ពលរដ្ឋ​មួយ​ចំនួន​ខកចិត្ត និង​មួយ​ចំនួន​ទៀត​នៅ​តែ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទោះ​បី​ដំណើរ​មាតុ​ភូមិ​និវត្តន៍​លើក​ទី២ បរាជ័យ

ដោយ មួង ណារ៉េត
2021-01-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​មួយ​ចំនួន​ខកចិត្ត និង​មួយ​ចំនួន​ទៀត​នៅ​តែ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទោះ​បី​ដំណើរ​មាតុ​ភូមិ​និវត្តន៍​លើក​ទី២ បរាជ័យ

អ្នកស្រី មូរ សុខហួរ និង​​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​កន្លែង​ត្រួត​ពិនិត្យ​លិខិត​ធ្វើ​ដំណើរ នា​​វាល​យន្តហោះ​ក្នុង​ទីក្រុង​ឡូសអែនជែ ឡេស (Los Angeles) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុកស្រី មូរ សុខហួរ


ពលរដ្ឋ​មួយ​ចំនួន បង្ហាញ​ការ​ខកចិត្ត​របស់​ខ្លួន​ចំពោះ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ដែល​មិន​អាច​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​តាម​ការ​សន្យា និង​មួយ​ចំនួន​ទៀត​បន្ត​គាំទ្រ ហើយ​រិះគន់​គណបក្ស​កាន់​​អំណាច​​ដែល​បង្កើត​ឧបសគ្គ​រារាំង​ដល់​មន្ត្រី​គណបក្ស​មួយ​នេះ។

ពលរដ្ឋ​មួយ​ចំនួន​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ផ្សេងៗ​គ្នា​ជុំ​វិញ​ការ​បរាជ័យ​ក្នុង​ដំណើរ​មាតុ​ភូមិ​និវត្តន៍​លើក​ទី២ របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពីថ្ងៃ​ទី​១៦ មករា។

ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ លោក ភិន សារ៉ាត់ បញ្ជាក់​ថា លោក​ពុំ​មានការ​ខកចិត្ត​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​បញ្ហា​នេះ​ទេ ហើយ​ថា ពួកគាត់​បាន​ព្យាយាម អស់​លទ្ធភាព​ក្នុង​ការ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ។ លោក​បន្ត​ថា​ការ​បរាជ័យ​នេះ គឺ​ដោយ​សារ​រដ្ឋាភិបាល​កម្ពុជា មិន​ផ្តល់​វីសា (Visa) និង​ប្រើ​លេស​នៃ​វិបត្តិ​ជំងឺ​កូវីដ​នេះ ដើម្បី​រារាំង​មិន​ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​វិល​ចូល​ស្រុក​បាន៖ «ពួក​យើង​ខ្ញុំ​ដែល​នៅ​ខ្មែរ​នេះ ខ្ញុំ​នៅ​រង់ចាំ នៅ​ជឿជាក់​លើ​លោក​ជំទាវ​ដដែល ទោះ​មិន​បាន​មក​ក៏​នៅ​មាន​ពេល​ក្រោយ​គង់​តែ​មក​ដដែល។ ចំពោះ​ខ្ញុំ ខ្ញុំ​សូម​សំណូមពរ​ទៅ​ខាង​អាជ្ញាធរ និង​រដ្ឋាភិបាល​ឲ្យ​បើកផ្លូវ​ឲ្យ​លោក​ជំទាវ​ចូល​មក​ដល់​ក្នុង​ស្រុក​ខ្មែរ​ ដើម្បី​ចូល​ខ្លួន​ទៅ​តុលាការ​ដោះ​ស្រាយ​ក្ដី ដែល​ជាប់​ជំពាក់ ដែល​លោក​ជំទាវ​មាន​ក្ដី​អី​នៅ​តុលាការ ឲ្យ​លោក​ជំទាវ​ដោះ​ស្រាយ​អី​ឲ្យ​ឆាប់​ចប់»

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ លោក គៀ រ៉ាវី ថ្លែង​ថា លោក​នៅ​តែ​គាំទ្រ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​និច្ច​ ទោះ​ជា​ដំណើរ​មាតុភូមិ​និវត្តន៍​នេះ​បរាជ័យ។ លោក​បន្ត​ថា លោក​យល់​ច្បាស់​ពី​ការ​ធ្វើ​ទុក​បុក​ម្នេញ​មក​លើ​សកម្មជន និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន។ លោក​បន្ថែម​ថា លោក​នៅ​តែ​ចង់​ឃើញ​ការ​ផ្លាស់​ប្ដូរ​មួយ​នៅ​កម្ពុជា ដើម្បី​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ឡើង​វិញ៖ «ចំពោះ​ខ្ញុំ ខ្ញុំ​មិន​បន្ទោស​អ្នកស្រី មូរ សុខហួរ ឬក៏​មិន​បន្ទោស​ឯកឧត្ដម​សម រង្ស៊ី ដែរ។ ព្រោះ​ថា ករណី​នេះ សំខាន់​បំផុត​គឺ​នៅ​លើ​ទី១ កូវីដ ទី២ សំខាន់​បំផុត​នៅ​លើ គេ​ហៅ​ថា សម្ដេច​តេជោ​គាត់​មាន​លុយ គាត់​ដើរ​ទិញ​ផ្លូវ​ទេសចរណ៍ ឬ​ផ្លូវ​ខាង​អ្វីៗ​ទាំង​អស់។ ម៉ា​បន្តិច​ក៏​ខ្ញុំ​អត់​មាន​ក៏​ខកចិត្ត​ដែរ តែ​ចំពោះ​ខ្ញុំ​គាំទ្រៗ ១០០អ៊ីចឹង​ហ្មង»​​​

សមាជិក​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រៃវែង លោកស្រី ស ខ្ចី លើក​ឡើង​ថា របប​ក្រុង​​ភ្នំពេញ​បាន​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ក្នុង​ការ​រារាំង​ដំណើរ​មាតុភូមិ​និវត្តន៍​លើក​ទី២ នេះ។ លោកស្រី បន្ត​ថា ការ​តស៊ូ​ជាមួយ​របប​ផ្ដាច់​ការ​មួយ​នេះ​ពុំ​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ហើយ​លោកស្រី​នៅ​តែ​រក្សា​ជំហរ យ៉ាង​មុត​មាំ​ក្នុង​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ៖ «វា​គ្រាន់​តែ​ជា​លេស​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ ដោយសារ​តែ​បើ​សិន​ជា​លោក ហ៊ុន សែន គិត​ថា រដូវ​ការ​នេះ គឺ​ជា​រដូវ​កាល​ដែល​កើត​ជំងឺ​កូវីដ ឬ​វា​ជា​ជំងឺ​រាតត្បាត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ៊ីចឹង​លោក ហ៊ុន សែន មិន​ត្រូវ​ប្រើ​តុលាការ ដើម្បី​កោះ​ហៅ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​រយ​នាក់​ឲ្យ​ឡើង​សវនាការ​ទេ។ អ៊ីចឹង​ទាំង​អស់​នេះ គឺ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា គ្រប់​យ៉ាង​គ្រាន់​តែ​ជា​លេស​ ដើម្បី​រារាំង​ការ​វិល​ត្រឡប់​មាតុ​ភូមិ​និវត្ត​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​របប​ក្រុង​ភ្នំពេញ​តែ​ប៉ុណ្ណោះ»

ការ​លើក​ឡើង​បែប​នេះ គឺ​នៅ​ក្រោយ​ពេល​ដែល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ​ដឹកនាំ​ដោយ​​អ្នកស្រី​ មូរ ​សុខហូរ កាល​ពី​ថ្ងៃ​ទី១៦ ខែមករា បាន​បរាជ័យ ដោយ​ជាប់​គាំង​ត្រឹម​ទីលាន​យន្ត​ហោះ​ក្នុង​ទីក្រុង​ឡូស​អែនជែឡេស (Los Angeles)។

តំណាង​ក្រុម​ហ៊ុន​អាកាសចរណ៍​សិង្ហបុរី (Singapore Airline) មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី​ឡើង​យន្ត​ហោះ​ដើម្បី​ចាក​ចេញ​ពី​អាមេរិក ហើយ​ចូល​សំចត​នៅ​ប្រទេស​សិង្ហ​បុរី​ មុន​បន្ត​ដំណើរ​ចូល​ប្រ​ទេ​ស​កម្ពុជា​នោះ​ទេ ដោយ​សារ​អ្នកស្រី គ្មាន​ទិដ្ឋាការ ឬ​វីសា ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​កម្ពុជា​មុន​ឡើង​យន្ត​ហោះ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ទៀត គឺ​លោក ម៉ែន សុថាវរិន្ទ្រ ក៏​ត្រូវ​បាន​ក្រុម​ហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី ហាម​មិន​ឲ្យ​ឡើង​យន្ត​ហោះ​ពី​ទីក្រុង​ប៉ារីស (Paris) ប្រទេស​បារាំង (France) ឆ្ពោះ​ទៅ​សិង្ហ​បុរី​ដែរ ដោយ​អះអាង​ថា មាន​បម្រាម​ពី​រដ្ឋាភិបាល​ក្រុង​ភ្នំ​ពេញ។

ទោះ​ជា​យ៉ាង​ណា​ក្ដី មតិ​មួយ​ចំនួន​ទៀត បាន​លើក​ឡើង​ពី​ការ​ខកចិត្ត និង​អស់​សង្ឃឹម​ចំពោះ​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ ដែល​មិន​គោរព​តាម​ការ​សន្យា​របស់​ខ្លួន។

ពលរដ្ឋ​រស់នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ លោក ចាន់ ប៊ុនសេន ឲ្យ​ដឹង​ថា លោក​ក៏​មិន​ចង់​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ​នេះ​ទេ ដោយ​សារ​លោក​បារម្ភ​ថា នឹង​មាន​ចលនា​មួយ​កើត​ឡើង ហើយ​បង្ក​ជា​អសន្តិ​សុខ​សង្គម។ លោក​បន្ត​ថា លោក​មិន​ចង់​ឲ្យ​មាន​ជម្លោះ​នយោបាយ​ណា​មួយ​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ទៀត​នោះ​ទេ ដោយ​សារ​វា​អាច​ប៉ះពាល់​ដល់​សេដ្ឋ​កិច្ច​គ្រួសារ​របស់​ប្រជា​ពលរដ្ឋ៖ «អាច​ចូល​ទៅ វា​អាច​ពួក​គេ​បក្ស​កាន់​អំណាច​ហ្នឹង​​គេ​ថា យើង​មក​ប្រឆាំង​មក​ធ្វើ​វិទ្ធង្សនា​អី​ក្នុង​ស្រុក។ អ៊ីចឹង​វា​អាច​ឲ្យ​គ្រោះថ្នាក់​ប្រជាជន​កាន់​តែ​ខ្លាំង​ទៀត។ សំខាន់​គឺ សុវត្ថិភាព​របស់​ប្រជា​ពលរដ្ឋ​តើ។ តែ​ប្រជាពលរដ្ឋ​មាន​ការ​ឈឺ​ចាប់​គឺ​បែរ​ទៅ​ម្ខាង​ហើយ អ៊ីចឹង​ប៉ះ​ទង្គិច​ជាមួយខាង​ផ្នែក​រដ្ឋាភិបាល គឺ​គេ​គំរាម​កំហែង»

ម្ចាស់​គណនី ហ្វេសប៊ុក​មួយ​ឈ្មោះ បូ រា បញ្ចេញ​មតិ​លើ​ផេក​លោកស្រី មូរ សុខហួរ ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាត់​បង់​នូវ​ទំនុក​ចិត្ត​របស់​ខ្លួន និង​លែង​មាន​ការ​ចាប់​អារម្មណ៍​ពី​ប្រជា​ពលរដ្ឋ​ទៀត​ហើយ ដោយសារ​ការ​បរាជ័យ​នេះ។

ម្ចាស់​គណនី ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ ផេង សោភណ្ឌ (Pheng Sophorn) បញ្ចេញ​មតិ​ថា លោក​គាំទ្រ​ប្រជាធិបតេយ្យ​មក​ជា​យូរ ហើយ​ស្អប់​អំពើ​អយុត្តិធម៌ និង​របប​ផ្ដាច់​ការ​បំផុត។ លោក​បន្ត​ថា ទង្វើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​គ្មាន​ភាព​ច្បាស់​លាស់ និង​ធ្វើ​ឱ្យ​តែ​ល្អ​មើល​ប៉ុណ្ណោះ។ ចំណែក​ក្រុម​មន្ត្រី​រដ្ឋាភិបាល​លោក ហ៊ុន សែន​វិញ ពួកគេ​ក៏​បាន​នាំ​គ្នា​ចំអក​ថា ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ គ្រាន់​តែ​ជា​ការ​សម្ដែង។ ប៉ុន្តែ បើ​ទោះ​បី​ជា​ពួក​គេ ចោទ​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​សម្ដែង​ក្ដី ក៏​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រើ​វិធី​រារាំង​គ្រប់​បែប​យ៉ាង និង​មិន​ហ៊ាន​ផ្តល់​សុពល​ភាព​លិខិត​ឆ្លង​ដែន ឬ​វីសា សម្រាប់​ឲ្យ​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​វិល​ចូល​កម្ពុជា ដើម្បី​តតាំង​ក្តី​ក្នុង​តុលាការ​ឡើយ។

អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) និង​ក្រុម​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក កាលពី​ពេល​ថ្មីៗ នេះ បាន​អំពាវនាវ​ដល់​របប លោក ហ៊ុន សែន បើក​ផ្លូវ​ឱ្យ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ក្ដីក្ដាំ​នៅ​តុលាការ អាច​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព ដើម្បី​ចូល​រួម​ក្នុង​សវនាការ​ជំនុំ​ជម្រះ ទោះ​ជា​សំណុំ​រឿង​ទាំង​នោះ​មាន​ចរិត​នយោបាយ និង​មិន​ស្រប​តាម​គោល​ការណ៍​នីតិរដ្ឋ​យ៉ាង​ណា​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ពលរដ្ឋ​មួយ​ចំនួន​ខកចិត្ត និង​មួយ​ចំនួន​ទៀត​នៅ​តែ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទោះ​បី​ដំណើរ​មាតុ​ភូមិ​និវត្តន៍​លើក​ទី២ បរាជ័យ"

  1. so socheath says:

    ជឿមីកាដួយស្វឹត មានតែរុន្ធប្រហោងកាហ៊ូ មួរ សុខហួរ ជឿឆ្កែល្អជាង !