ស្រ្តី​​ខ្មែរ​​ម្នាក់​​រងគ្រោះ​​ពី​​អំពើ​​ជួញ​ដូរ​​ផ្លូវ​ភេទ​​នៅ​​ចិន​​មិន​ទាន់​​អាច​ម​ក​កម្ពុជា​​វិញ​​ក្រោយ​​ត្រូវ​​បាន​​ជួយ​សង្គ្រោះ​​

ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ត្រាន់ តិចសេង | ១៩ មករា ២០២១ |ម៉ោង ១៤:២៨
VOD

បន្ទប់​ស្នាក់នៅ​របស់​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​រងគ្រោះ​ហិង្សា​ផ្លូវភេទ ត្រូវ​បាន​ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​រក​ជំនួយ​សង្គ្រោះ ក្រោយពី​ត្រូវ​បង្ខាំង​ដោយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន។

បន្ទប់​ស្នាក់នៅ​របស់​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​រងគ្រោះ​ហិង្សា​ផ្លូវភេទ ត្រូវ​បាន​ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​រក​ជំនួយ​សង្គ្រោះ ក្រោយពី​ត្រូវ​បង្ខាំង​ដោយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន។


ស្រ្តី​ខ្មែរ​ម្នាក់​ដែល​រងគ្រោះ​ពី​ការ​ជួ​ញដូរ​ផ្លូវភេទ​ទៅ​ប្រទេស​ចិន មិនទាន់​អាច​ត្រឡប់​មក​កម្ពុជា​វិញ​នៅឡើយបន្ទាប់ពី​ត្រូវ​បាន​ជួយសង្គ្រោះ ប៉ុន្តែម្តាយ​របស់​នាង​ប្រាប់​ថា នាង​ត្រូវ​ឆ្លងកាត់​ការ​ឃុំខ្លួន​រយៈពេល៣ខែ​សិន ដោយសារ​នាង​បាន​ឆ្លងដែន​ដោយ​ខុសច្បាប់។

កាលពីដើម​ខែធ្នូ ឆ្នាំ២០២០ ស្រ្តី​ខ្មែរ​ដែល​បាន​ឆ្លងដែន​ទៅកាន់​ប្រទេស​ចិន​ក្នុង​វ័យ១៧ឆ្នាំ ​តាម​ការ​អូសទាញ​របស់​មេខ្យល់​ថា​ស្វែងរក​ការងារ​ល្អ​នៅប្រទេស​ចិន ត្រូវ​បាន​ជួយសង្គ្រោះ​ទៅកាន់​ស្ថានីយ​ប៉ូលិ​សក្នុង​តំបន់ បន្ទាប់ពី​នាង​បង្ហោះ​សារ​ដង្ហោយ​រក​ជំនួញ​ពី​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម។

ម្តាយ​ស្រ្តី​រងគ្រោះ​ដែល​ធ្លាប់​បម្រើការ​រត់​តុ​ក្នុង​ហាង​កាហ្វេ​មួយ​ក្នុង​ខេត្តក្រចេះ ប្រាប់ VOD ឱ្យ​ដឹង​នៅ​ថ្ងៃសុក្រ​សប្តាហ៍​មុន​ថា គាត់​បាត់​ការទាក់ទង​ជាមួយ​កូនស្រី​តាំងពី​នាង​ត្រូវ​បាន​ជួយ​សង្គ្រោះ​មក ប៉ុន្តែមាន​អង្គការ​មួយ​ប្រាប់​គាត់​ថា នាង​មិនទាន់​អាច​ត្រឡប់មកវិញ​នៅឡើយ។

ម្តាយ​ស្រ្តី​ខ្មែរ​នោះនិយាយ​ថា៖ «ចាស៎! គេ​ថា​គេ​ឃុំ​ទុក៣ខែ ដោយសារ​យើង​ទៅ​ខុសច្បាប់»។

គាត់​បន្ថែម​ថា៖ «ទូរសព្ទ​ក៏​គេ​អត់ឱ្យ​កាន់​ដែរ គេ​ឃុំ​យើង​ទុក​របៀប​ដូច​ថា​គេ​ដា​ក់​គុ​កយើង​អញ្ចឹង​ណា! ព្រោះ​យើង​ទៅ​ខុសច្បាប់»។

មន្រ្តី​កម្មវិធី​របស់​អង្គការ​ធ្វើការ​លើ​បញ្ហា​ជួញដូរ​មនុស្ស​មួយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា អាជ្ញាធរ​ចិន​កំពុង​ដាក់​ជនរងគ្រោះ​ឱ្យ​ស្នាក់នៅ​មណ្ឌល​រក្សា​ជន​អន្តោប្រវេសន៍​ជា​បណ្តោះអាសន្ន​ជាមុន​សិន មុននឹង​អនុញ្ញាត​ឱ្យ​បញ្ជូន​ខ្លួន​ត្រឡប់​មក​ប្រទេសកំណើត​វិញ។

ប្រភព​ដដែល​បន្ថែម​ថា ជាទូទៅ​រយៈពេល​រក្សាទុក​មាន៣ខែឬឆាប់​ជាង​នេះ ប្រសិនបើ​ជនរងគ្រោះ​សហការ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដល់​អាជ្ញាធរ​បាន​ល្អ។

មន្រ្តី​ដដែល​ប្រាប់​ថា៖ «អាហ្នឹង​គេ​រៀបចំ គឺ​រៀបចំ​ដោយ​ប៉ូលិ​សដែរ តែ​វា​មិន​ធ្ងន់​ដូចជា​អ្នកទោស​ទេ។ បទ​នេះ​ពី​បទ​ដែល​គាត់​រស់នៅ​ស្រុក​ចិន​ខុសច្បាប់ អញ្ចឹង​គេដាក់​នៅ​មណ្ឌល​មួយ​ទៅ»។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ប្រាប់ VOD តាម​សារ Telegram នៅ​ថ្ងៃចន្ទ​ម្សិលមិញ​ថា ជនរងគ្រោះ​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​មណ្ឌល​គាំពារ​ជនរងគ្រោះ​ដោយ​ការ​ជួញដូរ ប៉ុន្តែលោក​បដិសេធ​ចំពោះ​រយៈពេល​នៃ​ការ​ដាក់​ឱ្យ​ស្នាក់នៅ​ទីនោះ។

លោក កុយ គួង ប្រាប់​ថា៖ «ចំពោះ​រយៈពេល​នៃ​ការ​រក្សាទុក​នៅ​ស្នាក់​ការ​អន្តោប្រវេសន៍ឬមណ្ឌល​គាំពារ​ជនរងគ្រោះ [មិនមែន​ជា​ការ​ឃុំខ្លួន​ទេ​] គឺ​មិន​មានកាល​កំណត់ដូច​ការ​លើកឡើង​ខាងលើ​នោះ​ទេ។ ចំពោះ​រយៈពេល គឺ​អាស្រ័យ​ទៅលើ​ស្ថានភាព​ជាក់ស្តែង​នៃ​ករណី​នី​មួយ​ៗ»។ 

មន្រ្តី​អ្នកនាំពាក្យ​រូប​នេះបន្ថែម​ថា ស្ថានទូត​ចេញ​លិខិត​ធ្វើដំណើរ​បណ្តោះអាសន្ន​ឱ្យ​រួចហើយ និង​កំពុង​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ចិន​ ដើម្បី​បញ្ជូន​គាត់​ត្រឡប់​មក​កម្ពុជា​វិញ​ឆាប់​ៗខាងមុខនេះ។

មន្ដ្រី​កម្មវិធី​ការពារ​សិទ្ធិពល​ករ​ចំណាកស្រុក​នៃ​អង្គការ​សង់​ត្រា​ល់ លោក ឌី ថេ​ហូ​យ៉ា លើកឡើង​ថា ប្រទេស​គោលដៅ​នៃ​ការ​ជួញដូរ​នី​មួយ​ៗចាត់វិធានការ​ទៅលើ​ជនបរទេស​រស់នៅ​ក្នុង​ប្រទេស​របស់​គេ​ទៅតាម​នីតិ​វិធី និង​ឯកសារ​ផ្លូវការ​ដែល​ពួក​គេ​អាច​ស្រាវជ្រាវ​រកបាន។

លោក ហូ​យ៉ា មានប្រសាសន៍​ថា៖ «បើ​គាត់​អត់មាន​ឯកសារ Passport [លិខិតឆ្លងដែន​] ឬលិខិត​ស្របច្បាប់​អី​ផ្សេង​ៗទេ អាហ្នឹង​គេ​ចាត់ទុកថា​ជា​ការ​ចូល​ប្រទេស​គេ​ដោយ​ខុសច្បាប់។ អញ្ចឹង​ហើយ​គេ​មិនបាន​មើលទៅ​លើ​ថា គាត់​ហ្នឹង​ទៅ​ដោយស្ម័គ្រចិត្តឬចាញ់បោក​គេ​យ៉ាងម៉េច​យ៉ាង​ម៉ា​នោះ​ទេ។ ជាទូទៅប្រទេស​គោលដៅ​ច្រើន​តែអញ្ចឹង»។

យ៉ាងណា​ លោក​ថា ក្នុងនាម​ជា​មន្រ្តី​អង្គការ​ការពារ​សិទ្ធិពល​ករ​ចំណាកស្រុក លោក​មិន​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ប្រទេស​គោលដៅ​ដែល​កំណត់​អត្តសញ្ញា​ណជនរងគ្រោះ​ថា​ជា​ជនល្មើស​ឆ្លងដែន​ខុសច្បាប់​ដោយ​ផ្អែកលើ​ឯកសារ​ដែល​ពួក​គេ​មាន​នោះ​ទេ ប៉ុន្តែគួរតែ​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​មេខ្យល់​និង​អ្នក​ពាក់ព័ន្ធ​ការ​ជួញដូរ​ទៅវិញ​ទេ ​ទើប​ជាការល្អ​ប្រសើរ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក កុយ គួង លើកឡើង​ថា អាជ្ញាធរ​ចិន​តែង​មានការ​យោគយល់​ច្រើន​ចំពោះ​ពលរដ្ឋខ្មែរ​ដែល​ចាញ់បោក​មេខ្យល់​នាំ​ឆ្លងដែន​ដោយ​ខុសច្បាប់និង​ស្នាក់នៅ​ខុសច្បាប់​ក្នុង​ប្រទេស​ចិន ដោយ​សម្អាងថា ​ពលរដ្ឋខ្មែរ​ទាំងនោះ​ជា​ជន​ត្រូវ​បាន​សង្ស័យ​ថា​រងគ្រោះឬចាត់ទុកថា​ជា​ជនរងគ្រោះ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles