លោក អ៊ូ ច័ន្ទរ័ត្ន ចង់​ឃើញ​ លោក កឹម សុខា មាន​លទ្ធភាព ​ដឹកនាំ​គណបក្ស​ថ្មី ដែល ​លោក​​ គ្រោង​​​​សុំ​បង្កើត​ នៅ​ចុង​ខែ​នេះ

ដោយ ឡេង ម៉ាលី
2021-01-24
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក អ៊ូ ច័ន្ទរ័ត្ន ចង់​ឃើញ​ លោក កឹម សុខា មាន​លទ្ធភាព ​ដឹកនាំ​គណបក្ស​ថ្មី ដែល ​លោក​​ គ្រោង​​​​សុំ​បង្កើត​ នៅ​ចុង​ខែ​នេះ

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​បក្សសង្គ្រោះជាតិ​មណ្ឌល​ខេត្ត​តាកែវ Photo: RFA


អតីត​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​បក្ស​ប្រឆាំង​ម្នាក់ គឺ`លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យ​ដឹង​ថា លោក គ្រោង​បង្កើត​គណបក្ស​ថ្មី នៅ​ចុង​ខែ​មករា​នេះ ហើយ លោក ចង់​ឃើញ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​លទ្ធភាព​​ចូលរួម​ប្រឡូក​ឆាក​នយោបាយ​ឡើង​វិញ ហើយ​​ដឹកនាំ​គណបក្ស​ថ្មី​នេះ។ អ្នក​វិភាគ យល់​ថា គោល​បំណង​របស់​លោក អ៊ូ ច័ន្ទរ័ត្ន មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ទេ ហើយ​បើ​ទោះ​ជា​​អាច ក៏​មិន​ទទួល​បាន​ប្រជាប្រិយភាព និង​ ​នៅតែ​គ្មាន​​​លទ្ធភាព​ដោះស្រាយ​វិបត្តិ​នយោបាយ​ដដែល។

អតីត​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​តាកែវ លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យ​ដឹង​ថា លោក​បាន​រៀបចំ​សំណុំ​ឯកសារ ឡូហ្គោ និង​រចនា​សម្ព័ន្ធ​គណបក្ស​ថ្មី​រួច​រាល់​អស់​ហើយ នឹង​គ្រោង​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ នៅ​ចុង​ខែ​មករា​នេះ។ លោក អះអាង​ថា លោក​មិន​មែន​ជា​ប្រធាន​គណបក្ស​ថ្មី​នេះ​ទេ។

លោក អ៊ូ ច័ន្ទ​រ័ត្ន បញ្ជាក់​ថា លោក​ក៏​មិន​ដែល​បាន​ជួប​ជជែក​ជាមួយ​ លោក កឹម សុខា អំពី​ការ​បង្កើត​គណបក្ស​ថ្មី​នេះ​ដែរ ​តែ​ លោក និង​អតីត​មន្ត្រី​បក្ស​ប្រឆាំង ជាប់​បម្រាប​នយោបាយ​ផ្សេង​ទៀត មាន​បំណង​ចង់​ឃើញ លោក កឹម សុខា អាច​ដឹកនាំ​គណបក្ស​នយោបាយ​ថ្មី​នេះ ឬ​គណបក្ស​​ណា​មួយ ដើម្បី​ចូលរួម​​ការ​បោះឆ្នោត​ នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ២០២៣៖ «បើ​សិន​ លោក​ប្រធាន​ កឹម សុខា មាន​លទ្ធភាព នឹង​ចេញ​មក បញ្ចប់​ផ្លូវ​ច្បាប់​ហើយ មាន​ដំណោះស្រាយ មាន​សេរីភាព​ពេញ​លេញ ហើយ​លោក ចង់​​មក​ដឹកនាំ​នយោបាយ​។ បើ​ទោះ​​ជា​ មិន​ដឹកនាំ​គណបក្ស​(​ថ្មីក៏​ដោយ​ ឲ្យ​តែ​ចេញ​មក​ដឹកនាំ​គណបក្ស​នយោបាយ​ណា​មួយ យើង​បញ្ឈប់​តែ​ម្ដង។ យើង​អត់​ធ្វើ​សកម្មភាព ត​ទៅ​ទៀត​ទេ អ៊ីចឹង​ណា ហើយ​យើង​នឹង​ចូលរួម បើ​លោក​អនុញ្ញាត។ តែ​បើ​លោក មិន​អនុញ្ញាត​ឲ្យ​ចូលរួម ក៏​យើង​បញ្ឈប់​សកម្មភាព​បក្ស​ដែរ។»

លោក អ៊ូ ច័ន្ទរ័ត្ន បន្ត​ទៀត​ថា ការ​បង្កើត​គណបក្ស​ថ្មី​នេះ គ្រាន់​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​អន្តរកាល​ ដែល​ប្រធាន​គណបក្ស​ប្រឆាំង មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​បាន​តែ​ប៉ុណ្ណោះ។ លោក អះអាង​ថា ប្រសិន​បើ​ លោក កឹម សុខា អាច​ចូលរួម​ដឹកនាំ​គណបក្ស​នយោបាយ​ណាមួយ សម្រាប់​ការ​បោះ​ឆ្នោត​​ខាង​មុខ ​គណបក្ស​ថ្មី​​ទាំង​អស់​ នឹង​រំលាយ​ចោល ហើយ​ទៅ​ចូលរួម​​ និង​គាំទ្រ​ លោក កឹម សុខា វិញ។ អតីត​តំណាង​រាស្ត្រ​រូប​នេះ បញ្ជាក់​ថា លោក​ និង​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ សម្រេច​បង្កើត​គណបក្ស​ថ្មី ដោយសារ​គ្មាន​ជំនឿ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ អាច​នឹង​មាន​ឱកាស​ចូល​មក​ធ្វើ​នយោបាយ​នៅ​កម្ពុជា​បាន​ទៀត​ទេ។

ជុំវិញ​ករណី​នេះ មេធាវី​ របស់​ លោក កឹម សុខា គឺ អ្នកស្រី ម៉េង សុភារី បញ្ជាក់​ថា លោក​ កឹម សុខា មិន​មាន​លទ្ធភាព​ធ្វើ​​នយោបាយ​​ទេ ព្រោះ​ កំពុង​ជាប់​បណ្ដឹង​ ​នៅ​តុលាការ។ អ្នកស្រី បន្ត​ថា លោក កឹម​ សុខា ក៏​មិន​​ដែល​មាន​បំណង​ ដឹកនាំ​គណបក្ស​នយោបាយ​ណា​មួយ​ដែរ៖ «គាត់​(កឹម សុខាអត់​មាន​បំណង​ទៅ​ដឹកនាំ​គណបក្ស​របស់​បុគ្គល​ណា ដែល​បង្កើត​ថ្មីៗ​នេះ​ទេ។ ជា​ពិសេស​ហ្នឹង សព្វ​ថ្ងៃ គឺ​គាត់ ជាប់​បម្រាប​ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​អ៊ីចឹង។ ទាក់ទង​នឹង​កិច្ច​ការ​នយោបាយ គឺ​គាត់​អត់​មាន​ទាក់ទង​នឹង​អ្នក​ណា​ទេ»

អ្នក​​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម បណ្ឌិត សេង សារី យល់​ថា ការ​បង្កើត​គណបក្ស​ថ្មី​ណាមួយ ជា​សិទ្ធិ​ស្រប​ច្បាប់​ ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ​តែ​​សម្រាប់​កម្ពុជា ការ​បង្កើត​គណបក្ស​ថ្មី​ ពេល​នេះ នឹង​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​​ឡើយ​។ លោក សេង សារី​ បន្ត​ថា ប្រសិនបើ​ លោក កឹម សុខា ​ ​ហ៊ាន​​ចាក​ចេញ ពី លោក សម រង្ស៊ី ទៅ​ដឹកនាំ​គណបក្ស​ថ្មី​នោះ លោក​នឹង​ធ្លាក់​ចុះ​ប្រជាប្រិយភាព​នយោបាយ ជាក់​ជា​មិនខាន៖ «ក្នុង​ចំណោម​អ្នក​គាំទ្រ (បក្ស) ​សង្គ្រោះ​ជាតិ ឃើញ​ថា បក្ស​ទាំង​ឡាយ​ណា​ក៏​ដោយ​ ដែល​ហ៊ាន​ចេញ​ពី​លោក សម រង្ស៊ី ហ្នឹង ឃើញ​ថា មិន​សូវ​មាន​កំណើត​ទេ មិន​សូវ​ជា​ទទួល​បាន​ជោគជ័យ​ទេ។ ក្នុង​នោះ​រួម​ទាំង​លោក កឹម សុខា ផង ព្រោះ​ លោក កឹម សុខា សម្រេច​ចិត្ត​ទោះ​បី​បង្កើត​បក្ស​ថ្មី ដែល​មិន​មែន ជា​បក្ស ដែល​ លោក អ៊ូ ច័ន្ទរ័ត្ន បង្កើត​ឡើង​ ឬ​ក៏​ព្រមព្រៀង​មក​ដឹកនាំ​គណបក្ស​លោក អ៊ូ ច័ន្ទរ័ត្ន លើក​ឡើង​ហ្នឹង ក៏​សឹង​ថា វាសនា ក៏​ពិបាក​ដែរ»

ចំណែក សកម្មជន​គណបក្ស​ប្រឆាំង នៅ​ខេត្ត​ព្រះសីហនុ លោក ម៉ៃ ហុងស្រៀង វិញ លោក ឲ្យ​ដឹង​ថា គណបក្ស​ថ្មីៗ ដែល​បង្កើត​កន្លង​មក មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ នៅ​​តាម​មូលដ្ឋាន​ទេ។ លោក​ ប្ដេជ្ញា​ថា នឹង​បន្ត​ពហិការ ការ​​បោះឆ្នោត​ នៅ​ឆ្នាំ២០២២ និង​នៅ​ឆ្នាំ២០២៣ បន្ត​ទៀត លុះ​ត្រា​តែ​មាន​វត្ត​មាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ។

គិត​ត្រឹម​ចុង​ឆ្នាំ​២០២០ មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៤នាក់ បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ក្នុង​ចំណោម ១១៨នាក់ ដែល​ត្រូវ​តុលាការ​កំពូល​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​។ ក្នុង​នោះ មាន​អតីតមន្ត្រី​បក្ស​ប្រឆាំង ៣ក្រុម​ បាន​នាំ​គ្នា​បង្កើត​គណបក្ស​ថ្មី គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ខ្មែរ​អភិរក្ស​និយម និង​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ។

ក្រៅ​ពី​នេះ មាន​អ្នក​សុំ​សិទ្ធិ​នយោបាយ​ម្នាក់ ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ អ្នកស្រី លី ស្រីវីណា ក្រោយ​គ្លីនិក​ពេទ្យ​របស់​អ្នកស្រី​ត្រូវ​ក្រសួង​សុខាភិបាល​បិទ។ ឯ​មន្ត្រី​បក្ស​ប្រឆាំង កំពុង​និរទ្ទេស​ខ្លួន នៅ​ក្រៅ​ប្រទេស នៅ​តែ​បន្ត​ជំហរ​ទាមទារ​​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ធ្វើ​នយោបាយ នៅ​កម្ពុជា​​ឡើងវិញ ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​ខ្លះ​ទៀត​ បន្ត​ភាព​ស្ងប់ស្ងៀម នៅ​ក្នុង​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "លោក អ៊ូ ច័ន្ទរ័ត្ន ចង់​ឃើញ​ លោក កឹម សុខា មាន​លទ្ធភាព ​ដឹកនាំ​គណបក្ស​ថ្មី ដែល ​លោក​​ គ្រោង​​​​សុំ​បង្កើត​ នៅ​ចុង​ខែ​នេះ"

  1. so socheath says:

    អាអ៊ូ ច័ន្ទរ័ត្ន មួយនេះ បើអ្ហែងអត់សមត្ថភាពដឹកនាំបក្សខ្លួនឯង
    អ្ហែងសុំបង្កើតបក្ស រកប៉ាកាច់យរ៍ស្អី ?
    ចុមអានេះម៉េចបានល្ងង់អី ល្ងង់យ៉ាងនេះ ?
    ឬអ្ហែងធ្វើនយោបាយកន្លងមក បានត្រឹមចេះត្រាប់តាមគេដូចសត្វសេក
    ឬចេះត្រឹមព្រុសតាមដូចឆ្កែ ?

  2. so cheat says:

    ល្មមៗបានហើយវើយអាកូនមីកណ្ដួយថោក so socheath ចុះមុខអាអ្ហែងវិញចេះស្អីដែរអាពូជកញ្ជះយួន