អង្គការ​លើកលែង​ទោស​អន្តរជាតិ ថ្កោលទោស​​ការ​បង្ក្រាប​សំឡេង​ប្រឆាំង

ដោយ មួង ណារ៉េត
2021-01-15
RFA

អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ថ្កោលទោស​ការ​ការ​បង្ក្រាប​សំឡេង​ប្រឆាំង។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន នៅ​ថ្ងៃទី១៤ ខែ​មករា នាយក​ប្រចាំ​តំបន់​នៃ​អង្គការ​នេះ ចាត់​ទុក​ការចោទប្រកាន់​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង និង​កោះហៅ​ឡើង​តុលាការការ ទាំង​ហ្វូង​ទាំង​ហ្វាយ​បែបនេះ បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់ ថា​អាជ្ញាធរ​កម្ពុជា​កំពុង​បង្កើន​យុទ្ធនាការ​ក្តៅ និង​ឥត​ស្រាកស្រាន្ត ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង នៅ​កម្ពុជា។

នាយិកា​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៃ​អង្គការ​តម្លាភាព​អន្តរជាតិ អ្នកស្រី យ៉ាមីនី មីសស្រា (Yamini Mishra) បញ្ជាក់​ថា កម្ពុជា​មាន​ប្រវត្តិ​ក្នុង​ការ​ផ្ដល់​ក្តី​សង្ឃឹម​តិចតួច​ស្តួចស្តើង​ណាស់ ដល់​ជនជាប់ចោទ ដែល​ជា​សកម្មជន​បក្ស​ប្រឆាំង​។ អ្នកស្រី​បន្ថែម​ថា នៅ​ពេល​មាន​ករណី​ចោទប្រកាន់​សកម្មជន និង​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល ជនជាប់ចោទ​មាន​សង្ឃឹម​ទទួល​បាន​យុត្តិធម៌​តិច​ណាស់ ព្រោះ​អាជ្ញាធរ ខ្វល់​រឿង​នយោបាយ ធំ​ជាង​អង្គហេតុ និង​អង្គច្បាប់។

អ្នកស្រី​បន្ត​ថា ការណ៍​ដែល​អាជ្ញាធរ​កម្ពុជា រារាំង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង មិន​ឱ្យ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ ដើម្បី​តតាំង​ក្ដី​តាម​ផ្លូវ​តុលាការ​នោះ គឺ​រឹតតែ​បង្ហាញ​ឱ្យ​ឃើញច្បាស់ ថា​ការ​ជំនុំជម្រះ​ក្តី​នេះ គឺជា​ឆាកល្ខោន​តែប៉ុណ្ណោះ។

អ្នកស្រី​ទាមទារ ឱ្យ​ដោះលែង​សកម្មជន ដែល​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន និង​ចោទប្រកាន់​ពួកគាត់​ដោយ​ហេតុផល​នយោបាយ​ទាំងអស់​នោះ ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​។ មិនតែប៉ុណ្ណោះ អាជ្ញាធរ​ត្រូវ​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​លើ​អ្នក​ទាំងនោះ ដោយ​មិន​ត្រូវ​បង្អែបង្អង់​យូរ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles