អ្នក​ចិញ្ចឹម​ត្រី មិន​ទាន់​ជឿ​ថា រដ្ឋាភិបាល​អាច​ទប់​ស្កាត់​ការ​នាំ​ចូល​ត្រី​បាន​ទេ

ដោយ សុជីវី
2021-01-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ចិញ្ចឹម​ត្រី មិន​ទាន់​ជឿ​ថា រដ្ឋាភិបាល​អាច​ទប់​ស្កាត់​ការ​នាំ​ចូល​ត្រី​បាន​ទេ

អ្នក​ចិញ្ចឹមត្រីប្រា​ខ្មែរ​ កំពុង​ឱ្យ​ចំណី​ត្រី រូប៖ ហ្វេសប៊កក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ២០២១


ក្រុម​អ្នក​ចិញ្ចឹម​ត្រី ហាក់​មិន​មាន​ជំនឿ​ថា ​វិធានការ​របស់​រដ្ឋាភិបាល អាច​ទប់​ស្កាត់​ការ​នាំ​ចូល​ត្រី​​ពី​ប្រទេស​ជិត​បាន​ប្រសើរ​នោះ​ទេ។ អ្នក​ចិញ្ចឹម​ត្រី​លក្ខណៈ​គ្រួសារ​ជា​ច្រើន លើក​ឡើង​ថា ការ​ចិញ្ចឹម​ត្រី​ខាត​រាល់​ឆ្នាំ បណ្ដាល​ឲ្យ​ពួកគេ​បោះបង់​មុខរបរ​នេះ​ចោល​អស់​ហើយ។ អ្នក​ជំនាញ​ថា ការ​ប្រកាស​ទប់​ស្កាត់​ការ​នាំ​ចូល​ត្រី​ភ្លាមៗ ដោយ​ខ្វះ​ផែនការ​ជាក់លាក់​ជាមុន​នេះ អាច​ធ្វើ​ឲ្យ​ជួប​វិបត្តិ​ខ្វះ​ត្រី​បរិភោគ។

អ្នក​ចិញ្ចឹម​ត្រី ជា​លក្ខណៈ​គ្រួសារ និង​សហគមន៍ នៅ​តាម​ទន្លេ​សាប និង​ទន្លេ​មេគង្គ ស្វាគមន៍​ការ​ប្រកាស​ហាមឃាត់ និង​ទប់​ស្កាត់ ការ​នាំ​ចូល​ត្រី​ ពី​ប្រទេស​ជិត​ខាង ពិសេស​ត្រី​ពោ ត្រី​ប្រា ត្រី​អណ្ដែង និង​ត្រី​ឆ្ដោ​ជាដើម។ កសិករ​ចិញ្ចឹម​ត្រី​ខ្លះ រង់​ចាំ​មើល​សិន​ថា បើ​រដ្ឋាភិបាល អាច​ទប់​ស្កាត់​ការ​នាំ​ត្រី​ចូល មាន​ប្រសិទ្ធិ​ភាព​បាន​ នោះ​ពួកគាត់​នាំ​គ្នា​ចិញ្ចឹម​ត្រី​ឡើង​វិញ។

កសិករ​​ចិញ្ចឹម​ត្រី​​លក្ខណៈ​គ្រួសារ នៅ​សហគមន៍​រាំងទិល ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ លោក​ សូយ កែវ ឲ្យ​ដឹង​ថា តម្លៃ​ត្រី​ ក្នុង​រយៈ​ពេល ២-៣ឆ្នាំ​មក​នេះ ធ្លាក់​ចុះ​រាល់​ឆ្នាំ។ ដូច្នេះ អ្នក​ភូមិ​ជា​ច្រើន នៅ​ឃុំ​រាំង​ទិល ក្បែរ​ទន្លេ​សាប បាន​ផ្អាក​ការ​ចិញ្ចឹម​អស់​ហើយ។ លោក​បន្ត​ថា អ្នក​ចិញ្ចឹម​ត្រី​ខ្លះ កំពុង​រង់ចាំ​មើល ការ​ប្រកាស​របស់​រដ្ឋាភិបាល ក្នុង​ការ​ហាមឃាត់​ការ​នាំ​ចូល​ត្រី​នេះ។ លោក​បញ្ជាក់​ថា បើ​ការ​ប្រកាស​នេះ​មាន​ប្រសិទ្ធិ​ភាព កសិករ​មួយ​ចំនួន នឹង​ខ្ចី​លុយ​ធនាគារ យក​មក​ទិញ​កូន​ត្រី ចិញ្ចឹម​ឡើងវិញ៖ «អត់​មាន​អ្នក​ណា​ចិញ្ចឹម​ទេ​ត្រី។ ឥលូវ​នេះ ភាគ​ច្រើន​ គាត់​ចិញ្ចឹម​ត្រី​អណ្ដែង​ជា​លក្ខណៈ​គ្រួសារ។ ត្រី​រ៉ស់ ត្រី​ឆ្ដោ គាត់​ផ្អាក​ចិញ្ចឹម ព្រោះ​អត់​ចំណេញ។ វា​ពិបាក​មិន​ដូច​មុន»។

កសិករ​ចិញ្ចឹម​ត្រី​ម្នាក់​ទៀត និង​ជា​ប្រធាន​សហគមន៍​នេសាទ​បឹង​បេ៦ នៅ​ស្រុក​កងមាស ខេត្ត​កំពង់​ចាម លោក អ៊ាង ណាំ យល់​ថា បើ​រដ្ឋាភិបាល អាច​ទប់​ស្កាត់​ការ​នាំ​ចូល​ត្រី ពី​ប្រទេស​ជិត​ខាង​បាន​ពិត​មែន ជា​រឿង​ប្រសើរ។ លោក​មាន​ប្រសាសន៍​ថា អ្នក​ចិញ្ចឹម​ត្រី​តាម​បែរ ក្នុង​ទន្លេ​មេគង្គ​ភាគ​ច្រើន បោះ​បង់​មុខ​របរ​ចោល ដោយ​សារ​មិន​អាច​ប្រកួត​ប្រជែង​ទម្លាក់​ថ្លៃ​ត្រី ឲ្យ​ទាប​ដូច​ត្រី​នាំ​ចូល​បាន៖ «ផ្អាក​តែ​មាត់​ បើ​សិន​ជា​រដ្ឋាភិបាល​មាន​គោលនយោបាយ​មួយ​ច្បាស់​លាស់ គិតគូរ​ដល់​អ្នក​នេសាទ​ អ្នក​ធ្វើ​វារីវប្បកម្ម​ហ្នឹង បិទ​ឲ្យ​បាន អ្នក​ចិញ្ចឹម​ត្រី ត្រឹម​ត្រី​ប្រា ក៏​អាច​រក​ចំណេញ​បាន​ដែរ។ អ្នក​ចិញ្ចឹម​គិត​ឃើញ​ថា កំណើន​ផល​ដែល​ទទួល​បាន គឺ​អាច​គួរ​សម​ហើយ។ ស្រាប់​តែ​បាន​ផល​ហើយ វា​មិន​ជិត​ទេ ដោយ​ប្រការ​ណា​មួយ​រឿង​ពុករលួយ​តាម​ព្រំដែន ឃុបឃិត​គ្នា​លិច​កើត»។

បើ​ទោះ​បី​ជា​យ៉ាង​ណា​ក្ដី លោក អ៊ាង ណាំ មិន​ទាន់​ជឿ​ជាក់​ទាំង​ស្រុង​ទេ។ លោក​អះអាង​ថា រដ្ឋាភិបាល​ប្រកាស​ទប់​ស្កាត់​បែប​នេះ​ច្រើន​ដង​ហើយ តែ​ត្រី​នាំ​ចូល​នៅ​តែ​បន្ត​មាន​ដដែល និង​នាំ​ចូល​ច្រើន​ជាង​មុន​ទៅ​ទៀត។

លោក​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោ​មួយ​ចំនួន បង្ខំ​ចិត្ត​ចាប់​ត្រី​លក់​ទាំង​មិន​ទាន់​គ្រប់​គីឡូ ហើយ​​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ដោយសារ​ការ​ប្រែប្រួល​អាកាស​ធាតុ និង​កម្ពស់​ទឹក​នៅ​ទន្លេ​មេគង្គ។ លោក​បញ្ជាក់​ថា ចំពោះ​ការ​ចិញ្ចឹម​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្ដែង គឺ​មិន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ ព្រោះ​ត្រី​ទាំង​អស់​នេះ អាច​ស៊ី​កន្ទក់ និង​​មាន​ចំណី​គ្រប់គ្រាន់៖ «បើ​ជាប់​ល្អ​ហើយ អ្នក​ចិញ្ចឹម​មាន​ទឹក​ចិត្ត​ចិញ្ចឹម​ កាល​ណា​ចិញ្ចឹម​ទៅ​មាន​តម្រូវ​ការ​ទីផ្សារ។ ប្រជាពលរដ្ឋ​ត្រូវ​ការ​ហូប​ច្រើន ត្រូវ​ការ​ត្រី​ពី​ស្រះ​ច្រើន​ អា​ហ្នឹង​គាត់​មាន​ទឹក​ចិត្ត​ចិញ្ចឹម​ហើយ។ កាលណា​ចិញ្ចឹម​បាន​ហើយ អត់​មាន​នាំ​ត្រី​ពី​ខាង​ក្រៅ​នាំ​ចូល​មក ធ្វើ​ឲ្យ​ប៉ះពាល់។ ត្រី​ពី​វៀតណាម​មក ការ​ចិញ្ចឹម​របស់​គេ​ ប្រើ​ទុន​តិច​ជាង​យើង។ គេ​លក់​ថោក​បាន​ តែ​ខ្មែរ​លក់​អត់​បាន»។

កាលពី​ថ្ងៃ​ទី៨ មករា ក្រសួង​កសិកម្ម បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន បញ្ជាក់​ថា ក្រសួង​ផ្អាក​ការ​នាំ​ចូល​ត្រី​ពី​ក្រៅ​ប្រទេស ដែល​ក្រុម​កសិករ​ចិញ្ចឹម​បាន​ស្នើ​សុំ​យូរ​មក​ហើយ តាំង​ពី​ឆ្នាំ២០២០ មក និង​ស្រប​តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក្រសួង​ឲ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មីៗ នេះ មាន​តំណាង​អាជីវករ​នាំ​ចេញ​ នាំ​ចូល​ខ្លះ មិន​ពេញ​ចិត្ត​ចំពោះ​ចំណាត់​ការ​ផ្អាក​ការ​នាំ​ចូល​បណ្ដោះអាសន្ន​នេះ ទើប​មាន​ការ​កោះ​ប្រជុំ​ជាថ្មី និង​សម្រេច​ថា ផ្អាក​ការ​នាំ​ចូល​ត្រី​មួយ​ចំនួន ដូច​ជា ត្រី​ប្រា ត្រី​ពោ ត្រី​អណ្ដែង ត្រី​ឆ្ដោ និង​ត្រី​ប្រភេទ​ត្រី​មួយ​ចំនួន​ទៀត ដែល​វារី​វប្បករ​ផលិត​បាន។ ជាមួយ​នេះ តំណាង​អាជីវករ​នាំ​ចេញ និង​នាំ​ចូល​ផលិត​ផល​ជលផល បាន​ឯកភាព​បង្កើត​សមាគម និង​បណ្ដុំ​អ្នក​ប្រមូល​ទិញ​ផលិត​ផល​ជល​ផល​តាម​តំបន់។

ទន្ទឹម​នេះ រដ្ឋបាល​ជលផល ក៏​បាន​ប្រកាស​ឲ្យ​បិទ​ការ​នេសាទ​ត្រី​កាម៉ុង ឬ​ត្រី​ប្លាធូ ក្នុង​ដែន​នេសាទ​សមុទ្រ​កម្ពុជា​រយៈ​ពេល ២ខែ​កន្លះ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី១៥ ខែ​មករា​ រហូតដល់​ថ្ងៃ​ទី៣១ ខែមីនា ព្រោះ​ជា​រដូវ​ត្រី​សមុទ្រ​ប្រភេទ​នេះពង​កូន។ រដ្ឋបាល​ជលផល​ថា ​ការ​ហាម​នេសាទ​ត្រី​កាម៉ុង​ដាច់​ខាត​​ក្នុង​ពេល​នេះ គឺ​ដើម្បី​រួមចំណែក​ថែរក្សា និង​ការពារ​ធនធាន​ជលផល​សមុទ្រ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ប្រធាន​រដ្ឋបាល​ជលផល លោក អេង ជាសាន បាន​ទេ នៅ​ថ្ងៃ​ទី១២ មករា។ ទោះ​ជា​យ៉ាង​ណា រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​សម្រេច​ផ្អាក​នាំចូល​ត្រី គឺ​ដើម្បី​លើក​កម្ពស់​ទីផ្សារ​ក្នុង​ស្រុក តែ​រដ្ឋាភិបាល​នឹង​បើក​ការ​នាំ​ចូល​ឡើង​វិញ នៅ​ពេល​មាន​តម្រូវ​ការ​ខ្ពស់ ហើយ​ត្រី​ក្នុង​ស្រុក មិន​មាន​លទ្ធភាព​ផ្គត់ផ្គង់​បាន។

លោក វេង សាខុន អះអាង​ថា ការ​ផ្អាក​នាំ​ចូល​ត្រី ជា​ការ​ជួយ​បង្កើន​ការ​វិនិយោគ​លើ​វារីវប្បកម្ម និង​ជា​ជួយ​ដល់​អ្នក​នៅ​ក្នុង​វិស័យ​ពាក់ព័ន្ធ​ផ្សេងៗ ទៀត ដូច​ជា រោង​ម៉ាស៊ីន​កិន​ស្រូវ ឱ្យ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​យក​ផលិតផល​ចូល​ក្នុង​រោងចក្រ​កែច្នៃ​ជា​ផលិតផល​ចំណី​ត្រី។

ប្រធាន​សម្ព័ន្ធ​​នេសាទ​កម្ពុជា លោក ឡុង សូចែត្រ មាន​ប្រសាសន៍​ថា ការ​សម្រេច​ផ្អាក​នាំ​ចូល​ត្រី​ ភ្លាមៗ ដោយ​មិន​មាន​ផែនការ​ជាក់​លាក់ អាច​បង្ក​ផល​ប៉ះពាល់​ដល់​តម្លៃ​ត្រី​នៅ​លើ​ទី​ផ្សារ។ លោក​ សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្លះ ចូល​ចិត្ត​បរិភោគ​ត្រី​នាំ​ចូល ដោយសារ​ពួក​គាត់​ខ្វះ​ប្រាក់​ចំណូល គ្មាន​លទ្ធភាព​ទិញ​ត្រី​ ក្នុង​ស្រុក​បរិភោគ។

លោក​យល់​ថា បើ​រដ្ឋាភិបាល​មាន​ផែនការ​កម្រិត​​ការ​នាំ​ចូល​ត្រី​​ច្បាស់លាស់ និង​មាន​ជួយ​ជ្រោមជ្រែង​ ដល់​ការ​ចិញ្ចឹម​ត្រី​ឡើងវិញ អ្នក​ចិញ្ចឹម​ត្រី មាន​លទ្ធភាព​ផ្គត់ផ្គង់​ត្រី​បាន​គ្រប់គ្រាន់ និង​អាច​ជួយ​ឲ្យ​តម្លៃ​ត្រី មាន​ភាព​ប្រសើរ៖ «ឥឡូវ​នេះ​មាន​ត្រី​តិច​តួច​ណាស់ នៅ​តាម​គ្រួសារ​ដែល​ចិញ្ចឹម​ដោយ​សារ​តម្លៃ​វា​ទាប​ពេក។ បើ​យើង​ប្រៀប​ធៀប​នៅ​ទីផ្សារ លក់​រែង​មួយ​គីឡូ ៧ពាន់ គាត់​បាន​តែ​ពី ៤ ទៅ ៥ពាន់​អី​ហ្នឹង។ ទម្រាំ​តែ​ដឹក​បោះ​ពីរ​បី​ដំណាក់ ដល់​អ៊ីចឹង​វា​អត់​ចំណេញ។ ម្នាក់ៗ បន្ថយ។ ស្ដាយ​ដែរ ប្រសិន​បើ​គាត់​ដឹង​ថា គេ​បិទ ឬ​គេ​តឹង​តែង គេ​បាន​បិទ​ជាប់​មែន​អី វា​ល្អ​ហើយ។ គាត់​បន្ថែម​ការ​ចិញ្ចឹម​ឲ្យ​កាន់​តែ​ច្រើន​ទៅ​ ព្រោះ​យើង​សង្ឃឹម​ថា ត្រី​ដែល​បិទ​អ៊ីចឹង ត្រី​វា​អាច​មាន​តម្លៃ​ សម្រាប់​គាត់​អ្នក​ចិញ្ចឹម» ។

របាយការណ៍​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បង្ហាញ​ថា ក្នុង​ឆ្នាំ២០២០ កម្ពុជា​ផលិត​បាន​ផលិតផល​ជលផល​ជិត​មួយ​លាន​តោន។ ក្នុង​នោះ​ផលិតផល​ទឹកសាប មាន​ជាង ៤សែន​តោន ផលិតផល​សមុទ្រ មាន​ជាង ១សែន​តោន និង​ផល​វារីវប្បកម្ម បាន​ជាង ៤សែន​តោន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment