ការងារ | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ |២១ មករា ២០២១ |ម៉ោង ១១:៥២
VOD

កម្មករ-កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ Y&W ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានប្រមូលផ្ដុំគ្នាតវ៉ានិងបិទផ្លូវលេខ២១៧ ទាមទារដំណោះស្រាយការងារ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)
កម្មករ-កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ Y&W ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ នៅព្រឹកនេះ បានបន្តការតវ៉ាបិទកំណាត់ផ្លូវលេខ២១៧ នៅមុខរោងចក្រជាថ្មី ដេីម្បីទាមទារឱ្យថៅកែរោងចក្រដោះស្រាយវិវាទការងារ៣ចំណុចជូនពួកគាត់។
អ្នកនាង ចាប់ ស្រីមុំ អះអាងជាកម្មការិនីធ្វើការនៅរោងចក្រ Y&W រយៈពេល៤ឆ្នាំមកហើយ មានប្រសាសន៍ថា កម្មករ-កម្មការិនីរោងច្រកនេះជាង៥ពាន់នាក់បាននាំគ្នាប្រមូលផ្តុំតវ៉ាមុខរោងចក្រ ចាប់តាំងពីថ្ងៃម្សិលមិញមក ដោយសារតែពួកគាត់មិនពេញចិត្តការដែលថៅកែរោងចក្រ ពន្យារពេលម្តងហើយម្តងទៀត ដោយមិនបើកប្រាក់ដំណាច់ឆ្នាំនិងប្រាក់៥ភាគរយដល់កម្មករ។
អ្នកនាងថា៖ «កាលពីដើមឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ ថៅកែសុំពន្យារពេលបើកប្រាក់ដំណាច់ឆ្នាំ ប្រាក់៥ភាគរយ ចំនួន៦ខែ។ ដល់ពេលគ្រប់៦ខែ គាត់សុំពន្យារពេលដល់ខែ១ ឆ្នាំ២០២១នេះទៀត គិតទៅវាមួយឆ្នាំហើយ ហើយម្សិលមិញ គាត់ថាសុំពន្យារពេល៣ខែទៀត ដល់ខែ៣ អ៊ីចឹងហើយបានយើងមិនសុខចិត្ត នាំគ្នាតវ៉ា»។
អ្នកនាង ចាប់ ស្រីមុំ បន្ថែមថា ការពន្យារពេលម្តងហើយម្តងទៀតក្នុងការបើកប្រាក់ដំណាច់ឆ្នាំនិងប្រាក់៥ភាគរយដល់កម្មករនេះ បានធ្វើឱ្យពួកគាត់ជួបការលំបាកជាខ្លាំងក្នុងជីវភាព ដោយសារតែពួកគាត់ចំណាយច្រើន ទាំងថ្លៃទឹក ភ្លើង បង់ថ្លៃសាលាឱ្យកូន និងអ្នកខ្លះជំពាក់បំណុលធនាគារ ជាដើម។
អ្នកស្រី សំ គា អាយុ៤២ឆ្នាំ ជាកម្មការិនីធ្វើការនៅរោងចក្រនេះ បានបន្ថែមថា ការតវ៉ារបស់កម្មកររយៈពេល២ថ្ងៃមកនេះ និងឈានដល់បិទកំណាត់ផ្លូវលេខ២១៧ ធ្វើឡើងដើម្បីទាមទារឱ្យថៅកែរោងចក្រដោះស្រាយវិវាទការងារចំនួន៣ចំណុច រួមមាន ទាមទារបើកប្រាក់ដំណាច់ឆ្នាំ ប្រាក់៥ភាគរយ និងលុយថ្ងៃបាយថ្ងៃត្រង់។
វីអូឌី នៅពុំទាន់អាចសុំការបញ្ជាក់ពីតំណាងរោងចក្រ Y&W និងមន្ត្រីក្រសួងការងារ ជុំវិញការតវ៉ានេះបាននៅឡើយទេ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
កាលពីសប្តាហ៍មុន ក៏មានកម្មកររោងចក្រចំនួន២នៅក្នុងរាជធានីភ្នំពេញ និងខេត្តពោធិ៍សាត់ បាននាំគ្នាតវ៉ាទាមទារឱ្យភាគីរោងចក្របើកប្រាក់អតីតភាពការងារជូនពួកគាត់ផងដែរ។ ក្រោយការតវ៉ា ភាគីរោងចក្របានដោះស្រាយនិងសន្យាបើកប្រាក់អតីតភាពការងារជូនកម្មករនៅពេលដ៏ឆាប់ខាងមុខ ទើបកម្មករនាំគ្នាសម្រេចចូលធ្វើការវិញ៕






កម្មករ-កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ Y&W ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានប្រមូលផ្ដុំគ្នាតវ៉ានិងបិទផ្លូវលេខ២១៧ ទាមទារដំណោះស្រាយការងារ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។