តកំពត លោក ម៉ែន វណ្ណៈ បានប្រកាសសាលក្រមចាត់របៀប ដោយតម្រូវឱ្យស៊ើបអង្កេតបន្ថែមសំណុំរឿងនេះ នៅមុខមេធាវីតំណាងចំនួន៤រូប និងជនរងគ្រោះចំនួន៥រូប។ ប៉ុន្តែម្ចាស់សំណង់អគារ ឈ្មោះ ឯក សារុន និងប្រពន្ធ ដែលត្រូវជាបងបង្កើតរបស់មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច លោក ឯក សំអុល នោះ មិនមានវត្តមានក្នុងពេលប្រកាសសាលក្រមនេះទេ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីប្រធានក្រុមមេធាវីស្ម័គ្រចិត្តរដ្ឋាភិបាល លោក គី តិច ក្នុងសំណុំរឿងបាក់អគារនៅខេត្តកែបនេះបានទេ នៅថ្ងៃទី១៣ មករា។ ប៉ុន្តែ លោក គី តិច បានប្រាប់កាសែតក្នុងស្រុក (Phnom Penh Post) នៅមុខពេលប្រកាសសាលក្រមថា សំណុំរឿងនេះស្មុគស្មាញខ្លាំង ដោយសារតែមានកម្មកររងរបួស និងស្លាប់ច្រើន។
ទោះជាយ៉ាងណាក្ដី សាច់ញាតិកម្មកររងគ្រោះខ្លះអះអាងថា ពួកគាត់មិនដឹងពីដំណើរការ សំណុំរឿងនេះទាល់តែសោះ ហើយពួកគាត់មិនអាចទាក់ទងក្រុមមេធាវីបានទៀត។ ម្ដាយរបស់កម្មកររងគ្រោះម្នាក់ ឈ្មោះ ហាស់ សុគន្ធ ដែលស្លាប់មួយគ្រួសារ ៤នាក់ ក្នុងហេតុការណ៍នោះ គឺលោកស្រី ចាន់ នាង ប្រាប់ថា លោកស្រី និងគ្រួសារជនរងគ្រោះមួយចំនួនទៀត មិនធ្លាប់ទទួលដំណឹងពីដំណើរការស៊ើបអង្កេត សវនាការ និងមិនដឹងពីការសម្រេចក្ដីអ្វីទាំងអស់ ដោយសារខាងតុលាការ និងមេធាវី មិនដែលបានជូនដំណឹងឲ្យខាងក្រុមគ្រួសារ។ លោកស្រី ស្នើសុំឲ្យតុលាការ និងមេធាវី សហការជិតស្និតជាមួយគ្រួសាររងគ្រោះ និងពន្លឿនសំណុំរឿងនេះ ដើម្បីឲ្យមានយុត្តិធម៌៖ «ខ្ញុំចង់ដឹងអ្នកបាក់អគាររងគ្រោះដូច(គ្រួសារ)ខ្ញុំ នៅខាងកំពង់ស្ពឺ ខ្ញុំតេទៅសួរវា វាថា អត់ដែរ។ វាថា អត់ឮគេថាម្ដេចដែរ។ ក្មួយខ្ញុំនៅខាងកំពង់ស្ពឺ (រងគ្រោះស្លាប់) ហើយ (សាច់ញាតិ) ប្រាប់ថា អត់ដឹងរឿង (ខាងតុលាការ) ដែរ»។
ចំណែកអនុប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សួ ឆ្លូញ លោកយល់ថា ការប្រកាសសាលក្រមចាត់របៀបពេលនេះ គឺជាជំហានល្អមួយ នៃសំណុំរឿងបាក់អគារនេះ។ តែយ៉ាងណា លោកសង្កេតឃើញថា អាជ្ញាធរមានសមត្ថកិច្ច មិនបានបញ្ចេញព័ត៌មាន នៃសំណុំរឿងនេះ ឲ្យបានទូលាយទេ។
អ្នកឃ្លាំមើលសិទ្ធិកម្មករសំណង់រូបនេះ ចង់ឲ្យតុលាការពន្លឿននីតិវិធី និងត្រូវធានាពីការផ្ដល់យុត្តិធម៌ពេញលេញ សម្រាប់កម្មករសំណង់រងគ្រោះទាំងអស់។ លោក បន្តថា ខាងសហជីពកម្មករសំណង់ នៅតែបន្តឃ្លាំមើលករណីនេះ និងបានត្រៀមលិខិតដាក់ជូនក្រុមមេធាវីរដ្ឋាភិបាល ដើម្បីសុំជជែក និងជំរុញផ្នែកច្បាប់៖ « អ៊ីចឹង សម្រាប់យើង គឺនៅតែបន្តការជំរុញ ក៏ដូចជា ចូលរួមតាមដាន ក្នុងការបើកសវនាការ ក៏ដូចជាការស៊ើបសួររបស់តុលាការ»។
ហេតុការណ៍បាក់អគារកម្ពស់ ៧ជាន់ នៅខេត្តកែប កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បណ្ដាលឱ្យកម្មករសំណង់ និង ប្រពន្ធកូន សាច់ញាតិ សរុបចំនួន ៣៦នាក់ស្លាប់ និងរងរបួស ២៣នាក់។ ជនរងគ្រោះ ស្លាប់ទាំង ៣៦នាក់ (ស្រី ១៤នាក់) មានកុមារ ជាកូនរបស់កម្មករសំណង់ ចំនួន ៦នាក់ (ក្មេងស្រី ២នាក់)។
រដ្ឋាភិបាលមិនបានស្ដីបន្ទោស ឬ ចាប់ឲ្យអាជ្ញាធរណាម្នាក់ ទទួលខុសត្រូវរឿងនេះទេ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់ការទទួលខុសត្រូវទាំងស្រុង ទៅលើមេការសំណង់ម្នាក់ ដែលស្លាប់ក្នុងហេតុការណ៍នោះ ជាមួយកូនស្រី។ ប្រមុខរដ្ឋាភិបាលរូបនេះ អះអាងថា ការបាក់រលំអគារនោះ ដោយសារកំហុសបច្ចេកទេស ក្នុងពេលសាងសង់។ ចំណែកម្ចាស់អាគារនោះវិញ តុលាការខេត្តកំពត ក៏មិនបានឃុំខ្លួនពួកគេដែរ ដោយគ្រាន់តែតម្រូវឲ្យបង់ប្រាក់តម្កល់ធានា ដើម្បីនៅក្រៅឃុំបណ្ដោះអាសន្ន។
រយៈពេល ៧ខែ ពីពាក់កណ្ដាលឆ្នាំ២០១៩ ដល់ដើមឆ្នាំ២០២០ មានករណីបាក់រលំអគារចំនួន ៣កន្លែង នៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តកែប។ ហេតុការណ៍បាក់រលំអគារទាំង ៣កន្លែងនេះ បណ្ដាលឱ្យកម្មករ និងសាច់ញាតិសរុបចំនួន ៦៧នាក់ស្លាប់ និងរបួសសរុប ៥៩នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។