អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​ពលករ​ចំណាកស្រុក ១១​នាក់ មក​ពី​ប្រទេស​ម៉ាឡេស៊ី

​ដោយ ម៉ៅ សុធានី
2021-01-16
RFA

អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​ពលករ​ចំណាកស្រុក ១១​នាក់ មក​ពី​ប្រទេស​ម៉ាឡេស៊ី

សកម្មភាពពលករ​ខ្មែរ​ចូលមក​កម្ពុជា​វិញ​នាពេល​កន្លង​ទៅ រូប​ពី​ហ្វេសប៊ុក


ប៉ូលិស​ថៃ បាន​ឃុំខ្លួន​ពលករ​ចំណាកស្រុក​ខ្មែរ​១១​នាក់​នៅ​ខេត្ត​ណារ៉ាធីវ៉ាត (Narathiwat) នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​ថៃ ក្រោយ​ពួកគេ កំពុង​លាក់ខ្លួន​ក្នុង​ផ្ទះ​មួយ បន្ទាប់​ពី​មេខ្យល់​បាន​នាំ​ពួកគេ មក​ពី​ប្រទេស​ម៉ាឡេស៊ី (Malaysia)។

សារព័ត៌មាន​អនឡាញ ប៊ឺណាញូវ (BenarNews) ឱ្យ​ដឹង​ថា ពលករ​ចំណាកស្រុក​ទាំង ១១​នាក់​នោះ រួមមាន​បុរស​៧​នាក់ ស្ត្រី​២​នាក់ និង​ក្មេង​ស្រី​២​នាក់។ អាជ្ញាធរ​ថៃ បាន​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ​១៩ និង​បាន​ដាក់​ពួកគេ​ឱ្យ​ធ្វើ​ចត្តាឡីស័ក ចំនួន​១៤​ថ្ងៃ មុន​នឹង​បញ្ជូន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។

ពលករ​ចំណាកស្រុក​ទាំងនេះ បាន​ប្រាប់​ប៉ូលិស​ថៃ​ថា ពួកគេ​ធ្វើដំណើរ​ពី​តំបន់​យ៉ូហូ (Johor) ផ្នែក​ខាងត្បូង​នៃ​ប្រទេស​ម៉ាឡេស៊ី តាម​រថយន្ត មក​ដល់​ព្រំដែន​ថៃ ក៏​បាន​ជួប​ពលរដ្ឋ​ថៃ ២​នាក់​ជា​មេខ្យល់ ដែល​បាន​ដឹក​ពួកគេ​ម្ដង ២​នាក់​តាម​ម៉ូតូ យក​មក​លាក់​ទុក​ក្នុង​ផ្ទះ​មួយ នៅ​តាម​ព្រំដែន​។ ពលករ​ខ្មែរ​ទាំងនោះ មានបំណង​ធ្វើដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ បន្ទាប់​ពី​បាត់បង់​ការងារ ក្រោយ​ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ចាប់ពី​ថ្ងៃ​ទី​១៣ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១ ខាងមុខ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវីដ​១៩។

សមត្ថកិច្ច​ថៃ​ប្រកាស​ផ្ដល់​រង្វាន់​ចំនួន​ទឹកប្រាក់ ១​ម៉ឺន​បាត ឬ​ស្មើ​ជាង​៣៣០​ដុល្លារ ចំពោះ​ការ​ផ្តល់​ព័ត៌មាន​ដល់​ជន​ណា​ដែល​រត់ពន្ធ​មនុស្ស​ខុសច្បាប់ ចូល​ទឹកដី​ប្រទេស​ថៃ​។ ពលករ​ចំណាកស្រុក​ទាំងនោះ​ប្រាប់​ប៉ូលិស​ថា ពួកគេ​បាន​បង់​ប្រាក់​ក្នុង​ម្នាក់ៗ ចំនួន ៤០០​ដុល្លារ សម្រាប់​មេខ្យល់ ដើម្បី​នាំ​ពួកគេ​ឆ្លងដែន​ចូល​ក្នុង​ទឹកដី​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles