សវនាការលោក រ៉ុង ឈុន ធ្វើឡើងក្នុង​បរិយាកាស​​​សួរដេញដោលគ្នាយ៉ាងក្តៅគគុក

ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា |១៦ មករា ២០២១ |ម៉ោង ១៦:១៤
VOD

ប្រធាន​សហភាព​សហជីព​កម្ពុជា​ លោក​ រ៉ុង​ ឈុន ថ្លែងប្រាប់អ្នកកាសែតពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ប្រធាន​សហភាព​សហជីព​កម្ពុជា​ លោក​ រ៉ុង​ ឈុន ថ្លែងប្រាប់អ្នកកាសែតពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។ (ហ៊ី ឆាយ)


ជនជាប់ចោទ មេធាវីរដ្ឋាភិបាល ព្រះរាជអាជ្ញា និង​ចៅក្រម​ បាន​សួរដេញដោលគ្នាយ៉ាង​ក្តៅ​គគុក​ក្នុង​សវនាការលោក រ៉ុង ឈុន ជុំវិញការសេចក្ដីសន្និដ្ឋានទុកជាមុន ចេតនាប្រព្រឹត្តបទល្មើស កង្វះភស្តុតាង និងចេតនាក្នុងការប្រើពាក្យ «យួន»

សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បានបើកសវនាការលើដំបូងលើសំណុំរឿង​«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម» ប្រឆាំងនឹង​មេដឹកនាំសហជីព និងជាតំណាង​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន  ​ប្រធានគណបក្សខ្មែរឈ្នះ លោកសួង សុភ័ណ្ឌ យុវជន​ខ្មែរថាវរៈ កញ្ញា ស កនិ្នកា  និងលោក តុន និមល  ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីធ្វើបាតុកម្មនៅមុខស្ថានទូតចិនកាលពីចុងខែតុលា។​

លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ខណៈលោក សួង សុភ័ណ្ឌ និងកញ្ញា ស កនិ្នកា  ត្រូវបានចាប់ខ្លួនបន្ទាប់ពីពូកគេបានចូលរួមធ្វើបាតុកម្មគាំទ្រ និងស្នើឱ្យដោះលែងលោក រ៉ុង ឈុន។

នៅពេលសវនាការបានចាប់ផ្តើមកាលពីថ្ងៃសុក្រ មេធាវីការពារក្តីជនជាប់ចោទបានជំទាស់ភ្លាមៗ​ចំពោះវត្តមានរបស់មេធាវីរដ្ឋាភិបាល។ ទោះយ៉ាងណាមេធាវីរដ្ឋាភិបាល លោក ឈិត​ បូរ៉ាវុធ​ បានបង្ហាញព្រះរាជក្រឹត្យស្តីពីការបង្កើតក្រុមមេធាវីរបស់រដ្ឋាភិបាល ខណៈដែលព្រះរាជអាជ្ញារង​បានដកស្រង់មាត្រាមួយនៅក្នុងក្រមរដ្ឋប្បវេណីដែលថាបណ្តឹងរដ្ឋប្បវេណីអាចត្រូវបានភ្ជាប់ជាមួយនឹងសកម្មភាពព្រហ្មទណ្ឌ។

បន្ទាប់មកចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានសួរទៅលោក  រ៉ុង ឈុន ពាក់ព័ន្ធនឹងការបង្កើតក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងគោលបំណងនៃការបង្កើត​សហភាព​សហជីព​កម្ពុជា សមាភាពចូលរួម និងសមាជិក។​

ពាក់ខោអាវអ្នកទោស ឈរក្នុងរង្វង់ក្រចកសេះ លោក រ៉ុង ឈុន ប្រាប់ទៅចៅក្រមថា លោក​បង្កើត​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដើម្បីចេញសេចក្ដីថ្លែងការណ៍ពីបញ្ហាសង្គម។​ ចំណែក​ការបង្កើតសហភាពសហជីពវិញ  ក្នុងគោលបំណងដើម្បីជួយការពារផលប្រយោជន៍​កម្មករ គ្រួបង្រៀន និងអ្នកធ្វើការក្រៅប្រព័ន្ធ។

ក្រៅពីសួរការបង្កើតក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងសហជីព ចៅក្រមក៏បានសួរសំណួរទៅលោក រ៉ុង ឈុន   ជុំវិញ​ព័ត៌មានលិអិតទាក់ទងនឹងសកម្មភាពចុះទៅព្រំដែន។

ជាការឆ្លើយតបនឹងសំណួរចៅក្រមលោក រ៉ុង ឈុនថា  រូបគាត់បានទទួលព័ត៌មានពលរដ្ឋបាត់បង់​ដី​នៅ​ខេត្តត្បួងឃ្មុំតាមរយៈការស្ដាប់វិទ្យុអាស៊ីសេរី រួមបានចុះទៅជួបជាមួយប្រជាពលរដ្ឋចំនួន​២០នាក់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០  ប៉ុន្តែលោកបដិសេធមិនប្រាប់ពីអត្តសញ្ញាណ​សហការី​ដែលបានចុះទៅជាមួយរូបគាត់។

ចៅក្រមជំនុំជម្រះលោក លិ សុខា បានសួរបន្តទៀត ពាក់ព័ន្ធនឹងការសរសេរសេចក្ដីថ្លែងការណ៍​អ្នកណាជួយសរសេរ ហើយការយកសេចក្ដីថ្លែងការណ៍ផ្សព្វផ្សាយ​ជាសាធារណៈលើ​បណ្ដាញ​សង្គមនោះ ក្នុងគោលបំណងអ្វី និងបានដឹងពលរដ្ឋបាត់ដីពិតឬទេ ហើយពលរដ្ឋទាំងនោះមាន​ឯកសារអត់។

តំណាងក្រុមប្រឹក្សាឃ្លាំមើលរូបនេះថាសេចក្ដីថ្លែងការណ៍លោកជាអ្នកសរសេរផ្ទាល់ ហើយ​ការ​បង្ហោះ​លើបណ្ដាញសង្គមក្នុងគោលបំណងសុំអន្តរាគមន៍​ពីរដ្ឋាភិបាលឱ្យជួយដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ។ ចំពោះរឿងដីវិញ លោកថា ប្រជាពលរដ្ឋជាអ្នកអះអាងប្រាប់រូបគាត់ ករណីនេះ មានតែប្រជាពលរដ្ឋទេដែលដឹង ហើយពាក់ព័ន្ធនឹងឯកសារវិញ លោកថា​ប្រទេសកម្ពុជាមិនទាន់​បានផ្ដល់ប័ណ្ណកម្មជូនដល់ប្រជាពលរដ្ឋគ្រប់គ្នានៅឡើយ។

ចៅក្រមសួរបន្ត៖«ការអះអាងហ្នឹង គឺជាការអះអាងពីប្រជាពលរដ្ឋ ប៉ុន្តែប្រជាពលរដ្ឋគ្មាន​ឯកសារទេ ហើយបើលោកគ្មានភស្តុតាង ឬមិនច្បាស់ទេ តែលោកបានបង្ហោះសេចក្ដីថ្លែងការណ៍​ធ្វើឱ្យមានការភ័ណ្ឌច្រឡំលើរដ្ឋាភិបាល?»

ក្រោយពីមានការចោទបែបនេះ មេធាវីការពារក្ដីឱ្យលោក រ៉ុង ឈុន គឺសំ សុគង់ បានឡើងកាត់​ចៅក្រម ដោយថាការសួរសំណួរនេះ ជាការសន្មត់ទុកជាមុនថាកូនក្ដីលោកមានទោស ខណៈ​មេធាវីម្នាក់ទៀតគឺលោក ជូង ជូងី ក៏បានឡើងជំទាស់នឹងសំណួរចៅក្រមលោក រ៉ុង ឈុនដែរ។

ព្រះរាជអាជ្ញារង លោក សេងហៀង ក៏បានក្រោកឈរការពារចៅក្រមដោយថាការសាកសួរនោះ​គឺគ្រាន់តែព្យាយាមស្វែងរកការពិតប៉ុណ្ណោះ។ នៅពេលដែលព្រះរាជអាជ្ញារង និង​មេធាវីការពារ​ជន​​ជាប់ចោទ កំពុងតឹងសសៃកដាក់គ្នានោះ ចៅក្រម លិ សុខា បានគោះតុ។

ចៅក្រម​ បាន​បន្តថាសាររបស់លោក រ៉ុង ឈុន បានបង្កឱ្យមានការយល់ច្រឡំនិងកំហឹង​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ពេលនោះលោក រ៉ុង ឈុនលើកម្រាមដៃឡើងហើយសួរសំណួរទៅចៅក្រម​វិញ ប៉ុន្តែចៅក្រម​បានប្រាប់ថាលោក រ៉ុង ឈុន គ្មានសិទ្ធិក្នុងការសួរសំណួរឡើយ។

លោក រ៉ុង  ឈុន បានឆ្លើយតបថា៖«ការបង្ហោះនេះ ជាសិទ្ធិសេរីភាពប​ញ្ចេញមតិ ហើយខាង រដ្ឋាភិបាលបើឃើញខ្ញុំខុសឬខ្វះខាតអ្វីអាចហៅខ្ញុំទៅជជែកបាន។ ចាប់ខ្លួនខ្ញុំនៅម៉ោង ៩ ម៉ោង យប់អត់មានដីកាទៀត»។

ចៅក្រម បានលើកឡើងថា៖«លោកគ្មានសិទ្ធិសួរខ្ញុំ ព្រោះខ្ញុំជាចៅក្រមបើលោកចង់តតាំង​អាចដាក់ភស្តុតាង​បាន»។

ក្រោយចៅក្រមសួរចប់ មេធាវីដើមបណ្ដឹងតំណាងឱ្យរដ្ឋាភិបាលម្នាក់ គឺលោក  ឈិត​ បូរ៉ាវុធ​ បានឡើងសួរពីពាក្យ «យួន» ទៅលោក រ៉ុង ឈុន ថាតើ​ការប្រើពាក្យ «យួន» នេះបង្កប់អត្តន័យអ្វី ហើយហេតុអ្វីបានប្រើពាក្យ «យួន»

លោក រ៉ុង ឈុន ថា ការប្រើពាក្យយួនរបស់លោកមិនបានបង្កប់អត្តន័យអ្វីទេ ព្រោះវចនានុក្រម​សម្ដេចសង្ឈ ជូន ណាត ក៏មានពាក្យនេះដែរ។

លោក រ៉ុង ឈុន ថា៖«ខ្ញុំមានការភា្ញក់ផ្អើលនៅពេលដែលលោកមេធាវីយកពាក្យ«យួន»មកសួរ ព្រោះវចនានុក្រម ជូ ណាត ក៏មានដែរ»។

មេធាវីលោករ៉ុង ឈុន បានឡើងជំទាស់ នឹងការចោទសួររបស់មេធាវីតំណាងរដ្ឋាភិបាល លើកូនក្ដីខ្លួន ជុំវិញពាក្យពេចន៍ «យួន»

ក្រោយសួរដេញដោលក៏ចម្រូងច​ម្រាសរយៈពេលជិត ៤ ម៉ោង ចៅក្រមជំនុំជម្រះបានប្រកាស​បន្តសវនាការទៅថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២១ខាងមុខ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ដែលបានចូលរួមតាមដាន​សវនាការ​​កាល​ពីម្សិលមិញបានកត់សម្គាល់ថាការសួរដេញដោលរបស់ចៅក្រម តំណាង​អយ្យការ និងមេធាវីតំណាងរដ្ឋាភិបាលជាច្រើនទៅលើ លោក រ៉ុង ឈុន បង្ហាញឱ្យឃើញអំពី​ការសន្និដ្ឋានថា លោក រ៉ុង ឈុន មានទោស។ លោកស្រីចាត់ទុកការសន្និដ្ឋាននេះថា បានធ្វើឱ្យ​ប៉ះ​ពាល់​សិទ្ធិទទួលបានជំនុំជម្រះយុត្តិធម៌​។

លោកស្រីថា៖« យើងឃើញថាការជជែកដេញដោលទាំងសំឡេង លើកដៃ សម្រាប់​ខ្ញុំហាក់​ដូច​ជា​មានសម្ពាធ សូម្បីតែយើងអ្នកអង្កេតការណ៍ក៏មានសម្ពាធដែរ ។ អ៊ីចឹងសម្រាប់លោក រ៉ុង ឈុន ជាជនត្រូវជាប់ចោទហ្នឹង តើគាត់មានសម្ពាធបែបណា។ ខ្ញុំឃើញគាត់លើកម្ដងពីរដងដែរ តើលោកមេធាវីកំពុងសួរគាត់ឬកំពុងតែបន្ទោសគាត់កន្លែងនេះ ខ្ញុំគិតថាសំខាន់»។

លោក រ៉ុង ឈុន ត្រូវសមត្ថកិច្ច​​ចាប់ខ្លួននៅគេហដ្ឋានរបស់លោក​នៅរាជធានីភ្នំពេញ​​កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រោយពីលោកប​ង្ហោះ​​សារលើហ្វេសប៊ុកពាក់ព័ន្ធនឹងការបោះ​បង្គោល​ព្រំដែនជាមួយវៀតណាម៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "សវនាការលោក រ៉ុង ឈុន ធ្វើឡើងក្នុង​បរិយាកាស​​​សួរដេញដោលគ្នាយ៉ាងក្តៅគគុក"

  1. Anonymous says:

    HUN SEN can do whatever he want to Cambodian nationalist right now but I do not think you can get away from his evil act . sooner or later some thing big will come as the English expression said >> some thing going up have to come down