ដោយ ទីន ហ្សាការីយ៉ា
2021-01-16
RFA

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពេលអញ្ជើញទៅជួបពលករ ដែលកំពុងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុកលោក កឹម សុខា
មន្រ្តីជំនិតរបស់លោក កឹម សុខា ថា មេបក្សប្រឆាំងរូបនេះនៅតែស្វះស្វែងរកដំណោះស្រាយនយោបាយជាមួយបក្សកាន់អំណាច ខណៈលោកកំពុងបាត់បង់សិទ្ធិធ្វើនយោបាយ។ មន្ត្រីដដែលថា លោក កឹម សុខា ជួបអង្គទូតបរទេស និងចុះមូលដ្ឋានជួបពលរដ្ឋជាបន្តបន្ទាប់ គឺដើម្បីប្រមូលធាតុចូល ឈានទៅរកដំណោះស្រាយនយោបាយ។ អ្នកវិភាគថា អ្នកនយោបាយបក្សប្រឆាំងគួរធ្វើយ៉ាងណា ឱ្យមានឈ្មោះគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣។
មន្រ្តីគណបក្សសង្គ្រោះជាតិដែលស្និទ្ធិនឹង លោក កឹម សុខា គឺលោក មាជ សុវណ្ណារ៉ា អះអាងថា ទោះលោក កឹម សុខា មិនអាចធ្វើសកម្មភាពនយោបាយក្នុងពេលតុលាការរឹតត្បិតសិទ្ធិសេរីភាពនេះក៏ដោយ ក៏ការចុះជួបពលរដ្ឋតាមមូលដ្ឋាន និងការចែកអំណោយដល់ពលរដ្ឋ រួមទាំងពលករខ្មែរតាមខេត្តជាប់ព្រំដែនកម្ពុជាថៃ អាចធ្វើឱ្យលោក កឹម សុខា ដឹងពីស្ថានភាពរស់នៅ និងទឹកចិត្តរបស់ពលរដ្ឋដែរ។ លោកបន្តថា ក្រោយជួបពលរដ្ឋរួចហើយលោក កឹម សុខា គ្រោងជួបមន្ត្រីទូតសំខាន់ៗ ក្នុងប្រទេសកម្ពុជាជាបន្តទៀត ដើម្បីជំរុញឱ្យមានដំណោះស្រាយនយោបាយជាមួយគណបក្សកាន់អំណាច៖ «យើងរកដំណោះស្រាយនយោបាយនេះជាប្រយោជន៍នៃជាតិ និងពលរដ្ឋអ៊ីចឹងគាត់ (លោក កឹម សុខា) ធ្វើទៅតាមក្នុងកម្រិតតើយើងអាចរកដំណោះស្រាយរបៀបណា ជាដំណោះស្រាយដោយសន្តិវិធីអហិង្សា ហើយមិនមានភាគីណាបាក់មុខបាក់មាត់ ហើយគាត់ចង់ឱ្យអន្តរជាសាក្សីមួយថា កម្ពុជានឹងទៅរកច្រកណា ឬផ្លូវណា ដែលត្រូវដើរទៅរកផ្លូវបង្រួបបង្រួមផ្សះផ្សានិងឯកភាពជាតិ»។
មន្រ្តីជំនិតលោក កឹម សុខា រូបនេះ ឱ្យដឹងទៀត ទោះមិនអាចទាមទារយកគណបក្សសង្គ្រោះជាតិមកប្រកួតប្រជែងបានក្ដី មេដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីរគឺ លោក សម រង្ស៊ី និងលោក កឹម សុខា គួរចេះលេងល្បែងនយោបាយធ្វើយ៉ាងណាឱ្យពលរដ្ឋម្ចាស់ឆ្នោតមើលឃើញថា អ្នកទាំងពីរនៅតែរួបរួមគ្នាដដែល។ លោកចង់ឱ្យគណបក្សសង្គ្រោះជាតិអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខនេះ៖ «យើងមើលឈ្មោះសង្គ្រោះជាតិ កាលពីមិនទាន់ឈ្មោះបក្សសង្គ្រោះជាតិយើងមានបក្សសិទ្ធិមនុស្សបក្ស សម រង្ស៊ី (ភ្លើងទៀន) ណា ប៉ុន្តែពេលមេដឹកនាំទាំងពីររួបរួមគ្នាទៅ ឈ្មោះក៏គេមើល ប៉ុន្តែគេមើលថា អ្នកណាប្រធាន គឺបុគ្គលសំខាន់ទាំងពីរ»។
ការលើកឡើងរបស់លោក មាជ សុវណ្ណារ៉ា បែបនេះ ខណៈប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា កំពុងសកម្មក្នុងការចុះទៅមូលដ្ឋាននៅរយៈពេលចុងក្រោយនេះ។ លោក កឹម សុខា បានធ្វើដំណើរទៅខេត្តជាប់ព្រំដែនថៃ រួមមាន ខេត្តប៉ៃលិន ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដើម្បីឧបត្ថម្ភជំនួយដល់ពលករ ដែលកំពុងធ្វើចត្តាឡីស័កនៅទីនោះ។ លោក កឹម សុខា សរសេរលើហ្វេសប៊ុកថា នេះជាសកម្មភាពមនុស្សធម៌ សាមគ្គីធម៌ គុណធម៌ ខ្មែរជួយខ្មែរ ដែលលោកអាចចូលរួមបាន ដោយមិនប៉ះពាល់បម្រាមនយោបាយដែលកំពុងបិទសិទ្ធិសេរីភាពលោកនោះឡើយ។
ទោះយ៉ាងណាក្ដី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា លោក កឹម សុខា មិនអាចដឹកនាំគណបក្សប្រឆាំង ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ បានទេ។ លោកបន្តថា ពេលនេះលោក កឹម សុខា មិនទាន់ចប់នីតិវិធីក្ដីនៅតុលា ការនៅឡើយទេ ដូច្នេះលោក កឹម សុខា គ្មានសិទ្ធិស្នើសុំសិទ្ធិធ្វើនយោបាយនោះទេ៖ «ទោះបច្ចុប្បន្ននេះគាត់ (លោក កឹម សុខា) ១១៨នាក់ ក៏ប៉ុន្តែគាត់មិនទាន់សិទ្ធិ ដើម្បីសុំនីតិសម្បទាធ្វើនយោបាយឡើងវិញដែរបាន នេះតាមគោលការណ៍ច្បាប់ណា ព្រោះឥឡូវកំពុងដំណើរការនីតិវិធីនៅតុលាការធ្វើម៉េចកើត? នៅកណ្ដាលទី»។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ពីបទក្បត់ជាតិ កាលពីឆ្នាំ២០១៧ ហើយសិទ្ធិនយោបាយនយោបាយរបស់លោកត្រូវបានដកហូត នៅពេលរបបលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែកាលពីឆ្នាំ២០១៩ តុលាការបានបន្ធូរបន្ថយការត្រួតពិនិត្យខ្លះដោយអនុញ្ញាតអាចឱ្យធ្វើដំណើរក្នុងប្រទេស ប៉ុន្តែហាមធ្វើនយោបាយ និងចេញក្រៅប្រទេស។
ប្រធានតុលាការក្រុងភ្នំពេញលោក តាំង ស៊ុនឡាយ បានប្រាប់វិទ្យុវីអូអេ (VOA) នៅពេលថ្មីៗ នេះថា លោក កឹម សុខា ស្ថិតនៅក្រៅឃុំ។ ដូច្នេះសំណុំរឿងរបស់មេបក្សប្រឆាំងរូបនេះ មិនមែនជាអាទិភាពសម្រាប់តុលាការនោះទេ។
អាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បាននៅឡើយទេនៅថ្ងៃទី១៦ ខែមករា។
កាសែតដែលស្និទ្ធនឹងរដ្ឋាភិបាលឈ្មោះ ខ្មែរថាមស៍ (Khmer Times) បានចុះផ្សាយកាលពីខែកញ្ញា ថា ក្នុងកិច្ចប្រជុំបិទទ្វារមួយរបស់គណៈរដ្ឋមន្រ្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា សំណុំរឿងរបស់លោក កឹម សុខា អាចពន្យារពេលរហូតដល់ក្រោយការបោះឆ្នោតឆ្នាំ២០២២ និង២០២៣ ខាងមុខ។
អ្នកវិភាគនយោបាយដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក គឹម សុខ សរសេរលើហ្វេសប៊ុកថា ឆ្នាំ២០២១នេះ ត្រូវតែមានគណបក្សប្រឆាំងមានសក្ដានុពលមួយត្រៀមចូលប្រកួតប្រជែងឆ្នាំ២០២២។ អ្នកវិភាគដដែលបន្តថា លោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវគិតរួមគ្នាឡើងវិញ ព្រោះគេនឹងមិនបើកឱកាសឱ្យពួកលោកអាចប្រកួតនយោបាយ ពេញសមត្ថភាពទេ។ លោក គឹម សុខ ផ្ដល់គំនិតបែបប្រៀបធៀបថា មេបក្សប្រឆាំងទាំងពីរត្រូវរកវិធីសង់ផ្ទះដោយខ្លួនឯង កុំចាំគេសង់ផ្ទះវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
I do not want to say nothing yet all I want to say is just about time.
រកវិធីដោះបន្ទុក ពីទោសក្បត់ជាតិ ឲ្យរួចខ្លួនទៅ អាសំគិះកឹម សុខា !
គ្មានអ្នកណាទៅផ្សះផ្សារ ជាមួយជនក្បត់ជាតិទេ អាភ្លើ !
កុំសង្ឃឹមខ្យល់ឲ្យសោះ ។