ដោយ ហេង រស្មី
2021-01-17
RFA

(ពីឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកប្រធានាធិបតីចិនលោក ស៊ី ជីងពីង (Xi Jinping) និងកូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត។ រូបពីហ្វេសប៊ុកលោក ហ៊ុន សែន
ពលរដ្ឋ និងសកម្មជនមួយចំនួនរិះគន់មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ដែលព្រមទទួលយកវ៉ាក់សាំងពីប្រទេសចិន ទោះជាវ៉ាក់សាំងនោះមិនទាន់មានការទទួលស្គាល់ពីខាងអង្គការសុខភាពពិភពលោកយ៉ាងណាក្តី។ ពួកគេថា លោក ហ៊ុន សែន កំពុងលេបសម្តីខ្លួនឯង ហើយយកអាយុជីវិតពលរដ្ឋរបស់ខ្លួនសម្រាប់ឱ្យចិនពិសោធន៍វ៉ាក់សាំង។
ពលរដ្ឋ និងសកម្មជនមួយចំនួនលើកឡើងដូចៗ គ្នាអំពីក្តីបារម្ភចំពោះប្រសិទ្ធភាពនៃការប្រើប្រាស់វ៉ាក់សាំង ដែលជាជំនួយឥតសំណងរបស់ប្រទេសចិន។ ពួកគេបារម្ភថា វ៉ាក់សាំងនេះ អាចនឹងមានប្រតិកម្មធ្ងន់ធ្ងរនៅពេលចាក់ជូនពលរដ្ឋ។
ពលរដ្ឋរស់នៅខេត្តកណ្តាល លោក ចាន់ តុន ឲ្យអាស៊ីសេរីដឹងថា លោកសោកស្ដាយដែលរដ្ឋាភិបាលលោក ហ៊ុន សែន ទទួលយកវ៉ាក់សាំងរបស់ប្រទេសចិន ដែលមិនមានការទទួលស្គាល់ត្រឹមត្រូវ មកចាក់ជូនពលរដ្ឋបែបនេះ។ លោកបន្តថា ទង្វើរបស់រដ្ឋាភិបាលបែបនេះ គឺជាការមិនទទួលខុសត្រូវលើបញ្ហាសុខភាពរបស់ពលរដ្ឋជាចម្បងនោះទេ។ លោកស្នើឲ្យរដ្ឋាភិបាលយកវ៉ាក់សាំងទាំងនោះទៅមន្ទីរពិសោធន៍របស់អង្គការសុខភាពពិភពលោក ដើម្បីពិនិត្យជាមុនសិន មុននឹងប្រើប្រាស់លើប្រជាពលរដ្ឋ៖ «សព្វថ្ងៃនេះ ជំងឺកើតមានប៉ុន្តែការស្លាប់ក៏យើងមិនទាន់ឃើញទាន់មានការស្លាប់បាត់បង់អាយុជីវិតប៉ុន្មានទេ។ យើងការពារសុខភាពខ្លួនយើង យើងរស់បាន ប៉ុន្តែបើវ៉ាក់សាំងដែលមិនទាន់បានឆ្លងកាត់អង្គការសុខភាពពិភពលោកយកមកធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋកាន់តែធ្ងន់ធ្ងរ។ អ៊ីចឹងសូមឲ្យរដ្ឋាភិបាលលោកពិចារណាឲ្យមែនទែន។ យើងទទួលយកមកៗសង្គ្រោះមនុស្ស កុំយកមកដាក់បន្ទុកលើមនុស្សរងគ្រោះថែមទៀត»។
ស្រដៀងគ្នានេះ ពលរដ្ឋរស់នៅខេត្តសៀមរាបលោក អួន វណ្ណៈ បង្ហាញការមិនពេញចិត្តចំពោះការសម្រេចរបស់លោក ហ៊ុន សែន។ លោកថា រដ្ឋាភិបាលគួរយកថវិកាដែលជាប្រាក់ឧបត្ថម្ភរបស់ពលរដ្ឋ ទិញវ៉ាក់សាំងដែលមានការទទួលស្គាល់ត្រឹមត្រូវពីអង្គការសុខភាពពិភពលោក ដើម្បីយកមកចាក់ជូនពលរដ្ឋ ទើបជារឿងប្រសើរ។ លោកបន្តថា នៅពេលវ៉ាក់សាំងចិនមកដល់ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលគួរតែចាក់វ៉ាក់សាំងដែលជាជំនួយរបស់មិត្តចិននេះមុនគេ មុននឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីបង្ហាញនូវទំនុកចិត្តនៃការប្រើប្រាស់វ៉ាក់សាំងនេះ៖ «ខ្ញុំសូមសំណូមពរឲ្យរាជរដ្ឋាភិបាលសូមមេត្តាយកថវិកាដែលយើងប្រមូលបានពីជំនួយសប្បុរសធម៌ពីប្រជាពលរដ្ឋហ្នឹងយកទៅទិញវ៉ាក់សាំងណាមួយដែលអង្គការសុខភាពពិភពលោកទទួលស្គាល់ឲ្យបានត្រឹមត្រូវ ដើម្បីការពារពីបញ្ហាប្រការណាមួយដែលយកមកចាក់លើប្រជាពលរដ្ឋមានប្រតិកម្មនឹងថ្នាំហ្នឹង»។
ការរិះគន់ធ្ងន់ៗពីសំណាក់ពលរដ្ឋមួយចំនួននេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ចិន ឈ្មោះស៊ីណូហ្វាម (Sinopharm) ដែលមិនទាន់មានការទទួលស្គាល់គុណភាពពីអង្គការសុខភាពពិភពលោកនៅឡើយ។ វ៉ាក់សាំងដែលចិនគ្រោងផ្ដល់មកឲ្យកម្ពុជានោះ មានចំនួន ១លានដូស។ លោក ហ៊ុន សែន ថា វ៉ាក់សាំងនេះ នឹងត្រូវប្រើដើម្បីចាក់ជូនមន្ត្រីជួរមុខ និងប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ លោកបកស្រាយថា ការទទួលយកវ៉ាក់សាំងនេះ គឺដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ មានការកើនឡើងខ្លាំងដែលជាក្តីបារម្ភ ហើយរដ្ឋាភិបាលមិនអាចរង់ចាំបានតទៅទៀតនោះទេ។ លោកជឿជាក់ថា ការប្រើប្រាស់វ៉ាក់សាំងចិននេះ នឹងមិនមានហានិភ័យណាមួយដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះទេ៖ «យើងមិនអាចរង់ចាំតទៅទៀតទេ ដោយសារតែភាពចាំបាច់នៃការការពារដល់សុខភាពរបស់ប្រជាពលរដ្ឋរបស់យើងដែលសព្វថ្ងៃនេះ ថ្ងៃនេះ ក៏មានការឆ្លងរហូតដល់១០នាក់បន្ថែមទៀត ដែលសុទ្ធតែចេញមកពីប្រទេសថៃនៅជិតខាងយើង។ ដូច្នេះយើងមានការចាំបាច់ ដើម្បីប្រើប្រាស់នូវវ៉ាក់សាំងនេះសម្រាប់ការការពារ»។
ការប្រកាសរបស់លោក ហ៊ុន សែន នេះ ផ្ទុយគ្នាទាំងស្រុងទៅនឹងអ្វីដែលលោកធ្លាប់បានប្រកាសនាពេលកន្លងទៅ។ លោក ហ៊ុន សែន ធ្លាប់ប្រកាសថា រដ្ឋាភិបាលប្រកាន់ជំហរទិញវ៉ាក់សាំងណា ដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ លោកថា លោកមិនយកអាយុជីវិតពលរដ្ឋសម្រាប់ជាការពិសោធន៍វ៉ាក់សាំងនោះជាដាច់ខាត។ ករណីនេះ ត្រូវបានពលរដ្ឋចាត់ទុកថា លោក ហ៊ុន សែន កំពុងលេបសម្តីខ្លួនឯង និងយកអាយុជីវិតពលរដ្ឋ សម្រាប់ឱ្យប្រទេសចិនពិសោធន៍វ៉ាក់សាំងរបស់ពួកគេ។ ជាងនេះទៅទៀត ពួកគេចោទសួរ លោក ហ៊ុន សែន ថា តើលុយទិញវ៉ាក់សាំងកូវីដ-១៩ ដែលសប្បុរសជនបានចូលរួមរាប់លានដុល្លារនោះ នឹងត្រូវចាត់ចែងយ៉ាងដូចម្តេច?
ពលករធ្វើការនៅប្រទេសជប៉ុន លោក ណុល វណ្ណៈ លើកឡើងថា រដ្ឋាភិបាលគួរបង្ហាញនូវភាពជឿទុកចិត្តមួយដល់ប្រជាពលរដ្ឋកម្ពុជាចំពោះការសន្យាដែលអះអាងកន្លងមកថា នឹងទទួលទិញវ៉ាក់សាំងដែលមានការទទួលស្គាល់ស្របច្បាប់ពីអង្គការសុខភាពពិភពលោក មិនមែនទទួលជំនួយវ៉ាក់សាំងពីប្រទេសចិននោះទេ។ លោកបារម្ភថា ការប្រើប្រាស់ថវិកាសប្បុរសធម៌របស់ពលរដ្ឋដែលបានឧបត្ថម្ភនោះ អាចនឹងមានអំពើពុករលួយ។ លោកស្នើឲ្យរដ្ឋាភិបាលគួរតែបង្ហាញភាពស្អាតស្អំរបស់ខ្លួន ជុំវិញការគ្រប់គ្រងថវិកានេះ ឲ្យប្រជាពលរដ្ឋបានដឹង៖ «ក្នុងនាមយើងជាប្រជាពលរដ្ឋត្រូវតាមដានដោយយកចិត្តទុកដាក់ពីព្រោះថា ថវិកានេះ ខ្ញុំឃើញកន្លងមកមានឧកញ៉ាមួយចំនួនក៏ដូចជាអ្នកមានជីវភាពមួយចំនួនដែលគាត់ធូរធារគឺគាត់បានចូលរួមបរិច្ចាគខ្លះហើយសម្រាប់ថវិកាសម្រាប់ត្រៀមទិញវ៉ាក់សាំង ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋខ្មែរ។ រាជរដ្ឋាភិបាលត្រូវតែបង្ហាញៗឲ្យឃើញថា វ៉ាក់សាំងចិនជួយអស់ប៉ុន្មាន? ហើយរាជរដ្ឋាភិបាលកម្ពុជាហ្នឹងយកថវិកាដែលរៃអង្គាសបានពីជំនួយទាំងប៉ុន្មានហ្នឹងយកទិញវ៉ាក់សាំងពីប្រទេសណាហើយទិញបានចំនួនប៉ុន្មាន។ នេះ គឺជាភាពស្អាតស្អំរបស់រាជរដ្ឋាភិបាលហើយប្រសិនបើជាគាត់បង្ហាញការពិតនូវជំនួយដែលយកទៅទិញវ៉ាក់សាំងហ្នឹង»។
ដូចគ្នានេះដែរ យុវជនគណបក្សសង្គ្រោះជាតិលោក សេង ម៉េងប៊ុនរ៉ុង បញ្ជាក់ថា លោក ហ៊ុន សែន មិនបានការយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់ពលរដ្ឋដូចការអះអាងរបស់លោកកន្លងមកនោះទេ។ លោកបន្តថា រដ្ឋាភិបាលហាក់យកសុខភាពរបស់ប្រជាពលរដ្ឋទៅលេងសើច ដោយការសាកល្បងនូវវ៉ាក់សាំងដែលមិនមានការទទួលស្គាល់នេះ។ លោកទទូចឲ្យរដ្ឋាភិបាល គួរពិចារណា នូវការទិញវ៉ាក់សាំងនេះ ពីក្រុមហ៊ុនដែលស្របច្បាប់ មានការទទួលស្គាល់ត្រឹមត្រូវ និងមានទំនុកចិត្តខ្ពស់ជាងនេះ៖ «ធាតុពិតវ៉ាក់សាំងប្រទេសណាក៏ដោយក៏យើងមិនថាដែរ ព្រោះបើសិនជាមានប្រសិទ្ធភាពគ្រប់គ្រាន់ គឺយើងដាក់ឲ្យប្រើប្រាស់ មានការទទួលស្គាល់គឺយើងប្រើប្រាស់ហើយ អត់អីទេ។ ប៉ុន្តែអត់ទាន់មានការទទួលស្គាល់ផងហើយយើងក៏ប្រថុយប្រើប្រាស់ ដូចយើងយកជីវិតយើងទៅលេងសើចពេកហើយ ព្រោះអីវ៉ាក់សាំងរបស់ Pfizer ក្រុមហ៊ុនគេល្បីសឹងអីហ្នឹង ខាងផ្នែកស្រាវជ្រាវរកវ៉ាក់សាំងអីហ្នឹង គេនៅមានប្រតិកម្មខ្លះៗ ហើយគេនៅបន្តបេសកកម្មរបស់គេទៀត ប៉ុន្តែគ្រាន់តែប្រសិទ្ធភាពគេខ្ពស់ដែលអាចប្រើប្រាស់បាន។ តែដល់ពេលវ៉ាក់សាំងចិនយើងអត់ទាន់មានការទទួលស្គាល់ ហើយប្រទេសតិចណាស់ មិនមែនប្រទេសច្រើនទេ។ ហើយប្រទេសដែលសម្រេចយកវ៉ាក់សាំងរបស់ចិនហ្នឹងគឺគ្រាន់តែជាប្រទេសមួយដែលសុទ្ធតែជំពាក់បំណុលចិនទាំងអស់ហើយសុទ្ធតែមានអ្វីនៅពីក្រោយដែលទទួលវ៉ាក់សាំងនេះទៀត»។
កាលពីយប់ថ្ងៃទី១៥ មករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឈប់ទទួលយកថវិកាសប្បុរសធម៌ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ បន្ទាប់ពីលោកទទួលបានជំនួយវ៉ាក់សាំងពីប្រទេសចិន។ របបលោកទទួលបានថវិកាសរុបចំនួនជិត ៥៧លានដុល្លារអាមេរិក ប៉ុន្តែមកដល់ពេលនេះ មិនទាន់ឃើញរបបលោកប្រកាសទិញវ៉ាក់សាំងដែលមានការអនុញ្ញាតពីអង្គការសុខភាពពិភពលោក ដូចជា វ៉ាក់សាំង Pfizer/BioNTech របស់អាមេរិក និងអាល្លឺម៉ង់នៅឡើយទេ។ ជុំវិញរឿងទិញវ៉ាក់សាំងកូវីដ-១៩ នេះ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានរិះគន់ថា លោក ហ៊ុន សែន ជាមេដឹកនាំអសមត្ថភាព និងកំពុងធ្វើនយោបាយប្រជាភិថុតិ ឬបោកប្រាស់ប្រជាពលរដ្ឋ៕
father and son is not suit to be please look at their face HUN MANETH eyes lite was 100% difference DNA is need to be sour be for HUN MANETH can trust to be prim minister of this sad nation . HUN SEN is KBOTH CHEATH right at this moment Cambodian is losing their identity sooner or later this nation will not be count in world community