លោក​ គិត​ ធាង​ ប្រឈម​​សវនាការ​​ថ្មី​ ខណៈ​​លោក​​កំពុង​​សម្រាក​​ព្យាបាល​​ក្រៅ​ពន្ធនាគារ​

តុលាការ និងច្បាប់ | ព័ត៌មានជាតិ
លោក អ៊ូច សូនី | ១៤ មករា ២០២១ |ម៉ោង ១៦:២៩
VOD

លោក គិត ធាង ។ រូបភាព៖ បណ្ដាញសង្គម

លោក គិត ធាង ។ រូបភាព៖ បណ្ដាញសង្គម


លោក គិត ធាង ដែល​ជា​បងប្រុស​របស់​ឧកញ៉ា គិត ម៉េ​ង កាលពី​ម្សិលមិញ មិន​មានវត្តមានក្នុង​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ទាក់ទង​នឹង​បទល្មើស​គ្រឿងញៀន​ទេ ដោយ​មន្រ្តី​ពន្ធនាគារ​ម្នាក់​ប្រាប់​ថា​ លោក​កំពុង​ស្ថិតនៅ​ក្នុង​មន្ទីរពេទ្យ។ 

លោក គិត ធាង ដែល​ជា​ម្ចាស់​ក្លិប​កម្សាន្ត​ រ៉ុ​ក ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែមីនា ឆ្នាំ២០១៩ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ​ខែ​បន្ទាប់ពី​នោះ។ ជាថ្មី​ម្តង​ទៀត​ នៅ​ខែមីនា ឆ្នាំ២០២០ មន្រ្តី​ពន្ធនាគារ​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថា លោក គិត ធាង បាន​បញ្ជូន​ទៅ​ព្យាបាល​ម្តង​ទៀត។ 

កាលពី​ថ្ងៃពុធ​ម្សិលមិញ បន្ទាប់ពី​លោក​ គិត ធាង ខកខាន​មិនបាន​បង្ហាញខ្លួន​នៅក្នុង​តុលាការ អ្នកនាំពាក្យ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សាវ​នា បាន​ប្រាប់​ថា ​បញ្ហា​សុខភាព​របស់​លោក គិត ធាង នៅតែ​មាន។ 

លោក នុត សាវ​នា បាន​និយាយ​ថា៖ «គាត់​នៅ​ពេទ្យ​ទេ មិនទាន់​មក​ពន្ធ​នាគា​វិញ​ទេ»។

ទោះ​យ៉ាងណាក៏ដោយ​ អ្នកនាំពាក្យ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​រូប​នេះ មិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​ពី​បញ្ហា​សុខភាព​របស់​លោក គិត ធាង ក៏ដូចជា​ចំនួន​នៃ​ការ​ចេញចូល​មន្ទីរពេទ្យ​របស់​លោក​បានទេ។ 

លោក គិត ធាង ដែល​ជា​បងប្រុស​របស់​អ្នកជំនួញ​ដ៏​ល្បី និង​ជា​អគ្គនាយក​ក្រុម​ហ៊ុន​ធំៗ​មួយចំនួន ត្រូវ​បាន​ចាប់ខ្លួន​ ដោយសារតែ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន និង​គ្រឿងញៀន​ខុស​ច្បាប់​ផ្សេង​ៗផ្សេងទៀត​ចំនួន៥០គីឡូក្រាម​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្លិប​កម្សាន្ត ​រ៉ុ​ក ដែល​ជា​កម្មសិទ្ធិ​របស់​លោក។ លោក​ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​កាលពី​ឆ្នាំមុន​ ក្រោម​បទ«​ចាត់ចែង​សម្រួល​ឱ្យ​មានការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារជាតិ​ញៀន»។ 

នៅ​ថ្ងៃពុធ​ម្សិលមិញ ជនជាប់ចោទ​ចំ​នួន១២រូប ដែល​ក្នុង​នោះ​ក៏​មាន​លោក គិត ធាង ផង​ដែរ ដល់​ថ្ងៃ​ជំនុំជម្រះ​ក្តី​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ជួញដូរ រក្សាទុក និង​ប្រើប្រាស់គ្រឿង​ញៀន។

ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក កី ម៉ា​ណេរ៉ា បា​នព​ន្យា​រពេល​សវនាការ ដោយសារតែ​មេធាវី​ការពារ​របស់​ជនជាប់ចោទ​មួយចំនួន​មិន​មាន​វត្តមាន។ 

លោក កី ម៉ា​ណេរ៉ា បាន​លើកឡើង​ថា ​មេធាវី៣នាក់បាន​ចូល​សវនាការ ខណៈ​មេធាវី៣នាក់​ផ្សេងទៀត​ដាក់​លិខិតស្នើ​សុំ​ពន្យារ​ពេល​សេចក្តី​ជូនដំណឹង​ដែល​បិទ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដាក់ឈ្មោះ​លោក គិត ធាង ក្នុងចំណោម​ជនជាប់ចោទ​ទាំង១២នាក់។

ឯកសារ​នោះ​បង្ហាញថា លោក គិត ធាង និង​មនុស្ស៥នាក់​ផ្សេងទៀត​កំពុង​ជាប់ឃុំ ខណៈ​មនុស្ស៦នាក់​ទៀត​កំពុង​រត់គេច​ខ្លួន។

អ្នកនាំពាក្យ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹ​មឃឿន អះអាង​ថា ​សមត្ថកិច្ច​កំពុង​បន្ត​តាម​ចាប់​អ្នក​ដែល​កំពុង​គេចខ្លួន ហើយ​នគរបាល​ក៏បាន​ទាក់ទង​ទៅ​ប៉ូលិ​សអន្តរជាតិ​(Interpol​) ឱ្យ​ស្វែងរក​ពួក​គេ​រួចហើយ​ដែរ។ 

លោក ឆាយ គឹ​មខឿន បន្ថែម​ថា៖ «យើង​អត់​លែង​ទេ។ គ្រឿង​ញឿន​លែង​មិនបានទេ»៕ 

ប្រែ​សម្រួល​ពីអ​ត្ថ​បទ​ដើម​ជា​ភាសាអង់គ្លេស​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment