ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​មិន​ជឿ​ការ​អះអាង​របស់​លោក ហ៊ុន សែន ដែល​ប្រកាស​ថា លោក​នឹង​ចាក់​វ៉ាក់សាំង​កូវីដ-១៩ របស់​ចិន​មុន​គេ

ដោយ មួង ណារ៉េត
2021-01-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​មិន​ជឿ​ការ​អះអាង​របស់​លោក ហ៊ុន សែន ដែល​ប្រកាស​ថា លោក​នឹង​ចាក់​វ៉ាក់សាំង​កូវីដ-១៩ របស់​ចិន​មុន​គេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងវ៉ាក់សាំងជំងឺកូវីដ-១៩ ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន/AP


ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង មិន​ជឿ​ការ​អះអាង​របស់​លោក ហ៊ុន សែន ដែល​ប្រកាស​ថា លោក​នឹង​ចាក់​វ៉ាក់សាំង​កូវីដ-១៩ របស់​ចិន​មុន​គេ​នោះ​ទេ។ មតិ​របស់​ពលរដ្ឋ​បែប​នេះ ធ្វើ​ឡើង​ក្រោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អាទិត្យ ទី១៧ ខែមករា​នេះ អះអាង​ថា លោក​នឹង​ចាក់​វ៉ាក់សាំង​ចិន​មុន​គេ ដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​ទុក​ចិត្ត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​របប​ឯក​បក្ស ដែល​មាន​រហស្សនាម​ថា បុរស​សង្ហារ​ដើរ​បញ្ច្រាស​ទិស ទំនង​ជា​ចង់​ស្រាយ​ចម្ងល់ ការ​សង្ស័យ និង​មន្ទិល​របស់​ពលរដ្ឋ ជុំវិញ​វ៉ាក់សាំង​ចិន​នោះ ទើប​ចេញ​ប្រកាស​តាម​​ទំព័រ​គណនី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា លោក​គឺ​ជា​មនុស្ស​ដំបូង​គេ​នៅ​កម្ពុជា ដែល​នឹង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដែល​ជា​របស់​ចិន​នោះ។

លោក​សរសេរ​លើ​ហ្វេសប៊ុក​លោក​ថា លោក​សម្រេច​បែប​នេះ ដើម្បី​បង្កើត​នូវ​ជំនឿ​ទុក​ចិត្ត​លើ​វ៉ាក់សាំង​ចិន និង​ជំរុញ​ចលនា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩ផង។ លោក​អួតអាង​ថា នេះ​ជា​ទម្លាប់​ធម្មតា​រាប់​សិប​ឆ្នាំ​របស់​លោក​ទៅ​ហើយ ព្រោះ​លោក​ត្រូវ​តែ​ស្ថិត​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​ជា​និច្ច​បែប​នេះ។ លោក ហ៊ុន សែន បញ្ចប់​ឃ្លា ដែល​មិន​ទាក់ទង​នឹង​ជំងឺ​កូវីដ-១៩ ដោយ​សរសេរ​ថា អរគុណ​សន្តិភាព! អរគុណ​នយោបាយ​ឈ្នះ-ឈ្នះ!

ទោះ​ជា​មាន​ការ​អះអាង​បែប​នេះ​ក្ដី អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ដួង ចន្ត្រា ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ យល់ថា លោក ហ៊ុន សែន មិន​ហ៊ាន​ចាក់​វ៉ាក់សាំង ដែល​ចិន​ផ្ដល់​ឱ្យ​នោះ​ទេ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​កត់​សម្គាល់​ឃើញ​ថា​កន្លង​មក លោក ហ៊ុន សែន តែង​លើក​ឡើង​ពី​សមត្ថភាព​​ពេទ្យ​ខ្មែរ ប៉ុន្តែ​ពេល​ឈឺ​ថ្កាត់​ម្ដងៗ លោក ហ៊ុន សែន តែងតែ​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​រក​សេវា​សុខាភិបាល​ពី​រដ្ឋ​បរទេស។

ជាង​នេះ​ទៅ​ទៀត​លោក ដួង ចន្ត្រា ថា វ៉ាក់សាំង​ចិន​នេះ កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់ និង​អាច​មាន​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​ថែម​ទៀត​ផង។ លោក​ថា ដោយសារ​តែ​ហានិភ័យ​នៃ​វ៉ាក់សាំង​នេះ លោក ហ៊ុន សែន អាច​យក​វា​ទៅ​ចាក់​ឲ្យ​ក្រុម​មន្ត្រី ឬ​មនុស្ស​ណា ដែល​មិន​នៅ​ខាង​លោក ដូច​គ្រាន់​តែ​ដើម្បី​តែ​ពិសោធន៍ ព្រោះ​លោក​ថា សព្វ​ថ្ងៃ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ចែក​ចេញ​ពី​ក្រុម គឺ​ក្រុម​លោក ហ៊ុន សែន និង​ក្រុម​មួយ​ទៀត ដែល​មិន​គាំទ្រ​លោក ហ៊ុន សែន៖ «ទស្សនៈ​របស់​ខ្ញុំ ការ​យល់​ឃើញ​របស់​ខ្ញុំ ខ្ញុំ​បារម្ភ​ថា​ប្រហែល​ជា បើ​វ៉ាក់សាំង​ហ្នឹង​វា​មាន​ភាព​មិន​ប្រក្រតី វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​ដែល​គាត់​មិន​ទុក​ចិត្ត​នោះ​ឯង ត្រូវ​ស្លាប់​ក្រោម​កណ្ដាប់​ដៃ​របស់​ចិន ព្រោះ​កន្លង​ទៅ​យើង​ឃើញ​ថា ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន មាន​ការ​បែក​បាក់»

ស្រដៀង​គ្នា​នេះ​ដែរ ប្រជា​ពលរដ្ឋ​ម្នាក់​លោក ម៉ុច មុល យល់ថា លោក ហ៊ុន សែន មិន​ហ៊ាន​ចាក់​វ៉ាក់សាំង​នេះ​ទេ ហើយ​គ្រាន់​តែ​យក​ថ្នាំ​ផ្សេង អាច​ជា​ថ្នាំ​កម្លាំង ឬ​ថ្នាំ​បញ្ឆោត (ផ្លាស៊ីបូ) មក​ចាក់​ជំនួស​វ៉ាក់សាំង​ចិន ដើម្បី​សម្ដែង​តែ​ប៉ុណ្ណោះ។

លោក​ថា ការណ៍​ដែល​លោក ហ៊ុន សែន យល់​ព្រម​ទទួល​វ៉ាក់សាំង​របស់​ចិន ស្រប​ពេល​ដែល​អង្គការ​សុខភាព​ពិភពលោក​មិន​ទាន់​ទទួល​ស្គាល់​វ៉ាក់សាំង​នេះ ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​កាន់​តែ​ខ្លាំង អំពី​ការ​ងាក​ខ្លាំង​ទៅ​រក​ចិន ដើម្បី​ផ្គាប់ផ្គុន​ចិន សុំ​ជំនួយ ដើម្បី​បន្ត​ក្រាញ​អំណាច​យូរ​អង្វែង​ត​ទៅ​ទៀត។

ពលរដ្ឋ​រូប​នេះ ព្រួយ​បារម្ភ​ថា អាយុ​ជីវិត​ពលរដ្ឋ​រាប់​សែន​នាក់ ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់ និង​ក្លាយ​ជា​គោលដៅ​នៃ​ការ​ធ្វើ​ពិសោធន៍​វ៉ាក់សាំង​របស់​ចិន៖ «បើ​តាម​ខ្ញុំ​គិត ហ៊ុន សែន មិន​ហ៊ាន​ទេ។ គាត់​អាច​ចាក់​ថ្នាំ​ស្អី​ផ្សេង។ អាច​ចាក់​ថ្នាំ​បំបាត់​គ្រុន​ផ្ដាសាយ ឬ​បាត់​គ្រុន​ស្អី គាត់​ចាក់​ដើម្បី​ឲ្យ​គេ​ជឿ​ថា គាត់​បាន​ចាក់​មុន​គេ។ ការ​ពិត​គឺ មិន​មែន​ទេ។ គាត់​ចាក់​ថ្នាំ​បាត់​គ្រុន បាត់​រងា យកចិត្ត​យក​ថ្លើម​គេ។ គាត់​ចង់​ឲ្យ​ប្រជាជន​ខ្លួន​ឯង​រង​គ្រោះ ដើម្បី​តែ​ផលប្រយោជន៍ និង​អំណាច​ផ្ដាច់ការ​ខ្លួន​ឯង»

រហូត​មក​ដល់​ពេល​នេះ ប្រទេស​ជា​ច្រើន បាន​ស្រាវជ្រាវ​រក​ឃើញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ នេះ។ ឥឡូវ​នេះ វ៉ាក់សាំង​ដែល​ត្រូវ​បាន​ស្រាវជ្រាវ​ឃើញ និង​ផលិត​ឲ្យ​ប្រើប្រាស់ មាន ១០វ៉ាក់សាំង។ ប្រទេស​ចិន និង រុស្ស៊ី ជា​អ្នក​ប្រកាស ថា​ខ្លួន​បាន​រក​ឃើញ​វ៉ាក់សាំង​នេះ​មុន​គេ គឺ​រក​ឃើញ​តាំង​ពី​អំឡុង​ខែកញ្ញា ឆ្នាំ២០២០ ម្ល៉េះ ដែល​ពេល​នោះ​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​ល្បីៗ ដាក់​ការ​សង្ស័យ​អំពី​ភាព​ប្រញាប់ប្រញាល់ និង​ភាព​គ្រោះថ្នាក់ នៃ​វ៉ាក់សាំង​នេះ។

អ្នក​ជំនាញ​វិទ្យាសាស្រ្ត អះអាង​ថា វ៉ាក់សាំង​ចិន និង​រុស្ស៊ី បាន​ដាក់​ឲ្យ​ប្រើប្រាស់ ដោយ​មិន​ឆ្លងកាត់​ដំណាក់​កាល​ត្រឹមត្រូវ និង​សព្វ​គ្រប់​នៃ​ការ​ធ្វើ​តេស្ត​វ៉ាក់សាំង ជា​ពិសេស​ការ​រំលង​ដំណាក់​កាល​ទី៣ នៃ​ការ​សាកល្បង​លើ​មនុស្ស និង​ការ​ខកខាន​ក្នុង​ការ​បង្ហាញ​ទិន្នន័យ​ស្រាវជ្រាវ​ជា​សាធារណៈ។ ទោះ​ជា​វ៉ាក់សាំង​ចិន ត្រូវ​បាន​រក​ឃើញ​យូរ​ហើយ​ក្ដី ក៏​វ៉ាក់សាំង​នេះ ត្រូវ​បាន​ប្រើប្រាស់ តែ​ក្នុង​ប្រទេស​ដែល​ព្រម​យក​ពលរដ្ឋ​ខ្លួន ឲ្យ​ធ្វើ​ពិសោធន៍​វា​តែ​ប៉ុណ្ណោះ។ អង្គការ​សុខភាព​ពិភពលោក មិន​បាន​ទទួល​ស្គាល់​វ៉ាក់សាំង​នេះ​ទេ។

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ទទួល​យក​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កូវីដ-១៩ របស់​ចិន ឈ្មោះ​ស៊ីណូហ្វាម (Sinopharm) ដែល​មិន​ទាន់​មានការ​ទទួល​ស្គាល់​គុណភាព​ពី​អង្គការ​សុខភាព​ពិភព​លោក​នៅ​ឡើយ។ វ៉ាក់សាំង​ដែល​ចិន​គ្រោង​ផ្តល់​មក​ឲ្យ​កម្ពុជា​នោះ មាន​ចំនួន ១លាន​ដូស។ លោក​ ហ៊ុន សែន ថា វ៉ាក់​សាំង​នេះ នឹង​ត្រូវ​ប្រើ​ដើម្បី​ចាក់​ជូន​មន្ត្រី​ជួរ​មុខ និង​ប្រជា​ពលរដ្ឋ​ប្រមាណ​កន្លះ​លាន​នាក់។

អ្នក​ជំនាញ​វិទ្យាសាស្រ្ត​ថា រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​ចិន​ស៊ីណូហ្វាម នៅ​តែ​មិន​ទាន់​បង្ហាញ​លទ្ធផល​លម្អិត​នៃ​ការ​ធ្វើតេស្ត​ដំណាក់កាល​ទី៣ របស់​ខ្លួន​នៅ​ឡើយ ដែល​ខុស​ពី​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក អាល្លឺម៉ង់ និង​អង់គ្លេស ដែល​គេ​ប្រកាស​លទ្ធផល​នេះ​ជា​ផ្លូវ​ការ​រួច​ទៅ​ហើយ​។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​វ៉ាក់សាំង​នេះ នឹង​ត្រូវ​យក​មក​ចាក់​លើ​មន្ត្រី និង​ពលរដ្ឋ​ខ្មែរ​យ៉ាង​ហោច​ណាស់​កន្លះ​លាន​នាក់​នោះ​។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឱ្យ​ដឹង​ថា ក្រៅ​ពី​លោក ហ៊ុន សែន នៅ​មាន​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជា​ដើម ក៏​នឹង​ចាក់​វ៉ាក់សាំង​នេះ​ដែរ។ អ្នក​នាំ​ពាក្យ​ដដែល​ចាត់​ទុក​ការ​រិះគន់​របស់​ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​នេះ​ថា ជា​ក្រុម​ដែល​មើល​មិន​ឃើញ​ពី​ទង្វើ​ល្អ​របស់​រដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក សុខ ឥសាន អះអាង​ទៀត​ថា កម្ពុជា​មិន​មែន​ជា​ប្រទេស​ទី១ ដែល​ទទួល​វ៉ាក់សាំង​នេះ​ទេ ដោយ​ថ្មីៗ នេះ មាន​ប្រទេស​ប្រេស្ស៊ីល និង​ប្រទេស​ឥណ្ឌូនេស៊ី ក៏​បាន​ចាក់​វ៉ាក់សាំង​របស់​ចិន​នេះ ហើយ​មេ​ដឹក​នាំ និង​ពលរដ្ឋ​ប្រទេស​ទាំង​នោះ​មិន​កើត​បញ្ហា​អ្វី​នោះ​ទេ៖ «គេ​ចាក់​អត់​មាន​ប្រតិកម្ម​អ្វី មិន​មែន​ជា​រឿង​ក្លែងក្លាយ ឬ​មួយ​ជា​ការ​ឃោសនា​អ្វី​នោះ​ទេ គ្រាន់តែ​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​លោក​មាន​ការ​នឹងន​ចិត្ត និង​មាន​ការ​កក់ក្ដៅ ពីព្រោះ​អត់​មាន​ហានិភ័យ​ទេ ដោយសារ​ថ្នាក់​ដឹក​នាំ​ចិន មុន​ប្រគល់ ឬ​ធ្វើ​វិភាគទាន​ដល់​បណ្ដា​ប្រទេស​នានា លើ​ពិភពលោក ថ្នាក់​ដឹក​នាំ​ចិន​បាន​ចាក់​រួច​ហើយ»

រហូត​មក​ដល់​ពេល​នេះ វ៉ាក់សាំង​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​ពិភព​លោក ឬ WHO គឺ​មាន​តែ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក និង​អាល្លឺម៉ង់​មួយ​គត់ គឺ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer និង BioNTech។

កន្លង​ទៅ​លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ថា រដ្ឋាភិបាល​កម្ពុជា នឹង​មិន​ទិញ ឬ​ទទួល​យក​វ៉ាក់សាំង​ណា ដែល​គ្មាន​ការ​ទទួល​ស្គាល់ ​ពី​អង្គការ​សុខភាព​ពិភព​លោក​នោះ​ទេ។ ដូច​គ្នា​នេះ​ដែរ មន្រ្តី​នាំ​ពាក្យ​រដ្ឋាភិបាល​លោក គឺ​លោក ផៃ ស៊ីផាន ថែម​ទាំង​ប្រកាស​ជា​ឱឡារិក​នា​ពេល​ថ្មីៗ នេះ​ដែរ​​ថា រដ្ឋាភិបាល​កម្ពុជា នឹង​មិន​អនុញ្ញាត​ឲ្យ​នរណា​យក​ពលរដ្ឋ​ខ្លួន ធ្វើតេស្ត​ពិសោធន៍​វ៉ាក់សាំង​ដូច​សត្វ​កណ្ដុរ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​មិន​ជឿ​ការ​អះអាង​របស់​លោក ហ៊ុន សែន ដែល​ប្រកាស​ថា លោក​នឹង​ចាក់​វ៉ាក់សាំង​កូវីដ-១៩ របស់​ចិន​មុន​គេ"

  1. Anonymous says:

    HE…..AH ..SAMDACH EY the forest is about gone did you cut your KDOR yet??