កម្ពុជា-កូវីដ១៩
16/01/2021 – 06:47
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសនៅយប់មិញនេះថា ចិន នឹងផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ១លានដូសដល់កម្ពុជា ដោយឥតគិតថ្លៃ ខណៈកម្ពុជាកំពុងត្រូវការជាចាំបាច់។ វ៉ាក់សាំងដែលចិនប្រកាសផ្តល់ឲ្យកម្ពុជានេះមានឈ្មោះថា ស៊ីណូហ្វាម ដែលអង្គការសុខភាពពិភពលោកមិនទាន់ទទួលស្គាល់នៅឡើយ តែមានមេដឹកនាំពិភពលោកមួយចំនួនបានប្រើប្រាស់វារួចហើយ។
ដំបូងឡើយលោក ហ៊ុន សែន ប្រកាសថា កម្ពុជានឹងទទួលទិញវ៉ាក់សាំងកូវីដ១៩ ពីប្រទេសណាមួយ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។ តែដោយសារពេលនេះ កម្ពុជាកំពុងទទួលរងការរីករាលដាលកូវីដ១៩ ពិសេសពលករខ្មែរមកពីប្រទេសថៃនោះ គឺមិនអាចរង់ចាំទៀតបានឡើយ។ នេះជាការអះអាងនៅក្នុងសារជាសំឡេងរបស់លោកនៅយប់ថ្ងៃទី១៥មករា ២០២១។
បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួន១លានដូសដែលចិនប្រកាសផ្តល់ជូនកម្ពុជាដោយឥតគិតថ្លៃនេះឈ្មោះថា ស៊ីណូហ្វាម ដែលត្រូវបានប្រធានាធិបតីចិន នាយករដ្ឋមន្ត្រីចិន និងមេដឹកនាំរដ្ឋាភិបាលឥណ្ឌូនេស៊ី ព្រមទាំងមនុស្សរាប់លាននាក់លើពិភពលោកបានប្រើប្រាស់វារួចហើយ។
សម្រាប់កម្ពុជាអ្នកដែលត្រូវចាក់វ៉ាក់សាំងនេះមុនគេគឺមនុស្សជុំវិញមេដឹកនាំសំខាន់ៗរួមមាន នាយករដ្ឋមន្ត្រី និងក្រុមអង្គរក្ស ព្រះមហាក្សត្រ ប្រធានរដ្ឋសភា និងព្រឹទ្ធសភាជាដើម។ នេះជាការលើកឡើងរបស់លោក ហ៊ុន សែន។
យ៉ាងណាក៏ដោយវ៉ាក់សាំងនេះនៅមិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយ។
តែបើតាមលោក ហ៊ុន សែន វ៉ាក់សាំង ឈ្មោះ ស៊ីណូហ្វាម នេះ អាចរក្សាទុកក្នុងសីតុណ្ហភាពចន្លោះពី២ទៅ៨អង្សាដែលកម្ពុជាងាយស្រួលដឹកជញ្ជួននិងរក្សាទុកបាន ទោះបីជាមិនទាន់ដឹងច្បាស់ពីប្រសិទ្ធភាពវាក៏ដោយ ខណៈវ៉ាក់សាំងផ្សេងទៀតត្រូវរក្សាទុក -៧០អង្សាក្រោមសូន្យ។
លោក ហ៊ុន សែន អះអាងថា វ៉ាក់សាំង ស៊ីណូហ្វាម របស់ចិននេះ គឺកម្ពុជាទទួលយកជាជំហានដំបូង ចំនួន១លានដូស និងបន្ទាប់មកទៀត គឺកម្ពុជានឹងបន្តប្រើវ៉ាក់សាំងរបស់ចិនដដែលឈ្មោះថា ស៊ីណូវ៉ាក់។ តែមិនបដិសេធ វ៉ាក់សាំងរបស់ប្រទេសផ្សេងទៀតនោះទេ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៤មករា២០២១ វ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ចិននេះមានប្រសិទ្ធភាពតែជាង ៥០%ប៉ុណ្ណោះ ពោលតិចជាងការអះអាងពីដំបូងនៅប្រទេសប្រេស៊ីល ដែលថាមានប្រសិទ្ធភាពរបស់រហូតដល់៧៨%នោះ៕
shot yourself first that is only tiger’s pup soon this ASIAN tiger becoming a cat of ASIAN