ជន​មិន​ស្គាល់​មុខ ២នាក់ ជិះ​ម៉ូតូ​ឆ្មក់​វាយ​សកម្មជន​សង្គម​នៅ​ស្រុក​ស្អាង​ម្នាក់ ឱ្យ​របួស​ក្បាល ដេរ ៦ថ្នេរ

ដោយ ជី វិតា
2021-01-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជន​មិន​ស្គាល់​មុខ ២នាក់ ជិះ​ម៉ូតូ​ឆ្មក់​វាយ​សកម្មជន​សង្គម​នៅ​ស្រុក​ស្អាង​ម្នាក់ ឱ្យ​របួស​ក្បាល ដេរ ៦ថ្នេរ

ខ្លោងទ្វារសាលាស្រុក​ស្អាង ខេត្ត​កណ្ដាល រូប៖ ហ្វេសប៊ុក


ជន​មិន​ស្គាល់​មុខ ២នាក់ ជិះ​ម៉ូតូ​ឆ្មក់​វាយ​សកម្មជន​សង្គម​ម្នាក់ នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល​ បណ្ដាល​ឲ្យ​របួស​ក្បាល ដេរ ៦ថ្នេរ។ យុវជន​រង​របួស​អះអាង​ថា ការ​លប​វាយ​នេះ ជា​រឿង​នយោបាយ និង​បណ្ដាល​មក​ពី​រូប​គាត់ ទៅ​ចូលរួម​ឃ្លាំមើល​សវនាការ នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៥ មករា។

សកម្មជន​សង្គម លោក ថុល សំណាង អះអាង​ថា ជន​មិន​ស្គាល់​មុខ ២នាក់ បាន​ជិះ​ម៉ូតូ​ឆ្មក់​វាយ​លោក​ពី​ក្រោយ ក្នុង​ពេល​លោក​កំពុង​បើក​ម៉ូតូ​តាម​ផ្លូវ​ម្នាក់​ឯង​ទៅ​ទិញ​ចំណី​នៅ​ក្បែរ​ផ្ទះ​របស់​លោក នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ព្រៃ​គរ ស្រុក​ស្អាង។ លោក​រៀបរាប់​ថា អំពើ​ហិង្សា​នោះ កើត​ឡើង​នៅ​ម៉ោង​ប្រហែល ៨យប់ ថ្ងៃ​ទី១៦ ខែមករា ដោយ​ជន​ដៃដល់ ប្រើ​ដុំ​ថ្ម ឆ្មក់​វាយ​លោក​ពី​ក្រោយ​ចំ​ក្បាល ហើយ​ជិះ​ម៉ូតូ​យ៉ាង​លឿន​គេច​ទៅ​បាត់។

លោក ថុល សំណាង យល់​ថា មូលហេតុ​នៃ​ការ​លប​វាយ​លោក​នេះ ជា​រឿង​នយោបាយ​ ព្រោះ​លោក​មិន​ធ្លាប់​មាន​គំនុំ​ជាមួយ​នរណា​ទេ ប៉ុន្តែ​លោក​បាន​ចូល​រួម​ឃ្លាំមើល​សវនាការ​របស់​សកម្មជន​ព្រំដែន លោក រ៉ុង ឈុន កាល​ពី​ថ្ងៃ​ទី១៥ មករា។សកម្មជន​សង្គម​រូប​នេះ បញ្ជាក់​ថា លោក​មិន​ប្ដឹង​ប៉ូលិស​ទេ ដោយសារ​លោក​គ្មាន​ជំនឿ​ថា ប៉ូលិស​អាច​​រក​យុត្តិធម៌​ជូន​លោក​បាន។ តែ​យ៉ាង​ណា លោក​អះអាង​ថា លោក​រក្សា​ជំហរ​ចូល​រួម​ឃ្លាំមើល​សវនាការ និង​សកម្ម​ភាព​សង្គម​ដដែល ដោយ​មិន​តក់​ស្លុត​ទេ៖ «ខ្ញុំ​គិត​ថា ជា​រឿង​នយោបាយ។ ព្រោះ​អ្វី យើង​ដឹង​ហើយ​ថា របប​មួយ​នេះ ឲ្យ​តែ​នរណា​ហ៊ាន​លេច​ធ្លោ គឺ​គេ​ធ្វើ​ទុក្ខ​បុក​ម្នេញ​យើង​ហើយ។ (មិន​ប្ដឹងខ្ញុំ​គិត​ថា យើង​បែក​ដេរ​អស់ ៦ថ្នេរ មិន​អ្វី​ទេ។ មិន​ដល់​ថ្នាក់ អាយុ​ជីវិត​ទេ»

កាល​ពី​ថ្ងៃ​ទី១៥ មករា ជន​មិន​ស្គាល់​មុខ ២នាក់ ក៏​បាន​ជិះ​ម៉ូតូ​ឆ្មក់​វាយ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​ដែរ គឺ លោក ធន់ ចន្ថា ដោយ​ប្រើ​ដែក​សោ (ម៉ាឡេត) ក្នុង​ពេល​ជន​រង​គ្រោះ កំពុង​ឃ្លាំមើល​សវនាការ នៅ​ម្ដុំ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ ក្នុង​ថ្ងៃ​នោះ​ដែរ នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ចាប់​ខ្លួន អ្នក​ឃ្លាំ​មើល​សវនាការ​ចំនួន ៤នាក់​ទៀត ទៅ​បំភ្លឺ​ពី​បទ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​មុខ​តុលាការ ដោយ​ចោទ​ថា មិន​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ។ ក្រោយ​ការ​សាកសួរ​ច្រើន​ម៉ោង ប៉ូលិស​បាន​ដោះ​លែង​សកម្មជន ២នាក់ នៅ​ថ្ងៃ​ដដែល និង​ដោះ​លែង​សកម្មជន ២នាក់​ទៀត នៅ​ថ្ងៃ​ទី១៦ មករា។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ស្នងការ​​នគរបាល​ខេត្ត​កណ្ដាល លោក ឈឿន សុចិត្ត និង​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​ទេ ពាក់ព័ន្ធ​ការ​លប​វាយ​សកម្មជន​​សង្គម លោក ថុល សំណាង នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល​នេះ។

ប៉ុន្តែ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាល​ពី​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២០ បាន​ចេញ​សេចក្ដីថ្លែងការណ៍​​​​​​​ថា ជន​រង​គ្រោះ ក្នុង​អំពើ​ហិង្សា និង​ក្នុង​បទ​ល្មើស​នានា ចាំបាច់​ត្រូវ​មាន​កាតព្វកិច្ច​សហការ​ជាមួយ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ដោយ​ត្រូវ​ដាក់​ពាក្យបណ្ដឹង ផ្ដល់​ព័ត៌មាន ពាក់ព័ន្ធ​ហេតុការណ៍ និង​ភស្តុតាង​ផ្សេងៗ ទៀត ដើម្បី​ជា​មូលដ្ឋាន បម្រើ​ឱ្យ​ការងារ​ស៊ើប​អង្កេត។ សេចក្ដី​ថ្លែងការណ៍​ដដែល បន្ត​ថា មនុស្ស​មួយ​ចំនួន​តូច តែងតែ​ប្រកាស​ថា ខ្លួន​ជា​ជន​រង​គ្រោះ ប៉ុន្តែ​ព្យាយាម​គេចវេះ​មិន​សហការ​ជាមួយ​សមត្ថកិច្ច។ ទោះ​យ៉ាង​ណា​ក្ដី កន្លង​មក ជន​រង​គ្រោះ​មួយ​ចំនួន ដែល​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ដាក់​បណ្ដឹង ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែរ ប៉ុន្តែ​មក​ទល់​ពេល​នេះ គ្មាន​ករណី​ណា​មួយ ដែល​ត្រូវ​បាន​អាជ្ញាធរ បំបែក ឬ​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​គួរ​ឲ្យ​ទុក​ចិត្ត​បាន​នោះ​ទេ។  

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែន​ករុណា សង្កេត​ឃើញ​ថា ការ​ឆ្មក់​លប​វាយ​សកម្ម​ជន​បក្ស​ប្រឆាំង និង​សកម្មជន​សង្គម កើត​ឡើង​កាន់​តែ​ច្រើន តាំង​ពី​ឆ្នាំ២០២០ មក។ លោក​បន្ត​ថា ការ​ដែល​ជន​រង​គ្រោះ​ភាគ​ច្រើន គ្មាន​ជំនឿ​លើ​សមត្ថកិច្ច បណ្ដាល​មក​ពី​គ្មាន​ការ​ស៊ើប​អង្កេត​រក​ឃើញ​ជន​ដៃ​ដល់។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ យល់​ថា សមត្ថកិច្ច​គួរ​តែ​បង្ហាញ​លទ្ធផល នៃ​ការ​ស្វែង​រក​ជន​ដៃ​ដល់ ដើម្បី​ជៀស​វាង​ការ​មិន​ទុក​ចិត្ត ពី​ជន​រង​គ្រោះ៖ «ចង់​ ឬ​មិន​ចង់ សាធារណៈ​ជន និង​សាធារណៈ​មតិ​ជាតិ និង​អន្តរ​ជាតិ​ហ្នឹង គឺ​គេ​ចោទ​ប្រកាន់​ហើយ ថា​ជា​រឿង​នយោបាយ។ អ៊ីចឹង ដើម្បី​កុំ​ឲ្យ​រង​ការ​ចោទ​ប្រកាន់​ហ្នឹង លុះ​ត្រា​សមត្ថកិច្ច​ចាប់​ខ្លួន​ជន​ដៃ​ដល់ ដែល​បាន​ប្រព្រឹត្តិ​ហ្នឹង យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ហើយ​សួរ​រក​មូលហេតុ​នៃ​ករណី​អំពើ​ហិង្សា​ហ្នឹង»

គិត​ត្រឹម​ដើម​ឆ្នាំ២០២១ ជន​មិន​ស្គាល់​មុខ បាន​លួច​វាយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ ៣០នាក់​ហើយ បណ្ដាល​ឲ្យ​ពួក​គេ​រង​របួស​ធ្ងន់ធ្ងរ។ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​បាន​បំបែក​សំណុំ​រឿង​ណា​មួយ​បាន​នៅ​ឡើយ​ទេ ខណៈ​មាន​ជន​រងគ្រោះ​ខ្លះ ធ្លាក់​ខ្លួន​ឈឺ ខ្លះ​ពិការ​ និង​ខ្លះ​ស្លាប់​ដោយសារ​ជំងឺ និង​ជន​រងគ្រោះ​ខ្លះ ថែម​ទាំង​ត្រូវ​បាន​អាជ្ញាធរ ចាប់​ដាក់​ពន្ធនាគារ​ ដោយ​សារ​បទ​ចោទ​ញុះញង់​ជា​ដើម។

ករណី​អំពើ​ហិង្សា​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ច្រើន​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​គឺ ជន​ដៃ​ដល់​មាន​គ្នា ២នាក់ ជិះ​ម៉ូតូ​ពាក់​មួក​សុវត្ថិភាព ឆ្មក់​លួច​វាយ​ជន​រង​គ្រោះ​ពី​ក្រោយ​ខ្នង ហើយ​ប្រើ​ដំបង​ដែក ដុំ​ថ្ម សំដៅ​ក្បាល​ជន​រង​គ្រោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ជន​មិន​ស្គាល់​មុខ ២នាក់ ជិះ​ម៉ូតូ​ឆ្មក់​វាយ​សកម្មជន​សង្គម​នៅ​ស្រុក​ស្អាង​ម្នាក់ ឱ្យ​របួស​ក្បាល ដេរ ៦ថ្នេរ"

  1. Anonymous says:

    if you know them get revenge when it is time for you