ដោយ សុជីវី
2021-01-19
RFA

អ្នកតវ៉ាតវ៉ារឿងដីធ្លី ៥នាក់ នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៩ ត្រូវបានប៉េអឹមចាប់យកទៅឃុំខ្លួន ហើយវាយធ្វើបាបបណ្ដាលឱ្យអ្នកជាប់ឃុំម្នាក់ គឺលោក ទុយ ស្រស់ (រូបខាងលើឆ្វេង) ស្លាប់ និងពលរដ្ឋ ៤នាក់ទៀត រងរបួសធ្ងន់ និងស្រាល។ រូប៖ ហ្វេសប៊ុក
ជនរងគ្រោះពាក់ព័ន្ធនឹងរឿងដែលមន្ត្រីកងរាជអាវុធខេត្តបន្ទាយមានជ័យវាយដុំបណ្ដាលឱ្យពលរដ្ឋម្នាក់ស្លាប់ក្នុងពេលឃុំខ្លួន ប្ដឹងទាស់នឹងសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមទៅសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ជួយរកយុត្តិធម៌ជូនពួកគាត់។ ការប្ដឹងនេះ បន្ទាប់ពីសាលាដំបូងខេត្តបាត់ដំបងបានផ្ដន្ទាទោសលើជនប្រព្រឹត្ត ២នាក់ដាក់ពន្ធនាគារម្នាក់ ៤ឆ្នាំ និង ៧ឆ្នាំ តែពួកគាត់មិនពេញចិត្តនឹងការសម្រេចនេះ។
ជនរងគ្រោះម្នាក់ក្នុងចំណោម ៤នាក់ ដែលបានប្ដឹងរកយុត្តិធម៌លើរឿងនេះ គឺលោក អាន សារួន ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី១៩ មករាថា សាលាដំបូងខេត្តបាត់ដំបងដាក់ទោសលើជនប្រព្រឹត្តនោះស្រាលពេក គឺមិនសមនឹងទង្វើរបស់ជនល្មើស ដែលបានវាយធ្វើបាបពួកលោកដូចសត្វធាតុនោះឡើយ។ លោកបញ្ជាក់ថា លោកបាក់ឆ្អឹងជំនី ហើយឈឺចុកចាប់នៅលើដើមទ្រូងធ្វើការងារអ្វីមិនបានឡើយ៖ «ខ្ញុំអត់សុខចិត្តទេ ព្រោះឃើញថា ទោសអ្នកធ្វើទារុណកម្ម ឬសម្លាប់មនុស្ស ចុងក្រោយដូចគ្មានន័យ។ គាត់បង់ប្រាក់បន្តិចបន្តួច សម្រាប់គាត់អ្នកមានសម្លាប់មនុស្សហើយ វាវាយខ្ញុំឱ្យរបួសស្នាមអស់មួយជីវិតហើយ ទោសគាត់ប៉ុណ្ណឹងវាស្រាលពេក។ ខ្ញុំមានកំហឹងឈឺចាប់ខ្លាំងបំផុត ដែលខ្ញុំដេកឈឺរាល់ថ្ងៃនេះ។ ខ្ញុំចង់ឱ្យតុលាការដាក់ទោសឱ្យបានធ្ងន់ រឿងលុយកាក់មិនសំខាន់ប៉ុន្មានទេ សំខាន់រកយុត្តិធម៌ឱ្យបានត្រឹមត្រូវដល់ខ្ញុំផង»។

ស្រដៀងគ្នានេះដែរ ប្រពន្ធរបស់ជនរងគ្រោះ ដែលបានស្លាប់ក្នុងពេលជាប់ឃុំនោះលោក ទុយ ស្រស់ គឺលោកស្រី ប៊ុយ គិមឡាក់ ថ្លែងថា មន្ត្រីប៉េអឹម ២នាក់នោះបានវាយធ្វើទារុណកម្មលើប្ដីរបស់លោកស្រីរហូតដល់ស្លាប់។ ដូច្នេះតុលាការគួរតែដាក់ទោសលើជនល្មើសឱ្យបានធ្ងន់ធ្ងរតាមច្បាប់។ ស្ត្រីវ័យ ៣៧ឆ្នាំរូបនេះប្រាប់ថា ចាប់តាំងពីប្ដីស្លាប់មកធ្វើឱ្យជីវភាពរបស់លោកស្រីកាន់តែក្រលំបាក ព្រោះបាត់បង់មនុស្សបង្គោលក្នុងគ្រួសារ៖ «ខ្ញុំឈឺចាប់ណាស់។ សព្វថ្ងៃនេះ ខ្ញុំនៅពីរម៉ែ និងកូន មិនមានអ្នកណារកស៊ីចិញ្ចឹមខ្ញុំទេ ហើយខ្ញុំជំពាក់ប្រាក់ធនាគារច្រើន គ្មានអ្នកណាគេជួយដោះស្រាយទេ ហើយធនាគារគេមកទារប្រាក់ខ្ញុំរាល់ថ្ងៃ។ គេធ្វើឱ្យខ្ញុំបាត់បង់ប្ដី រកយុត្តិធម៌ឱ្យប្ដីខ្ញុំឱ្យបានសមរម្យផង។ ខ្ញុំលំបាកណាស់ ខ្ញុំរកអីមិនបានហូបទេ រាល់ថ្ងៃនាំកូនដេកយំ»។

កាលពីថ្ងៃទី១៣ មករា តុលាការខេត្តបាត់ដំបងសម្រេចផ្ដន្ទាទោសមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ស ប៊ុនសឿង ឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ និងផ្ដល់សំណងជំងឺចិត្តដល់ជនរងគ្រោះចំនួន ៥នាក់ ក្នុងម្នាក់ពី ២០លាន ទៅ ៣០លានរៀល។ ចំណែកជំនួយការការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តនេះ គឺលោក ឆយ រដ្ឋនា វិញ តុលាការកាត់ទោសដាក់ពន្ធនាគារ៧ឆ្នាំ និងបង្គាប់ឱ្យបង់ប្រាក់សំណងដល់ជនរងគ្រោះ ដែលរងរបួស ៤នាក់ ក្នុងម្នាក់ពី ២០លាន ទៅ ៣០លានរៀល ព្រមទាំងបង់ប្រាក់ ៤០លានរៀលដល់អ្នកស្លាប់។ ជនរងគ្រោះ ៤នាក់បានប្ដឹងទាស់នឹងការសម្រេចនេះ ហើយពួកគាត់ចាត់ទុកថា ជារឿងអយុត្តិធម៌មិនអាចទទួលយកបានឡើយ។ សាលាឧទ្ធរណ៍ខេត្តបាត់ដំបងបានប្រថាប់ត្រាទទួលពាក្យបណ្ដឹងរបស់ពលរដ្ឋទាំងនោះរួចហើយ នៅរសៀលថ្ងៃទី១៨ មករា។ មន្ត្រីតុលាការបានប្រាប់ពួកគាត់ថា តុលាការឧទ្ធរណ៍នឹងចាត់វិធានការលើរឿងនេះក្នុងពេលឆាប់ៗ។
ចំណែកអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា វិញ លោកយល់ថា ការសម្រេចរបស់តុលាការថ្នាក់ក្រោមដាក់ទោសលើជនល្មើសស្រាលពេក។ មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា រឿងនេះជាការធ្វើទារុណកម្មឃោរឃៅបណ្ដាលឱ្យមនុស្សស្លាប់ គឺពុំមែនជាការប្រើហិង្សាដោយអចេតនានោះឡើយ។ លោកថា តុលាការគួរតែដាក់ទោសជនល្មើសឱ្យបានធ្ងន់ធ្ងរតាមច្បាប់ ដើម្បីកុំជនប្រព្រឹត្ត និងសមត្ថកិច្ចដទៃទៀត ចេះតែធ្វើបាបពលរដ្ឋតាមអំពើចិត្តទៅថ្ងៃក្រោយទៀត៖ «កម្ពុជាយើងក៏បានផ្ដល់នូវសច្ចាប័នទៅលើអនុសញ្ញាប្រឆាំងនឹងអំពើទារុណកម្ម និងអំពើឃោរឃៅអមនុស្សធម៌ហ្នឹងទៅទៀត។ ក្រមព្រហ្មទណ្ឌក៏មានចែងអំពីស្ថានទម្ងន់ទោសហ្នឹង គឺធ្ងន់ធ្ងរជាងការចោទប្រកាន់ទៅលើបទល្មើស ហិង្សាចេតនាហ្នឹង។ អីចឹង មិនគួរខាងតុលាការចោទប្រកាន់ ហើយនិងសម្រេចសេចក្ដីទោសប៉ុណ្ណឹងទេ វាអត់ឆ្លើយតបទៅនឹងអំពើប្រព្រឹត្តរបស់ជនប្រព្រឹត្ត»។
កាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៩ ពលរដ្ឋជាង ១០០នាក់ បាននាំគ្នាតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ ទាមទារឱ្យអាជ្ញាធរខេត្ត ជួយអន្តរាគមន៍ពួកគាត់។ មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាប់ក្រុមអ្នកតវ៉ា ៥នាក់យកទៅឃុំខ្លួន ហើយបានវាយដុំបណ្ដាលឱ្យលោក ទុយ ស្រស់ ស្លាប់ និងពលរដ្ឋ ៤នាក់ទៀត រងរបួសធ្ងន់ និងស្រាល។ ភ្លាមៗ នោះអាជ្ញាធរពាក់ព័ន្ធមិនបានអើពើស៊ើបអង្កេតករណីនេះទេ បើទោះបីជាសាក្សី និងជាជនរងគ្រោះក្នុងអំពើហិង្សានោះទាមទាររកយុត្តិធម៌ក៏ដោយ។ ការឃុំខ្លួនជនល្មើស បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធស្រាវជ្រាវរឿងនេះ។
ទោះជាយ៉ាងណាក្ដី រហូតមកទល់ពេលនេះ ជនរងគ្រោះនៅទាន់អស់ចិត្តនៅឡើយទេ។ ពលរដ្ឋទាំងនោះអះអាងថា ប្រសិនបើតុលាការឧទ្ធរណ៍កាត់ក្ដីមិនផ្ដល់ភាពយុត្តិធម៌ជូនពួកគាត់ទេ នោះពួកគាត់នឹងប្ដឹងទៅតុលាការកំពូលបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។