ដោយ ម៉ៅ សុធានី
2021-01-17
RFA

អ្នកស្រី ផាវ ញ៉ើង (កាន់ក្រដាស) តំណាងសហគមន៍មានជម្លោះដីធ្លី ក្រុម១៧៥ នៃឃុំជីខលើ ស្រុកស្រែអំបិល និងជាតំណាងម្នាក់ ក្នុងចំណោមអ្នកមានជម្លោះដីធ្លី ១៣នាក់នៅខេត្តកោះកុង ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តនេះ ចោទប្រកាន់ និងដាក់ឲ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ
អ្នកមានជម្លោះដីធ្លី អះអាងថា នៅរយៈពេលចុងក្រោយនេះ អាជ្ញាធរ បានប្រើប្រាស់បទចោទ ធ្ងន់ធ្ងរ និងហួសហេតុ ក្នុងការចោទប្រកាន់ពួកគាត់ ដោយសារហ៊ានប្រើសិទ្ធិតវ៉ាទាមទារដីធ្លី។ សង្គមស៊ីវិល ជំរុញ ឲ្យអាជ្ញាធរ បញ្ឈប់ការចោទប្រកាន់អ្នកមានជម្លោះតាមផ្លូវតុលាការ និងស្នើសុំឲ្យមានការទម្លាក់បទចោទ និងដោះលែង សកម្មជនដីធ្លីទាំងអស់។
តំណាងសហគមន៍រងគ្រោះដីធ្លីមួយចំនួន ឲ្យដឹងថា ពួកគាត់ពិបាកក្នុងការចេញតវ៉ាណាស់ ដោយសារ អាជ្ញាធរសហការគ្នាជាប្រព័ន្ធ បើកការគំរាមកំហែង និង បង្ក្រាប តាំងពីមូលដ្ឋាន ដល់ស្ថាប័នជាតិ។
តំណាងសហគមន៍ មានជម្លោះដីធ្លី នៅស្រុកស្រែអំបិល ខេត្តកោះកុង លោកស្រី ដេត ហួរ រៀបរាប់ថា ជារឿយៗ អាជ្ញាធរ និងឈ្មួញដីទុច្ចរិតខ្លះ បានលាបពណ៌ពួកគាត់ ថាជាក្រុមប្រឆាំង ឬក្រុមមាននិន្នាការគណបក្សនយោបាយប្រឆាំង។ លោកស្រី ថា ការលាបពណ៌នេះ ជាហេតុធ្វើឲ្យកងកម្លាំងប្រដាប់អាវុធ ឬមន្ត្រីរដ្ឋបាលខ្លះ បង្ក្រាប រើសអើង ពេបជ្រាយ ដាក់ក្រុមអ្នកតវ៉ា និងមិនព្រមផ្ដល់ដំណោះស្រាយឲ្យ។
ជាងនេះទៅទៀត លោកស្រី អះអាងថា អាជ្ញាធរ បានចោទប្រកាន់តំណាងសហគមន៍១៩៧ និងសហគមន៍១៧៥ នៅស្រុកស្រែអំបិល ជាងដប់នាក់ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម ដោយភ្ជាប់សកម្មភាពតវ៉ាទាមទារដីធ្លី ទៅនឹងរឿងនយោបាយ។ លោកស្រី ថា ការចោទប្រកាន់ធ្ងន់ធ្ងរនេះ ជាការដាក់សម្ពាធឲ្យអ្នកភូមិរវល់ជាប់ក្ដីក្ដាំនៅតុលាការ ដើម្បីឈប់ចេញតវ៉ា ខណៈ អាជ្ញាធរ មិនព្រមផ្ដល់ដំណោះស្រាយឲ្យទេ៖ «ពលរដ្ឋយើង បាត់បង់ដី ហើយយើងទៅធ្វើការទាមទារ តវ៉ា បែរគាត់ (អាជ្ញាធរ)ឆ្លើយតបយើងថា យើងជាជនបង្កភាពវឹកវរដល់សង្គម។ ចុះ គាត់អត់ក្រឡេកមើលទេ ពេលយើងទៅមុខក្រសួងដែនដី ដោយសាររឿងអ្វី? ទៅខេត្តកោះកុង ដោយសាររឿងអ្វី? ព្រោះយើងអ្នកបាត់បង់ដី ពួកយើង ទៅទាមទាររដ្ឋាភិបាល ព្រោះពួកយើង ជាកូនចៅរាជរដ្ឋាភិបាល ពួកយើងជាម្ចាស់ឆ្នោតរបស់ប្រទេស ដើម្បីទៅទាមទារដំណោះស្រាយ។ ប៉ុន្តែពួកគាត់បែរជាចោទមកលើពួកយើងយ៉ាងធ្ងន់ធ្ងរអ៊ីចឹង ពួកយើងអត់អាចទទួលយកបានទេ»។
តំណាងសហគមន៍រូបនេះ ឲ្យដឹងទៀតថា បច្ចុប្បន្ន សហគមន៍ពិបាកចេញតវ៉ាណាស់ ដោយសារកត្តាជំងឺកូវីដ១៩ (Covid-19) និងការភ្ជាប់ថា ការតវ៉ារបស់ពលរដ្ឋនោះ គឺដើម្បីញុះញង់ឲ្យមានការចេញទទួលក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសវិលចូលកម្ពុជា ជាដើម។ លោកស្រី ដេត ហួរ ចង់ឲ្យមន្ត្រីតុលាការ គួរពិនិត្យមើលលើអង្គហេតុ និងអង្គច្បាប់ ឱ្យបានច្បាស់លាស់ ដើម្បីជៀសវាង ការចោទប្រកាន់ពលរដ្ឋ ដែលគ្មានកំហុស៖ «ពួកយើងអត់ហ៊ានចេញតវ៉ានេះ ដោយសារទី១ អំឡុងកូវីដ។ ទី២ ដោយសារតែគណបក្សនយោបាយ គាត់ ម្ដងគាត់ថា ចូលស្រុកថ្ងៃនេះ ថ្ងៃនោះ ហើយអ៊ីចឹង ពួកយើងអត់ហ៊ានទៅចេញតវ៉ា ព្រោះខ្លាចរដ្ឋាភិបាលលាបពណ៌យើងថា ចូលគណបក្សនយោបាយណាមួយ ព្រោះពួកយើងរាល់ថ្ងៃ ឈរលើគោលការណ៍អ្នកបាត់បង់ដី មិនមែនអបអរគណបក្សណាមួយទេ។ អ៊ីចឹង ពួកយើងជៀសវាង ខ្លាចអាជ្ញាធរ គាត់លាបពណ៌ថា ពួកយើងគណបក្សប្រឆាំង អ្វី អ៊ីចឹងណា»។
ចំណែក តំណាងសហគមន៍មានជម្លោះដីធ្លីម្នាក់ទៀត នៅស្រុករមាសហែក ខេត្តស្វាយរៀង លោកស្រី ខៀវ សារ៉ុន ឲ្យដឹងថា ខាងលោកស្រី ក៏ពិបាកចេញតវ៉ាដែរ នៅមួយរយៈចុងក្រោយនេះ។ លោកស្រីថា តំណាងសហគមន៍ជាច្រើន នៅខាងលោកស្រី ក៏កំពុងជាប់បណ្ដឹងនៅតុលាការខេត្តស្វាយរៀងដែរ។ លោកស្រីថា បណ្ដឹងនោះ កើតមានជាយូរឆ្នាំមកហើយ តែពួកលោកស្រីមិនស្គាល់មុខដើមបណ្ដឹងទេ ខណៈតុលាការបង្គាប់ឲ្យតំណាងសហគមន៍ចូលខ្លួនជាប្រចាំ តាមការកោះហៅ។
លោកស្រី ខៀវ សារ៉ុន ត្អូញត្អែរថា ការប្រើប្រាស់ផ្លូវច្បាប់ ចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ បណ្ដាលឲ្យខាតប្រយោជន៍សហគមន៍រងគ្រោះ ព្រោះក្រុមហ៊ុនមានឱកាសឈូសឆាយដីមានជម្លោះ តាមអំពើចិត្ត។ លោកស្រី ស្នើសុំឲ្យអាជ្ញាធរ បើកលំហសេរីភាពឲ្យពលរដ្ឋមានជម្លោះដីធ្លី អាចមានលទ្ធភាព ចេញតវ៉ាតាមស្ថាប័នរដ្ឋ នៅរាជធានីភ្នំពេញ បានដូចមុន៖ «តុលាការហ្នឹង ក៏អ៊ីចឹងដែរ ព្រោះ ខ្ញុំអត់ដឹងថា នៅស្រុកខ្មែរយើងតុលាការធ្វើតាមច្បាប់ ឬយ៉ាងណាទេ? នៅពេលដែរ និយាយទៅ ខ្ញុំផ្ទាល់ ខ្ញុំជាប់ (បណ្ដឹង) តុលាការ តាំងពីឆ្នាំ២០១៦ រហូតមកដល់ឥឡូវ។ គេបើកសវនាការ២ដង គឺមានតែខាងពួកខ្ញុំ។ ភាគី ដែលគេប្ដឹងហ្នឹង គឺអត់មាន មានតែខ្ញុំទេ»។
កាលពីថ្ងៃទី១៤ មករា ក្រុមអង្គការ សមាគម សហជីព ជិតមួយរយស្ថាប័ន បានថ្លែងការណ៍រួម សម្ដែងការសោកស្ដាយ និងព្រួយបារម្ភចំពោះការចាប់ និងឃុំខ្លួនតំណាងសហគមន៍ដីធ្លីចំនួន ៣នាក់ និងការចោទប្រកាន់តំណាងសហគមន៍ដីធ្លីជាង ៥០នាក់ ក្នុងឆ្នាំ២០២០។
ក្រុមអង្គការ សមាគមទាមទារតុលាការឱ្យដោះលែងតំណាងសហគមន៍ដីធ្លីឃុំជាំក្រវៀន ខេត្តត្បូងឃ្មុំ លោក ផុន សុផល វិញ ព្រោះលោកមិនបានប្រព្រឹត្តិកំហុសតាមបណ្ដាញសង្គម (facebook) ទាក់ទង បទសមគំនិតក្នុងអំពើញុះញង់ឲ្យប្រព្រឹត្ត អំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គមនោះឡើយ។
អង្គការសមាគមទាំងនេះ ក៏ទាមទារឲ្យដោះលែងតំណាងសហគមន៍ជម្លោះដីធ្លី ឃុំស្រែប្រាំង នៅខេត្តត្បូងឃ្មុំ ២នាក់ គឺលោក សែម សាង និងលោក ហឿន ស៊ីនាត ដែរ។ អាជ្ញាធរបានចោទតំណាងសហគមន៍ទាំង ២នាក់នេះ ច្រើនបទចោទ ពាក់ព័ន្ធនឹងជម្លោះដីធ្លីមួយកន្លែង នៅស្រុកតំបែរ ជាមួយក្រុមហ៊ុនចម្ការកៅស៊ូចិន។
ក្រៅពីនេះ តុលាការខេត្តកោះកុង បានចោទប្រកាន់តំណាងសហគមន៍ដីធ្លីចំនួន ១៣នាក់ ពីបទបរិហារបង្កាច់កេរ្តិ៍ បទញុះញង់ឲ្យប្រព្រឹត្តិអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយសារតែពួកគាត់ នាំគ្នាតវ៉ា ទាមទារដីធ្លី នៅមុខក្រសួងដែនដី និងស្ថាប័នថ្នាក់ជាតិដទៃទៀត កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩។
អាស៊ីសេរី មិនអាចទាក់ទងពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន និងអ្នកនាំពាក្យក្រសួងដែនដី លោក សេង ឡូត ដើម្បីសុំការឆ្លើយតបរឿងនេះបានទេ នៅថ្ងៃទី១៦ មករា។ តែលោក ផៃ ស៊ីផាន ធ្លាប់បញ្ជាក់ថា រាល់ការចាប់ខ្លួន គឺសមត្ថកិច្ចមានភស្តុតាងត្រឹមត្រូវក្នុងការចោទប្រកាន់ ឯការសម្រេចបែបណា ជាឆន្ទានុសិទ្ធិរបស់តុលាការ។
នាយករងអង្គការលីកាដូ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក អំ សំអាត សង្កេតឃើញថា តំណាងសហគមន៍ ដែលជាបុគ្គលសកម្ម ក្នុងការតវ៉ា ទាមទារ ច្រើនតែរងការចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ ដែលនេះជារឿងគួរឱ្យសោកស្តាយ។ លោកថា ការប្រើប្រាស់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងសកម្មជនតវ៉ាដីធ្លី មិនមែនជាដំណោះស្រាយទេ។
សង្គមស៊ីវិលរូបនេះ ក៏ជំរុញឲ្យអាជ្ញាធរ និងមន្ត្រីតុលាការ កុំផ្សាភ្ជាប់ករណីតវ៉ារបស់សហគមន៍ដីធ្លី ទៅនឹងរឿងនយោបាយ ឬគណបក្សនយោបាយនោះដែរ ព្រោះលោកថា ការធ្វើបែបនេះ មិនផ្ដល់យុត្តិធម៌ សម្រាប់សហគមន៍មានជម្លោះដីធ្លីទេ។ លោកបន្តថា អាជ្ញាធរគួរតែបើកលំហសេរីភាព និងដោះស្រាយឲ្យសហគមន៍ដីធ្លី ជាជាងការចាប់ខ្លួន និងប្រើប្រាស់ផ្លូវតុលាការ។ លោកថា មធ្យោបាយចាប់ខ្លួន និងប្ដឹងតាមផ្លូវតុលាការ នឹងធ្វើឲ្យសហគមន៍ដីធ្លីកាន់តែធ្លាក់ខ្លួនក្រ៖ «ហើយជម្រើសនៃការប្ដឹងផ្ដល់ តាមផ្លូវតុលាការ ជម្រើសនៃការចាប់ខ្លួន ជម្រើសនៃការចោទប្រកាន់ផ្សេងៗ ទាក់ទងនឹងបញ្ហាដីធ្លី វាមិនមែនជាជម្រើសល្អទេ។ វាជាជម្រើសដែលបង្កផលលំបាក ហើយនិងធ្វើឲ្យមានផលលំបាក សម្រាប់ប្រជាពលរដ្ឋកាន់តែធ្ងន់ធ្ងរទៅទេ។ អ៊ីចឹង ជម្រើសដែលល្អ គឺការដោះស្រាយ ដោយសន្តិវិធី ចំពោះបញ្ហាដីធ្លី ហើយមានការទទួលយកទាំងអស់គ្នា ទើបជាជម្រើសល្អ»។
ក្នុងឆ្នាំ២០២០ ក្រៅពីសកម្មជនដីធ្លី ជាង ៥០នាក់ ដែលត្រូវបានចោទប្រកាន់ហើយនោះតុលាការបានឃុំខ្លួន សកម្មជនសង្គម ព្រះសង្ឃ អ្នកការពារបរិស្ថាន អ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ និងអ្នកចម្រៀងរិះគន់សង្គម ៦៤នាក់ ដាក់ពន្ធនាគារ ដោយចោទប្រកាន់ពីបទ រួមគំនិតក្បត់ បទញុះញង់។
ក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ហៅការចោទប្រកាន់ទាំងនេះថា ជាការរឹតត្បិតសេរីភាពសម្ដែងមតិ និងទទូចឲ្យមានការដោះលែងសកម្មជន ដែលបានចាប់ខ្លួន ក្រោមហេតុផលនយោបាយទាំងអស់នេះវិញ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ អង្គការទាំងនេះ ក៏ទាមទារឲ្យអាជ្ញាធរផ្ដល់ភាពស្អាតស្អំដល់ពួកគេឡើងវិញ ដោយត្រូវទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ និងបើកលំហសេរីភាពឲ្យពួកគេ អាចសម្ដែងមតិបានដោយសេរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។