“ការ​បង្ក្រាប និង​ចាប់​ពលរដ្ឋ​ដែល​ទៅ​ឃ្លាំមើល​សវនាការ ជា​ការ​ជាន់​ឈ្លី​ច្បាប់ និង​សិទ្ធិមនុស្ស”

ដោយ ទីន ហ្សាការីយ៉ា
2021-01-20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

“ការ​បង្ក្រាប និង​ចាប់​ពលរដ្ឋ​ដែល​ទៅ​ឃ្លាំមើល​សវនាការ ជា​ការ​ជាន់​ឈ្លី​ច្បាប់ និង​សិទ្ធិមនុស្ស”

សកម្មភាព​​ពលរដ្ឋឃ្លាំមើលសវនាការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នាពេល​កន្លង​ទៅ។ Photo: RFA


តុលាការ​ក្រុង​ភ្នំពេញ​បាន​ចាប់ផ្ដើម​ដំណើរការ​ជំនុំ​ជម្រះ​ក្តី​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់ តាំងពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២០ មក ប៉ុន្តែ​អំឡុង​សវនាការ​រាល់​លើក អាជ្ញាធរ​បាន​រឹត​បន្តឹង​សន្តិសុខ​ជា​ខ្លាំង​។ អាជ្ញាធរ​តែង​រារាំង និង​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​ពលរដ្ឋ ហើយ​ពេលខ្លះ​ឈាន​ដល់​ការ​ប្រើ​ហិង្សា និង​ចាប់ខ្លួន​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ទៀត​ផង​។ អាជ្ញាធរ​លើក​ហេតុផល​ថា នេះ​ជា​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ក៏ប៉ុន្តែ​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល​ចាត់ទុកថា នេះ​ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ និង​ធ្វើឡើង​ក្នុង​ទិស​ដៅ​នយោបាយ​ជាក់លាក់។

គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល រិះគន់​អាជ្ញាធរ​របប​លោក ហ៊ុន សែន ដែល​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​រាំង​ខ្ទប់​ពលរដ្ឋ មិន​ឱ្យ​ទៅ​ឃ្លាំមើល​ដំណើរការ​ក្តី​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ។ ពួកគេ​ថា នេះ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​បង្ហាញ​ថា ដំណើរការ​ក្តី​នេះ​ធ្វើឡើង​ដោយ​មិន​ត្រឹមត្រូវ​។​

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ មាន​ប្រសាសន៍​ថា របប​លោក ហ៊ុន សែន កំពុង​ព្យាយាម​បិទបាំង​ដំណើរការ​ក្តី​បែប​ប្រឌិត​នេះ តាម​រយៈ​ការ​រារាំង និង​ចាប់ខ្លួន​ពលរដ្ឋ ដែល​ទៅ​ឃ្លាំមើល​សវនាការ​។ លោក​ថា ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ប្រមូល​ផ្តុំ និង​​តាម​ដាន​​សវនាការ ហើយ​អាជ្ញា​ធរមាន​កាតព្វកិច្ច​ការពារ​សុវត្ថិភាព​ជូន​ពួកគាត់ មិនមែន​ទៅ​ចាប់​ពលរដ្ឋ ហើយ​ហ៊ុមព័ទ្ធ​បរិវេណ​តុលាការ​ដូច​ពេលនេះ​ទេ​។ លោក​បន្ថែម​ថា ករណី​នេះ​ស្តែង​ឱ្យ​ឃើញ​ថា របប​ក្រុងភ្នំពេញ​កំពុង​ជាន់​ឈ្លី​ច្បាប់ ស្រប​ពេល​តុលាការ​កំពុង​បម្រើ​ផលប្រយោជន៍​ឱ្យ​បក្ស​កាន់អំណាច៖ «របប​លោក ហ៊ុន សែន ហ្នឹង​ចង់​ធ្វើ​សវនាការ​ដោយ​បិទបាំង ដូចជា​ល្ខោន​មួយ មិន​ហ៊ាន​បញ្ចេញ​ជា​សាធារណៈ​។ មិន​ត្រឹមតែ​បិទបាំង​មិន​ចង់​ឱ្យ​គេ​មើល​ទេ គឺ​បង្ក្រាប​មនុស្ស​ដែល​គេ​ចង់​ទៅ​ដឹងឮ​ថែម​ទៀត ហើយ​ករណី​ដែល​ប្រជាពលរដ្ឋ ដែល​អ្នកគាំទ្រ​ជន​ជាប់​ចោទ​​ទៅ​តាម​ដាន ទៅ​ឃ្លាំមើល​ដោយ​សន្តិវិធី​ហ្នឹង អាហ្នឹង​គឺ​ធានា​ដោយ​ច្បាប់ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ផ្ទុយទៅវិញ យើង​ឃើញ​ថា ពួក​អាជ្ញាធរ​លោក ហ៊ុន សែន ហ្នឹង ទុក​ច្បាប់​នៅ​ក្រោម​គូថ​របស់​ខ្លួន​ទៅវិញ»។

ទោះជា​បែបនេះ​ក្តី មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ ជឿជាក់​ថា ពលរដ្ឋ​ដែល​ស្រឡាញ់​យុត្តិធម៌ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចុះ​ញ៉ម​ចំពោះ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​នេះ​ទេ​។ លោក​មាន​ជំនឿ​ថា ពួកគាត់​នឹង​នាំគ្នា​ទៅ​តាមដាន​សវនាការ​នៅ​ថ្ងៃ​ខាងមុខ​ទៀត ដើម្បី​លើកទឹកចិត្ត និង​ទាមទារ​សេរីភាព និង​យុត្តិធម៌​ជូន​សាច់ញាតិ និង​អ្នករងគ្រោះ ក្រោម​របប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន។

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​សំណុំរឿង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ​១០០នាក់ ពាក់ព័ន្ធ​នឹង​បទ​ចោទ «​រួមគំនិត​ក្បត់ និង​ញុះញង់​» ចំនួន​បី​លើក​រួច​មក​ហើយ។ សវនាការ​លើកទីមួយ​ធ្វើឡើង​នៅ​ចុងខែ​វិច្ឆិកា លើក​ទី​ពីរ​នៅ​ចុងខែ​ធ្នូ និង​លើក​ទី​បី​នៅ​ពាក់​កណ្តាល​ខែ​មករា ឆ្នាំ​២០២១ នេះ​។ ទោះជា​យ៉ាងណា តុលាការ​សាកសួរ​ជនជាប់ចោទ​បាន​តិចតួច​ប៉ុណ្ណោះ ឬ​ពេលខ្លះ​ជជែក​ត្រឹម​នីតិវិធី រួច​ក៏​ប្រកាស​ពន្យារពេល​សវនាការ​ទៅ​ថ្ងៃក្រោយ​វិញ។

អំឡុង​សវនាការ​ទាំង​បី​លើក​នេះ សាច់ញាតិ​អ្នក​ជាប់ឃុំ អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ជាច្រើន​នាក់ បាន​នាំគ្នា​ទៅតាម​ដាន​ដំណើរការ​ក្តី​នៅ​ខាងក្រៅ​បរិវេណ​តុលាការ ប៉ុន្តែ​ត្រូវ​បាន​រំខាន និង​រារាំង ពី​សំណាក់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។ ទន្ទឹម​នឹង​នេះ សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​នាក់ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លប​វាយប្រហារ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់ និង​ស្រាល ក្រោយពី​ពួកគេ​ទៅ​ចូលរួម​តាមដាន​សវនាការ​នេះ​។ ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ​បាន​ចាប់ខ្លួន​មនុស្ស​យ៉ាងហោចណាស់ ​១៤នាក់ ក្នុង​នោះ ​៤នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ដោយសារតែ​ពួកគេ​នាំគ្នា​ទៅ​ឃ្លាំមើល​សវនាការ​ក្តី​នេះ។

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា បកស្រាយ​ថា ការ​រឹត​បន្តឹង​សន្តិសុខ ពេល​មាន​សវនាការ​មន្ត្រី​បក្ស​ប្រឆាំង​នេះ គឺ​ដើម្បី​ថែរក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ​នៅ​ជិត​ទីតាំង​តុលាការ ជាពិសេស​ដើម្បី​ធានា​ថា សវនាការ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ ចំណែក​ការ​ចាប់ខ្លួន​មនុស្ស​មួយ​ចំនួន​ពេល​មាន​សវនាការ​នោះ​វិញ នាយ​នគរបាល​រូប​នេះ​បញ្ជាក់​ថា គឺ​ដោយសារ​ពួកគេ​មិន​បាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ ហើយ​ករណី​ខ្លះ​ទៀត សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​តុលាការ៖ «ជា​ភារកិច្ច​របស់​សមត្ថកិច្ច​ក្នុង​ការ​បង្ការ ទប់ស្កាត់​សកម្មភាព​ដែល​កើតឡើង​ជាយថាហេតុ​ផ្សេងៗ ព្រោះ​យើង​អត់​គ្រប់គ្រង​គាត់​បានទេ​។ គាត់​មក​គ្រប់​ជ្រុងជ្រោយ​ហ្នឹង គាត់​អត់​មាន​ប្រភព​ផង​ហ្នឹង​។ គាត់​អត់​ដែល​បាន​រាយការណ៍​មក​សមត្ថកិច្ច​ថា គាត់​មក​ពី​ណា អ៊ីចឹង​ហើយ​បាន​ទាំង​អស់ហ្នឹង គឺ​យើង​តែងតែ​ទាមទារ​ឱ្យ​មាន​ការ​សុំ​ការអនុញ្ញាត​ត្រឹមត្រូវ មាន​ច្បាប់ មានឈ្មោះ មាន​អ្វី​ត្រឹមត្រូវ អាហ្នឹង​បាន​វា​ងាយស្រួល​គ្រប់គ្រង»។

ទោះជា​យ៉ាងណា ការ​បកស្រាយ​របស់​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​នេះ ត្រូវ​បាន​ច្រានចោល​ដោយ​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកការពារ​សិទ្ធិមនុស្ស។

លោក អេង ឆៃអ៊ាង ថ្លែង​ថា វិធានការ​របស់​អាជ្ញាធរ​នេះ មានតែ​ធ្វើ​ឱ្យ​អសន្តិសុខ​សង្គម​ទៅ​វិញ​ទេ។ លោក​គូស​បញ្ជាក់​ថា ការ​បើក​ចំហ និង​ផ្ដល់​សេរីភាព​ឱ្យ​ពលរដ្ឋ​អាច​ទៅ​ឃ្លាំមើល​សវនាការ នោះ​ទើប​ជា​ការ​ធានា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ហើយ​បង្ហាញ​ថា អាជ្ញាធរ​គោរព​សិទ្ធិ​ពលរដ្ឋ​។

ចំណែក​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា វិញ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ពិនិត្យមើល​ច្បាប់​ជាមុន ចៀសវាង​ការ​បកស្រាយ​តាម​តែ​​អំពើ​ចិត្ត​។ អ្នកការពារ​សិទ្ធិមនុស្ស​រូប​នេះ ថ្លែង​ថា ការ​ទៅ​ឃ្លាំមើល​សវនាការ គឺជា​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ស្របតាម​ច្បាប់​ជាតិ និង​អន្តរជាតិ ហើយ​មិន​ស្ថិត​ក្រោម​ច្បាប់​ណាមួយ​ដែល​តម្រូវ​ឱ្យ​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ឡើយ​។ ជាពិសេស លោក​ថា សវនាការ​នេះ​ធ្វើ​ឡើងជា​សាធារណៈ ដូច្នេះ​បើ​គ្មាន​កន្លែង​សម្រាប់​សាធារណជន​នៅ​ក្នុង​បន្ទប់​សវនាការ​ទេ នោះ​ពួកគាត់​អាច​តាមដាន​នៅ​ខាងក្រៅ​តុលាការ​បាន៖ «បើ​ថា​គ្រាន់តែ​មក​ជុំ​គ្នា ដើម្បី​តាមដាន​ឃ្លាំមើល​សវនាការ ឃ្លាំមើល​អ្វី ឬក៏​ជួបជុំគ្នា​ក្នុង​ន័យ​ជួប​ប្រជុំ​អ្វី​ផ្សេងៗ ខ្ញុំ​គិត​ថា មិន​ស្ថិត​នៅ​ក្នុង​ច្បាប់​បាតុកម្ម​ទេ វា​អត់​ដឹង​ទៅ​សុំ​ច្បាប់​យ៉ាងម៉េច​ទេ​។ សូម្បីតែ​អាជ្ញាធរ​ខ្លួនឯង​ហ្នឹង ក៏​មិន​ដឹង​ថា អនុញ្ញាត​ច្បាប់​ឱ្យ​គេ​យ៉ាងម៉េច​ដែរ មិន​ដឹង​អះអាង​ទៅលើ​ច្បាប់​អ្វី ឬក៏​ទៅ​កំណត់​នីតិវិធី​សុំ​ហ្នឹង​យ៉ាងម៉េច ឬក៏​ជូនដំណឹង​ហ្នឹង​យ៉ាងម៉េច យើង​អត់​ដឹង។ នេះ​ជា​ការ​បកស្រាយ​មួយ​ដែល​ហាក់បីដូចជា​គាត់​អត់​យក​ច្បាប់​ជាធំ​។ គាត់​ចេះតែ​និយាយ​តាម​បញ្ជា ឬក៏​តាម​តៗ ​គ្នា​ពីលើ​មក​ក្រោម​អ៊ីចឹង​ទៅ ខ្ញុំ​មិន​យល់​ទេ​អាហ្នឹង​។ សូម​ឱ្យ​អាជ្ញាធរ​ហ្នឹង​ងាក​ទៅ​មើល​ច្បាប់​ឡើងវិញ»។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បារម្ភ​ថា សកម្មជន និង​អ្នកគាំទ្រ​គណបក្សប្រឆាំង​ជាច្រើន​នាក់​ទៀត អាច​នឹង​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​បន្ថែម​ទៀត អំឡុង​សវនាការ​នៅ​ចុង​ខែ​មករា​នេះ និង​នៅ​ដើមខែ​មីនា​ខាងមុខ។

លោក នី សុខា ទទូច​ដល់​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ទង្វើ​ចាប់ចង​ទាំងនេះ និង​ត្រូវ​ងាក​មក​គោរព​សិទ្ធិ​ពលរដ្ឋ​វិញ ជាពិសេស​លោក​ស្នើ​ដល់​មេដឹកនាំ​ខ្មែរ ដោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ ដើម្បី​កុំ​ឱ្យ​ជាតិ​លិចលង់​កាន់តែ​ខ្លាំង៖ «បញ្ហា​នេះ វា​ជា​វិវាទ​នយោបាយ អ៊ីចឹង​បានជា​កន្លង​ទៅ ខាង​សង្គម​ស៊ីវិល​ក៏ដោយ មតិ​ជាតិ អន្តរជាតិ​មួយ​ចំនួន​ក៏ដោយ គេ​ថា​យើង​កុំ​យក​ប្រព័ន្ធ​តុលាការ​មក​ដោះស្រាយ​បញ្ហា​ហ្នឹង វា​អត់​អាច​ទៅ​ដោះស្រាយ​បានទេ​។ ដូច្នេះ​ហើយ​យើង​គួរតែ​រក​ផ្លូវ​មួយ​ដោះស្រាយ សម្រុះសម្រួល​គ្នា​ខាង​វិវាទ​នយោបាយ​ទៅ​។ វា​ប្រសើរ​ជាជាង​យើង​យក​ប្រព័ន្ធ​តុលាការ​មក​អនុវត្ត​ក្នុង​ការ​កាត់​សេចក្ដី​រឿង​នយោបាយ​បែប​ហ្នឹង»។

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បន្ត​សវនាការ​សំណុំរឿង​មន្ត្រី​បក្ស​ប្រឆាំង​ពាក់ព័ន្ធ​នឹង​បទ​ចោទ «រួមគំនិត​ក្បត់ និង​ញុះញង់​» នៅ​ថ្ងៃ​ទី​២២ និង​​ថ្ងៃ​ទី២៨ មករា ព្រមទាំង​ថ្ងៃ​ទី៤ មីនា​បន្ត​ទៀត​។ ចំណែក​សំណុំរឿង «​ឧបឃាត និង​ញុះញង់​» ពាក់ព័ន្ធ​ថ្នាក់ដឹកនាំ និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត​វិញ តុលាការ​ក៏​គ្រោង​បន្ត​សវនាការ​នៅ​ចុង​ខែ​មករា​នេះ​ដែរ។

សហគមន៍​ជាតិ និង​អន្តរជាតិ បាន​ថ្កោលទោស​ដំណើរការ​ក្តី​នេះ​ជា​ខ្លាំង ពីព្រោះ​របប​លោក ហ៊ុន សែន បន្ត​បិទ​ផ្លូវ​មិន​ឱ្យ​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងឡាយ ដែល​កំពុង​រស់នៅ​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ អាច​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​តតាំង​ក្តី​នេះ​បាន​ឡើយ​។ ទង្វើ​បែបនេះ​ត្រូវ​បាន​ចាត់ទុកថា ជា​ការ​រំលោភច្បាប់​ជាតិ និង​អន្តរជាតិ​ធ្ងន់ធ្ងរ ទាក់ទង​នឹង​គោលការណ៍​យុត្តិធម៌​ព្រហ្មទណ្ឌ។

ដោយឡែក​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) អ្នកស្រី​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​សវនាការ​ជំនុំជម្រះ​មនុស្ស​រាប់​សិប​ក្នុង​ពេល​តែមួយ​កន្លង​មក​នេះ​ថា ​វា​នឹង​ប៉ះពាល់​ដល់​នីតិវិធី​ត្រឹមត្រូវ​នៃ​ច្បាប់ និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​របស់​ជនជាប់ចោទ។

ទោះជា​យ៉ាងណា ក្រុម​អ្នកសង្កេតការណ៍​បាន​វាយតម្លៃ​តាំងពី​ដំបូង​មក​ថា សំណុំរឿង​ប្រឆាំង​នឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺជា​រឿង​នយោបាយ មិនមែន​ការអនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ​នោះ​ទេ​។ ផ្តើម​ចេញ​ពី​ចំណុច​នេះ ក្រុម​អ្នកសង្កេតការណ៍​ជឿជាក់​ថា រឿងរ៉ាវ​ដែល​កំពុង​កើតឡើង​នា​ពេល​នេះ គឺជា​យុទ្ធសាស្ត្រ​នៃ​របប​លោក ហ៊ុន សែន ក្នុង​ការ​កម្ចាត់​កម្លាំង​ចុងក្រោយ​របស់​គណបក្សប្រឆាំង ដើម្បី​ធានា​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ ជាពិសេស​ដើម្បី​ធានា​ថា ការ​ផ្ទេរ​អំណាច​របស់​ក្រុម​មេដឹកនាំ​បក្ស​កាន់អំណាច​ទៅ​ឱ្យ​កូនចៅ​របស់​ពួកគេ អាច​ដំណើរការ​ទៅ​បាន​ដោយ​គ្មាន​ឧបសគ្គ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "“ការ​បង្ក្រាប និង​ចាប់​ពលរដ្ឋ​ដែល​ទៅ​ឃ្លាំមើល​សវនាការ ជា​ការ​ជាន់​ឈ្លី​ច្បាប់ និង​សិទ្ធិមនុស្ស”"

  1. so socheath says:

    សមរង្ស៊ី ចង់ធ្វេីអ្វីដែលមិនអាចធ្វេីបាន
    Sam rainsy vouloir prendre la lune avec les dents, c ‘est vouloir
    faire une chose impossible
    ***
    ជាការពិតណាស់ ពេលនេះចំណង់ចង់ចាប់ព្រះច័ន្ទនៅលេី
    មេឃយកមកទ្រាប់គូថអង្គុយនៅលេីដីរបស់សមរង្សុី នៅពេលនេះ
    បានបញ្ចប់ហេីយ តាមរយះឆាកល្ខោនយកតួរង
    មួរ សុខហួរ មកផ្គងប្តូរឲ្យធ្វេីជាតួឯកជំនួសសមរង្សុីខ្លួនឯង
    ដេីម្បីបំរេីឲ្យឧបាយកលខ្មៅងងឹតមួយដេីម្បីទំលាក់កំហុស។
    ការពិតនៃសាច់រឿងសម្រាប់ឆាកល្ខោនដែលរៀបចំឡេីងដោយ
    សមរង្ស៊ី អេង ឆៃអ៊ាង និងហូ វ៉ាន់ តួអង្គដែលត្រូវស្លាប់ក្នុងសាច់រឿងនេះ
    គឺមួរ សុខហួរ បន្ទាប់ពី ជា វិជ្ជា ហេីយនឹង
    កែមឡី ។
    នយោបាយស្វាលួចសុីបាយ ហេីយយកមកលាបមាត់ពពែ
    ដេីម្បីទម្លាក់ដាក់កំហុស គឺត្រូវបានឧក្រឹដ្ឋជនសម រង្ស៊ី
    យកមកប្រេីប្រាសតាំងពីសម័យកាលបំផ្ទុះគ្រាប់បែកនៅមុខ
    រដ្ឋសភា អម្លុងពេលដែលដែលសមរង្សុីដឹកនាំបាតុកម្ម
    រដ្ឋាភិបាលមកម្លេះ ។
    តែថាឆាកល្ខោនដែលយកជិវិតមនុស្សមកធ្វេីដេីមទុនរបស់
    សមរង្ស៊ី មិនអាចបំផ្លាញសុច្ចរឹតភាពរបស់រដ្ឋាភិបាលបានឡេីយ។
    ព្រោះប្រសិនបេីរដ្ឋាភិបាលកម្ពុជាចង់សម្លាប់
    សមរង្ស៊ីមែននោះ សមរង្ស៊ីមិនអាចមានជីវិតរស់នៅ
    មកដល់ពេលនេះ រហូតដល់មានការបង្កេីតនូវវប្បធម៍សន្ទនា
    រវាងហ៊ុនសែន សមរង្ស៊ី កឹមសុខា ដេីម្បីការឯកភាព ស្រុះស្រួលជាតិនោះទេ ។
    មានសារជាតិជាឧក្រឹដ្ឋជនក្រោមការបណ្តុះបណ្តាលផ្ទាល់
    ពីជនបរទេស ពួកគេមិនអាចកែប្រែបានសារជាតិជា
    ឧក្រឹដ្ឋជន របស់ពួកគេបានឡេីយ ទោះបីក្រោយវប្បធម៍
    សន្ទនា ពួកគេមានតួនាទីខ្ពស់ដឹកនាំក្នុងស្ថាប័ននិតិបញ្ញត្តិ
    ក្តី ។
    ឧក្រឹដ្ឋកម្មសម្លាប់ទម្លាក់កំហុស ជាមួយសកម្មភាពបដិវត្តន៍
    ពណ៍ គឺជាយុទ្ធសាស្ត្រអាទិភាពក្នុងនយោបាយដេីម្បីផ្តួល
    រំលំរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោតតាម
    លក្ខណះប្រជាធិបតេយ្យរបស់ពួកគេ ។
    (នៅមានត )