សម្ដេច​​ក្រុម​ព្រះ​ គ្រោង​​យាង​​វិល​​ចូល​​ឆាក​នយោ​បាយ​​វិញ​​នៅ​​ខែ​កុម្ភៈ​​

ព័ត៌មានជាតិ
លោក វណ្ណ វិចារ |១៩ មករា ២០២១ |ម៉ោង ១៧:០១
VOD

សម្តេច​ក្រុមព្រះនរោត្តម រណ​ឫទ្ធិ ចូលរួមប្រជុំសមាជវិសាមញ្ញបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។ (ជន ចាន់រ៉ែន)

សម្តេច​ក្រុមព្រះនរោត្តម រណ​ឫទ្ធិ ចូលរួមប្រជុំសមាជវិសាមញ្ញបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។ (ជន ចាន់រ៉ែន)


គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា សម្ដេច​ក្រុមព្រះនរោត្តម រណ​ឫទ្ធិ គ្រោង​យាង​ទៅ​ដឹកនាំ​បក្ស និង​ប្រឡូក​ក្នុង​ឆាកនយោបាយ​វិញ​នា​ចុងខែ​កុម្ភៈ​ខាងមុខ។ 

អ្នកនាំពាក្យ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច លោក ផាន់ សិទ្ធី មានប្រសាសន៍​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ថា បច្ចុប្បន្ន ព្រះរាជ​សុខភាពសម្ដេច​ក្រុមព្រះនរោត្តម រណ​ឫទ្ធិ មាន​ភាពល្អ​ប្រសើរ​ឡើងវិញ​ហើយ បន្ទាប់ពី​ព្រះអង្គ​បាន​និង​កំពុង​សម្រាក​ព្យាបាល​ព្រះរាជ​សុខភាពរយៈពេល​យូរ​នៅ​ប្រទេស​បារាំង។ 

លោក​បាន​ថ្លែង​បញ្ជាក់​ថា៖ «ព្រះរាជ​សុខភាព​របស់​សម្ដេច​ក្រុមព្រះ លោក​មាន​ព្រះរាជ​សុខភាព​ប្រសើរ​ច្រើន លោក​យាង​ខ្លួនឯង​បាន មាន​បន្ទូល​បាន​ច្រើន។ ព្រះអង្គ​នឹង​យាង​មក​ដឹកនាំ​ [គណបក្ស​] ដោយ​ផ្ទាល់​វិញ អាច​សមាជ​គណបក្សដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២៧ ខែកុម្ភៈ»។

បើ​តាមលោក ផាន់ សិទ្ធី គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច បាន​រៀបចំ​គម្រោងការ​ជាក់លាក់ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ ក្នុង​ឆ្នាំ២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ឆ្នាំ២០២៣ ខាងមុខ។ 

សម្តេច​ក្រុមព្រះនរោត្តម រណ​ឫទ្ធិ បាន​រង​របួស​ជា​ទម្ងន់​នៅក្នុង​ គ្រោះថ្នាក់​ចរាចរណ៍ មួយនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤ ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​លើក​នោះ បាន​បណ្ដាល​ឱ្យ​អ្នកម្នាង​របស់​ព្រះអង្គ​ទទួលមរណភាព ខណៈ​ដែល​ព្រះអង្គ​ត្រូវ​គង់​លើ​ព្រះ​ទីនាំង​កៅអី​រុញ​ចាប់ពី​ពេលនោះ​មក។ 

ចាប់តាំងពី​ព្រះអង្គ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច បាន​ប្រែប្រួល​សមាសភាព​មួយចំនួន​ជាបន្តបន្ទាប់ ដោយ​មន្ត្រី​ចាស់​ៗខ្លះត្រូវ​បាន​ដកហូត​តំណែងនិង​បញ្ចប់​តួនាទី​ក្នុង​បក្ស​ទៀតផង។ 

អនុប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច លោក ហេង ចាន់​ថា លើកឡើង​ថា គណបក្ស​នេះមានការ​បែកបាក់​ផ្ទៃក្នុង​ច្រើន ចាប់តាំងពី​ឆ្នាំ១៩៩៨មក ដែល​ចាំបាច់​ត្រូវតែ​ប្រមូល​កម្លាំង​រួបរួម​គ្នា​ឡើងវិញ។ លោក​អះអាង​ថា សម្ដេច​ក្រុមព្រះ នៅតែ​មាន​ឥទ្ធិពល​ក្នុងឆាក​នយោបាយ​កម្ពុជា។

លោក​ថា៖ «ជំងឺ​ដែល​ធំ​បំផុត​របស់​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច គឺ​មក​ពី​មានការ​បែកបាក់​គ្នាទៅជា​ចម្រៀកតូច​ៗ ហើយ​ចេះតែ​បន្ត​បែក​គ្នា​រហូ​ត។ នេះ​មក​ពី​ការ​មិន​យល់​អធ្យាស្រ័យ​គ្នា អ៊ីចឹង​ហើយ​បាន​សម្តេច​ក្រុមព្រះ អំពាវនាវ​ឱ្យ​បំភ្លេច​រឿង​ស្អី​ទាំងអស់​ពីមុន​មក ឱ្យមក​រួមគ្នា​ឡើងវិញ»។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន ស្វាគមន៍​ដំណឹង​យាង​ត្រឡប់​មក​ធ្វើនយោបាយ​ដោយ​ផ្ទាល់​វិញ របស់​សម្ដេច​ក្រុមព្រះនរោត្តម រណ​ឫទ្ធិ។ លោក​ថា ការ​ធ្លាក់ចុះ​ខ្សោយ​របស់​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច មិន​ទាក់ទង​នឹង​បក្ស​ប្រជាជន​នោះ​ទេ។

លោក សុខ ឥសាន ថ្លែង​ថា៖ «ការ​ធ្លាក់ចុះឬកើនឡើង​ប្រជាប្រិយ​ភាព​របស់​បក្ស​នេះ ជា​រឿង​ផ្ទៃក្នុង​របស់​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ទេ មិន​ពាក់ព័ន្ធ​នឹង​គណបក្សប្រជាជន​កម្ពុជា​ឡើយ ចំពោះ​បងប្អូន​ដែល​ចូល​គណបក្សប្រជាជន​កម្ពុជា ជាស​មានចិត្ត​របស់​ពួក​គាត់​ប៉ុណ្ណោះ»។

អ្នកឃ្លាំមើល​បញ្ហា​សង្គម​និង​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត មាស នី មានប្រសាសន៍​ថា ​តួអង្គ​សម្តេច​ក្រុមព្រះ​នរោត្តម ​រណ​ឫទ្ធិ នៅតែ​សំខាន់​សម្រាប់​គណ​បក្ស​ហ្វ៊ុ​នស៊ិន​ប៉ិច ​ពិសេសការ​បង្ក្រាប​ទំនាស់​នៅក្នុង​បក្ស ប៉ុន្តែ​ព្រះអង្គ​ទំនង​ហាក់​មិន​មាន​ទម្ងន់​ប៉ុន្មាន​ឡើយ​ក្នុង​ការ​ទាក់ទាញ​សំឡេងម្ចាស់​ឆ្នោត។

បណ្ឌិត​ មាស នី មានប្រសាសន៍​ថា៖ «តាំងពី​ព្រឹត្តិ​ការណ៍​ឆ្នាំ១៩៩៧មក​ បក្ស​នេះ​ធ្លាក់​ខ្សោយ​រហូត។ គណបក្ស​នេះ​កាន់តែ​មាន​កេរ្តិ៍ឈ្មោះ​មិនល្អ​ក្នុងនាម​ជា​អ្នក​ចេញមុខ​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ផង ដូច្នេះ​បក្ស​ហ្វ៊ុ​នស៊ិន​ប៉ិច​មិន​ងាយស្រួល​ទាក់ទាញ​សំឡេង​ឆ្នោត​ឡើយ»។

សម្តេច​ក្រុមព្រះនរោត្តម រណ​ឫទ្ធិ បច្ចុប្បន្ន​មាន​ព្រះជន្ម៧៦ព្រះវស្សា។ ទ្រង់​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ទី១ ក្នុង​រដ្ឋាភិបាល​ចម្រុះ​ដែល​ឈ្នះ​ឆ្នោត​កាលពី​ឆ្នាំ១៩៩៣។ ប៉ុន្តែ​ព្រះអង្គ​ត្រូវ​បាន​ទម្លាក់​ព្រះរាជ​តំណែង បន្ទាប់ពី​ព្រឹត្តិ​ការណ៍​បង្ហូរឈាម កាលពី​ថ្ងៃទី៥និង៦ ខែកក្កដា ឆ្នាំ១៩៩៧។ 

ព្រះអង្គ​បាន​កាន់​​ព្រះរាជ​តំណែង​ជា​ប្រធាន​រដ្ឋសភា បន្ទាប់ពី​ឈ្នះ​អាស​នៈ​សភា​លំដាប់​ទី២ កាលពី​ការបោះឆ្នោត​ឆ្នាំ១៩៩៨។ ព្រះអង្គ​បាន​របូត​ព្រះរាជ​តំណែង​ជា​ប្រធាន​រដ្ឋសភា​វិញ កាលពី​ឆ្នាំ២០០៦ និង​ត្រូវ​បណ្ដេញចេញ​ពី​បក្សបន្ទាប់ពី​រង​នូវ​បក្ស​ប្រហារ​ក្នុង​ឆ្នាំ​ដដែល​នោះ។នៅ​ខែកញ្ញា ឆ្នាំ២០០៨ ព្រះអង្គ​បាន​ប្រកាស​ចូលនិវត្តន៍​ពី​ឆាកនយោបាយ។ 

នៅ​ឆ្នាំ២០១៤ ព្រះអង្គ​បាន​បង្កើត​គណបក្ស​មួយឈ្មោះថា «គណបក្ស​សង្គម​រាស្រ្ត​រាជាធិបតេយ្យ» មុន​ពេល​ដឹកនាំ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិចម្តង​ទៀត ក្នុង​ឆ្នាំ២០១៥។

គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច ​ដែល​ដឹកនាំ​ដោយ​សម្ដេច​ក្រុមព្រះ បាន​ទទួល​អាស​នៈ​ជាង៤០ បន្ទាប់ពី​តុលាការ​កំពូលប្រកាស​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "សម្ដេច​​ក្រុម​ព្រះ​ គ្រោង​​យាង​​វិល​​ចូល​​ឆាក​នយោ​បាយ​​វិញ​​នៅ​​ខែ​កុម្ភៈ​​"

  1. Anonymous says:

    no way it is too late he better go around looking for another young girl instate . we gave you MOJO but you too dump then a dumber .