សាច់ញាតិ​កញ្ញា សូ មេត្តា បារម្ភ​ពី​អាការៈ​ជើង​របស់​កញ្ញា​ថា កំពុង​វិវត្តន៍​ទៅ​ជា​ស្វិត

ដោយ សេក បណ្ឌិត
2021-01-15
RFA

សាច់ញាតិ​កញ្ញា សូ មេត្តា បារម្ភ​ពី​អាការៈ​ជើង​របស់​កញ្ញា​ថា កំពុង​វិវត្តន៍​ទៅ​ជា​ស្វិត

កញ្ញា សូ មេត្តា សមាជិក​យុវជន​ខ្មែរ​ថាវរៈ ពេល​ធ្វើ​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ មុន​ពេល​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ២០២០ និង​ខាង​ស្ដាំ ថត​នៅ​ពេល​ហែ​ក្បួន​តវ៉ា កាល​ពី​ខែ​កក្កដា ឆ្នាំ២០២០។ រូប​ពី​ហ្វេសប៊ុក


សាច់ញាតិ​កញ្ញា សូ មេត្តា ព្រួយបារម្ភ​ពី​សុខភាព​របស់​សកម្មជន​នៅ​ពន្ធនាគារ។ កញ្ញា សូ មេត្តា បញ្ជាក់​ប្រាប់​ប្អូនស្រី​របស់​ខ្លួន​ថា របួស​ជើង​របស់​កញ្ញា ដែល​ដួល​ក្នុង​បន្ទប់ទឹក​កន្លង​មក កំពុង​វិវត្តន៍​ទៅជា​ស្វិត ដោយសារ​ការ​ព្យាបាល​មិន​បាន​ដិតដល់​។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា មន្ត្រី​ពន្ធនាគារ​គួរ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​ជាង​នេះ​បន្ថែម​ទៀត​ចំពោះ​ស្ថានភាព​ជំងឺ​របស់​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ និង​អនុវត្ត​ឱ្យ​ស្មើភាព​គ្នា​ចំពោះ​អ្នក​ជាប់ឃុំ​ទាំងអស់។

ប្អូនស្រី យុវជន​ខ្មែរ​ថាវរៈ កញ្ញា សូ មេត្តា គឺ កញ្ញា អេង វណ្ណឌី រៀបរាប់​ថា ស្ថានភាព​សុខភាព​របស់​កញ្ញា សូ មេត្តា ទ្រុឌទ្រោម​ជាង​មុន ហើយ​ជើង​បងស្រី​កញ្ញា​ដែល​របួស​ដោយសារ​ការ​ដួល​ក្នុង​បន្ទប់ទឹក​កន្លង​មក​នោះ ប្រែ​ទៅជា​រួម​ស្វិត​បន្តិច​ម្តងៗ និង​ឈឺចាប់​គ្រប់​ពេល​កម្រើក​ម្តងៗ​។ កញ្ញា សូ មេត្តា ប្រាប់​ប្អូនស្រី​បន្ត​ថា ក្រៅពី​អាការៈ​ជើង​ដែល​ពិបាក​កម្រើក​នេះ បញ្ហា​ជំងឺ​អាឡាក់ស៊ី និង​ជំងឺ​ស្ត្រេស​របស់​កញ្ញា ក៏​មិន​បាន​ស្បើយ​ដែរ ហើយ​មន្ត្រី​ក្នុង​ពន្ធនាគារ​មិន​អើពើ និង​ព្យាបាល​មិន​បាន​ដិត​ដល់​នោះ​ទេ។

កញ្ញា អេង វណ្ណឌី ឱ្យ​ដឹង​ទៀត​ថា មន្ត្រី​ពន្ធនាគារ​បាន​ផ្លាស់​បន្ទប់​បងស្រី​របស់​ខ្លួន ទៅ​បន្ទប់​ផ្សេង​មួយទៀត ដែល​មាន​អ្នកទោស​ចង្អៀត​ណែន និង​កន្លែង​គេង​តូច​ជាង​មុន​។ កញ្ញា​ព្រួយ​បារម្ភ​ថា ស្ថានភាព​ជើង​របស់​កញ្ញា សូ មេត្តា អាច​នឹង​វិវត្តន៍​ទៅ​ជា​ពិការ ប្រសិនបើ​នៅតែ​បន្ត​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​បែបនេះ​។ កញ្ញា​ស្នើ​ឱ្យ​មន្ត្រី​ពន្ធនាគារ បញ្ជូន​បងស្រី​របស់​ខ្លួន មក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ស្នើ​ឱ្យ​តុលាការ​អនុញ្ញាត​ឱ្យ​បងស្រី​របស់​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ ដើម្បី​ព្យាបាល​ជំងឺ៖ «ខ្ញុំ​ចង់​ស្នើសុំ​ខាង​មន្ត្រី​ពន្ធនាគារ ហើយ​នឹង​អាជ្ញាធរ​សុំ​ឱ្យ​សង្កេត​មើល​ពី​សុវត្ថិភាព​គាត់ និង​សុខភាព​គាត់ ហើយ​ឱ្យ​គាត់​មាន​ភាព​ស្វាហាប់​ក្នុង​ការ​មើល​បងស្រី​ខ្ញុំ ព្រោះ​អី​ជំងឺ​គាត់ មិនមែន​តែមួយ​មុខ​ទេ​បង គឺ​ធ្ងន់ធ្ងរ​មែនទែន ជើង​ផង​អី​ផង ហើយក៏​ខ្ញុំ​ចង់​សុំ​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ មើលថែ​សុខភាព​គាត់​អ៊ីចឹង​ណា​បង»។

កញ្ញា សូ មេត្តា បាន​រអិលដួល​នៅ​ក្នុង​បន្ទប់ទឹក​ពន្ធនាគារ ប៉ះទង្គិច​ជើង បណ្ដាល​ឱ្យ​របួស​ជ្រៅ​ដល់​ឆ្អឹង រហូត​បង្ក​ជា​មាន​ខ្ទុះ ឈឺចាប់ និង​ធ្វើ​ឱ្យ​កញ្ញា សូ មេត្តា ដើរ​ពុំ​រួច​។ រយៈពេល​ជិត​២​ខែ​មក​ហើយ ទោះជា​មុខរបួស​បាន​សះ ប៉ុន្តែ របួស​នោះ​នៅតែ​បង្ក​ការឈឺចាប់ និង​ដើរ​ពុំ​រួច​ដដែល។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា ដើម្បី​ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ នៅ​ថ្ងៃ​ទី​១៤ មករា នេះ ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

កន្លង​មក សកម្មជន ប្រជាពលរដ្ឋ និង​អង្គការ​ផ្នែក​សិទ្ធិមនុស្ស​មួយ​ចំនួន ធ្លាប់​បាន​រិះគន់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ជុំវិញ​ការអនុវត្ត​ស្តង់ដារ​ពីរ​ចំពោះ​អ្នក​ជាប់ឃុំ​ដែល​ក្រីក្រ និង​អ្នកមាន​លុយ​មានអំណាច​។ អ្នក​ជាប់ឃុំ​ក្រីក្រ និង​អ្នកទោស​មនសិការ មិន​ងាយ​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ឡើយ ទោះជា​ពួកគេ​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬក៏​ស្នើសុំ​ច្រើនដង​បែប​ណា​ក្តី​។ ផ្ទុយទៅវិញ អ្នក​ជាប់ឃុំ​ខ្លះ​ដែល​ជា​ឧក្រិដ្ឋជន តែ​មាន​លុយ ឬ​មានអំណាច អាច​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​រយៈពេល​វែង​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា មន្ត្រី​ពន្ធនាគារ​គួរ​យកចិត្តទុកដាក់​បន្ថែម​អំពី​ស្ថានភាព​ជំងឺ​របស់​កញ្ញា សូ មេត្តា ហើយ​គួរ​បញ្ជូន​កញ្ញា​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដើម្បី​កុំ​ឱ្យ​ស្ថានភាព​ជំងឺ​នេះ​កាន់តែ​វិវត្តន៍​ទៅ​ធ្ងន់ធ្ងរ​ជាង​នេះ​។ លោក​បន្ត​ថា មន្ត្រី​ពន្ធនាគារ​មិន​គួរ​ដាក់​កញ្ញា សូ មេត្តា ក្នុង​បន្ទប់​ដែល​មាន​អ្នកទោស​ចង្អៀត​ណែន ក្នុង​ស្ថានភាព​ដែល​កញ្ញា​កំពុង​មាន​ជំងឺ​បែបនេះ​ទេ​។ លោក​បន្ថែម​ថា តុលាការ​គួរតែ​ពិចារណា​ឡើងវិញ​អំពី​ការ​ដោះលែង​សង្គម​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​។ លោក​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​តុលាការ​ក្រុងភ្នំពេញ​ដែល​បដិសេធ​ចំពោះ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ទាំង​នេះ​។ លោក​ចាត់​ទុក​ការ​ចាប់ខ្លួន​ក្រុម​យុវជន សកម្មជន​បរិស្ថាន និង​សកម្មជន​សង្គម​មួយ​ចំនួន​ទៀត ជា​រឿង​អយុត្តិធម៌​បំផុត៖ «ខ្ញុំ​គិត​ថា នេះ​ជា​រឿង​មួយ​ដែល​វា​មាន​ភាព​មួយ​ដែល​មិន​សមរម្យ​ទេ ចំពោះ​ការ​យក​ពួកគាត់​ទៅ​ធ្វើ​ការ​ឃុំខ្លួន​អ៊ីចឹង ហើយ​ថែមទាំង​គាត់​មាន​ជំងឺ​ថែម​ទៅទៀត​។ ខ្ញុំ​គិត​ថា តុលាការ​គួរតែ​រូតរះ គួរតែ​ធ្វើ​យ៉ាងណា​ប្រញាប់ប្រញាល់​នៅ​ក្នុង​ការអនុវត្ត​នូវ​នីតិវិធី​ធ្វើ​យ៉ាងណា​ដោះលែង​គាត់​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​អី​សិន​ទៅ ដើម្បី​យើង​បន្ត​នីតិវិធី​ទៅទៀត ជៀសវាង​យើង​ពិបាក​ក្នុង​កាល​មើល នៅ​ពេល​ដែល​អ្នក​ជាប់​ពន្ធនាគារ ដោយសារតែ​ការ​តស៊ូ​ខាង​មនសិការ ហើយ​បែរជា​ជាប់ពន្ធនាគារ​។ ហើយ​នៅ​ពេល​ដែល​យក​គាត់​មក​តុលាការ ឃើញ​គាត់​មានការ​គ្រា​ដោយ​ឆ្មាំ​ពន្ធនាគារ​អីហ្នឹង ខ្ញុំ​គិត​ថា វា​ជា​រឿង​មួយ​ដែល​មិន​សម​ទំនង ហើយ​វា​ជា​រឿង​មួយ​ដែល​មហាជន​គេ​មើល​មក​វា​អត់ៗ​មាន​ជា​លក្ខណៈ​អី​សមរម្យ​ទាល់តែសោះ»។

ទាក់ទង​នឹង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​វិញ នៅ​ថ្ងៃ​ទី​១៤ មករា​នេះ តុលាការ​កំពូល​បាន​បើកសវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​២​រូប គឺ​លោកស្រី ឈឿន ដារ៉ាវី និង លោក ហ៊ុន វណ្ណៈ។ នៅ​ក្នុង​ដំណើរការ​ក្តី​នេះ តុលាការ​មិន​បាន​បញ្ជូន​កញ្ញា ឈឿន ដារ៉ាវី មក​ចូលរួម​ក្នុង​សវនាការ​នេះ​ទេ​។​

ព្រះរាជអាជ្ញា​នៃ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល លោក ជុំ សំបាន ស្នើ​តុលាការ​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍ ទុកជា​បានការ​ដដែល ដោយ​លើកឡើង​ថា ដើម្បី​ការពារ​ជនជាប់ចោទ​មិន​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាថ្មី និង​ការពារ​សណ្ដាប់ធ្នាប់​សាធារណៈ។

មេធាវី​ការពារ​ក្តី​ឱ្យ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​លោក សំ ចំរើន លើកឡើង​ថា សាលដីកា​របស់​សាលាឧទ្ធរណ៍ គឺ​មាន​ភាព​មិន​ចាំបាច់ និង​មិន​សម​ស្របតាម​នីតិវិធី និង​រំលោភ​លើ​សច្ចធារ​នៃ​សេរីភាព​។ លោក​ស្នើ​ឱ្យ​តុលាការ​កំពូល ដោះលែង​កូន​ក្តី​របស់​លោក ឱ្យ​បាន​នៅ​ក្រៅ​ឃុំ។

តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​នេះ នៅ​ថ្ងៃ​ទី​២១ មករា ខាងមុខនេះ។

ម្ដាយ​សកម្មជន​ខ្មែរ​ថាវរៈ លោក ហ៊ុន វណ្ណៈ គឺ លោកស្រី ទី ម៉ារី ដែល​ចូលរួម​ឃ្លាំមើល​ក្នុង​សវនាការ​នេះ ថ្លែង​ថា កូនប្រុស​របស់​លោក​ស្រី​បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចេញមតិ និង​ពុំ​មាន​កំហុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​នោះ​ទេ​។ លោកស្រី​ស្នើ​ឱ្យ​តុលាការ​ដោះលែង​កូនប្រុស​លោកស្រី​ឱ្យ​មាន​សេរីភាព​ឡើងវិញ៖ «រាជរដ្ឋាភិបាល​បាន​ប្រកាស​ថា យុវជន​ម្នាក់​ត្រូវ​មាន​សិទ្ធ​សេរីភាព​បញ្ចេញមតិ ដល់​កូន​ខ្ញុំ​បញ្ចេញមតិ​គេ​ចាប់​អ៊ីចឹង វា​អយុត្តិធម៌​សម្រាប់​ខ្ញុំ​ជា​ប្រជាជន​កម្ពុជា​មួយ​ដូច​អត់​មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​អ៊ីចឹង»។

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​យុវជន​ខ្មែរ​ថាវរៈ​ជាច្រើន​នាក់​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ក្រោយ​ពេល​ពួកគេ​ចេញមុខ​តវ៉ា​ទាមទារ​ឱ្យ​តុលាការ​ដោះលែង មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន ។ ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០២០ រហូត​ដល់​ដើម​ឆ្នាំ​២០២១​នេះ អាជ្ញាធរ​បាន​ចាប់ខ្លួន​សកម្មជន អ្នកការពារ​សិទ្ធិមនុស្ស និង​យុវជន​ដាក់​ពន្ធនាគារ​យ៉ាង​ហោច​ជាង ៦០​នាក់ ដោយ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​មិន​ឱ្យ​យោធិន​ស្ដាប់​បញ្ជា និង​ប្រមាថ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ជាដើម​។ ចំណែក ក្រុម​សកម្មជន អ្នកនយោបាយ​មិនមែន​បក្ស​សង្គ្រោះ​ជាតិ និង​យុវជន​វិញ រង​ការចោទប្រកាន់​ពី​បទ​ញុះញង់។

សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជាពិសេស ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ បាន​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​អ្នក​ទាំងនោះ​វិញ ព្រោះ​ពួកគេ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ​។ ក្រៅ​ពី​នេះ សហគមន៍​ជាតិ និង​អន្តរជាតិ​ទទូច​ឱ្យ​របប​ក្រុងភ្នំពេញ បើក​លំហ​សេរីភាព និង​គោរព​សិទ្ធិ​ពលរដ្ឋ ដូច​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles