ពលរដ្ឋ៣២គ្រួសារ ប៉ះទង្គិចជាមួយអាជ្ញាធរ ខណ្ឌព្រែកព្នៅពេលចុះរើរុះផ្ទះពួកគេ

ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ១៥ មករា ២០២១ |ម៉ោង ២២:៤៣
VOD

នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌព្រែកព្នៅ ប៉ះទង្គិចជាមួយពលរដ្ឋរស់នៅសហគមន៍បឹងសំរោង ក្នុងសង្កាត់សំរោង ដែលមិនព្រមចាកចេញតាមការបញ្ជារបស់សមត្ថកិច្ច។​​ (រូបថត៖ហ្វេសប៊ុកសហគមន៍ដីធ្លី និងលំនៅឋាន)

នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌព្រែកព្នៅ ប៉ះទង្គិចជាមួយពលរដ្ឋរស់នៅសហគមន៍បឹងសំរោង ក្នុងសង្កាត់សំរោង ដែលមិនព្រមចាកចេញតាមការបញ្ជារបស់សមត្ថកិច្ច។​​ (រូបថត៖ហ្វេសប៊ុកសហគមន៍ដីធ្លី និងលំនៅឋាន)


ប្រជាពលរដ្ឋ​ ៣២គ្រួសារ រស់នៅ​សហគមន៍​បឹងសំរោង ក្នុងសង្កាត់សំរោង ​ បានប៉ះទង្គិច​គ្នាដោយ​ហិង្សា ជាមួយអាជ្ញាធរខណ្ឌព្រែកព្នៅ បណ្តាល​ឱ្យពលរដ្ឋ​​២នាក់ រងរបួសស្រាល ខណៈអាជ្ញាធរចុះ​អនុត្ត​នីតិវិធីរុះរើផ្ទះពលរដ្ឋ៩គ្រួសារ ដែលបានទទួលយកគោលនយោបាយ​រួច​តែមិនទាន់​រុះរើ។

អ្នកស្រី រស់ យាន អាយុ ៥២ឆ្នាំ ជាប្រជា​ពលរដ្ឋម្នាក់ក្នុងចំណោម ៣២គ្រួសារនោះ មានប្រសាសន៍ប្រាប់វីអូឌីថា ពួកគាត់បានរស់នៅតំបន់នោះ តាំងពីឆ្នាំ១៩៩៦មក ដោយបានរស់នៅ និងអាស្រ័យផល​ដាំដំណាំ និងដាក់សម្រាស់ចិញ្ចឹមត្រីជាដើម។

អ្នកស្រីបន្តថា ថ្មីៗនេះ អាជ្ញាធរ​ខណ្ឌ បានស្នើឱ្យ​ពលរដ្ឋ​ចាកចេញពីតំបន់នេះ ដោយ​ផ្តល់​គោល​នយោបាយដីទំហំ ៤,២គុណ១៨ម៉ែត្រ ចំពោះពលរដ្ឋដែលមានផ្ទះ ខណៈ​អ្នកមានដីមិន​ទទួលបានសំណងឡើយ​។

អ្នកស្រី រស់ យាន បន្ថែមថា ប្រជាពលរដ្ឋ​មួយចំនួន បាន​យល់ព្រមទទួលយកគោលនយោ​បាយ​របស់អាជ្ញាធរ ដោយសារតែពួកគេភ័យខ្លាចនឹងការគំរាម​កំហែង​របស់​អាជ្ញាធរ​ ប៉ុន្តែ​ពួកគាត់​ទាំង៣២គ្រួសារនេះ ​មិនអាចទទួលយកបាន​ទេ ដោយ​សារគោលនយោបាយ​នោះ ពុំអាច ឱ្យគាត់​រស់នៅ និងដាំដំណាំចិញ្ចឹមជីវិតបាន។

អ្នកស្រីថា៖ «ខ្ញុំ​សុំស្នើឱ្យ​​គាត់ដោះស្រាយ ទារតែ៣ម៉ឺន[ដុល្លារ]ទេ សម្រាប់រកទីតាំងនៅក្បែររោងចក្រ សម្រាប់ពួកខ្ញុំលក់បាយចិញ្ចឹមគ្រួសារ»។

ពលរដ្ឋម្នាក់​ទៀត អ្នកស្រី នេត សូនី ដែលជាស្ត្រីមេម៉ាយនិងមានកូន៥នាក់ក្នុងបន្ទុក បានឱ្យ​ដឹង​​បន្ថែមថា នៅព្រឹកមិញនេះ អាជ្ញាធរខណ្ឌជា​ច្រើន​នាក់ បាន​ចុះទៅរុះរើផ្ទះពលរដ្ឋមួយចំនួន ក្នុងហេតុការណ៍នោះក៏មានប៉ះទង្គិចគ្នា បណ្តាលឱ្យមនុស្សពីរនាក់រងរបួសស្រាល នៅពេលដែលពួកគេព្យាយាមថតវីដេអូ ពីសកម្មភាពរុះរើនោះ។

អ្នកស្រីថា៖ «កូនខ្ញុំគ្រាន់តែថត គាត់រុញឡើងមានស្នាមរបួស ចំណែកខ្ញុំត្រូវគេរុញឱ្យកប់ភក់​[…]​ស្ត្រីម្នាក់ទៀតត្រូវបានគេបោចសក់ ពេលគាត់ព្យាយាមទៅដណ្តើមទូរស័ព្ទ[ពីអាជ្ញាធរ]មកវិញ»។

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌព្រែកព្នៅ បានចេញសេចក្តីជូនដំណឹងលើកចុងក្រោយ​ ឱ្យ​ប្រជាពលរដ្ឋ​ចំនួន ៩គ្រួសារ ដែលមិនព្រមទទួលយកគោលនយោបាយ​ក្នុងការដោះ​ដូរ​ដីឡូតិ៍ដែលអាជ្ញាធរផ្តល់ជូន​នោះ ឱ្យ​រុះរើលំនៅឋានខុសច្បាប់ ចេញពីទំនប់យាយបាវ ក្នុងបឹងសំរោង ស្ថិតនៅសង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ ដោយទុករយៈពេល​៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ រហូត​ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។

រដ្ឋបាលខណ្ឌ បន្តថា ក្នុងករណីប្រជាពលរដ្ឋមិន​ព្រមរុះរើតាមទេ រដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាលដោយចុះរុះរើ និងមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារៈនោះឡើយ។

នាយករដ្ឋបាលខណ្ឌព្រែកព្នៅ លោក ស៊ីម សុថន មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅពេលលោក និង​ក្រុមការងារ​ចុះទៅពិនិត្យ​ទីតាំងដែលផ្តល់គោលនយោបាយជូនពលរដ្ឋសហគមន៍បឹងសំរោង​ នៅរសៀលនេះថា នៅតំបន់បឹងសំរោងនេះ មានប្រជាពលរដ្ឋ​ចំនួន ៣៣៦គ្រួសារ បានអាស្រ័យ​ផលចិញ្ចឹមត្រី និងដាំដំណាំ ក្នុងនោះមានពលរដ្ឋចំនួន ១០៨គ្រួសារ បានទៅតាំងទីលំនៅជាក់ស្តែង និងរស់នៅដោយ​ខុសច្បាប់​នៅទីនោះ។

តែ​យ៉ាងណា លោកថា ថ្មីៗនេះ សាលារាជធានីភ្នំពេញ មានគម្រោង​អភិវឌ្ឍន៍បឹងសំរោងនេះ ដោយរៀបចំផ្លូវបេតុងថ្មើរជើង និងសួនសាធារណៈសម្រាប់បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទូទៅ ទើបមានការផ្តល់គោលនយោបាយជាដីឡូតិ៍​ឱ្យ​ពលរដ្ឋទាំង ១០៨គ្រួសារនោះ។

លោក​ថា៖ «កន្លងទៅ គាត់​រស់នៅកន្លែងបឹង[ទីតាំងចាស់]នោះ ពុំមានផ្លូវចេញចូល ហើយ​បើនិយាយ​ពីសិទ្ធិស្របច្បាប់គ្មាន គឺគាត់អត់មានកម្មសិទ្ធិស្របច្បាប់ទេ តែមកដល់កន្លែងនេះ[ទីតាំងថ្មី]គឺរដ្ឋផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់​ដល់គាត់ ហើយ​និងចាត់ចែងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីសម្រួលដល់ការរស់នៅឱ្យពួកគាត់បានល្អប្រសើរ»។

បើតាម លោក ស៊ីម សុថន គិតមកដល់ថ្ងៃនេះ មានពលរដ្ឋ ៩៩គ្រួសារហើយ ដែលទទួលយកគោលនយោ​បាយ និងទៅរស់នៅនៅទីតាំងថ្មី ខណៈពលរដ្ឋ៩គ្រួសារទៀត មិនព្រមរុះរើនៅឡើយ។

លោកបន្ថែមថា៖ «ពលរដ្ឋដែលមិនទាន់ទទួលយកគោលនយោបាយនេះ គាត់តែងតែនិយាយបំផ្លើស គ្មានការពិត តែងតែវាយប្រហារមកលើអាជ្ញាធរខណ្ឌព្រែកព្នៅ ថារំលោភសិទ្ធិបងប្អូនប្រជាពលរដ្ឋ ឬក៏យ៉ាងនោះ គឺមិនពិតទេ ទោះបីបច្ចុប្បន្ន គាត់​មិនព្រម​មក​ទទួលយកគោលនយោបាយនោះ ក៏អាជ្ញាធរ​នឹងបន្តសម្រួលនិងធ្វើការទំនាក់ទំនងគាត់ ជូនដំណឹងគាត់ ដើម្បីឱ្យ​គាត់​ឆាប់បានមកនៅទីតាំងកន្លែងដ៏សមស្របនេះ»។

បឹងសំរោង មានទំហំ ២៣៦ហិចតា មានទីតាំងស្ថិត​សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានរដ្ឋាភិបាល សម្រេចធ្វើអនុបយោគ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ កាលពីខែមេសាឆ្នាំ២០១៩៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "ពលរដ្ឋ៣២គ្រួសារ ប៉ះទង្គិចជាមួយអាជ្ញាធរ ខណ្ឌព្រែកព្នៅពេលចុះរើរុះផ្ទះពួកគេ"

  1. Anonymous says:

    WOW …HUN SEN and his gangsters really want to take your villas for free are they?????