សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ឱ្យ​យក​ទីតាំង​ផ្សេង ដាក់​​ពលករ​ធ្វើ​មណ្ឌល​ចត្តាឡីស័ក​ ជំនួស​សាលា​រៀន​នៅ​ក្បែរ​ព្រំដែន

ដោយ ឡេង ម៉ាលី
2021-01-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ឱ្យ​យក​ទីតាំង​ផ្សេង ដាក់​​ពលករ​ធ្វើ​មណ្ឌល​ចត្តាឡីស័ក​ ជំនួស​សាលា​រៀន​នៅ​ក្បែរ​ព្រំដែន

ពលករ​នៅ​សាលា​មួយ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​អាជ្ញាធរ​យក​ធ្វើ​ជា​មណ្ឌល​ចត្តាឡីស័ក​សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ២០២១ រូប៖ ហ្វេសប៊ុកលោក កឹម សុខា


សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ឱ្យ​យក​ទីតាំង​ផ្សេង​ នៅ​ក្បែរ​ព្រំដែន ទៅ​ធ្វើ​ជា​មណ្ឌល​ចត្តាឡីស័ក​សម្រាប់​ពលករ​មក​ពី​ប្រទេស​ថៃ ជា​ជាង​ការ​ប្រើប្រាស់​សាលារៀន។ មន្ត្រី​ក្រសួង​អប់រំ​​ថា ការ​យក​សាលា​រៀន​តាម​ព្រំដែន​ធ្វើ​ជា​មណ្ឌល​ចត្តាឡីស័ក មិន​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​នោះ​ទេ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ​​កត់​សម្គាល់​ឃើញ​ថា ការ​យក​សាលា​រៀន​នៅ​ក្បែរ​ព្រំដែន ប្រើប្រាស់​ជា​មណ្ឌល​ចត្តាឡីស័ក ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​សិក្សា​របស់​សិស្ស។ អ្នកស្រី​យល់​ថា អាជ្ញាធរ និង​ក្រសួង​អប់រំ គួរ​តែ​រក​ទីតាំង​ផ្សេង ដូច​ជា មណ្ឌល​សុខភាព ឬ​ក៏​បោះតង់ នៅ​ដី​វាល​ទំនេរ ជំនួស​សាលា​រៀន​វិញ។ អ្នកស្រី​ព្រួយ​បារម្ភ​ថា បើ​ក្រសួង​​នៅ​តែ​ឲ្យ​សិស្ស​រៀន​តាម​ទីតាំង​ផ្សេង ក្រៅពី​សាលា​រៀន​បន្ត​ទៀត អាច​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ការ​រៀន​របស់​សិស្ស នៅ​ក្បែរ​ព្រំដែន​កម្ពុជា-ថៃ៖ «គួរ​តែ​ទុក​ពួក​គាត់ នៅ​កន្លែង​មួយ​ដាច់​ដោយ​ឡែក ដើម្បី​​ទុក​ពេល​វេលា​ឲ្យ​សិស្សានុសិស្ស​ គាត់​សិក្សា​រៀន​សូត្រ​ ខ្ញុំ​គិត​ថា​ ល្អ​ជាង​ដាក់​នៅ​សាលា​ ព្រោះ​ធម្មតា​នៅ​សាលា​ មិន​មែន​យក​គ្រែ ឬ​ឧបករណ៍​អ្វី​ឡើង​ល្អ​​ឯណា។ យើង​ដឹង​ហើយ សាលា​មាន​តែ​តុ​ទេ។ អ៊ីចឹង គាត់​ផ្គុំ​តុ​គេង​ហ្នឹង»។

ការ​លើក​ឡើង​នេះ គឺ​ក្រោយ​ពេល​អាជ្ញាធរ​រដ្ឋាភិបាល នៅ​តែ​បន្ត​យក​សាលា​រៀន នៅ​ក្បែរ​ព្រំដែន ធ្វើ​ជា​មណ្ឌល​ចត្តាឡីស័ក​ជា​បន្ត​បន្ទាប់ បើ​ទោះបី​ជា​រដ្ឋាភិបាល បាន​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ក៏​ដោយ។ សាលា​រៀន ដែល​ក្លាយ​ជា​មណ្ឌល​ចត្តាឡីស័ក​ច្រើន​បំផុត គឺ​នៅ​តំបន់​ជាប់​ព្រំដែន​ថៃ ក្នុង​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ឧត្ដរ​មានជ័យ ដែល​មាន​ពលករ​​ត្រលប់​ពី​ប្រទេស​ថៃ រាប់​រយ​នាក់ ក្នុង​មួយ​ថ្ងៃៗ។ ចំពោះ ​ពលករ​​កំពុង​​ចត្តាឡីស័ក នៅ​តាម​សាលា​រៀន​ ដែល​ធ្វើតេស្ត​រក​ឃើញ​មាន​ជំងឺ​កូវីដ១៩ (Covid-19) នឹង​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​តាម​ខេត្ត។​

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ មាន​សាលា​រៀន សរុប​ជាង​ ៨១ទីតាំង នៅ​ជាប់​ព្រំដែន​ថៃ និង​ជាប់​ព្រំដែន​វៀតណាម កំពុង​ប្រើប្រាស់​ជា​មណ្ឌល​ចត្តាឡីស័ក។ លោក​បន្ត​ថា ការ​​យក​សាលា​រៀន​ទាំង​អស់​នោះ ធ្វើ​ជា​មណ្ឌល​ចត្តាឡីស័ក មិន​ប៉ះពាល់​ដល់​ការ​សិក្សា​ទេ ដោយសារ​មន្ទីរ​អប់រំ​ខេត្ត​នីមួយៗ បាន​រៀបចំ​ឲ្យ​សិស្ស​ខ្លះ ទៅ​រៀន​នៅ​សាលា​នៅ​ក្បែរ​នោះ​បណ្ដោះ​អាសន្ន និង​សិស្ស​ខ្លះ រៀន​តាម​ផ្ទះ​គ្រូ​បង្រៀន ផ្ទះ​នាយក​សាលា​ ជាដើម។ ទោះ​ជា​យ៉ាង​ណា លោក រស់ សុវាចា ប្រាប់​ថា ខាង​ក្រសួង​​អប់រំ មិន​ទាន់​មាន​គោលការណ៍​ យក​សាលា​រៀន​ទាំង​នោះ មក​វិញ​ទេ ដោយ ​រង់ចាំ​មើល​ស្ថានភាព​​​ការ​វិវត្តន៍ ​នៃ​ជំងឺ​កូវីដ​១៩​សិន៖ «ហើយ​ចំណែក​ឯ​ការ​រៀន​សូត្រ​របស់​សិស្សានុសិស្ស​វិញ​នោះ គឺ​មិន​មាន​ការ​ប៉ះពាល់​ទេ ដោយ​យើង​បាន​ដក​ស្រង់​បទ​ពិសោធន៍​តាំង​ពី​ឆ្នាំ​​២០២០​មក។ នៅ​ក្នុង​នោះ គឺ​គណៈ​គ្រប់គ្រង​មន្ទីរ​អប់រំ យុវជន និង​កីឡា បាន​មាន​ជម្រើស​ដូចជា ប្រសិន​បើ​សាលា​រៀន មាន​ចំនួន​សិស្ស​តិច​ អាច​ឲ្យ​ការ​សិក្សា​នោះ បង្វែរ​ទៅ​ទីតាំង​សាលា​រៀន​ផ្សេង​ ដែល​នៅ​ក្បែរ​នោះ​សិន ឬ​មួយ​ក៏​យក​ទីតាំង​នាយក ឬ​នាយក​រង ឬ​ផ្ទះ​របស់​គ្រូ​បង្រៀន មក​សិក្សា​បណ្ដោះ​អាសន្ន»។

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក​ ខេត្ត​ឧត្តរ​មានជ័យ លោក ស្រី ណារ៉េន សង្កេត​ឃើញ​ថា ការ​យក​សាលា​រៀន​ នៅ​ក្បែរ​ព្រំដែន ធ្វើ​ជា​មណ្ឌល​ចត្តាឡីស័ក សម្រាប់​ពលករ​ បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ពិត​មែន។ លោក​យល់​ថា អាជ្ញាធរ​គួរ​តែ​យក​ទីតាំង​ផ្ទះ​សំណាក់ សណ្ឋាគារ ឬ​បង្កើត​ទីតាំង​ចត្តាឡីស័ក នៅ​ជាប់​ព្រំដែន ទើប​ជា​ការ​ប្រសើរ៖ «ពលករ​ស្នាក់​នៅ​ឯ​ហ្នឹង​ គាត់​មាន​សាលា​ឯណា​រៀន​ហើយ​ទៅ​រៀន​តាម​ផ្ទះ​នាយក​ តាម​អ្វី​ដែល​ស្រួលព្រោះសាលា​គេ​ធ្វើ​សម្រាប់​បណ្ដុះ​បណ្ដាល​មនុស្ស ហើយ​យក​អ្នក​ពលករ​មក​ស្នាក់នៅ មិន​មែន​ជា​ការ​ល្អ​ទេ។ បើ​សិន​ជា​ការ​ល្អ​វិញ រដ្ឋ​គួរ​តែ​រក​កន្លែង​ណា​មួយ ឧទាហរណ៍​ថា ជួល​សណ្ឋាគារ​ ជួល​អ្វី ដាក់​ពួក​គាត់​ទៅ ឬ​តាម​មណ្ឌល​សុខភាព​ផ្សេងៗ​ ទៅ ហើយ​ទុក​សាលា​ សម្រាប់​ក្មេងៗ​ រៀន​ទៅ»។

គិត​ពី​អំឡុង​ពេល​ប្រទេស​ថៃ ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ កាលពី​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ២០២០ ដល់​ថ្ងៃ​ទី៩ ខែមករា ឆ្នាំ២០២១ មាន​ពលករ​ចំណាកស្រុក​ជាង​មួយ​ម៉ឺន (ជាង ១២.០០០) នាក់ បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា តាម​ព្រំដែន​ឧត្ដរ​មានជ័យ បន្ទាយ​មានជ័យ បាត់​ដំបង ប៉ៃលិន និង​ខេត្ត​កោះកុង។ តួលេខ​ក្រសួង​សុខាភិបាល​ដដែល បង្ហាញ​ថា ក្នុង​មួយ​ថ្ងៃ មាន​ពលករ​ត្រឡប់​ចូល​កម្ពុជា​វិញ ជា​មធ្យម​ប្រហែល​ ២០០នាក់។

ជាមួយ​គ្នា​នេះ នៅ​ខេត្ត​បាត់ដំបង​វិញ អាជ្ញាធរ​ស្រុក​កំរៀង បាន​បង្គាប់​ឲ្យ​បុគ្គលិក​ធ្វើ​ការ​នៅ​កាស៊ីណូ​មួយ​កន្លែង ប្រមាណ​ ២០០នាក់ បោះ​តង់ ធ្វើ​ចត្តាឡីស័ក នៅ​ក្នុង​បរិវេណ​កាស៊ីណូ​នោះ ផ្ទាល់។ កាសែត​ក្នុង​ស្រុក (Angkor Post) ចុះ​ផ្សាយ​ថា​ ​មូលហេតុ​ នៃ​ការ​តម្រូវ​ឲ្យ​បុគ្គលិក​កាស៊ីណូ ធ្វើ​ចត្តាឡីស័ក​ទាំង​អស់ ដោយសារ​មាន​អ្នក​ផ្ទុក​ជំងឺ​កូវីដ១៩ ម្នាក់ ធ្លាប់​ចូល​ទៅ​ក្នុង​កាស៊ីណូ​នោះ កាល​ពី​ដើម​ខែ​មករា។

នៅ​ថ្ងៃ​ទី១៧ មករា​នេះ​ដែរ ក្រសួង​សុខាភិបាល រក​ឃើញ​ពលករ​​ចំនួន​៣នាក់ ទៀត មាន​ផ្ទុក​ជំងឺ​កូវីដ១៩។ ក្នុង​នោះ ២នាក់ ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​បន្ទាយ​មានជ័យ និង​ម្នាក់ ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ឧត្ដរ​មានជ័យ។ ជាមួយ​គ្នា​នេះ មាន​​ពលករ​ ៣នាក់​​ផ្សេង​ទៀត បាន​ជា​សះស្បើយ នៅ​ថ្ងៃ​ដដែល។

គិត​ត្រឹម​ថ្ងៃ​ទី១៧ មករា កម្ពុជា រក​ឃើញ​​អ្នក​មាន​ជំងឺ​កូវីដ១៩ ចំនួន ៤៣៩នាក់ ជា​សះស្បើយ​ ៣៨៥នាក់​ និង​កំពុង​សម្រាក​ព្យាបាល​តាម​មន្ទីរពេទ្យ​នានា ចំនួន ៥៤នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles