ដោយ ជី វិតា
2021-01-19
RFA

(ឆ្វេង) សហគមន៍ស្រែប្រាំង នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ តវ៉ាការចាប់លោក សែម សាង តំណាងសហគមន៍របស់ពួកគាត់ នៅមុខសាលាដំបូងខេត្តត្បូងឃ្មុំ និងទាមទារដោះលែងលោកវិញ (រូបស្ដាំ) លោក សែម ចំណាន ជាតំណាងសហគមន៍ស្រែប្រាំងម្នាក់ទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋ
សហគមន៍ស្រែប្រាំង និងមន្ត្រីសង្គមស៊ីវិល ទាមទារឲ្យតុលាការខេត្តត្បូងឃ្មុំ ទម្លាក់បទចោទ និងដោះលែងតំណាងសហគមន៍ស្រែប្រាំងមួយរូបឈ្មោះ សែម ចំណាន ឲ្យមានសេរីភាពឡើងវិញ។ ពូកគេ ទាមទារបែបនេះ បន្ទាប់ពីអាជ្ញាធរខេត្តត្បូងឃ្មុំ បានចាប់ឃុំខ្លួនតំណាងសហគមន៍ដីធ្លីរូបនេះ កាលពីថ្ងៃទី១៥ ខែមករាកន្លងទៅ ពាក់ព័ន្ធនឹងសកម្មភាពការពារដីព្រៃសហគមន៍ និងការបញ្ចេញមតិតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
តំណាងសហគមន៍ស្រែប្រាំង និងមន្ត្រីសង្គមស៊ីវិល លើកឡើងថា ការចាប់ខ្លួន និងការចោទប្រកាន់ តំណាងសហគមន៍ស្រែប្រាំងលោក សែម ចំណាន គឺធ្វើឡើងដោយមិនត្រឹមត្រូវតាមគោលការណ៍ច្បាប់ទេ។
តំណាងសហគមន៍ស្រែប្រាំង នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោកថា លីដា ប្រាប់អាស៊ីសេរីថា អាជ្ញាធរ បានចាប់ខ្លួនលោក សែម ចំណាន កាលពីថ្ងៃទី១៥ ខែមករា ក្នុងពេលដែលលោកទៅធ្វើជាកម្មករសំណង់នៅខេត្តឧត្តរមានជ័យ ហើយបានបញ្ជូនមកឃុំខ្លួននៅខេត្តត្បូងឃ្មុំវិញ។ លោក ចាត់ទុកថា ការចាប់ឃុំខ្លួននេះ គឺជារឿងអយុត្តិធម៌ ព្រោះលោក សែម ចំណាន និងអ្នកភូមិផ្សេងទៀត តែងនាំគ្នាទៅទប់ស្កាត់ និងដកម៉ាស៊ីនអារឈើទុកប្រគល់ឱ្យអាជ្ញាធរឃុំ នៅពេលមានសកម្មភាពលួចកាប់ព្រៃសហគមន៍ត្រពាំងព្រីង ពីសំណាក់ជនខិលខូច យកទៅលក់ឱ្យឈ្មួញ៖ «វាជារឿងអយុត្តិធម៌មួយដែរសម្រាប់ពួកគាត់ដែលអាជ្ញាធរចាប់ខ្លួន ជាបន្តបន្ទាប់នេះ វាបំបាក់ទឹកចិត្តប្រជាពលរដ្ឋផង និងមិនឲ្យ ប្រជាពលរដ្ឋងើបតវ៉ាទាមទារនូវអ្វីដែល គាត់បាត់បង់ ឬក៏បំបិទនូវសិទ្ធិសេរីភាពនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ឬការតស៊ូមតិតាមស្ថាប័ន ក្រសួងនានា ទៀត»។
ស្នងការនគរបាលខេត្តត្បូងឃ្មុំលោក បែន រ័ត្ន ឆ្លើយតបថា សមត្ថកិច្ច ពិតជាបានចាប់ខ្លួន លោក សែម ចំណានពីខេត្តឧត្តរមានជ័យ ដោយអនុវត្តតាមដីការបស់តុលាការចំនួនពីរ ប៉ុន្តែមិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។ លោកបញ្ជាក់ថា ដីកាបញ្ជាឲ្យចាប់ខ្លួនទី១ គឺពាក់ព័ន្ធនឹងករណីលោក សែម ចំណាន បានកំហែងយកទ្រព្យសម្បត្តិរបស់ពលរដ្ឋដទៃដែលចូលទៅអាស្រ័យផលក្នុងព្រៃសហគមន៍ ចំណែកដីកាទី២ លោកមិនបានដឹងពាក់ព័ន្ធនឹងបទល្មើសអ្វីនោះទេ៖ «រឿងហ្នឹង គឺមិនមែនខ្ញុំជាអ្នកចោទប្រកាន់ទេ គឺខ្ញុំជាអ្នកកសាងសំណុំរឿងទេប្អូន ទាល់តែប្អូនសួរទៅខាងតុលាការ ដែលគេស៊ើបអង្កេត គេអីពីខាងណាមកទៅ គេពន្លាត់ នីតិវិធីគេ គេបានចម្លើយពីខាងណេះពីខាងណោះ ឬភស្តុតាងអីមក ហើយចេញដីកា ខ្ញុំក៏មិនដឹងដែរ ខ្ញុំដឹងតែការអនុវត្តដីកាទេ។ ដូច្នេះប្អូនសួរខាងណោះ បានគេច្បាស់ទាំងបទចោទទាំងបញ្ហាផ្សេងៗ»។
អាស៊ីសេរីមិនអាចទាក់ទងប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្តត្បូងឃ្មុំ លោក ថេង ជាង និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនេះ គឺលោក ហាក់ សៀកលីម ដើម្បីបំភ្លឺរឿងនេះបានទេ ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។
កាលពីថ្ងៃទី៣ មិថុនា ឆ្នាំ២០២០ ប្រធានចៅក្រមជំនុំជម្រះសាលាដំបូងខេត្តត្បូងឃ្មុំ លោក ផុន វណ្ណា សម្រេចផ្ដន្ទាទោសតំណាងសហគមន៍ស្រែប្រាំងចំនួន៨នាក់ឲ្យជាប់ពន្ធនាគារម្នាក់៧ឆ្នាំ ពីបទកំហែងយកដោយមានស្ថានទម្ងន់ទោសដោយសារប្រើប្រាស់អាវុធ នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង កាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៦។ តំណាងសហគមន៍ស្រែប្រាំង រំលឹកថា ក្នុងហេតុការណ៍ចុះទប់ស្កាត់បទល្មើសកាប់ឈើកាលពីប្រមាណ ៥ឆ្នាំមុននោះ ក្រុមប្រជាសហគមន៍ប្រមាណ ៣០ ទៅ ៤០នាក់ គ្រាន់តែនាំគ្នាទៅចុះទៅឃាត់ពលរដ្ឋមួយចំនួនតូច ដែលលួចកាប់ឈើលក់ឲ្យឈ្មួញ ដោយដកយកម៉ាស៊ីនអារឈើចំនួនពីរគ្រឿងទុកប៉ុណ្ណោះ និងមិនមានប្រើអាវុធ ឬកាំបិតទៅគំរាមក្រុមអ្នកកាប់ឈើនោះទេ។ តំណាងសហគមន៍អះអាងថា អាជ្ញាធរ និងតុលាការ បានប្រើករណីនេះ ជាលេសក្នុងការចាប់ខ្លួនតំណាងសហគមន៍ ដើម្បីកុំឱ្យតវ៉ាទាមទារដីធ្លីជាមួយក្រុមហ៊ុនចិន ឈ្មោះហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ដែលឈូសឆាយរំលោភយកដីព្រៃសហគមន៍របស់ពលរដ្ឋកំពុងអាស្រ័យផលទំហំ ៧៨៥ហិកតារ។ មកទល់ពេលនេះ មានតំណាងសហគមន៍ស្រែប្រាំង ៣នាក់ហើយ ដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារក្នុងនោះរួមមាន លោក សែម សាង លោក ហឿន ស៊ីនាត និងលោក សែម ចំណាន ដែលសមត្ថកិច្ច ទើបចាប់ខ្លួន កាលពីសប្ដាហ៍មុន។ ក្រៅពីនេះ សមាជិកសហគមន៍ស្រែប្រាំងជាង ៣០នាក់ផ្សេងទៀត ត្រូវបានរងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌជាច្រើនតាមបណ្ដឹងរបស់ក្រុមហ៊ុនចិន និងអាជ្ញាធរ ដោយសារព្យាយាមធ្វើសកម្មភាពការពារដីធ្លីសហគមន៍របស់ពួកគាត់។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ឲ្យដឹងថា ថ្មីៗ នេះ តុលាការខេត្តត្បូងឃ្មុំ ក៏បានចោទប្រកាន់លោក សែម ចំណាន ពីបទសមគំនិតក្នុងអំពើញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបណ្ដាញសង្គម ដូចករណីតំណាងសហគមន៍ជាំក្រវៀន ស្រុកមេមត់ លោក ផុន សុផល ដែលត្រូវបានចាប់ខ្លួន កាលពីចុងខែធ្នូ ឆ្នាំ២០២០ដែរ។ លោក យល់ថា ការប្រើប្រាស់ប្រព័ន្ធតុលាការ ចោទប្រកាន់ និងចាប់ឃុំខ្លួនតំណាងសហគមន៍ដីធ្លីជាបន្តបន្ទាប់នេះ គឺជាការគំរាមកំហែង និងបំបាក់ស្មារតីរបស់ពួកគេ ដែលតែងតែធ្វើសកម្មភាពការពារសិទ្ធិដីធ្លីសម្រាប់ខ្លួនឯង និងប្រជាពលរដ្ឋក្នុងសហគមន៍ និងតែងតែឈឺឆ្អាលពីបញ្ហាអយុត្តិធម៌សង្គម៖ «ការចោទប្រកាន់នេះអយុត្តិធម៌ខ្លាំងសម្រាប់ប្រជាពលរដ្ឋ ឬសម្រាប់សកម្មជនដីធ្លីទូទៅ ដែលគាត់ធ្វើការឈរលើគោលការណ៍ច្បាប់ បែរជារងការចោទប្រកាន់ក្នុងរូបភាពបែបគំរាមកំហែង។ ខ្ញុំសូមស្នើសុំឲ្យតុលាការទម្លាក់បទចោទប្រកាន់ និងដោះលែងពួកគាត់ ឲ្យមានសេរីភាពឡើងវិញ ដើម្បីរស់នៅជួបជុំប្រពន្ធកូន»។
កាលពីថ្ងៃទី១៤ ខែមករាកន្លងទៅ ក្រុមអង្គការសង្គមស៊ីវិល សហជីព និងសហគមន៍ ចំនួន៨៨ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ស្នើតុលាការទម្លាក់ចោលបទចោទ ប្រកាន់តំណាងសហគមន៍ដីធ្លីទាំងអស់ និងដោះលែងតំណាងសហគមន៍ដែលត្រូវបានចាប់ខ្លួនឱ្យមានសេរីភាពវិញ។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ពិនិត្យឃើញថា មួយរយៈចុងក្រោយនេះ អាជ្ញាធររដ្ឋាភិបាលបានធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរ ដូចជា ចោទប្រកាន់ និងចាប់ខ្លួនសកម្មជនដីធ្លី សកម្មជនបរិស្ថានជាច្រើននាក់ដោយចោទពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» និងបទល្មើសផ្សេងទៀត ដោយគ្រាន់តែពួកគាត់ប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។