កម្ពុជា​រក​ឃើញ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក ជិត​១​ពាន់​គ្រាប់​ពី​សម័យ​សង្គ្រាម​នៅ​កំពង់ចាម

ដោយ ម៉ៅ សុធានី
2021-01-16
RFA

កម្ពុជា​រក​ឃើញ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក ជិត​១​ពាន់​គ្រាប់​ពី​សម័យ​សង្គ្រាម​នៅ​កំពង់ចាម

គ្រាប់​មិន​ទាន់​ផ្ទុះ និង​ស្លាក​សញ្ញា​ប្រាប់​ពី​ទីតាំង​គ្រាប់​មិន​ទាន់​ផ្ទុះ នៅ​ឃុំ​ជីរោទ៍ទី២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៦។Photo: RFA


មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន ដោយមាន​សហការ​ជាមួយ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​កងទ័ពជើងគោក ក្នុងអំឡុងពេល​៣ ខែ​កន្លង​មកនេះ បាន​រក​ឃើញ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក ជិត​១​ពាន់​គ្រាប់ នៅ​កន្លែង​នាវាចម្បាំង​លិច ក្នុង​អំឡុង​សង្គ្រាម​ពី​ឆ្នាំ​១៩៧០-១៩៧៥ នៅ​ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម។

គ្រាប់​ជិត ១​ពាន់​គ្រាប់​ទាំងនេះ ត្រូវ​បាន​គេ​ស្តុក​ទុក​នៅ​ទីតាំង​សុវត្ថិភាព​ឆ្ងាយ​ពី​ទីប្រជុំជន​ជាប់មាត់​ទន្លេ និង​មានការ​យាម​ការពារ ២៤/២៤ ម៉ោង។

មេបញ្ជាការ​កង​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​ក្រោម​ទឹក លោកឧត្តមសេនីយ៍​ទោ ម៉ី សុភា ត្រូវ​បាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដកស្រង់​សំដី​ថា នាវា​លិច​នេះ មាន​ចំនួន ២​គ្រឿង​គឺ​តូច​មួយ​គ្រឿង​និង​ធំ​មួយ​គ្រឿង ដែល​មាន​គ្រាប់​សរុប​ប្រមាណ​ពី ១០០ ទៅ ២០០ តោន​។ លោក​បន្ត​ថា នាវា​តូច​ត្រូវ​បាន​ប្រជាពលរដ្ឋ ពុះ​ច្រៀក​លក់​អេតចាយ បន្សល់​តែ​គ្រាប់​នៅ​រាយប៉ាយ។

ការ​រក​ឃើញ​នេះ ក្រោយ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៣០ ខែ​កញ្ញា បាន​បង្កើត​ក្រុម​ជំនាញ​ពិសេស​នៃ​កងអនុសេនាធំ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក ដែល​មាន​សមាជិក​ចំនួន ៥៥​រូប ដើម្បី​ចុះ​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​រុករក​នាវាចម្បាំង​ដែល​លិច និង​បោសសម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ បាន​ជា​ច្រើន​តោន។

របាយការណ៍​របស់​អាជ្ញាធរ​មីន​ឱ្យ​ដឹង​ថា កម្ពុជា​ក៏បាន​បោសសំអាត​ផ្ទៃដី​គ្រាប់មីន​បង្កប់​ក្រោម​ដី ចំនួន​ជិត​២៥០​គីឡូម៉ែត្រ​ការ៉េ ដោយ​បាន​រក​ឃើញ​គ្រាប់មីន​ជិត ៣០​ម៉ឺន​គ្រាប់ ក្នុង​នោះ​រួមមាន គ្រាប់មីន​ប្រឆាំង​នឹង​មនុស្សជាតិ មីន​ប្រឆាំង​រថក្រោះ និង​សំណល់​ជាតិ​ផ្ទុះ បន្សល់​ទុក​ពី​សង្គ្រាម អស់​រយៈពេល​១៤​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០០៦ រហូត​ដល់​ខែ​កក្កដា ឆ្នាំ​២០២០។

កម្ពុជា​ក៏​បាន​ប្ដេជ្ញា​បោសសម្អាត​មីន​ឱ្យ​អស់ នៅ​ឆ្នាំ​២០២៥ ខាងមុខ និង​គ្រោង​ចំណាយ​ថវិកា ២០​លាន​ដុល្លារ ដោយ​មាន​ជំនួយ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles