លោក​ សម រង្ស៊ី​ ស្នើ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ រៀបចំ​គណៈកម្មការ​អន្តរជាតិ​មួយ​ ដើម្បី​ស៊ើប​អង្កេត​ករណី​សាងសង់​មូលដ្ឋានសឹក​យោធាចិន​នៅ​កម្ពុជា

ដោយ ហេង រស្មី
2021-01-15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​ សម រង្ស៊ី​ ស្នើ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ រៀបចំ​គណៈកម្មការ​អន្តរជាតិ​មួយ​ ដើម្បី​ស៊ើប​អង្កេត​ករណី​សាងសង់​មូលដ្ឋានសឹក​យោធាចិន​នៅ​កម្ពុជា

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ និង​លោក វៃ ហ្វេនហេ (WEI FENGHE) សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ពិធី​ចុះ​ហត្ថលេខា​ លើ​ពិធីសារ​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​កម្ពុជា-ចិន។រូប៖ ហ្វេសប៊ុក​នាយឧត្ដមសេនីយ៍ ឈុំ សុជាត ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ២០១៨


លោក​ សម រង្ស៊ី​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ប្រាប់​អាស៊ីសេរី​ថា​ មូល​ហេតុ​ដែល​លោក​ស្នើ​សុំ​នេះ ​គឺ​ដោយ​សារ​តែ​ការ​បង្កើត​មូលដ្ឋាន​សឹក​ ​នៅ​កម្ពុជា​នឹងនាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សន្តិ​សុខ​ក្នុង​តំបន់។​

លោក​ថា​ ប្រទេស​កម្ពុជា​ ត្រូវ​តែ​មាន​អង្គការ​សហប្រជាជាតិ​ សហគមន៍​អន្តរជាតិ​ ដើម្បី​រៀបចំ​គណៈកម្មការ​អន្តរជាតិ​មួយ​ បើក​ការ​ស៊ើបអង្កេតករណីការ​សាងសង់​មូលដ្ឋានសឹក​​របស់​ប្រទេសចិន​ នៅ​លើទឹកដី​ប្រទេសកម្ពុជា​។​ ការ​សាងសង់​មូលដ្ឋាន​សឹក​​របស់​ប្រទេស​ក្រៅ​ណា​មួយ​ លើ​ទឹកដី​ប្រទេស​កម្ពុជា​ គឺ​ជា​ការ​រំលោភ​កិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស​ ឆ្នាំ​១៩៩១​ ហើយ​ជា​ការ​គំរាម​ដល់​សន្តិភាព​ និង​សន្តិសុខ​ ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ទាំងមូល​។​​

សហរដ្ឋ​អាមេរិក​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៩​ ធ្លាប់​បាន​ចោទ​ប្រកាន់​ថា​ កម្ពុជា​បាន​ចុះ​ហត្ថលេខា​ដោយ​សម្ងាត់​ជាមួយ​ប្រទេស​ចិន​ ដែល​នឹង​អនុញ្ញាត​ឱ្យ​យោធា​ចិន​ប្រើប្រាស់​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​នៅ​រាម​។​ តាម​រយៈ​កិច្ច​ព្រមព្រៀង​សម្ងាត់​នេះ​ យោធា​ចិន​​អាច​ប្រើប្រាស់​មូលដ្ឋាន​រាម​រយៈ​ពេល​ ៣០ឆ្នាំ​ ហើយ​កិច្ច​សន្យា​នោះ​ត្រូវ​បន្ត​ដោយ​ស្វ័យ​ប្រវត្តិ​សម្រាប់​រយៈ​ពេល​ ១០​ឆ្នាំ​ ក្រោយ​ពី​កិច្ច​សន្យា​ ៣០​ឆ្នាំ​ បាន​បញ្ចប់។ កិច្ច​សន្យា​នោះ​អាច​អនុញ្ញាត​ឱ្យ​យោធា​ចិន​ ឈរ​ជើង​ ស្តុក​ទុក​នូវ​អាវុធ និង​ចត​នាវា​ចម្បាំង។​

​​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ធ្លាប់​បាន​អះអាង​ថា​ រដ្ឋធម្មនុញ្ញ​កម្ពុជា មិន​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​កង​ទ័ព​បរទេស​នៅ​លើ​ទឹក​ដី​កម្ពុជា​ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​កង​ទ័ព​កម្ពុជា​ នៅ​លើ​ទឹក​ដី​ប្រទេស​ដទៃ​ដែរ។

លោក សម រង្ស៊ី​បន្ត​ថា​​ លោក​មិន​ជឿ​លើ​ការ​ប្រកាស​ដោយ​ឯក​តោ​ភាគី​ពី​របប​លោក​ ហ៊ុន សែន​ ថា​ កន្លង​មក​គ្មាន​មូលដ្ឋាន​កង​ទ័ព​របស់​ប្រទេស​ចិន​ នៅ​លើ​ទឹក​ដី​កម្ពុជា​ បាន​ទេ ពី​ព្រោះ​ផល​ប្រយោជន៍​របស់​លោក​ ហ៊ុន សែន​ គឺគាត់ធ្វើយ៉ាងណាលាក់បាំង​មិន​ចង់​ឱ្យ​គេ​ដឹង​ការពិត​ ដោយ​សារ​លោក​ ហ៊ុន សែន​ បាន​ចំណេញ​ពី​ចិន​តាម​រយៈ​ការ​ផ្ដល់​លុយ​។ តែ​ចិន​ជួយ​កម្ពុជា​ គឺ​ចិន​គិត​ពី​ផល​ប្រយោជន៍​៖ «​អ្វី​ដែល​ចិន​​ចង់​បាន​ពេល​នេះ​ គឺ​មូលដ្ឋាន​សឹក​ហើយ​ ពីព្រោះ​បើ​មាន​មូលដ្ឋាន​សឹក​នៅ​កម្ពុជា​ ជា​ពិសេស​ នៅ​ក្នុង​ខេត្ត​​កោះកុង​ គឺ​នាវា​ចម្បាំង​ចិន​ អាច​ត្រួត​ពិនិត្យ​ អាច​មើល​បិទ​ផ្លូវ​មិន​ឱ្យ​នាវា​ ណា​ដែល​មិន​មែន​ ជា​សម្ព័ន្ធ​មិត្ត​ ជាមួយ​ចិន​អាច​ធ្វើ​ដំណើរ​បាន​ដោយ​សេរី​។ អ៊ីចឹង​ ចិន​មាន​ឥទ្ធិពល​ខ្លាំង​ មាន​ប្រៀប​ដោយ​សារ​មាន​មូលដ្ឋាន​សឹក​នៅ​ កោះកុង​ និង​រាម​។ ទន្ទឹម​គ្នា​ហ្នឹង​ ហើយ​ចិន​ច្បាស់​ជា​ដាក់​សម្ពោធ​ ហើយ​ ហ៊ុន សែន​ ត្រូវ​ការ​លុយ​ ត្រូវ​ការ​ជំនួយ ​ដើម្បី​ជួយ​ឱ្យ​របប​គាត់​បាន​នៅ​រស់​គឺ ​ត្រូវ​ការ​ចិន​បំប៉ន​។»

អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​លោក​ ផៃ ស៊ីផាន​ ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី​ គឺ​ជា​រឿង​នយោបាយ​ ដោយ​សារ​តែ​ការ​ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ គឺ​​គ្រាន់​តែ​ធ្វើ​ឱ្យ​មហាជន​ចាប់​អារម្មណ៍​ប៉ុណ្ណោះ៖«អង្គការ​សហប្រជាជាតិ​មិន​មាន​សិទ្ធិ​សម្រេច​នៅ​ក្នុង​ស្វ័យភាព​​ឬ​ អធិបតីភាព​របស់​ប្រទេស​ណាមួយ​ទេ។​ បើ​សិន​ជា​យើង​មើល​ប្រទេស​ជប៉ុន​ ឬ​ប្រទេស​ ហ្វីលីពិន​ ឬ​ប្រទេស​ ដ៏​ទៃ​ទៀត​ដែល​គេ​ដាក់​មូល​ដ្ឋាន​សឹក​បរទេស​នៅ​លើ​ទឹក​ដី​ របស់​ខ្លួន​នោះ​ គឺ​គេ​មិន​ដែន​សុំ​ការ​អនុញ្ញាត​ពី​អង្គការ​សហប្រជាជាតិ​នោះ​ទេ​។ អាហ្នឹង​ គឺ​ជា​ការ​និយាយ​ដោយ​ភ្លីភ្លើ​បំផុត»។

​​​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បាន​បែរ​ខ្នង​ដាក់​ពួក​បស្ចិម​​ប្រទេស​កាន់​តែ​ខ្លាំង ដោយ​ងារ​ទៅ​រក​ការ​ពង្រីក​ទំនាក់​ទំនង​លើ​វិស័យ​យោធា​ និង​នយោបាយ​ជា​មួយ​ប្រទេស​ចិន​វិញ​។​ ទីក្រុង​ប៉េកាំង​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ និង​កម្ចី​ឥណទាន​ ព្រមទាំង​សម្ភារៈបរិក្ខារ​ផ្សេងៗ។ ក្នុង​បរិបទ​បែប​នេះ កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​រវាង​របប​ក្រុង​ភ្នំពេញ​ និង​ទី​ក្រុង​ប៉េកាំង​ ត្រូវ​បាន​រៀប​ចំឡើង​​ជាបន្តបន្ទាប់។ កិច្ចការរវាងប្រទេសទាំងពីរនេះ មានមួយ​​ចំនួន​ត្រូវ​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ ប៉ុន្តែ​ខ្លះ​ទៀត​ត្រូវ​រក្សា​ជា​សម្ងាត់​ ជា​ពិសេស រឿងសម្ងាត់នៃការចុះហត្ថលេខាជាមួយចិន ដែលរង​ការ​ចោទ​ប្រកាន់​ថា​ ប្រទេស​ចិន​កំពុង​បង្កើត​មូលដ្ឋាន​កង​ទ័ព​នៅ​រាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "លោក​ សម រង្ស៊ី​ ស្នើ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ រៀបចំ​គណៈកម្មការ​អន្តរជាតិ​មួយ​ ដើម្បី​ស៊ើប​អង្កេត​ករណី​សាងសង់​មូលដ្ឋានសឹក​យោធាចិន​នៅ​កម្ពុជា"

  1. Anonymous says:

    WELL this animal HUN SEN was owing a lot of supported from China . there are a lot of Chines came to live and controlling their investment but China leader they are invest in politic to build military air port and military sea port . please be aware if any war come up the enemy can come out from every where