បក្ស​ប្រឆាំង​ស្នើ​របប​ក្រុង​ភ្នំពេញ​ថា គួរ​តែ​បញ្ចូល​ឈ្មោះ​អ្នក​ទោស​នយោបាយ​ទៅ​ក្នុង​បញ្ជី​លើក​លែង​ទោស​ និង​បន្ធូរបន្ថយ​ទោស

ហេង រស្មី
2021-01-16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បក្ស​ប្រឆាំង​ស្នើ​របប​ក្រុង​ភ្នំពេញ​ថា គួរ​តែ​បញ្ចូល​ឈ្មោះ​អ្នក​ទោស​នយោបាយ​ទៅ​ក្នុង​បញ្ជី​លើក​លែង​ទោស​ និង​បន្ធូរបន្ថយ​ទោស

សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី (រូប​កណ្ដាល) ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ចូលរួម​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី៦២ នៃ​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។រូបថត៖​ អាស៊ីសេរី​


អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ លោក​ អេង ឆៃអ៊ាង​ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃទី​ ១៦​មករា​ថា​ លោក​មិន​យក​ចិត្ត​ទុក​ដាក់​​លើ​ការ​​កំណត់​យក​បុណ្យ​ណា​មួយ​សម្រាប់​លើក​លែង និង​បន្ធូរបន្ថយ​ទោស​​ដល់​ទណ្ឌិត​​នោះ​ទេ​។​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ របប​លោក​ ហ៊ុន សែន​ គួរ​តែ​បញ្ចូល​ឈ្មោះ​អ្នក​ទោស​នយោបាយ​​ និង​អ្នក​ទោស​មនសិការ​ ទៅ​ក្នុង​បញ្ជី​នៃ​ការ​លើក​លែង​ទោស​ក្នុង​ពេល​ពីធី​បុណ្យ​ជាតិ​ម្ដងៗ៖​«​ពី​ព្រោះ​អ្នក​ទោស​នយោបាយ​ អ្នក​ទោស​មនសិការ​ ដែល​ពួក​គាត់​តវ៉ា​ប្រឆាំង​ ដោយ​សារ​តែ​គាត់​មិន​ពេញ​ចិត្ត​ជា​មួយ​នឹង​អំពើ​អយុត្តិធម៌​នានា​ ក្នុង​សង្គម។​ ដូច​ខ្មែរ​ក្រហម​អ៊ីចឹង​ គឺ​ខ្មែរ​ក្រហម​ចោទ​អ្នក​ណា​ដែល​ប្រឆាំង​ អ្នក​ណា​ដែល​តវ៉ា​ នូវ​អ្វី​ដែល​តវ៉ានឹង​ផែន​ការរបស់​អង្គការ​ ខ្មែរ​ក្រហម​សម្លាប់​។​ លោក​ ហ៊ុន សែន​ ថា ​ថ្ងៃ​ ៧ មករា​ ជា​ថ្ងៃ​សង្គ្រោះ​ អ៊ីចឹង​ក្នុង​ឱកាស​បុណ្យ​ ៧ មករា​ ហ្នឹង​ គឺ​សុំ​ឱ្យ​ដោះ​លែង​​អ្នក​ទោស​នយោបាយ​ និង​អ្នក​ទោស​មនសិការ​ទាំង​អស់​ទៅ​​ ដើម្បី​ឱ្យ​ឆ្លុះបញ្ចាំង​វា​ស្រប​គ្នា​ ជា​មួយ​នឹង​អត្ថន័យ​ថ្ងៃ​  មករា​ ដែល​របប​លោក​ ហ៊ុន សែន​ តែង​តែ​និយាយ​គ្រប់​ពេល​វេលា​ហ្នឹង»

ការ​​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​នេះ​ បាន​កើត​ឡើង​ក្រោយ​ពី​ព្រះ​មហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​​ កាល​ពី​ថ្ងៃ​ទី​១២​ មករា​ យក​បុណ្យ​ ៧ មករា បន្ថែម​មួយ​ទៀត​ ដើម្បី​បន្ទូរ​បន្ថយ​ទោស​ និង​លើក​លែង​ទោស​ ចំពោះ​ទណ្ឌិត​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​។

ព្រះរាជ្យក្រឹត្យ​របស់​ព្រះ​មហាក្សត្រ​​ឱ្យ​ដឹង​ថា​ ពិធី​បុណ្យ ​ដែល​បន្ថែម​នៅ​ក្នុង​ការ​លើក​លែង​ទោស​ និង​បន្ធូរបន្ថយ​ទោស​នោះ​គឺ​ បុណ្យ​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍​​ បន្ថែម​លើ​បញ្ជី​ឈ្មោះ​បុណ្យ​ធំ​ៗ​ នៃ​ការ​លើក​លែងទោស​ដែល​មាន​ស្រាប់​ រួមមាន​ បុណ្យ​ចូលឆ្នាំ​ខ្មែរ​ បុណ្យភ្ជុំបិណ្ឌ​ ​បុណ្យអុំទូក​ ​បុណ្យ​ឯករាជ្យជាតិ ​និង​បុណ្យ​ពិសាខបូជា​។

ព្រះរាជក្រឹត្យ​​បញ្ជាក់​​ថា​ ការ​កាត់បន្ថយ​ និង​លើក​លែង​ទោស​ គឺ​​មាន​គោលបំណង​ធ្វើ​សមាហរណកម្ម​អ្នកទោស​ ដោយ​មាន​លក្ខខណ្ឌ​ពិសេស ​និង​ដំណើរការ​ល្អ​ ចូល​ក្នុង​សង្គម ​និង​ដើម្បី​លើក​កម្ពស់​សកម្មភាព​មនុស្សធម៌​។​

ការ​លើក​លែង​ទោស​ និង​បន្ធូរបន្ថយ​ទោស ​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ រួមមាន អ្នក​ទោស​ជាប់​ពន្ធនាគារ​កំណត់​ ៥ឆ្នាំ​ ដល់​ក្រោម​ ១០​ឆ្នាំ​ អាច​បន្ធូរ​បន្ថយ​ជាប់​ពន្ធនាគារ​ ចំនួន​ ៣​ខែ​ ទៅ​ ៦ខែ។​

អ្នក​ទោស​ជាប់​ពន្ធនាគារ​ពី​ ១០​ឆ្នាំ​ ទៅ​ ២០​ឆ្នាំ​ អាច​បន្ធូរបន្ថយ​ជាប់​ពន្ធនាគារ​ ពី ​៣ខែ​ រហូត​ដល់​ ១ឆ្នាំ​។​ ចំណែក​អ្នក​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ អាច​នឹង​បន្ធូរបន្ថយ​ទោស​លើក​ទី១​ មក​នៅ​ត្រឹម​ ៣០ឆ្នាំ អាច​នឹង​បាន​ទទួល​ការ​បន្ធូរបន្ថយ​ទោស​ច្រើន​ដង​បាន​។ ប៉ុន្តែ​ទោះ​បី​ជា​ទណ្ឌិត​នោះ​បាន​ទទួល​ការ​បន្ធូរបន្ថយ​ទោស​ច្រើន​ដង​ក៏​ដោយ​ ក៏​រយៈពេល​នៃ​ការ​ទទួល​ទោស​ទាំង​អស់ ត្រូវ​ឱ្យ​បាន​យ៉ាង​តិច​រយៈពេល​​ ២០​ឆ្នាំ។

អ្នក​វិភាគ​នយោបាយ​ លោក​ គឹម សុខ​ មាន​ប្រសាសន៍​ថា​​ រដ្ឋាភិបាល​ជា​អ្នក​សម្រេច​ក្នុង​ការ​លើក​លែង​ទោស​ និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ មុន​នឹង​បញ្ជូន​ថ្វាយ​ ព្រះ​មហាក្សត្រ​។ ហេតុ​ដូច្នេះ​ ព្រះ​មហាក្សត្រ​ឡាយ​ព្រះហស្តលេខា​តាម​ការ​ស្នើ​សុំ​ពី​រដ្ឋាភិបាល​ប៉ុណ្ណោះ ៖​«​តាម​ខ្ញុំ​ដឹង​​ព្រះ​មហាក្សត្រ​សព្វ​ព្រះ​ហឫទ័យ​ ដូច​ជា​ការ​ពេញ​ចិត្ត​របស់​ប្រជា​រាស្ត្រ​ខ្មែរ​ទូទៅ​ដែរ គឺ​ការ​ចង់​ដាក់​បញ្ចូល​ ថ្ងៃ​ ២៣​ តុលា​ ចំថ្ងៃ​ចុះ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ ជា​ទិវា​បុណ្យ​ជាតិ​សំខាន់​ដូច​បុណ្យ​ឯករាជ្យ​ជាតិ​ដែរ​។​ ប៉ុន្តែ​តាម​រដ្ឋធម្មនុញ្ញ​ ទ្រង់​គ្មាន​សិទ្ធិ​ចាត់​ចែង​ទេ​ លុះ​ត្រា​តែ​មាន​សេចក្ដី​ស្នើ​ពី​រដ្ឋាភិបាល​ និង​ការ​អនុម័ត​ពី​សភា»

ព្រះមហាក្សត្រ​ ជា​រៀង​រាល់​ឆ្នាំ​ នៅ​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ​ ដូច​ជា បុណ្យ​ចូលឆ្នាំ​ខ្មែរ​ បុណ្យភ្ជុំបិណ្ឌ​ ​បុណ្យអុំទូក​ ​បុណ្យ​ឯករាជ្យជាតិ ​និង​បុណ្យ​ពិសាខបូជា​​ ព្រះ​អង្គ​តែង​ចេញ​ព្រះរាជក្រឹត្យ​ ដើម្បី​បន្ធូរបន្ថយ​ទោស​ និង​លើក​លែង​ទោស។

គណៈកម្មការ​ជាតិ​ ត្រូវ​ប្រជុំ​ពិនិត្យ​ និង​វាយតម្លៃ​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត ​ដែល​ត្រូវ​ស្នើ​សុំ​បន្ធូរ​បន្ថយ​ទោស​ និង​លើក​លែង​ទោស​ និង​រៀប​ចំ​បែប​បទ​ជូន​រដ្ឋាភិបាល​ពិនិត្យ​ និង​សម្រេច​ដើម្បី​ដាក់​ថ្វាយ​ព្រះ​មហាក្សត្រ​ សុំ​បន្ធូរបន្ថយ​ទោស​ និង​លើក​លែង​ទោស​ឱ្យ​ទណ្ឌិត យ៉ាង​យឺត​បំផុត​​ ១០​ថ្ងៃ​ មុន​ថ្ងៃ​កំណត់​៕​​​​​​​​​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles