សកម្មជន​ចលនា​មាតា​ធម្មជាតិ​បង្ហាញ​វីដេអូ​ទឹក​ស្អុយ​ហូរ​ចូល​ព្រែក​កំពត

ដោយ ឡេង ម៉ាលី
2021-01-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​ចលនា​មាតា​ធម្មជាតិ​បង្ហាញ​វីដេអូ​ទឹក​ស្អុយ​ហូរ​ចូល​ព្រែក​កំពត

រូបភាព​ពណ៌ខ្មៅ​បង្ហាញ​អំពី​ទឹក​ស្អុយ ដែល​ពលរដ្ឋ​បង្ហូរ​ចូល​ទឹក​ព្រែក​កំពត ដែល​បណ្ដាល​ឱ្យ​ទឹកកខ្វក់ និង​មាន​ក្លិន​ស្អុយ។ រូបពីវីឌីអូរបស់​សកម្មជន​ចលនា​មាតាធម្មជាតិ


សកម្មជន​ចលនា​មាតា​ធម្មជាតិ បាន​បង្ហាញ​ទីតាំង​លូ ទឹក​ស្អុយ​ជា​ច្រើន​កន្លែង ហូរ​ចូល​ព្រែក​កំពត ដែល​សកម្មជន​បរិស្ថាន​សង្ស័យ​ថា បណ្ដាល​ឲ្យ​ប៉ះពាល់​គុណភាព​ទឹក​សមុទ្រ ជះ​ក្លិន​ស្អុយ និង​សោភ័ណភាព​បរិស្ថាន។ ពួក​គេ​រក​ឃើញ​ថា ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម​ធំៗ និង​​អាជីវករ​លក់​ដូរ​តាម​ដង​ព្រែក​កំពត ក្នុង​ក្រុង​កំពត បាន​បង្ហូរ​កាក​សំណល់ ទឹក​លូ​បង្គន់ និង​សំរាម ចូល​ព្រែក​ដោយ​ផ្ទាល់​ជា​រៀង​រាល់​ថ្ងៃ។

ក្នុង​វីដេអូ​មាន​រយៈ​ពេល ២នាទី របស់​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ ដែល​ចេញ​ផ្សាយ​ថ្ងៃ​ទី១៣ មករា បង្ហាញ​ថា អាជ្ញាធរ​ក្រុង​កំពត​មិន​ទាន់​មាន​លទ្ធភាព​ចម្រុះ​ទឹក​ស្អុយ ដែល​ជា​ហេតុ​នាំ​ឱ្យ​ទឹក​លូ ឬ​ទឹក​កង្វក់​ហូរ​ចូល​ព្រែក​កំពត ជា​ច្រើន​ឆ្នាំ​មក​ហើយ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​ចុះ​ស៊ើប​អង្កេត​ករណី​នេះ​ថ្លែង​ក្នុង​វីដេអូ ដោយ​មិន​បង្ហាញ​អត្តសញ្ញាណ​ថា លោក​ប្រទះ​ឃើញ​លូ​ធំៗ ២កន្លែង និង​ប្រព័ន្ធ​លូ​តូចៗ តាម​ដៃ​ព្រែក​រាប់​មិន​អស់ ដែល​ពលរដ្ឋ​បង្ហូរ​ទឹក​ស្អុយ​ចូល​ព្រែក​កំពត ទាំង​មិន​បាន​ឆ្លង​កាត់​ប្រព័ន្ធ​ចម្រោះ​នោះ​ទេ។ លោក​ថា អាជ្ញាធរ​មិន​ទាន់​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​នេះ​នៅ​ឡើយ​ទេ ជា​យូរ​មក​ហើយ៖ «អាជ្ញាធរ​ក្រុង​កំពត​នៅតែ​ពុំ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចម្រោះ​ទឹក​ស្អុយ ដែល​ជា​ហេតុ​មាន​ការ​បង្ហូរ​ទឹក​ស្អុយ​ ​ចូល​ព្រែក​ដោយ​ផ្ទាល់​ជា​រៀងរាល់​ថ្ងៃ»

ជា​មួយ​គ្នា​នេះ​ដែរ លោកស្រី ស្រ៊ុន ផល្លា វ័យ ៥២ឆ្នាំ​អាជីវករ​លក់​ដូរ​មាត់​ព្រែក​កំពត លោកស្រី​ត្អូញ​ថា ទឹក​ព្រែក​កំពត​មាន​ក្លិន​ស្អុយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់ ពី​អាជ្ញាធរ​ពាក់ព័ន្ធ។ លោកស្រី​ថា តំបន់​ខ្លះ​ទឹក​ព្រែក​កំពត​ប្រែ​ពណ៌​ខ្មៅ មិន​អាច​ប្រើប្រាស់​បាន​ជាង ១០ឆ្នាំ​មក​ហើយ៖ «គេ​ខំ​តែ​សរសើរ​ថា ខេត្ត​កំពត​ល្អ ទាស់​តែ​ទឹក​លូ​ស្អុយ​នៅ​មាត់​ព្រែក​ហ្នឹង​ទេ។ មិន​មែន​ស្អុយ​តិចៗ ណា នេះ​ស្អុយ​ខ្លាំង​ហ្មង។ លក់​ដូរ​វា​ពិបាក​លក់​ដែរ អង្គុយ​លេង​មិន​បាន គេ​ឡើង​ចេញ។ ខ្ញុំ​លក់​ដូរ​មិន​ដាច់ គេ​ឡើង​ចេញ​ភ្ញៀវ​ចេញ​បាត់ៗ»

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា លោក​ជំរុញ​ឱ្យ​អាស៊ី​សេរី​គួរ​ទាក់ទង​អាជ្ញាធរ​ខេត្ត​កំពត ព្រោះ​អាជ្ញាធរ​មាន​គម្រោង​រៀបចំ​គ្រប់គ្រង​ប្រព័ន្ធ​លូ​ទឹក​កខ្វក់​នេះ​ហើយ។

អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អភិបាល​ខេត្ត​កំពត លោក ជាវ តាយ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៣ មករា ប៉ុន្តែ រដ្ឋបាល​ខេត្ត​កំពត​បាន​បង្ហោះ​សារ​តាម​ទំព័រ​ហ្វេសបុក​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី១១ មករា​ថា រដ្ឋបាល​ខេត្ត​នេះ កំពុង​ពិភាក្សា​អនុវត្ត​គម្រោង​សាងសង់​ប្រព័ន្ធ​លូ​ប្រមូល​ទឹក​កខ្វក់ និង​ប្រព័ន្ធ​រំដោះ​ទឹក​ភ្លៀង ក្រុងរបៀង២។ អភិបាល​ខេត្ត​កំពត លោក ជាវ តាយ ថ្លែង​ថា មន្ទីរ​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​គម្រោង​នេះ​ហើយ ដែល​ជា​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏​មាន​ប្រសាសន៍​ថា  គោល​នយោបាយ​របស់​រដ្ឋាភិបាល ត្រូវ​តែ​ស្ថាបនា​ប្រព័ន្ធ​ចម្រោះ​ទឹក គ្រប់​ទី​កន្លែង ដែល​ហូរ​ចូល​ស្ទឹង ទន្លេ និង​សមុទ្រ​ជា​ដើម។ លោក​បញ្ជាក់​ថា  រដ្ឋាភិបាល​មាន​ផែនការ​កសាង​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អុយ នៅ​តំបន់​ណា​ដែល​ជា​អាទិភាព។ រីឯ​ខេត្ត​កំពត លោក​មិន​ទាន់​ដឹង​ច្បាស់​ថា នឹង​សង់​ពេល​ណា​នៅ​ឡើយ​ទេ៖ «ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល យើង​ត្រូវតែ​ធ្វើ​កន្លែង​សំអាត​នៃ​ទឹក​ដែល​យើង​បង្ហូរ​ចេញ។ បាន​សេចក្ដី​ថា បង្ហូរ​ចូល​ស្ទឹង និង​ចូល​ទន្លេ យើង​រៀបចំ​ធ្វើ​អា​ហ្នឹងឯង»

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzales Davidson) ថ្លែង​ថា ទីក្រុង​កំពត​ទាំង​មូល​អត់​មាន​កន្លែង​ច្រោះ​ទឹក​ស្អុយ ហើយ​ទឹក​លូ​ទាំង​អស់ ត្រូវ​ហូរ​ចូល​ព្រែក​កំពត​ដោយ​ផ្ទាល់។ បញ្ហា​នេះ​លោក​ថា ជា​សញ្ញា​អសមត្ថភាព​របស់​អាជ្ញាធរ​ខេត្ត​កំពត និង​រដ្ឋាភិបាល៖ «អ្នក​ឯង (រដ្ឋាភិបាលគួរតែ​បង្ហាញ​ជា​សាធារណៈ តើ​មាន​គម្រោង​អ្វី​ខ្លះដល់​ស្រាយ​បញ្ហា​ទឹក​កង្វក់ បង្ហូរ​នៅ​កំពត មាន​ពលរដ្ឋ​កាន់តែ​ច្រើន​ទៅ ក្រោយ​ពី​បង្ហាញ​ផែនការ​ធ្វើ​ទៅ។ បើ​សិន​ជា​អ្នក​ឯង​សុំ​ទោស ក៏​មិន​ហ៊ាន​ផង ហើយ​ផែនការ​ក៏​មិន​មាន ឬ​ក៏​អ្នក​ឯង​និយាយ​ថា ផែនការ​អ៊ីចេះ​អ៊ីចុះ តែ​ផែនការ​មិន​ធ្វើ​អ្នក​ឯង​លាលែង​ទៅទុក​ឱ្យ​បក្ស​ផ្សេង​ជា​អ្នក​ធ្វើ​ទៅ»

សកម្មជន​បរិស្ថាន​រំឭក​ថា កាល​ពី​ឆ្នាំ ២០១៤ អាជ្ញាធរ​ខេត្ត​កំពត សន្យា​ថា នឹង​មាន​គម្រោង​សាងសង់ អាង​ចម្រោះ​ទឹក​ស្អុយ​មួយ​ចំនួន​តាម​មាត់​ព្រែក ដោយ​ចំណាយ​ថវិកា​ប្រមាណ ៣០ម៉ឺន​ដុល្លារ ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ គម្រោង​នេះ នៅ​មិន​ទាន់​លេច​ចេញ​ជា​រូបរាង​នៅ​ឡើយ​ទេ៕

Sewage_dump_into_Kampot_Canal_Mother_Nature_Cambodia_011321_2.JPG
ពលរដ្ឋរស់នៅ​តាម​ដៃព្រែក​កំពត​ដាក់​បំពង់​បង្ហូរ​ទឹក​ស្អុយពី​បង្គន់​ចូល​ទឹក (រង្វង់​មូល​ក្រហមៗ) បង្ហាញ​ដោយ​វីឌីអូ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ២០២១

Sewage_dump_into_Kampot_Canal_Mother_Nature_Cambodia_011321_3.JPG
គំនរ​សំរាម​​ប្លាស្ទិក​ជា​ច្រើន​ ដែល​គេ​បោះ​ចូល​ទៅ​ក្នុង​ទឹក​ព្រែក​កំពត បាន​អណ្ដែត​ទៅ​គរ​នៅ​តាម​ឆ្នេរ​ព្រែក​នេះ។ រូបពី​វីឌីអូ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles