ដោយ យន់ សាមៀន
2021-01-16
RFA

អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ (រូបឆ្វេងទី៣) នៅអាកាសយាន្តដ្ឋានទីក្រុងឡូអេនជឺឡេស (Los Angeles) សហរដ្ឋអាមេរិក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ រូបពីហ្វេសប៊ុកអ្នកស្រី មូរ សុខហួរ
ក្រុមហ៊ុនយន្តហោះ មិនអនុញ្ញាតឲ្យអ្នកស្រី មូរ សុខហូរ អនុប្រធានគណបក្សសង្គ្រោះជាតិ ឡើងយន្តហោះចាកចេញពីទឹកដីសហរដ្ឋអាមេរិកទៅកម្ពុជានោះទេ ក្រោមហេតុផលថា អ្នកស្រី គ្មានទិដ្ឋាការឬវីសា(Visa) ពីរដ្ឋាភិបាលកម្ពុជា។ អ្នកស្រី មូរ សុខហួរ ប្ដេជ្ញាថា នឹងរកមធ្យោបាយថ្មីទៀត ដើម្បីវិលចូលកម្ពុជាឲ្យបាន។
ដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដឹកនាំដោយអ្នកស្រី មូរ សុខហួរ នៅ ថ្ងៃទី១៦ ខែមករា មិនបានសម្រេចឡើយ ដោយជាប់គាំងត្រឹមព្រលានយន្តហោះក្នុងទីក្រុងឡូសអែនជែឡេស (Los Angeles)។
អ្នកស្រី មូរ សុខហួរ និងមន្ត្រីគណបក្សសង្គ្រោះជាតិជាច្រើននាក់ បានរង់ចាំឡើងយន្តហោះអស់ប្រមាណជិត១០ម៉ោង នៅវាលយន្តហោះក្នុងទីក្រុងឡូសអែនជែ ឡេស (Los Angeles) ប៉ុន្តែនៅនាទីចុងក្រោយ តំណាងក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airline) មិនអនុញ្ញាត ឲ្យអ្នកស្រីឡើងយន្តហោះដើម្បីចាកចេញពីអាមេរិក ហើយចូលសំចតនៅប្រទេសសិង្ហបុរី មុនបន្តដំណើរចូលប្រទេសកម្ពុជានោះទេ។ អ្នកស្រី មូរ សុខហួរ ថា តំណាងក្រុមហ៊ុនយន្តហោះ បញ្ជាក់ប្រាប់អ្នកស្រីថា ក្នុងសម័យកូវីដនេះ អ្នកស្រី ត្រូវចាំបាច់មានទិដ្ឋាការ ឬវីសាដែលផ្ដល់ដោយរដ្ឋាភិបាលកម្ពុជាមុនឡើងយន្តហោះ ទោះបីជាអ្នកស្រី កាន់ទិដ្ឋាការអាមេរិកក៏ដោយ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូប ទៀត គឺលោក ម៉ែន សុថាវរិន្ទ្រ ក៏ត្រូវបានក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ហាមមិនឲ្យឡើងយន្តហោះពីទីក្រុងប៉ារីស (Paris) ប្រទេសបារាំង(France) ឆ្ពោះទៅសិង្ហបុរីដែរ។ លោក សម រង្ស៊ី បង្ហោះសារលើហ្វេសប៊ុក (Facebook) ថា តំណាងក្រុមហ៊ុនយន្តហោះ បានសុំទោសលោក ម៉ែន សុថាវរិន្ទ្រ ដោយបញ្ជាក់មូលហេតុថា រដ្ឋាភិបាលក្រុងភ្នំពេញ មិនអនុញ្ញាតឲ្យលោកវិលចូលកម្ពុជានោះទេ ទោះបីជាឆ្លងកាត់ប្រទេសណាក៏ដោយ។
អ្នកស្រី មូរ សុខហូរ ប្រាប់អាស៊ីសេរីបន្ថែមថា ការខកខានវិលចូលកម្ពុជាជាថ្មីនេះ មិនមែនជាកំហុសរបស់អ្នកស្រីនោះទេ ប៉ុន្តែជា កំហុសរបស់របបក្រុងភ្នំពេញ ដែលបានរំលោភច្បាប់ និងបានបង្កើតឧបសគ្គរារាំងអ្នកស្រី មិនឲ្យវិលចូលកម្ពុជាដើម្បីតតាំងក្តីក្នុងតុលាការ៖ «ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី គេចង់ជួយខ្ញុំដែរ ប៉ុន្តែច្បាប់គេ និយាយអ៊ីចឹង ដូច្នេះយើងសួរវិញ តើនរណាមិនចេញវីសាឲ្យខ្ញុំហើយខ្ញុំទៅ មិនមែនទៅជាទេសចរណ៍ឯណា គឺទៅឆ្លើយចំពោះមុខតុលាការ។ ឥឡូវ ខ្ញុំសុំរកយុត្តិធម៌ឲ្យខ្ញុំផង ព្រោះនេះជាការរំលោភសិទ្ធិ របស់ខ្ញុំ១០០ភាគរយតែម្ដង»។
អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា ទោះបីរបបក្រុងភ្នំពេញ រារាំងអ្នកស្រី មិនឲ្យវិលចូលកម្ពុជានៅពេលនេះក្តី ប៉ុន្តែអ្នកស្រី នៅតែមានក្តីសង្ឃឹម និងប្ដេជ្ញារកវិធីផ្សេងទៀត វិលចូលកម្ពុជាឲ្យបាននាពេលដ៏ខ្លីខាងមុខ ដើម្បីសង្គ្រោះកម្ពុជាចេញពីរបបផ្ដាច់ការក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា ដំណើរមាតុភូមិនិវត្តន៍របស់អ្នកស្រី មូរ សុខហួរនេះ គ្រាន់តែជាឈុតឆាកសម្ដែងដើម្បីបង្កើតជាព្រឹត្តិការណ៍នយោបាយ។ ប៉ុន្តែបើទោះបីជាលោកចាត់ទុកថា មន្ត្រីបក្សកំពុងសម្ដែងក្តី ក៏រដ្ឋាភិបាលរបស់លោក មិនហ៊ានផ្ដល់សុពលភាពលិខិតឆ្លងដែន ឬវីសាដល់ថ្នាក់ដឹកនាំបក្សប្រឆាំងដដែល៖ «លោកស្រី មូរ សុខហួរ គាត់បានដឹងច្បាស់ថា គាត់បានប្រព្រឹត្តអ្វី ហើយទី២ ក្រសួងយុត្តិធម៌ បាននិយាយ ហើយរដ្ឋាភិបាល ធ្វើទៅតាមតែតុលាការ ព្រោះការឲ្យវីសាដល់ជនដែលជាមុខសញ្ញាដែលកំពុងតាមចាប់គឺជារឿងមួយយើងមិនផ្ដល់ឲ្យទេ គឺយើងច្បាស់អ៊ីចឹងហ្មង គាត់ធ្វើម៉េចធ្វើទៅ។ បើសិនគេ(រដ្ឋាភិបាល)ចង់យកគាត់ចេញមកវិញ គេអាចធ្វើតាមបត្យាប័ន ព្រោះគាត់មិនមែនជាជនធម្មតាទេ គឺជាក្រុមឧទ្ទាមប្រឆាំងនឹងនីតិរដ្ឋ»។
ចំណែកសកម្មជនគណបក្សសង្គ្រោះជាតិវិញ ពួកគេអះអាងថា មិនខកចិត្តចំពោះការបរាជ័យវិលចូលស្រុកជាលើកទី២របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិឡើយ ព្រោះពួកគេដឹងថា រដ្ឋាភិបាល បានប្រើគ្រប់វិធីដើម្បីរារាំង ដោយសារភ័យខ្លាចឥទ្ធិពលគណបក្សប្រឆាំង។
ប្រធានយុវជនគណបក្សសង្គ្រោះជាតិស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក យ៉ាត ភារម្យ និយាយថា ពួកលោក មិនរាថយឡើយ ហើយនៅតែរក្សាជំហររឹងមាំ ដើម្បីរង់ចាំស្វាគមន៍និងចូលរួមអមដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំបក្សប្រឆាំងនៅពេលក្រោយៗទៀត៖ «គាត់បានត្រៀមចិត្តត្រៀមកាយស្រេចហើយថា គាត់ រួមទាំងពួកយើងទាំងអស់គ្នា នឹងមកប្រឈមការចាប់ខ្លួន ប៉ុន្តែលោក ហ៊ុន សែន ទៅវិញទេ ដែលជាបុរសកំសាក ឬហៅថា ញ៉ី ដែលមិនហ៊ានតតាំង»។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន់ ចាន់ឡូត ទទួលស្គាល់ថា ផែនការវិលចូលស្រុកមិនបានជោគជ័យនេះ គឺដោយសារតែរដ្ឋាភិបាល មិនព្រមផ្ដល់សុពលភាពលិខិតឆ្លងដែន ឬវីសាដល់ពួកគាត់ទៅតាមច្បាប់។ ទោះយ៉ាងណា លោក យល់ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គួរតែរៀបដំណើរមាតុភូមិនិវត្តន៍នេះឲ្យបានច្រើនជំហាន និងឲ្យមេធាវីបន្តដាក់លិខិតជំរុញទៅតុលាការឲ្យបង្គាប់ទៅរដ្ឋាភិបាលជួយបើកផ្លូវឡើងវិញ៖ «រដ្ឋាភិបាលដែលជាអ្នកទទួលខុសត្រូវនៅក្នុងការធានាបានសញ្ជាតិខ្មែរ ព្រោះនៅក្នុងរដ្ឋធម្មនុញ្ញបានចែងអ៊ីចឹងថា គ្មានពលរដ្ឋណាម្នាក់ត្រូវបានដកសញ្ជាតិ ឬនិរទេសទេ ហើយទោះបីជានៅក្រៅប្រទេសក៏ដោយ ក៏រដ្ឋត្រូវគាំពារដែរ»។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) និងក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានថ្កោលទោសរបបលោក ហ៊ុន សែន ដែលបានប្រើប្រាស់ប្រព័ន្ធតុលាការចោទប្រកាន់ និងកោះហៅថ្នាក់ដឹកនាំ និងសកម្មជនរាប់សិបនាក់ឲ្យចូលរួមសវនាការពាក់ព័ន្ធនឹងសំណុំរឿងរួមគំនិតក្បត់ និងញុះញង់។ ពួកគេ អំពាវនាវដល់របប លោក ហ៊ុន សែន បើកផ្លូវឱ្យមន្ត្រីបក្សសង្គ្រោះជាតិដែលជាប់ក្ដីក្ដាំនៅតុលាការ អាចវិលត្រឡប់ទៅកម្ពុជាវិញ ដោយសុវត្ថិភាព ដើម្បីចូលរួមក្នុងសវនាការជំនុំជម្រះ ទោះជាសំណុំរឿងទាំងនោះមានចរិតនយោបាយ និងមិនស្របតាមគោលការណ៍នីតិរដ្ឋយ៉ាងណាក្ដី៕
WELL …let that evil uneducated lead the world so all of human will be in great peace
ហាស ! ហាស
មីកាដួយស្អុយ ប៉ាស្ព៍រ អាមេរិកង៉ែងម៉េចមិនប្រើ ?
កាលង៉ែងរត់ចេញទៅ មិនមែនប្រើប៉ាស្ព័រកម្ពុជាឯណា ?
ជឿមីកាដួយស្វឹត មានតែរុន្ធប្រហោងកាហ៊ូ មួរ សុខហួរ ជឿឆ្កែល្អជាង !