វ៉ាក់សាំង​​កូ​វីដ​១៩​របស់​​ចិន​​ចំនួន​៣០​ម៉ឺន​​ដូ​ស​នឹង​​មក​ដល់​​កម្ពុជា​​អំឡុង​​ខែ​កុម្ភៈ​​ខាង​មុខ​

កូវីដ-១៩ | ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ១៩ មករា ២០២១ |ម៉ោង ១៧:២២
VOD

ស្ត្រីម្នាក់ឈរកាន់ទង់ជាតិកម្ពុជានិងទង់ជាតិ ស្វាគមន៍ដំណើរមកដល់នៃក្រុមគ្រូពេទ្យចិនមកពីខេត្តគ័ងស៊ី ប្រទេសចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ស្ត្រីម្នាក់ឈរកាន់ទង់ជាតិកម្ពុជានិងទង់ជាតិ ស្វាគមន៍ដំណើរមកដល់នៃក្រុមគ្រូពេទ្យចិនមកពីខេត្តគ័ងស៊ី ប្រទេសចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)


មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល ឱ្យ​ដឹង​ថា​ ភាគី​ចិន​នឹង​បញ្ជូន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ១៩ ចំនួន៣០ម៉ឺ​នដូសមក​កម្ពុជា ​ក្នុង​អំឡុង​ខែកុម្ភៈ​ខាងមុខនេះ។

លោកស្រី ឱ វណ្ណ​ឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល មានប្រសាសន៍​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃអង្គារ​នេះ​ថា រដ្ឋាភិបាល​ចិនបាន​ប្រកាស​ជួយ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វីដ១៩ដល់​កម្ពុជា ចំនួន១លា​នដូស ប៉ុន្តែ​ការ​ផ្តល់​នេះ​នឹង​ធ្វើតាម​ដំ​ណា​ក់​កាល​ៗ។

លោកស្រី​បន្ត​ថា ក្នុង​ដំណាក់កាល​ដំបូង រដ្ឋាភិបាល​ចិននឹង​ផ្តល់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន ស៊ី​ណូ​ហ្វា​ម ដល់​កម្ពុជា​ ចំនួន៣០ម៉ឺន​ដូ​សជាមុនសិន។

លោកស្រី​ថ្លែង​ថា៖ «តាម​ប្រសាសន៍​របស់​សម្ដេច លោក​បាន​ប្រកាស​រួចហើយ លោក​ថា​ចង់ឱ្យ​វ៉ាក់សាំង​នេះមកដល់​ ដើម្បី​ប្រើប្រាស់មុន​ថ្ងៃចូលឆ្នាំ​ចិន។ ចូលឆ្នាំ​ចិន ពាក់កណ្ដាល​ខែកុម្ភៈ អ៊ីចឹង​អាស្រ័យ​លើ​ការ​ផ្គត់ផ្គង់​ពី​ប្រទេស​ចិន»។

លោកស្រី ឱ វណ្ណ​ឌីន បន្ត​ថា ស្រប​ពេល​ដែល​ចិន​ផ្តល់​ជំនួយ​វ៉ាក់សាំង​នេះ ថ្នាក់ដឹកនាំ​ក្រសួង ក៏បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ចិន ផ្តល់​អ្នកជំនាញ​បច្ចេកទេសសម្រាប់​ជួយ​ដល់​កម្ពុជា ក្នុង​ការប្រើ​ប្រាស់​វ៉ាក់សាំង​នេះ​ផង​ដែរ។ 

ចំពោះ​កម្រិត​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង ស៊ី​ណូ​ហ្វា​ម នេះ មន្ត្រី​សុខាភិបាល​រូប​នេះ​ថា មានប្រសិទ្ធភាព​រហូតដល់៧៩,៣៤ភាគរយ ហើយ​បច្ចុប្បន្ន វ៉ាក់សាំង​នេះត្រូវ​បាន​ប្រើប្រាស់​ជាង​២២០លា​នដូស នៅក្នុង​ប្រទេស​មួយចំនួន​​លើ​ពិភពលោក។

កាលពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក ​នឹង​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ១៩ «ស៊ី​ណូ​ហ្វា​ម» ដែល​ជា​ជំនួយ​របស់​សាធារណរដ្ឋ​ចិន នេះ​មុនគេ ដើម្បី​បង្ហាញ​ពី​ការ​ជឿជាក់និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នេះ។ 

លោកស្រី ឱ វណ្ណ​ឌីន បញ្ជាក់​ថា ក្រៅពី​នាយក​រដ្ឋមន្ត្រី អ្នកដែលត្រូវទទួលបាន​​វ៉ាក់សាំង​នេះ​មុនគេ ក៏​មាន​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​មួយចំនួន​ទៀត រួម​នឹង​មន្ត្រី​បម្រើការ​នៅ​រដ្ឋសភា ព្រឹទ្ធសភា ក្រុម​គ្រូពេទ្យ កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ដែល​បាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​ជួយ​អន្តរាគមន៍​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩។ 

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េង​ឡុង បង្ហាញ​ក្តី​រីករាយ​នៅពេល​ទទួល​បាន​ដំណឹង​ថា កម្ពុជាទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វីដ១៩ ក្នុង​ពេល​ឆាប់​ៗនេះ។ 

លោក​បាន​ថ្លែង​ថា៖ «ចាក់ ​[វ៉ាក់សាំង​] បាទ​! នៅពេល​វ៉ាក់សាំង​មកដល់ ​[កម្ពុជា​] ខាង​រដ្ឋសភា​ក៏​មាន​ចំណែក​ដែរ គឺ​តាម​ផែនការ​របស់​សម្ដេច លោក​លើកឡើង​ថា អ្នក​ដែល​នៅ​ជុំវិញ​ថ្នាក់ដឹកនាំ គឺថា​នឹង​បាន​ចាក់​វ៉ាក់សាំង​ហ្នឹង ដោយសារ​កូ​វីដ១៩ វា​ឆ្លង​រហ័ស​ណាស់។ ដូច្នេះហើយ​ដើម្បី​រក្សា​សន្តិសុខ សុខភាព​ថ្នាក់ដឹកនាំ អ្នក​ដែល​ធ្វើការ​ជាប់​ថ្នាក់ដឹកនាំ​ នឹង​ទទួល​បាន​វ៉ាក់សាំង​នេះ​ជាលើកដំបូង»។

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ធ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ ប្រចាំ​សប្តាហ៍កាលពី​ថ្ងៃម្សិលមិញ​ថា ក្រសួង​បាន​និង​កំពុង​ធ្វើ​លិខិតស្នើ​មួយ​ច្បាប់ទៅកាន់​ប្រមុខ​រដ្ឋាភិបាល ដើម្បី​សុំ​បញ្ចូល​មន្ត្រី​ជួរមុខជា​អ្នកសារព័ត៌មាន​វិទ្យុ ទូរទស្សន៍​ជាតិ ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា និង​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ ក្នុង​បញ្ជី​អាទិភាព ដើម្បី​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ១៩។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា។

លោក​ថា ការ​គ្រោង​ស្នើ​នេះធ្វើឡើង​ក្រោយពី​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​ទាំងអស់ បាន​ស្នើ​ទៅ​ប្រមុខ​រដ្ឋាភិបាលតាមរយៈ​រូបលោក កាលពី​អំឡុង​វេទិកា​និពន្ធ​នាយក ក្នុង​ខែធ្នូ ឆ្នាំ២០២០។ 

ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៅ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គី​មហុង ចាត់ទុក​ការប្រកាស​ចាក់​វ៉ាក់សាំង​របស់​ប្រមុខ​រដ្ឋាភិបាលនិង​មន្ត្រី​ៗ ថាជា​គំ​រូល្អ ដើម្បី​បង្ហាញ​ភាព​ជឿ​ទុកចិត្ត បើ​ទោះបីជា​វ៉ាក់សាំង​របស់​ប្រទេស​ចិនមិនទាន់​ត្រូវ​បាន​អង្គការសុខភាព​ពិភពលោក​ទទួលស្គាល់​ក៏ដោយ។ 

លោក​ថា៖ «ធម្មតា វ៉ាក់សាំង​ដែល​មិនទាន់​ទទួលស្គាល់ដោយ​អង្គការសុខភាព​ពិភពលោក​ដែល​ជា​អង្គការ​ជំនាញ​នាំមុខ​ផ្នែក​វេជ្ជ​សាស្រ្ត​ហ្នឹង គឺ​យើង​នៅតែ​មានការ​បារម្ភ ថា​តើមាន​គុណភាព​កម្រិត​ណា​? ហើយ​ការប្រើ​ប្រាស់​ហ្នឹង តើមាន​គុណភាព​ដែរ​ឬទេ​?»

លោក​បន្ថែម​ថា៖ «ហើយ​ទន្ទឹម​នឹង​ការពារ​ហ្នឹង វា​ប៉ះពាល់​ទៅលើ​ផ្នែក​ផ្សេង​ដែរ​ឬទេ​? ដូច្នេះ ខ្ញុំ​យល់ថា រដ្ឋាភិបាល​គួរតែ​ពិចារណា​រង់ចាំ​បន្តិច រហូត​អង្គការសុខភាព​ពិភពលោកគាត់​បាន​ទទួលស្គាល់​វ៉ាក់សាំង​ណាមួយ ដែល​ទទួលស្គាល់​ជា​ផ្លូវការ​ថា ធានា​ប្រើប្រាស់​ទៅ​មានប្រសិទ្ធភាព និង​មិន​ប៉ះពាល់​សុខភាព»។

ក្រៅពី​ជំនួយ​របស់​ប្រទេស​ចិន​នេះ ក្នុង​ជំនួប​ជាមួយ​ឯកអគ្គ​រដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ ស្នើសុំ​ជំនួយ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វីដ១៩ ពី​ប្រទេស​ឥណ្ឌា​ ផង​ដែរ ព្រោះ​ប្រទេស​នេះ​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ១៩​បានដោយខ្លួនឯង ហើយ​គ្រោង​នឹង​ចាក់​ជូន​ពលរដ្ឋ​ឥណ្ឌា​ជាង៣០០លាន​នាក់នៅ​ឆ្នាំនេះ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles